អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក យ៉ាន តុង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំរុញឱ្យប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមុនពេលដាច់ឆ្នាំ ខណៈដែលប្រទេសប្រទសចិនកំពុងព្យាយាមនាំចេញទំនិញ ឱ្យមានភាពចម្រុះក្រោមសម្ពាធពន្ធសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ការចរចាលើការធ្វើឱ្យប្រសើរឡើងនេះបានបញ្ចប់នៅក្នុងខែឧសភា ដោយបានត្រួសត្រាយផ្លូវឱ្យមានដំណើរការទីផ្សារកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានក្នុងវិស័យ ដូចជា កសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថរវាងប្រទេសចិន និងប្រទេសប្លុកអាស៊ានដែលមានសមាជិក ១០ ដោយទីក្រុងប៉េកាំង កំពុងរកឱកាសដាក់ខ្លួនឯងជាសេដ្ឋកិច្ចធំបើកចំហរ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តកំណត់វិធានពាណិជ្ជកម្មដ៏តឹងរឹងលើតំបន់នេះ។
កាលពីខែមុន ប្រទេសចិនបាននាំចេញទំនិញទៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កើនឡើងដល់ ២២.៥%បើធៀបពីឆ្នាំមុនដល់ ៥៧.១ពាន់លានដុល្លារ ដែលធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាទិសដៅនាំចេញដែលមានតម្លៃខ្ពស់ជាងគេរបស់ចិន។ ការកើនឡើងនេះដែរ បានជួយសម្រួលនឹងការធ្លាក់ចុះ៣៣.១%នៃការនាំចេញទៅសហរដ្ឋអាមេរិក ដែលតម្លៃត្រឹមតែ ៣១.៦ពាន់លានដុល្លារ។
ប្រទេសចិន និងរដ្ឋអាស៊ានទាំង១០ ជាសមាជិកនៃកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ផងដែរ ដែលរួមមាន ប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងញូហ្សេលែន។ ដោយឡែក អ្នកវិភាគនិយាយថា អាស៊ីអ៊ីភី(RCEP) ឬកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានមហិច្ឆតាតិច ដោយមានលក្ខខណ្ឌទាបក្នុងវិស័យ ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច និងស្តង់ដាផ្នែកសុខាភិបាល៕









