អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន១៩នាក់ នៅក្នុងទីក្រុងចំនួនពីរនៅប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ ក្នុងភាពចលាចលដ៏អាក្រក់មួយ ខណៈដែលប៉ូលីសបានបាញ់ឧស្ម័នលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាដោយកំហឹង ចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា មន្ត្រីក្នុងតំបន់បាននិយាយថា ក្រុមអ្នកតវ៉ាភាគច្រើនជាយុវជនបានបង្ខំឱ្យចូលទៅក្នុងអគាររបស់សភា នៅទីក្រុងកាតម៉ាន់ឌូ(Kathmandu) ដោយទម្លុះរបាំងផ្លូវដុតឡានពេទ្យសង្គ្រោះបន្ទាន់ និងគប់វត្ថុនៅជួរប៉ូលិសឧទ្ទាមដែលការពារសភា។
ការសម្រេចចិត្តរបស់រដ្ឋាភិបាល កាលពីសប្តាហ៍មុន ក្នុងការរារាំងការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំងកម្មវិធីមេតា(META) ដោយហ្វេសប៊ុក(Facebook) បានបញ្ឆេះកំហឹងក្នុងចំណោមយុវជនប្រហែល ៩០% នៃប្រជាជននេប៉ាល់ ៣០លាននាក់ដែលប្រើប្រាស់អ៊ីនធឺណិត។
មន្រ្តីបាននិយាយថា ពួកគេដាក់បម្រាមនេះ ក៏ដោយសារតែវេទិកានានា មិនបានចុះឈ្មោះជាមួយអាជ្ញាធរ ក្នុងការបង្រ្កាបលើការប្រើប្រាស់ខុស រួមទាំងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើដើម្បីផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយ និងប្រព្រឹត្តការក្លែងបន្លំ។
នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក ខាតហ្គា ប្រាសាត់ ហ្សាម៉ាអូលី (Khadga Prasad Sharma Oli)បានកោះហៅការប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ដើម្បីពិភាក្សាអំពីភាពចលាចលដែលបានផ្ទុះឡើង បន្ទាប់ពីយុវជនរាប់ពាន់នាក់ រួមទាំងមនុស្សជាច្រើនទៀតពាក់ឯកសណ្ឋានសាលា ឬក៏ឯកសណ្ឋានមហាវិទ្យាល័យបានដើរតាមផ្លូវកាលពីថ្ងៃចន្ទ។
អ្នកតវ៉ា បាននិយាយថា ពួកគេតវ៉ានេះឆ្លុះបញ្ចាំងអំពីការខកចិត្តរបស់យុវជន ចំពោះកង្វះសកម្មភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយអំពើពុករលួយ និងជំរុញឱកាសសេដ្ឋកិច្ច។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា រដ្ឋាភិបាលគួរតែជៀសវាងការមើលលើអ្នកតវ៉ា ដោយផ្អែកលើទស្សនៈនៃការអនុវត្តច្បាប់តែមួយជ្រុង ហើយគួរតែទទួលស្គាល់ថា ការបញ្ចេញមតិរិះគន់ដ៏ធំរបស់អ្នកតវ៉ាឆ្លុះបញ្ចាំង អំពីការខកចិត្តយ៉ាងខ្លាំងក្លាទូទាំងប្រទេសនេប៉ាល់ ជាមួយនឹងអំពើពុករលួយ បក្ខពួកនិយម និងអភិបាលកិច្ចខ្វះប្រសិទ្ធភាព៕









