អ្នកសារព័ត៌មាន​២រូប​​ត្រូវ​​បាន​​ចោទ​ពី​អំពើ ក្បត់​ជាតិ ជុំវិញ​កា​រ​ផ្សាយ​ព័ត៌​មាន​រឿង​​​ព្រំដែន

អ្នកសារព័ត៌មាន​អនឡាញ​ចំនួន​​ ២រូប ត្រូវបា​នតុ​លាការ​​ខេត្ត​សៀម​រាប សម្រេច​​ចោទ​ប្រកាន់​​ពី​បទ​ “ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍ អាច​ធ្វើ​ឱ្យ​អន្ត​រាយ​ការ​​ការ​ពារ” ដែល​ជា​​ប​ទ​​ចោទ​​​​​ពាក់​ព័ន្ធ​នឹង​អំពើ​​ក្បត់​​ជាតិ ក្រោយប​ង្ហោះ​ព័ត៌មា​ន​​លើ​​​បណ្តាញ​​សង្គម​ពី​បញ្ហា​​ជម្លោះ​​ព្រំ​ដែន​​កម្ពុជា-ថៃ។

អត្ថបទ​ខ្លី​របស់​​អង្គ​ការ​​កា​រ​ពារ​​សិទ្ធិ​​មនុស្ស​​លីកាដូ ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​​២០២៥នេះ បាន​ឱ្យដឹ​ង​ថា អ្នក​សារ​ព័ត៌​មាន​អន​ឡាញ លោក ផន សុភាព និង​​លោក ភាព ភារ៉ា​ មក​​​ពី​សារ​​ព័ត៌​មាន ធីអេស​ភី ៦៨ ធីវី អន​​ឡាញ ត្រូវ​​​បាន​​ចាប់​​ខ្លួន​នៅ​​ទីតាំង​​ផ្សេង​​គ្នា កាល​ពី​​​ថ្ងៃ​​ទី​​៣១ ខែ​​កក្កដា ​ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​បទ​យក​ការណ៍​មួយ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​ជិត​ព្រំ​ដែនកម្ពុជា-ថៃ។

ប្រភព​ដដែល​​បន្ត​ថា ​អ្ន​ក​សា​រ​ព័ត៌​មាន​ទាំង ២​រូប​​នេះ ត្រូវ​​បាន​​សាលា​​ដំបូង​​ខេត្ត​​សៀម​​រាប​ ចោទប្រកាន់ ​​ពី​​បទ “ប្រគល់​​​​ឱ្យ​​រដ្ឋ​​បរទេស​​​នូវ​​​ព័ត៌​​​មាន​​​ជា​​អាទិ៍ អាច​​ធ្វើ​​​ឱ្យ​​អន្តរា​យ​​ការ​​​ការ​​ពារ” តាម​​បញ្ញតិ្ត​​មាត្រា​៤៤៥ នៃ​​​ក្រ​ម​​ព្រហ្ម​​ទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនា​គារ​ខេត្ត​សៀម​រាប។

បើតាមអង្គការ​លី​កា​ដូ​ ប​ទចោ​ទ​នេះ ជា​ប្រភេទ​បទ​ចោទ​ពាក់ព័​ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​មួយ ដែល​នាំ​ឱ្យ​ពួក​គេអា​ច​ប្រឈម​នឹង​ជាប់​ទោស​ពន្ធនា​គារ​ពី ៧ ទៅ ១៥​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌​មាន​លើ​បណ្តាញ​សង្គម​ ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ តែយ៉ាងណា​​ ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ អំពី​ការ​បង្ហោះ​ណា​មួយ​លើ​បណ្តាញ​សង្គម ដែល​ជា​មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​នៅ​ឡើយ​ទេ។

អ្នក​សារ​ព័ត៌​មាន​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ថត​ជាប់​ជាមួយ​នឹង​ទាហាន​កម្ពុជា​នៅ​ពី​មុខ​ប្រាសាទ​តាក្រ​បី ក្នុង​រូប​ថត​មួយ​សន្លឹក​នៃ​រូប​ទាំង​​​នោះ ត្រូវ​បាន​ថត​ក្រោយ​​ពី​​ប​ទឈ​ប់​បាញ់​នៅថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ រូប​ភាព​ទាំង​នោះ ត្រូវ​បាន​គេយ​ក​បង្ហោះចែ​ក​ចាយ​ឡើង​វិញ​ដោយ​សារ​ព័ត៌មាន​ថៃ និង​មាន រូប​ភាព​មីន នៅ​ផ្ទៃ​ខាង​ក្រោយ​ដែល​មិន​បញ្ជាក់​ទីតាំង។

ជុំវិញករណីនេះ ​កាលពីថ្ងៃទី១ ខែក​ញ្ញា ភរិយា​លោក ភាព ​ភារ៉ា គឺ​អ្នក​ស្រី អោម សារ៉ាត់ បាន​ចេញ​វីដេអូ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ធីអេស​ភី ៦៨ ធីវី អន​ឡាញ សុំ​ទោស​ទៅ​កាន់​ប្រធាន​ព្រឹទ្ធ​សភា លោក​ ហ៊ុន សែន លោក​​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ នេត្រ ភក្ត្រា ព្រមទាំង​​ទាំង​​​បាន​​​ស្នើ​​​សុំ​​ឱ្យ​​ជួយ​​អន្តរា​​គម​​ន៍​​លើ​ករណី​ស្វាមី​របស់​អ្នក​ស្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ