ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មពន្ធលើរុស្សី ដែលជាដំណាក់កាលទីពីរ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនទៅលើអ៊ុយក្រែន។
សារព័ត៌មាន យូរ៉ូញូ បានរាយការណ៍នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា មេដឹកនាំអឺរ៉ុបនឹងធ្វើដំណើរទស្សនៈកិច្ចទៅសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ បាននិយាយថា ‘‘មេដឹកនាំអឺរ៉ុបមួយចំនួន នឹងមកប្រទេសរបស់យើងនៅថ្ងៃចន្ទ ឬក៏ថ្ងៃអង្គារជាលក្ខណៈបុគ្គល’’ ដោយមិនបានបញ្ជាក់អំពីមេដឹកនាំរូបណានោះទេ។ បន្ថែមពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បាននិយាយថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀ ពូទីន ‘‘ឆាប់ៗនេះ’’ និងបានបង្ហាញថា រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូជាដំណាក់កាលទីពីរ ជុំវិញការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន។
ការអធិប្បាយរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមកលើអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងការដុតអគាររដ្ឋាភិបាលដ៏សំខាន់មួយនៃទីក្រុងគីវ(Kyiv)។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី(Volodymyr Zelenskyy) បានថ្កោលទោសលើការវាយប្រហារ កាលពីថ្ងៃអាទិត្យនោះយ៉ាងខ្លាំងក្លា។ លោកបាននិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍ការចូលរួមរំលែកទុក្ខរបស់ថ្នាក់ដឹកនាំរដ្ឋ និងស្ថាប័ន «ត្រូវតែមានការគាំទ្រដោយសកម្មភាពខ្លាំងក្លា»។
កាលពីថ្ងៃអាទិត្យ ក្រសួងរតនាគារ លោកស្កុត បេសស៊ែន(Scott Bessent) បានបង្ហាញថា សហរដ្ឋអាមេរិកនឹងបើកយ៉ាងទូលាយក្នុងការចាប់ដៃគូជាមួយបណ្តាប្រទេសអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសដែលទិញប្រេងពីរុស្ស៊ី ដើម្បី “ផ្តួលរំលំសេដ្ឋកិច្ចរុស្ស៊ី” ៕









