ពលរដ្ឋអបអរ​វត្តមានព្រលាន​យន្តហោះថ្មី​និង​ចង់​ឃើញ​រដ្ឋ​ប្រើ​ព្រលាន​ចាស់​ជា​ប្រយោជន៍​សារធារណៈ

ដូចការគ្រោងទុក អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ ដែល​ដាក់​ឈ្មោះតា​ម​គោរម​ងារ របស់​ប្រធាន​ព្រឹទ្ធិ​សភា​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​មាន​តម្លៃ​ខ្ទង់​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ទទួល​ជើង​ហោះ​ហើរ​ជាលើ​ក​ដំបូង​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥។

ក៏ប៉ុន្តែ ទន្ទឹមនឹងសេចក្ដី​សាទរ​ចំពោះ​ព្រលាន​ថ្មី​នេះ ពលរ​ដ្ឋមួ​យ​ចំនួន​នៅ​តែ​អាឡោះ​អាល័យ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ជា​ព្រលាន​ចាស់ ដែល​បាន​បន្សល់​នូវ​អនុស្សាវ​រីយ​ជា​ច្រើន​ដល់​ពលរដ្ឋ និង​​អ្នក​​ដំណើរ​ ដែល​ធ្លាប់​​​ធ្វើ​ដំណើរ​​តាម​​អាកាស​យាន​ដ្ឋាន​នេះ ជាពិ​សេស​គឺ​ទឹក​ដៃ​ស្ថាបត្យ​កម្ម​ដែល​បន្សល់​ទុក​ដោយ​បិតា​ស្ថាបត្យករ​ខ្មែរ ​គឺ​លោក វណ្ណ ម៉ូលីវណ្ណ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក សំ ឌីណា បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អាកាស​យាន​ដ្ឋាន​ថ្មី​នេះ ដែល​បាន​បង្ហាញ​ពី​ការអភិវឌ្ឍ​កាន់​តែ​ល្អប្រ​សើរ ចំពោះ​វិស័យ​អាកាស​ចរណ៍​​ស៊ីវិល​កម្ពុជា។ តែ​យ៉ាង​ណា លោក​បន្ត​​ថា ទោះ​បី​បាន​របស់​ថ្មី​ហើយ​ក្ដី ក៏​រដ្ឋាភិបាល​មិន​គួរ​បោះ​បង់​របស់​ចោល​នោះ​ដែរ ដោយ​លោក​ចង់​ឃើញ​រដ្ឋាភិ​បាល កែច្នៃ​ព្រលាន​យន្ត​ហោះចា​ស់ ឱ្យ​ក្លាយ​ជា​សួន​កម្សាន្ត​ ឬ​ទី​សាធារណៈ ជា​ជាង​ការ​លក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន។

លោក សំ ឌីណា និយាយ​ថា៖ «គាត់អាច​រក្សា​ព្រលាន​ចាស់​ដដែល ប៉ុន្តែទីធ្លាផ្សេងៗគាត់អាចបង្កើតជាសួន​ច្បារ ឬក៏កន្លែងដើរ​លេង សួន​អីផ្សេងៗ តែអគារហ្នឹង​ចង់ឱ្យរក្សាទុកនៅដដែល អត់ចង់ឱ្យវាយចោល​​ទេ»។

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ចាប់ផ្ដើម​សាងសង់​កាល​ពី​ឆ្នាំ២០១៩ លើ​ផ្ទៃ​ដី ២.៦០០ហិកតា ស្ថិត​នៅ​ក្រុង​តាខ្មៅ ​និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ដី​ខ្លះ​ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ទិស​ខាង​ត្បូង​នៃ​ទីក្រុង​ភ្នំពេញ ដោយចំនាយលើការសាងសង់​​ក្នុង​ទំហំ​ទឹក​ប្រាក់ ១.៥០០​លានដុល្លារ ​ ដែល​​ជា​​ការ​វិនិយោគ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិ​យោគ​​ទុន​អាណិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ខៀវសែ។ ក្នុង​នោះ​ទឹក​ប្រាក់ ១.១០០ លានដុល្លារនេះ គឺ​រដ្ឋាភិបាល​បាន​ខ្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ទៀត ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​លោក ពុង ខៀវសែ។

ក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន China Construction Third Engineering Bureau Group ជាអ្នកទទួលគម្រោង​សាងសង់ព្រលាន​យន្តហោះ​នេះ និង​រចនាបទ​​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​ក្រុមហ៊ុន Foster + Partners ជា​ក្រុមហ៊ុន​ខាង​ស្ថាបត្យកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ក្រុមហ៊ុន​នេះ ​បាន​បង្ហោះ​លើ​​គេហទំព័រ​របស់​ខ្លួន​​ថា ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវ​បាន​រចនា​ឡើង ​ដើម្បី​បំផុត​គំនិត​ពី​អរិយធម៌​ដ៏​ចំណាស់​មួយ​នៅ​លើ​ពិភពលោក និង​ដើម្បី​ផ្ដល់​នូវ​កម្រិត​ខ្ពស់​នៃ​បទពិសោធន៍ និង​ស្ដង់ដារ​ថ្មី​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​អ្នក​ដំណើរ។

រដ្ឋាភិបាល ​បាន​ប្រកាស​ថា​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ អាច​ទទួល​ការ​ចុះចត​ពី​យន្តហោះ​ឆ្លង​ទ្វីប​ដឹក​អ្នក​ដំណើរ​ធំបំផុត​របស់​ពិភព​លោក ដូចជា​ យន្តហោះ​ប្រភេទ Airbus A380-800 និង​យន្តហោះ​​​ប្រភេទ Boeing 747-800 ហើយ​ក្នុង​ដំណាក់កាល​ដំបូង អាច​ទទួល​អ្នក​ដំណើរ ១៣​​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ឈាន​ទៅ​ទទួល​អ្នក​ដំណើរ ៣០​លាន​នាក់​​ក្នុង​មួយ​ឆ្នាំ​ នៅ​ឆ្នាំ២០៣០ និង​ឈាន​ទៅ​​ទទួល​អ្នក​ដំណើរ ៥០​លាន​​នាក់​​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ២០៥០។

ផ្ទុយពីព្រលានថ្មី ដែលទើបនឹងសាងសង់រួច និងត្រៀមសម្ភោធជាផ្លូវការនៅពាក់កណ្ដាលខែតុលា នោះ ព្រលានយន្តហោះចាស់ នៅពោធិ៍ចិនតុង ឯណោះវិញ នៅមិនទាន់ដឹងពីជោគវាសនាជាក់លាក់នៅឡើយ បន្ទាប់ពីបិទដំណើរការរួចនោះឡើយ។

ទោះជាយ៉ាងណា ពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ទៀត គឺកញ្ញា អន ស្រីឡែន ស្នើឱ្យរដ្ឋាភិបាល អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះចាស់​ ឱ្យទៅជាសួនកម្សាន្ត ជាជាងលក់ទៅឱ្យ​ក្រុម​ហ៊ុន​ឯកជន ព្រោះ​នៅក្នុងរាជធានីភ្នំពេញ មិនសូវមានសួនកម្សាន្តនោះឡើយ។

កញ្ញា អន ស្រីឡែន និយាយថា​៖ «ម្យ៉ាងវិញទៀត ព្រលានយន្តហោះហ្នឹងវាធំ ហើយ​តាម​ការ​មើល​ឃើញ នៅ​រាជ​ធានី​ភ្នំពេញ ដូច​ជា​មិន​មាន​កន្លែង​ច្រើន ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ទៅ​សម្រាក​លំហែ​ ដែល​សម្បូរ​ដើម​ឈើ​បាន​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ព្រលាន​យន្ត​ហោះ​ចាស់​នេះ អាច​ជា​កន្លែង​ល្អ​ ដែល​អាច​ឱ្យ​ប្រជាព​លរដ្ឋ​ហ្នឹង គាត់​ទៅ​សម្រាក​លំហែ​បាន»

ដោយឡែក ចំពោះនិស្សិតស្ថាបត្យករ កញ្ញា តាក់ ជីម៉េង វិញ យល់ឃើញថា ព្រលានយន្តហោះចាស់ មិនត្រឹមតែជាទីកន្លែងអនុស្សាវរីយ៍បែកបាក់ ឬជួបជុំរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែទីតាំងចុះចតនៃបក្សាស្លាបដែកនេះ ក៏មានតម្លៃផ្នែកស្ថាបត្យកម្មផងដែរ។ កញ្ញាយល់ឃើញថា រដ្ឋាភិបាលគួរតែអភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះចា​ស់ ឱ្យ​ក្លាយ​ជា​សារ​មន្ទីរ​យន្ត​ហោះ ឬរ​មណីយ​ដ្ឋាន​បៃតង ដើម្បី​សក្ដិ​សម​នឹង​តម្លៃ​ស្ថាបត្យ​កម្ម​របស់​វា។

កញ្ញា តាក់ ជីម៉េង និយាយ​ថា៖ «វាគឺជាសារមន្ទីរប្រវត្តិសាស្ត្រ ឬជាតឹកតាង​ប្រវត្តិសាស្ត្រនៃ​ព្រលានយន្តហោះ​ចាស់របស់​យើងហ្នឹង ដោយគ្រាន់តែបើកបង្ហាញនូវតំបន់សំខាន់ៗមួយចំនួន ដែលយើងអាចឱ្យភ្ញៀវទេសចរ​​មើលឃើញ​ថា នៅតំបន់នេះគឺជាព្រលាន​ដែលយន្តហោះចុះមក បន្ទប់នេះគឺជាកន្លែងដែល​គេសម្រាប់បញ្ជាការ​ចរាចរណ៍​របស់យន្តហោះជាដើម។ អាហ្នឹងយើងអាចរកចំណូលតាមរយៈការឱ្យ​ភ្ញៀវចូលទស្សនាកន្លែង​តឹកតាងប្រវត្តិសាស្ត្ររបស់យើង​ហ្នឹង»។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបិទដំណើរការ ក្រោយបំពេញបេសកកម្មក្នុងការផ្ដល់សេវាផ្នែកអាកាស​ចរណ៍​ជាង៦០ឆ្នាំ ដោយ​បញ្ចប់ប្រតិបត្តិការ​នៅម៉ោង​១២៖០០យប់ ឈានចូលថ្ងៃទី​៩ ខែ​កញ្ញា នេះ​។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវ​បាន​សាងសង់​​លើកដំបូង​ដោយ​បារាំង នៅ​ឆ្នាំ​១៩៥៧ នៅលើផ្ទៃដី ៤០០​ហិកតា និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅឆ្នាំ​១៩៥៩ ដោយ​មាន​ឈ្មោះ​ដើម​ថា «អាកាសយាន​​ដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង» ហើយត្រូវបានប្ដូរឈ្មោះ នៅឆ្នាំ២០០៣។ អាកាស​យានដ្ឋាន​ដ៏ចំណាស់​មួយនេះ បានបម្រើដល់ពលរដ្ឋ ទេស​ចរណ៍​ និងវិនិយោគិនជាច្រើន​ឱ្យមកកម្សាន្ត និងវិនិយោគនៅ​ក្នុង​តំបន់ ជាពិសេស​នាំឱ្យពលរដ្ឋខ្មែរ​​នៅក្រៅប្រទេស អាច​វិលត្រឡប់មក​កម្ពុជាវិញ ក្រោយពី​របប​ប្រល័យ​ពូជ​សាសន៍ប៉ុល ពត។

មកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់មានការសម្រេចណាមួយជាក់លាក់ ពីការប្រើប្រាស់ព្រលាន​យន្ត​ហោះ​ចាស់​នេះ​នៅឡើយទេ ដោយ​ត្រឹមមានដំណឹង​មិនច្បាស់​ការណ៍​ថា នាពេលអនាគត ព្រលាន​​យន្ត​ហោះ​ចាស់​នេះ អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ជា​ព្រលាន​យន្ត​ហោះជំ​នួយ​សម្រាប់​យោធា​ សម្រាប់​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ខ្នាត​តូច សម្រាប់​យន្ត​ហោះ​ឯកជន និង​ជើង​ហោះហើ​រ​ជួល​ ឬ​អាច​សម្រាប់​ប្រតិ​បត្តិ​ការ​សង្គ្រោះ​បន្ទាន់ ឬ​បេសក​កម្ម​សង្គ្រោះ​ពិសេស។

បើតាម​ទិន្នន័យរបស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ក្នុងមួយឆ្នាំៗ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាច​​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​បាន​ប្រមាណ ៦ ទៅ៧លាន​នាក់។ លើសពីនេះ អាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំពេញ បាន​រួម​ចំណែក​សម្រួល​ដល់​ការដឹក​ទំនិញ និង​ការ​ទូតជាដើម។ វត្តមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏​បានបង្កើតចរន្តសេដ្ឋកិច្ចដល់ពលរដ្ឋរស់នៅជិតអាកាសយានដ្ឋាន តាមរយៈការ​លក់ដូរ និងបម្រើសេវាកម្មដឹកជញ្ជូនផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ