សហរដ្ឋអាមេរិកបន្តទម្លាយបណ្តាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា មានជាប់ពាក់ព័ន្ធមនុស្សជំនិតលោក ហ៊ុន សែន បានលួចលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិក ដែលនេះជាក្តីបារម្ភពីការគំរាមគំហែងសន្តិសុខក្នុងតំបន់ និងពិភពលោក ក្រោមដៃឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុន។
ក្រសួងរតនាគារអាមេរិក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបណ្តាញមជ្ឈមណ្ឌលឆបោកដ៏ធំនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលបានលួចលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិក។
បើតាមប្រភពដដែល ទណ្ឌកម្មនេះសំដៅទីតាំងចំនួន១០ ដែលមានមូលដ្ឋាននៅកម្ពុជា និង៩ទីតាំងទៀត កំពុងប្រតិបត្តិការនៅប្រទេសភូមា។
អាមេរិកបង្ហាញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុន M D S Heng He Investment Co. Ltd ដឹកនាំដោយឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន។
ប្រភពបន្តថា ក្រុមហ៊ុន M D S Heng He គឺបានបង្កើតកន្លែងបោកប្រាស់រូបិយប័ណ្ណនិម្មិតដ៏ធំមួយនៅខេត្តពោធិ៍សាត់ ក្នុងប្រទេសកម្ពុជា។
បន្ថែមលើនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio សរសេរសារលើបណ្តាញសង្គម X ថា មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត នៅអាស៊ីអាគ្នេយ៍ បានលួចប្រាក់ជាង ១០ពាន់លានដុល្លារ ពីជនជាតិអាមេរិកកាលពីឆ្នាំ២០២៤។
លោកថា ជាការឆ្លើយតបក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត នៅក្នុងប្រទេសភូមា និងប្រតិបត្តិការបង្ខំមនុស្សធ្វើការនៅក្នុងប្រទេសកម្ពុជា។
លោកសង្កត់ធ្ងន់ថា ចំណាត់ការនេះ នឹងបង្អាក់អំពើទុច្ចរិតដ៏ឃោរឃៅរបស់ឧក្រិដ្ឋជនទៅលើអ្នករងគ្រោះជនជាតិអាមេរិកតាមអ៊ីនធឺណិត។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ហៅ ការរកឃើញរបស់អាមេរិកជាថ្មីទៀតដែលថា កម្ពុជាជាជម្រកពួកឧក្រិដ្ឋជន វាគឺជាសញ្ញាគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។
លោកយល់ថា អាថ៌កំបាំងដែលរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការលើមេឧក្រិដ្ឋជនទាំងនោះ គឺដើម្បីទុកផ្លូវឱ្យពួកគេបើកអាជីវកម្មរកស៊ីឆបោកតាមអនឡាញ យកលុយមកទ្រទ្រង់បក្សកាន់អំណាច។
បើតាមលោក សុថាវរិន្រ្ទ រដ្ឋាភិបាលកម្ពុជា ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ មានទាំងរងទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរីដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ខណៈមន្រ្តីធំៗ និងឧកញ៉ាមួយចំនួនស្និទ្ធនឹងលោក ហ៊ុន សែន ត្រូវអាមេរិកបង្កកទ្រព្យសម្បត្តិ ទើបបក្សកាន់អំណាចយកលុយពីបណ្តាញឧក្រិដ្ឋជនមកទ្រទ្រង់ដំណើរកាដឹកនាំរបស់ខ្លួន។
លោកថា៖ «ឈ្មោះប្រទេសកម្ពុជាយើងស្អុយមែនទែនហើយ អ្នកវិនិយោគអី មិនហ៊ានចូលទេសចរអីគេឲ្យឈ្មោះប្រទេសកម្ពុជាយើង ជាកន្លែងឧក្រិដ្ឋកម្មអនឡាញ។ ចឹងអត់មានអ្នកណាហ៊ាន។ យើងត្រូវតែចាត់វិធានការ! រដ្ឋាភិបាលត្រូវតែហ៊ានអាកាត់ បើមិនចឹងទេ ខូចឈ្មោះប្រទេសកម្ពុជា។ ប្រសិនបើរដ្ឋាភិបាលអត់ធ្វើចឹង រដ្ឋាភិបាលនិរទេសរបស់គណបក្សប្រឆាំងនឹងធ្វើឲ្យហើយ។ រដ្ឋាភិបាលដែលមានឧត្តមគតិល្អដែលការពារពលរដ្ឋ និងការពារឈ្មោះប្រទេសជាតិគេមិនធ្វើចឹងទេ។ អ៊ីចឹងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការរឿងហ្នឹង ជាពិសេសក្រុមគ្រួសាររបស់គាត់ លោក ហ៊ុន តូ សុទ្ធតែគ្នាគាត់ទាំងអស់។ ពួកហ្នឹងដែលចិញ្ចឹមបក្សពួក លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អ៊ីចឹងបានគាត់អត់ហ៊ានធ្វើទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ការពារថា រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា គ្មានជាប់ពាក់ព័ន្ធនឹងការយកលុយចិញ្ចឹមអំណាចពីពួកឧក្រិដ្ឋជនដូចការចោទនោះទេ។
យ៉ាងណា លោកទទួលស្គាល់ថា កម្ពុជាពិតជាមានឧក្រិដ្ឋកម្មអនឡាញមែន ហើយរដ្ឋាភិបាលក៏បានប្រឹងប្រែងបង្រ្កាបជាបន្តបន្ទាប់ដែរ តែបញ្ហានេះមិនមែនជារឿងដាច់ដោយឡែកកម្ពុជាទេ វាជាបញ្ហារួមរបស់ពិភពលោក ដែលត្រូវការសហការណ៍គ្នា ទើបអាចបោសសម្អាតមានប្រសិទ្ធភាព។
លោកថា៖ «គណបក្សប្រជាជនកម្ពុជារបស់យើង ជាគណបក្សដែលស្អាតស្អំ ដឹកនាំប្រទេសរាប់សិបឆ្នាំមកនេះ គឺដោយសារតែភាពស្អាតស្អំរបស់យើងហ្នឹងឯង ដែលយើងបានទទួលការគាំទ្រពីប្រជាពលរដ្ឋ។ អ៊ីចឹងរឿងទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ឬបញ្ហាផ្សេងៗនោះ គឺមិនមែនគឺជាពាក់ព័ន្ធទៅនឹងបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋគោលដៅធំ គឺបម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិតែប៉ុណ្ណោះ ទើបទទួលបានការគាំទ្រដល់បច្ចុប្បន្ន»។
សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា វាជារឿងដ៏រស៊ើបសម្រាប់កម្ពុជា ដែលមិនអាចបោសសម្អាតបណ្តាញពួកឧក្រិដ្ឋជនបាន ធ្វើឱ្យកម្ពុជាស្អុយឈ្មោះលើឆាកអន្តរជាតិ ដែលប្រទេសមួយចំនួនបានកំណត់គោលដៅថា ជាប្រទេសគ្រោះថ្នាក់សម្រាប់ពួកគេ។
លោកថា កម្ពុជាមិនទាន់មានច្បាប់កំណត់ច្បាស់លាស់ពីឧក្រិដ្ឋកម្មអនឡាញ ធនធានមនុស្សទប់ស្កាត់បទល្មើសនេះមានកំរិត គ្មានប្រព័ន្ធការពារពិនិត្យរឹងមាំលើប្រតិបក្តិការដែលគួរឱ្យសង្ស័យក្នុងស្ថាប័នហិរញ្ញវត្ថុជាតិ និងការសហការជាមួយប្រទេសដៃគូរនៅមានកំរិតជាដើម ធ្វើឱ្យកម្ពុជាងាយរងការវាយប្រហារពីពួកឧក្រិដ្ឋក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។
លោកថា៖ «ដូច្នេះនេះគឺជាហានិភ័យធំ ដែលធ្វើឲ្យកម្ពុជាអាចរងគ្រោះទៅដល់ផ្នែកសេដ្ឋកិច្ច សង្គម សន្តិសុខ ហើយការទំនាក់ទំនងអន្តរជាតិ ដែលកម្ពុជាត្រូវបានរងគ្រោះ ដោយសារតែការចោទប្រកាន់ថា មិនមានចេតនាពិតប្រាកដនៅក្នុងការដោះស្រាយបញ្ហា ហើយក៏អាចក្លាយទៅជាប្រទេសដែលរងគ្រោះ ដោយសារតែការដាក់សម្ពាធ ដូចក្នុងករណីសហរដ្ឋអាមេរិកដាក់ទៅលើអ្នកវិនិយោគធំៗ ឬអ្នកមានទ្រព្យសម្បត្តិហូរហៀរនៅកម្ពុជា ហើយវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសគឺបាត់បង់ទៅលើទំនុកចិត្តរបស់មេដឹកនាំ ដែលគេមើលឃើញថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការទប់ស្កាត់បញ្ហាទាំងអស់ដែលសហរដ្ឋអាមរិក ក៏ដូចជាប្រទេសមួយចំនួនបានលើកឡើងនាពេលកន្លងមកហ្នឹង »។
យ៉ាងណា របាយការណ៍ស្រាវជ្រាវជាង ៧០ទំព័រ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា ប្រទេសកម្ពុជា នៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន គឺជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុន ដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេសដើម្បីប្រមូលប្រាក់ យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បង្ហាញទៀតថា មានបុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ។
សម្រាប់ នាយកផ្នែកតស៊ូមតិនិងសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson បង្ហាញទុដ្ឋិនិយមនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដាថា យុទ្ធនាការដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជានៅពេលនេះ នឹងមិនជោគជ័យនោះទេ។
ជាងនេះទៀត កត្តាសំខាន់ គឺដោយសាររដ្ឋាភិបាល រស់បានដោយអំពើពុករលួយ ពីការបើកឱ្យមានអំពើឧក្រិដ្ឋកម្មអនឡាញនេះ រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាយូរមកហើយ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិរូបនេះ លើកឡើងទៀតថានេះគឺជាឆ្នាំងបាយ ដែលរដ្ឋាភិបាលកម្ពុជា មិនអាចខ្វះបាន ដែលជំនួសដោយការសម្លាប់ប្រជាធិបតេយ្យ និងសេរីភាពរបស់ពលរដ្ឋនៅក្នុងប្រទេស៕









