បទ​វិភាគ៖ ហេតុអ្វីលោក​ ហ៊ុន សែន ប្រញាប់​ចុះហត្ថលេខាខ្លួនឯង​​ដាក់​ឱ្យប្រើច្បាប់ដកសញ្ជាតិពី​ខ្មែរ?

ច្បាប់ដកសញ្ជាតិខ្មែរពីកំណើត​ដ៏​ចម្រូង​ចម្រាស ​​​ដែល​​ផ្តួច​​ផ្តើម​បង្កើត​​ឡើង​​​ដោយ​ លោ​ក ​ហ៊ុន សែន ត្រូវ​​បាន​​​លោក ហ៊ុន សែន ខ្លួន​​ឯ​ង​​ក្នុង​នាម​​​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ ចុះ​​​ហត្ថលេខា​​ប្រកាស​​ដាក់​​ឱ្យ​​ប្រើ​​​យ៉ាង​​ប្រញាប់​ប្រញាល​កាល​ពី​ថ្ងៃ​ទី៥ ខែ​​កញ្ញា ​ឆ្នាំ​២០២៥ បើ​​​ទោះ​មាន​ការ​លើក​ឡើង​ថា ច្បាប់​​នេះ នឹង​​​ធ្វើ​​ឱ្យ​ជាតិ​​ខ្មែរ​​កាន់​​តែ​មាន​ការ​បែក​បាក់​​​​​ខ្លាំងឡើង​​ថែម​​ទៀត​ក្តី។

​​ការប្រញាប់របស់លោក ហ៊ុន សែន ក៏ចំពេលមានរលករិះគន់ថា រដ្ឋាភិបាល គ្មានសមត្ថភាពទប់ស្កាត់ការឈ្លានរបស់ថៃ ដែលថៃចល័តទ័ពចូលរាយបន្លាលួសព័ទ្ធយកដីខ្មែរច្រើនកន្លែង រយៈពេលជាង១ខែទៅនេះក្រោយមាន​បទឈប់បាញ់។

​ទាំងនេះជាចម្ងល់ជុំវិញប្រធានបទខាងលើដែលសួរ​ថា តើ​ហេតុអ្វី លោក ​ហ៊ុន សែន ប្រញាប់​​រហូត​ដល់ស៊ីញ៉េ​ដោយ​ខ្លួនឯង​ដាក់​ឱ្យប្រើ​ច្បាប់ដកសញ្ជាតិពី​ខ្មែរ ?

​មុន​នឹង​ធ្វើការ​វិភាគ​ទៅលើ​ប្រធានបទនេះ វីអូឌី​សូម​លើកយក​ពីដំណើរដើម​ទង​នៃ​ការវិវត្តន៍​មុន​នឹង​ឈាន​មក​ដល់​ការ​អនុម័តនិង​ប្រកាសដាក់ឱ្យប្រើ​ច្បាប់​ដ៏ចម្រូងចម្រាសនេះ​។​

ច្បាប់​នេះ​ ត្រូវបាន​ផ្តួច​ផ្តើម​ស្នើ​ឡើង​ដោយ​ លោក ​ហ៊ុន សែន ​កាលពីខែកក្កដា ​ឆ្នាំ​២០២៥ ខណៈ​​​​លោក​ចុះ​ទៅ​​ជួប​កងទ័ព​នៅ​ខេត្ត​ព្រះវិហារ។ បើ​ទោះ​បីជាមាន​ការប្រឆាំង​ជំទាស់​ពីអ្នក​នយោ​បាយ​ប្រឆាំង អង្គការសង្គម​​ស៊ីវិល​ជាតិ​ និងអន្តរជាតិ​ ជាង​៥០ និង​បញ្ញវន្នឯករាជ្យ​​ជាច្រើនក្តី​ ។

លើសពីនេះ ជាប្រជាជាតិ​ខ្មែរគ្រប់និន្នា​ការ​នយោបាយ​ ទាំងនៅក្នុង និងនៅក្រៅ​ប្រទេស ​បាន​និង​កំពុង​រួប​រួមសាមគ្គីគ្នា ​ប្រកាសគាំទ្រ​ពេញទំហឹង​ ថែ​មទាំង​រៃអង្គាសប្រាក់​ជួយ​ឧបត្ថម្ភ​និង​គាំ​ទ្រ​​​កង​ទ័ព​ជួរមុខ ​និងជនភៀស​សឹក​ដែល​ក្រីក្រតោកយ៉ាក និងខ្មែររស់នៅប្រទេសលោកសេរីជាច្រើន ​បាន​ធ្វើបាតុកម្ម​​ប្រឆាំង​នឹងការ​ឈ្លាន​ពាន​របស់​ថៃ ​មក​លើ​ទឹកដីកម្ពុជា​ក្តី​ ក៏លោក ​ហ៊ុន សែន នៅ​តែបន្ត​​រុញច្បាប់​នេះ​ឱ្យ​ចេញបាន​យ៉ាងលឿន។

លើសពីនេះ​ លោក ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត ​មិន​ត្រឹម​តែមិនបាន​បន្ធូរដៃ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ​ដោយ​ដោះ​លែងសកម្មជនសង្គ​ម និងនយោបាយ​ជិត៨០នាក់ ដែលគេមើលឃើញថា ពួកគេទាំងនោះជាប់ចោទទាំង​អយុត្តិធម៌​ណាម្នាក់ ដើម្បី​បង្ហាញពីការ​បង្រួប​បង្រួម​ផ្សះ​ផ្សា​ជាតិនៅឡើយទេ។

លើសពីនេះ ​រដ្ឋាភិបាល ថែមទាំងបង្កើន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ថែម​ទៀត ​មក​លើ​ប្រជា​ជាតិខ្មែរ​តាម​រយៈ​ការ​ចាប់​ឃុំ​ខ្លួន ​អ្នក​នយោ​បាយ​ប្រឆាំង​​បន្ថែម​ជាបន្តបន្ទាប់​ទៀត ​និង​​រុញ​ឱ្យចេញ​យ៉ាងលឿននូវច្បាប់​ ដក​សញ្ជា​តិ​​ពី​​ពល​រដ្ឋ​ខ្មែរ​ខ្លួន​ឯង។​ នេះ​បើយោង​តាមការ​កត់សម្គាល់​របស់ក្រុមអ្នកឃ្លាំមើល។​

ច្បាប់ដកសញ្ជាតិ ត្រូវគេដឹងមុនថា ​ជាគោលដៅចម្បងរបស់គណបក្សកាន់អំណាច ដើម្បីបង្រាបបំបិទមាត់ ​​អ្នក​​​នយោបាយ​ប្រឆាំង​ ​ដែល​តែង​តែធ្វើ​ការ​​រិះគន់ ​ ទៅលើ​ការ​ដឹកនាំប្រទេស​ជាង​៤០​ឆ្នាំមក​នេះ របស់​លោក​ ​ហ៊ុន សែន ​ដែល​បាន​ធ្វើឱ្យ​អន្តរាយ​ស្ទើរតែទាំង​ស្រុង នូវធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ធ្វើ​ឱ្យ​មាន​​ភាព​​អយុត្តិធម៌​សង្គម គម្លាត​រវាង​អ្នកមាន ​និងអ្នកក្រកាន់តែធំ ពលរដ្ឋ​ក្រីក្រចេញទៅ​ស៊ីឈ្នួ​ល​​គេ​រាប់​លាន​នាក់​នៅក្រៅប្រទេស កម្ពុជាក្លាយ​ទៅជាទីកន្លែងរកស៊ីតាម​ប្រព័ន្ធ​អនឡាញ​បោក​ប្រាស់ ​និង​ធ្វើ​ឱ្យបាត់​បង់ទឹកដី​នៅ​តាម​ព្រំដែន​ទៅ​ថៃ​ និងទៅ​វៀតណាម​ជាដើម​។

វិសោធនកម្មច្បាប់​ស្តីពីសញ្ជាតិ ត្រូវ​បាន​រដ្ឋសភាអនុម័ត​កាលពីថ្ងៃទី​២៥ ​ខែសីហា ​និង​ត្រូវ​បាន​ព្រឹទ្ធ​សភាពិនិត្យ​សម្រេច​​ដោយ​មិនមានការ​កែប្រែ ​កាល​ពីថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៥ ​និង​ត្រូវ​បាន​លោក​ហ៊ុន សែន​ក្នុងនាម​ជាប្រមុខ​រដ្ឋស្តីទីចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម ​ប្រកាស​ដាក់​ឱ្យប្រើ​ច្បាប់​នេះភ្លាមៗ​ កាលពីថ្ងៃទី៥​ខែ​​កញ្ញា ​ឆ្នាំ​២០២៥​ នៅ​ពេល​ដែល​លោក​វិល​ត្រឡប់មក​ពី​ជួប​មេដឹកនាំវៀតណាម។

មាត្រា២៩-ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ​ចែងថា គឺអាចដក​សញ្ជាតិ​ខ្មែរ​​​ចំពោះ​ជន​ណាដែល​រំលោភ​បំពានព្រះមហាក្សត្រ។ ការដកសញ្ជាតិខ្មែរ​ពីកំណើតអាចធ្វើ​ទៅ​​បាន លុះត្រាតែ​ប្រជា​ពលរដ្ឋ​ខ្មែរ​​​រូបនោះ មាន​សញ្ជាតិ​​មួយផ្សេងទៀត ​ឬមានមូលដ្ឋាន​ដែល​អាចជឿថា ប្រជា​ពលរដ្ឋខ្មែរ​រូប​នោះអាចទទួល​បានសញ្ជាតិផ្សេងទៀត ​ឬទទួលបាន​ការគាំពារពីរដ្ឋបរទេស។

នេះមាន​ន័យថា ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះ​ត្រាតែប្រជាពលរដ្ឋខ្មែរ​រូប​នោះមានសញ្ជាតិ​២ ឬប្រជាពលរដ្ឋខ្មែដែលមានសញ្ជាតិខ្មែរ​តែមួយ ​ក៏អាចត្រូវបានគេដក​សញ្ជាតិខ្មែរពីកំណើតបានដែរ ប្រសិនបើតុលាការជឿថា ប្រជា​ពលរដ្ឋខ្មែររូបនោះ​អាច​ទទួល​បានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។

អ្នក​ឃ្លាំមើល​លើកឡើងថា តុលាការកម្ពុជា​ មិនឯករាជ្យស្ថិត​នៅ​ក្រោម​អំណាច​គ្រួសារ​ហ៊ុន​ដូច​បច្ចុប្បន្ន​ នឹងធ្វើឱ្យអ្នក​នយោបាយ​ប្រឆាំង​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង ​ក្នុង​ចំនួន​ដ៏ច្រើន​​​​អាច​នឹងត្រូវ​ដកសញ្ជាតិ ក្នុងនោះ ក៏មានកម្មករ​ ឬជនភៀសខ្លួន​ខ្មែរ​នៅថៃ ឬ​កម្មករ​​នៅ​កូរ៉េ​និងជប៉ុន ដែល​តែង​តែរិះគន់គ្រួសារ​ហ៊ុន​ឥតសំចៃមាត់​ផងដែរ​ ដោយ​គ្រាន់​តែ​តុលា​ការ​គិតថា ពួកគេអាចទទួលបានសញ្ជាតិផ្សេងទៀត​ ឬទទួលបាន​ការគាំពារពីរដ្ឋបរទេស ដែល​តាមពិតពួកគេអាចនឹងមិនបានទទួលសញ្ជាតិផ្សេងទៀត​ ឬ​ទទួលបានការគាំពារ​ពី​រដ្ឋបរ​ទេសនោះទេ​ ដែលនាំឱ្យពួកគេក្លាយជាមនុស្ស​គ្មានសញ្ជាតិ​មិន​ខាន។ ​

នេះក៏ជំរុញឱ្យមានការលើក​ឡើងថា មេដឹកនាំបក្សកាន់អំណាច យកច្បាប់ធ្វើជាឧបករណ៍បម្រើឱ្យ​មហិច្ឆតា​របស់ខ្លួន ដោយប្រើលេសថា ជាការអនុវត្តច្បាប់ ប៉ុន្តែខ្លឹមសារច្បាប់ បើកដៃឱ្យចោទប្រកាន់ក្រុមជាគោលដៅតាមទំនើងចិត្តដោយគាន់តែសំអាងលើការសង្ស័យរបស់ខ្លួនតែប៉ុណ្ណោះ ដែលនេះមិនខុសពីរបប​​ខ្មែរក្រហម ដែលបានយកមនុស្ស​ទៅសម្លាប់ចោលទាំងហ្វូវៗ ដោយគ្រាន់តែចោទថា ពួកគេជាខ្មាំងប្រឆាំង​នឹងអង្គការ ទាំងមិនចាំបាច់មានភស្តុតាង និងសាក្សី និងមិនចាំបាច់ឆ្លងកាត់ ការជំនុំជម្រះក្តីឱ្យយុត្តិ​ធម៌នោះឡើយ ។

ដល់ត្រង់ចំណុចនេះ បងប្អូនអាចឆ្លើយដោយខ្លួនឯងថា តើហេតុអ្វី លោក ហ៊ុន សែន ប្រញាប់ចុះហត្ថលេខាខ្លួនឯង​ដាក់​ឱ្យប្រើច្បាប់ដកសញ្ជាតិពី​ខ្មែរ?

បន្ថែមពីនេះ ការ​គ្រាន់តែ​រំលោភបំពាន​ព្រះមហាក្ស​ត្រ​ ឬ​ប្រមាថព្រះមហាក្សត្រ ក៏ត្រូវកំណត់​ឱ្យដក​សញ្ជាតិ​ខ្មែរផង​ដែរ​ ខណៈលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ត្រីទី  អាចធ្វើកិច្ចជំនួសព្រះមហាក្សត្របាននៅ​ពេល​ព្រះអង្គអវត្តមាន មិននៅក្នុងប្រទេស។

ជ្រុងមួយនៃរឿងនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡួត និយាយថា បើតាមខ្លឹមសារច្បាប់​ដកសញ្ជាតិ គឺសំដៅប្រឆាំងលើក្រុមអ្នករិះគន់ឯនាយសមុទ្រ។ លោកថា ទំហំបែកបាក់ជាតិនឹងកាន់​តែ​ពិបាក​ផ្សះផ្សា ហើយច្បាប់នេះទំនងនឹងជំរុញឱ្យចលនាប្រឆាំងក្រៅប្រទេសកាន់តែមានសន្ទុះ និងឥទ្ធិពលទៅវិញទេ។

លោកគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រោមកណ្ដាប់ដៃ លោកហ៊ុន ម៉ាណែត អ្នកបន្ដវេន ការបង្កើត និងកែប្រែ​ច្បាប់ ដ៏ចម្រូងចម្រាស់មួយចំនួន ដែលគោលដៅលើគណបក្សប្រឆាំង ដូចជាច្បាប់ដាក់មនុស្សមួយក្រុម​ជាភេរវកររួមទាំ​ងច្បាប់ដក​សញ្ជា​តិនេះ​។

ត្រង់ចំនុចនេះ លោកមើលឃើញផ្ទុយគ្នា ទៅលើឆន្ទៈរដ្ឋាភិបាលកម្ពុជា ដែលថាចេះអត់ធ្មត់ និងអធ្យាស្រ័យ ដល់សត្រូវដែលឈ្លានពាន តែមិនអាចធ្វើជាមួយខ្មែរដូចគ្នាបាន។

ជុំវិញបញ្ហានេះលោក ចាន់ឡូត សង្កត់ធ្ងន់ថា គណបក្សកាន់អំណាច នឹងមិនអាចរារាំងក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី និងលោក កឹម សុខា តាមមធ្យោបាយ​នេះបាន​ទេ ដោយលោកសំអាងថា បើគេ​ពិនិត្យទៅ​លើលទ្ធ​ផលបោះ​ឆ្នោត​​​ឆ្នាំ២​០១​​៣និង២០១៧ មាន​ជាង៣លាននាក់នៃអ្នកទៅបោះឆ្នោត បូករួមជាមួយការ​គាំទ្ររាប់លាននាក់ដែលមិនបានទៅបោះឆ្នោត រួមទាំងខ្មែរនៅក្រៅប្រទេស ។

តែយ៉ាងណា លោកថា វិធីយកឈ្នះក្រុមប្រឆាំងមានតែមួយគត់ គឺ​គណបក្សកាន់អំណាច ត្រូវធ្វើរឿងធំ​៣យ៉ា​ងឱ្យមាន​ប្រសិទ្ធភាព។

បើតាមលោក ចាន់ឡូត រឿង៣យ៉ាងនោះ គឺបក្សកាន់អំណាច ត្រូវបោសសម្អាតអំពើពុករលួយ ត្រូវលុបបំបាត់បក្ខពួកនិយម និងធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានន័​យថា រដ្ឋា​ភិ​បាលត្រូ​វធ្វើកំណែ​ទម្រង់ប្រក​បដោ​យកា​​រជឿ​ទុកចិត្តពីលើដល់ក្រោម។

ងាកមកលើជ្រុងមួយទៀត សម្រាប់​អ្នកនាំពាក្យ​​ លោក ​ហ៊ុន សែន និង​អ្នក​គាំទ្រ​រដ្ឋាភិបាល ​​បានលើក​ឡើង​​ថា ការបង្កើត​ច្បាប់ដកសញ្ជាតិ​នេះ មាន​គោល​ដៅ​ប្រឆាំងទៅ​នឹងបុគ្គល​ទាំងឡាយណា​​ដែល​ក្បត់​ជាតិ​ ក្បត់​ប្រទេស​​ខ្លួន​ឯង ទៅ​​​​ចូលដៃ​ចូលជើង​ជាមួយ​បរទេសបម្រើ​បរទេស ​មក​បំផ្លាញ​​ប្រទេស​ជាតិ​​របស់​ខ្លួន​ឯងតែប៉ុណ្ណោះ​។ ដូច្នេះ​ប្រសិន​បើពួកគាត់​មិនបានក្បត់ជាតិ ​ក្បត់​ប្រទេស​របស់​ខ្លួន​ទេ គ្មាន​អ្វី​ត្រូវព្រួយ​បារម្ភ​នោះទេ។

ឆ្លុះបញ្ចាំងពីបញ្ហានេះ​វៀតណាម និងថៃ ដែលតែងតែចិញ្ចឹមចិត្ត លេបទឹកដីខ្មែររាប់រយឆ្នាំទៅនេះ ប្រហែលជាសប្បាយ​ចិត្ត​នៅពេលឃើញបក្សកាន់អំណាច មានច្បាប់ដកសញ្ជាតិខ្មែរពីកំណើតនេះ ខណៈបក្សប្រឆាំង​​និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ដែលមិនចំណុះឱ្យរដ្ឋាភិបាលកម្ពុជា តែងលាតត្រដាងពីដែលលោក ហ៊ុន សែន ធ្វើសន្ធិសញ្ញា​​ព្រំដែន​​ឆ្នាំ២០០៥ ដែលធ្វើឱ្យសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨២ -៨៣ និង ៨៥ រស់ឡើងវិញ តាមការចង់បានរបស់​វៀតណាម ដើម្បីសម្រេចមហិច្ឆលេបទឹកដីខ្មែរ។

លើសពីនេះនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជីញ បានជំរុញឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាព​ឱ្យពលរដ្ឋខ្លួនបានចូលសញ្ជាតិខ្មែរ ដោ​យសំអាងថា ដើម្បីមានស្ថិរភាពជីវភាព ។ នេះបើតាមការចុះផ្សាយ​របស់សារព័ត៌មានវៀតណាមផ្លឹស ចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។

​បន្ថែម​ពីនេះ ខណៈកម្ពុជាកំពុងជាប់ដៃ ទប់ទល់ទៅនឹងការឈ្លានរបស់ថៃ ក៏មានការជំរុញឱ្យពន្លឿនបញ្ចប់ការ​បោះ​បង្គោលព្រំដែន កម្ពុជា វៀតណាម ដែលនៅសល់ជាង១០ភាគរយ ផងដែរ។

នេះជាជ្រុងមួយទៀត ដែលលោកអ្នកអាចពិចារណាបានដែរ ជុំវិញប្រធានបទវិភាគខាងលើថា ហេតុអីលោក ហ៊ុន សែន ប្រញាប់ប្រញាល​ដាក់ឱ្យប្រើច្បាប់ដកសញ្ជាតិខ្មែរ ដែលមានគោលដៅ ដើម្បីបន្តវាយបំបែ​ក​​​ក​ញ្ចក់​សង្គមដោយប្រញាប់​ប្រញាល​បែបនេះ?។

​ជាមូលដ្ឋានពិចារណាមួយទៀត បើគេពិនិត្យទៅលើមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលកំពុងចូលជាធរមាន ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។

ទាក់ទង​ទៅ​នឹងការ​ចោទប្រកាន់ពីបទក្បត់ជាតិ ​ដែល​អាចឈាន​ទៅដល់​ការ​ដកសញ្ជាតិ​ពី​កំណើតពីពល​រដ្ឋខ្មែរ​ អ្នក​ឃ្លាំមើល​សង្គម​ឯករាជ លើក​ឡើង​ថា មិន​គួរ​ត្រូវ​ធ្វើឡើង​សំដៅ​ទៅលើ​អ្នក​នយោបាយ​ប្រឆាំង​ ឬ​ព​លរដ្ឋ​​សាមញ្ញ​គ្មាន​អំណាច​ក្នុង​ដៃ​ ដែល​គ្រាន់​តែធ្វើការ​បញ្ចេញមតិនោះទេ ពីព្រោះ​អ្វីដែល​ពួកគា​ត់​និយាយ​ ទោះ​បីជាប្រាសចាកពីការពិត​ ឬក៏​រហូត​​ដល់​បញ្ចេញមតិ​គាំទ្រ​រដ្ឋ​បរទេសណាមួយ​​ក៏ដោយ​ ក៏វាគ្រាន់​តែស្ថិតនៅក្នុង​កម្រិត​នៃ​ការ​បញ្ចេញ​មតិតែប៉ុណ្ណោះ ​មិនមាន​ឥទ្ធិពល​ធ្វើឱ្យបាត់​បង់ទឹកដី​ឬធ្វើឱ្យបា​ត់​​ប​ង់ផលប្រយោ​ជន៍​ជាតិ​ឡើយ។​

ប៉ុន្តែ​ថ្មីៗនេះ ​បើ​តាម​សេចក្តីរាយការណ៍ជា​ច្រើន បាន​អះអាងថា បន្ទាប់​ពីសង្គ្រាម​៥​ថ្ងៃ​កងទ័ព​កម្ពុជា​ដ៏អង់​អា​ច​​ក្លាហាន​ ដែល​បាន​តស៊ូប្រយុទ្ធក្រាញននៀល​មិន​ខ្លាចស្លាប់ ​បាន​ឈរជើង​កាន់​​កាប់​នៅ​តាម​ទីតាំង​ទាំង​អ​​ស់​​​នៅ​តាម​ព្រំដែន។

ប៉ុន្តែបន្ទាប់​ពីបទឈប់​បាញ់និង​ទទួល​បញ្ជា​ពីលោក ​ហ៊ុន សែន ​និង​លោក​ ហ៊ុន ម៉ាណែត​ ឱ្យអត់​ធ្មត់​​មិន​តបត​ដើម្បីគោរពបទឈប់​បាញ់ បាន​ផ្តល់ជាឱកាស​ឱ្យ​កង​ទ័ព​ថៃ​យក​បន្លាលួស​ចូល​មក​រាយ​វាទកាន់កាប់ ​នៅ​តាម​ទី​តាំង​ទាំង​អស់​វិញ ​ដូច​ជា តំបន់​អានសេះ ភ្នំទ្រព្យ មុំបី ​ជាំតែ និង​ប្រាសាទ​តាមាន់ធំជាដើម​ លើកលែង​តែប្រាសាទ​តាក្របី​​មួយ​ប៉ុណ្ណោះ ដែល​ទ័ព​កម្ពុជានៅកាន់កាប់ផ្តាច់មុខ​។

បន្ថែម​ពីនេះ ទ័ព​ថៃ​ថែម​ទាំង​រាយ​បន្លាលួស​វាទយកផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ភូមិ​ព្រៃ​ចាន់ ​និង​ភូមិជោគ​​ជ័យ ​ក្នុង​ឃុំ​អូរបីជាន់ ​​ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយ​មាន​ជ័យ ​ថែម​ទាំង​បាន​ឈូស​កម្ទេច​ផ្ទះ​ពលរដ្ឋ​៦ខ្នង នៅ​​ភូមិ​ព្រៃ​ចាន់ ​និង​បាន​ជីក​លេណដ្ឋានទ័ព​នៅក្នុង​ភូមិ​ពលរដ្ឋ​ខ្មែរនោះ​ទៀង​ផង។

បើ​សិន​ព័ត៌មាន​ទាំង​នេះ គឺ​ជាការពិត​គឺលោក ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត ​ដែល​ជាអ្នក​កាន់​អំណាច​​ទៅ​វិញទេ ដែល​គួរ​ត្រូវបាន​ចោទប្រកាន់ពីបទក្បត់ជាតិ​ និង​ត្រូវ​ដក​សញ្ជាតិ​ បើផ្អែកទៅ​តាម​មាត្រា២៩-ថ្មីនៃ​ច្បាប់ស្តី​ពី​វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិខាងលើ។ នេះ​មិន​ទាន់​គិត​ពីការ​កាត់​ទឹកដី​ប៉ែក​ខាងកើត​ទៅ​ឱ្យ​វៀតណាម​ផងទេ។

ពីព្រោះថា ​អ្នក​នយោបាយ​ប្រឆាំង ឬក៏អង្គការចាត់តាំងណាមួយក៏ដោយ ​គ្មាន​សិទ្ធិអំណាច​ឯណា​​ទៅ​ចុះហត្ថលេខា ឬក៏ចេញ​ ​ចេញបទបញ្ជាណាមួយ ​ធ្វើឱ្យ​បាត់​​បង់​ទឹកដី ​ឬផល​ប្រយោជន៍ជាតិ​ត្រូវចោទពីបទក្បត់ជាតិ​ឬត្រូវដក​សញ្ជាតិ​​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ