អ្នក​ជំនួញ​រិះគន់​ថាទំនិញ​វៀតណាម​​​និង​ថៃ​​​នាំ​ចូលក​ម្ពុជា​​ដោយ​​សេរី​​ខណៈ​​ទំនិញ​កម្ពុជា​ត្រូវ​គេ​រិត​ត្បិត

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សម័្ពន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​​មធ្យម​កម្ពុជា(FASMEC) បាន​ថ្លែ​ង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​​២០២៥​ ​ដោយ​បានធ្វើកា​រ​រិះ​គន់​ចំ​ពោះ​​​​មន្ត្រី​កម្ពុជា​​​នៅ​​តាម​​មាត់​ច្រក​​ព្រំដែន​ដែល​​បើក​ដៃ​​​ឱ្យ​​ទំនិញ​​វៀត​ណាម​ និង​ថៃ​ អាច​​នាំ​​ចូល​​កម្ពុជា​ដោយ​​សេរី បើ​​ទោះ​​​បី​ជា​​ទំនិញ​​ទាំង​​​នោះ​​មានផ្ទុក​សារ​ធាតុគីមី​ក្តី​ ខណៈប្រទេសទាំងពីរនេះ​ តែងតែ​រិតដ្បិតយ៉ាង​ខ្លាំង​ចំពោះ​ទំនិញ​ពី​​កម្ពុជា។

លោក​បាន​លើកឡើងថា មៀន​ប៉ៃ​លិន​របស់​កម្ពុជាក្នុង​១ឆ្នាំ ​២០០០​​​កុងតឺន័រ ត្រូវ​នាំចេញទៅ​តាមទឹកដីថៃ ប៉ុន្តែ​ថៃ​មិន​អនុញ្ញាត​​ឱ្យឆ្លង​កាត់ទឹកដីគេនោះ​ទេ ​បើទោះបី​កម្ពុជា​ជា​សមាជិក​អង្គ​ការពាណិជ្ជពិភព​លោក(WTO) មាន​​សមាហរណកម្ម​សមាគម​សេដ្ឋ​កិច្ច​អាស៊ាន តាំងពី​ឆ្នាំ២០១៦យ៉ាងណាក្តី។

លោកថា៖ «ប៉ុន្តែ​ទំនិញ​ថៃ​ចូលបាន​យើងចេញវិញ​អត់បាន​ ទំនិញយួន​ចូលបាន​ យើង​ចេញ​វិញ​អត់បាន​អាហ្នឹង​ដោយ​សារអី​? ដោយសារគ្នា​យើងទេ យើង​នាំគ្នា​ប្រឹងគ្នា​យើង​ យើងគិតគ្នា​យើង​ស្ថា​ប័ន​ទល់ដែន​គឺ​ជាស្ថាប័នមួយ​ដែល​ត្រូវរឹង​ ហើយ​​បើយើងអត់រឹង​យើង​ចេះ​តែឱ្យគេចូល​។ ឥឡូវ​មាន​​អាខ្លះ​​ទំនិញវៀតណាម​ចូល​​ម៉ោឱ្យ​​១០ភាគរយ ​៥ភាគ​រយ​រឿងអី​ហ្ហែងមិន​យក​ចូល​។ ទុរ៉េននៅចិន​ ចិន​អត់ស៊ីផង​។ ឥឡូវឃើញចិន​ធ្វើពហិការមួយ​ដេញទុរ៉េនយួនទុរ៉េនថៃ ​ឥឡូវ​​រហូត​ទៅ​ដល់ទំនិញមួយ​ចំនួន​របស់ថៃ ក៏សុទ្ធ​តែសារធាតុគីមីដែរ។ អាហ្នឹង​ក្រោយ​មក ហ៊ឺ​ស្រុក​ខ្មែរ​ស្រួលណាស់​បើកឱ្យចូល​ឱ្យហ្ហែង១០ភាគរយ។ អានេះមិន​មែនតួនាទី​ខ្ញុំទេ តួនាទី​រដ្ឋាភិបាល»

បើ​តាម លោក ​តែ តាំងប៉​ ​សមាហរណកម្ម​សមាគមសេដ្ឋកិច្ចអាស៊ាន ទំនិញ​ចេញចូលទៅ​វិញ​ទៅ​មក​របស់​បណ្តា​ប្រទេស​​សមាជិក​អាស៊ាន​ អត់​មាន​របារពន្ធ​នោះទេ ក៏ប៉ុន្តែសម្រាប់​ទំនិញកម្ពុជា​ដូច​ជាទឹកសុទ្ធឱរ៉ាល់​នាំ​ចេញទៅ​ថៃ ត្រូវ​ទើ​នៅ​ត្រឹម​ប៉ោយ​ប៉ែតដោយ​ថៃ​គេថា​ ចាំ​យក​ទៅ​ពិនិត្យ​នៅបាងកកសិន ​ចំណែក​ខាង​វៀត​ណាម​គេថា ចាំ​យកទៅ​ត្រួតពិនិត្យ​នៅ​ហាណូយ​សិន។ ប៉ុន្តែដល់​ទំនិញថៃ​ ទំនិញវៀតណាម​បែ​ជាអាច​នាំ​ចូលមកកម្ពុជា​បាន​​គគ្រឹក​​គគ្រេង​​បាក់ទឹកបាក់ដី​តាម​ច្រកណាក៏មាន​ដែរដូចជាល្បីថា សូម្បីផ្សារភូពុយ​នៅក្នុង​ក្រុង​បាត់​ដំបង ក៏មាន​បន្លែ​វៀតណាម​ចូល​១ថ្ងៃ១០០​តោនដែរ​។ នេះ​បើ​តាមព័ត៌មាន​ដែល​លោក​ទទួលបាន​ សូមអ្នក​សារព័ត៌មាន​ឆែកមើល​ខ្លួន​ឯងទៅ​។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងពាណិ​ជ្ជ​កម្ម ដើម្បី​ធ្វើការ​ពន្យល់​​លើ​បញ្ហា​នេះបាន​ទេ គិត​មក​ដល់​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ យ៉ាង​ណា​ក្តី ​កាលពីថ្ងៃទី​៩​​ខែកញ្ញា អ្នកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ​កិច្ចប្រជុំ​តាម​ដានពី​វឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់​ទីផ្សារក្រៅប្រទេស។

កិច្ចប្រជុំនេះ មានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្ម​ក្នុង​ប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ក៏ដូចជាពិនិត្យលើសមិទ្ធផល និងលទ្ធផល​ការ​ងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗ​សម្រាប់បន្ត​អនុវត្តគោលដៅសំខាន់ៗនានា។ នេះ​បើយោងតាម​ក្រសួងពាណិជ្ជកម្ម។

ទាក់​ទង​នឹងការ​នាំចូល​ទំនិញពីប្រទេស​វៀតណាម​មក​កម្ពុជា​ គេនៅ​ចាំបានថា នៅក្នុងពិធី​បិទសន្និបាតបូកសរុប​ការងារក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី២៣ ​ខែកុម្ភៈ ឆ្នាំ​២០២២​ លោក ​ហ៊ុន សែន ​ដែលកាលនោះ​ជានាយក​រដ្ឋ​មន្ត្រី បាន​ធ្វើការ​ស្តី​បន្ទោស​​ជាសាធារណៈ​នៅ​ចំពោះ​មុខ ​លោក​វេង សាខុន ដែល​កាលនោះជារដ្ឋមន្ត្រី​​កសិកម្ម​ ពីការ​មិន​សហការ​​ដោយបិទការ​នាំ​ជ្រូក​ចូល​ពី​វៀតណាម ខណៈ​ដែល​លោក ​វេង សាខុន​ បាន​ថ្លែង​​ថា កម្ពុជាមាន​សមត្ថភាព​គ្រប់​​គ្រាន់​​១០០​​ភាគ​រយ ក្នុងការ​ផ្គត់ផ្គង់សាច់​ជ្រូកលើទីផ្សារកម្ពុជា។

លោកថា៖ «មិន​មែនលោកឯងដឹកនាំក្រសួង​កសិកម្មមួយ ហើយ​ត្រួតត្រាសេដ្ឋកិច្ចខ្មែរ​ទាំងមូ​ល​ឯណា​? អាហ្នឹង​ខ្ញុំនិយាយ​ឱ្យច្បាស់ជាមួយលោកឯង។ ថ្ងៃ​មុន​ខ្ញុំយ៉ា​ហីក្តៅស្លឹកត្រចៀកដែរ ឱ្យធ្វើ​យូរ​ហើយ​មិន​ព្រមធ្វើ។ អា សជណ ចេញមក​ឱ្យធ្វើ​ ខ្ញុំមិន​ដឹង​ថាអាចំណាខ្ញុំក្រោយ​ឱ្យ​ធ្វើឱ្យហៅ​ប្រជុំគ្នា ជាមួយក្រសួងពាណិជ្ជ​កម្ម​​អី បង្កើតគណៈកម្មាការ​ដើម្បី​ធ្វើការ​ដេញថ្លៃ​យ៉ាង​ម៉េច​អី​យ៉ាងម៉េច​ សម្រាប់​គ្រប់​គ្រងការនាំចូល​! លោក​ឯងនិយាយ​​ពី១០០ភាគ​រយ ​តែ​១០០​​ភាគ​រយ​​នាំឱ្យ​សាច់​ជ្រូកឡើងថ្លៃ ​ឬសាច់គោឡើងថ្លៃលោក​​​ឯងដោះ​ស្រាយយ៉ាងម៉េច? លោក​ឯង​បំពេញចិត្ត​មនុស្ស​​ប៉ុន្មាន​នាក់​នៃការ​ចិញ្ចឹមសត្វ​ ប៉ុន្តែ​លោក​ឯង​​ធ្វើម៉េចគ្រប់គ្រង​អតិផរណា​កើត? អាហ្នឹងជាបញ្ហា»។

នៅក្នុង​ចំណោម​មន្តី្រ​ច្រើនដូចស្រមោចនៅពេល​នោះ​ លោក​ ហ៊ុន សែន ​បាន​ចង្អុលមុខ​និង​ស្តីបន្ទោស​ខ្លាំង​ៗ​​​ ដោយ​​ហៅ​របៀបធ្វើការ​របស់​លោក ​វេង សាខុន ថាជារបៀប​«ធ្វើការ​ជិះសេះ​មើល​ផ្កា»។

យ៉ាងណាក្តី នៅទីបំផុតគឺ​នៅថ្ងៃទី​៨ ​ខែតុលា ឆ្នាំ២០២២​ លោក​ វេង សាខុន ​ត្រូវ​បាន​លោក​​​ហ៊ុន​ សែន​ប្រកាស​​ដក​​ចេញ​ពីតំណែង​រដ្ឋមន្ត្រីកសិកម្ម​ឆៅៗ ​ដោយ​ពុំបាន​ធ្វើទៅ​តាម​នីតិវិធី​ច្បាប់​ ​ដែល​ត្រូវ​បោះ​ឆ្នោត​ដក​​នៅ​រដ្ឋ​សភានោះ​ឡើយ ហើយលោក ​ឌិត ទីណា កូន​លោក​ឌិត មន្ទីរ ​​អតីតប្រធានតុលាការ​កំពូល​ ​ដែល​​​មាន​​ស្នា​ដៃ​​រំលាយគណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ប្រជា​ពលរដ្ឋ​គាំទ្រជិត​កន្លះប្រទេស​​ ត្រូវបាន​លោក​ហ៊ុន សែន​ ឱ្យឡើងកាន់​តំណែង​ជំនួស​ លោក ​វេង​ សាខុន ​ចាប់​តាំងពីពេល​នោះ​រហូតមក​ដល់បច្ចុប្បន្ន​។

សម្រាប់​ប្រធាន​ក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា លើក​ឡើងថា បច្ចុប្បន្ន​​កសិករ​ខ្មែរ​​ដាំបន្លែក្នុង​ស្រុក​បាន​ច្រើនណាស់ ​ដែល​យើង​គួរ​តែ​នាំគ្នា​ប្រើ​ប្រាស់​បន្លែ​ និងផលិតផលក្នុង​ស្រុកបន្តិចម្តងៗ ពីព្រោះ​យើងមិន​អាច​ធ្វើ​បាន​លឿន​​ភ្លាមៗ​ ដូច​ប្រទេសគេនោះទេ​។ ដូច្នេះ​ទាំង​រដ្ឋាភិបាល ​ទាំងអ្នកពាក់ព័ន្ធ​ និងទាំង​ពលរដ្ឋ​ ត្រូវខំប្រឹង​រួម​គ្នា​ធ្វើដើម្បីប្រកួត​ប្រជែង ​ដូចជាត្រូវនាំអង្ករចេញឱ្យ​ឈ្នះ​គេថាតើ​ត្រូវធ្វើ​យ៉ាងដូចម្តេច?

លោក​​បន្តថា នៅ​ពេល​នេះ ​ស្រូវអង្ករកម្ពុជា​​ត្រូវដឹកទៅ​វៀតណាម​ក្នុង​១ឡាន​បាន​តែ​​​២០​តោន​​ទេ​ ឯ​វៀតណាម​គេដាក់​សាឡង់​​មួយ​នៅទល់ដែន​អាចដឹកបាន​ដល់​២០០០តោន​។

លោកថា៖ «ចំណែកយើង​ យើងដឹកប៉ុន្មាន​រយឡានប៉ុន្មាន​ពាន់​ឡាន​? អ៊ីចឹងការងារហ្នឹង​យើងត្រូវ​ត្រៀម​​​លក្ខណៈ​ថាយើង​ត្រូវធ្វើយ៉ាងម៉េចបាន? ​​ចឹង​យើងត្រូវការពេល​វេលា​។ ទោះបីខ្ញុំគ្រាន់​តែជាអ្នកមួយ​ចេះដឹង​​យល់​ដឹង​ចង់ជួយ​សង្គម​ទេ តែ​រឿងជួន​ណា​បញ្ហា​នយោបាយ ​​រាជរដ្ឋា​ភិបាល​ធ្វើយើងអត់ដឹងដែរ។ ចឹង​មាន​​តែយើងទេទាំងអស់គ្នា​នៅ​ប្រឹង​​កុំថយក្រោយ​ ជឿខ្ញុំទៅ ឆ្នាំក្រោយ​ខ្ញុំធ្វើឱ្យធំជាងនឹង២ដងទៀត ​ខ្ញុំធានា​ថា យើង​ត្រូវតែធ្វើយើងត្រូវជំរុញការកែច្នៃ»។

ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​​ជាច្រើន​​​បាន​និង​កំពុង​ធ្វើពហិការ​ទំនិញ​ថៃ ​ចាប់​តាំងពីផ្ទុះ​សង្គ្រាម​ក្តៅ​គគុក​រវាង​កម្ពុជា​-​ថៃ​ លោក ​មាជ សុណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​ថ្មី បាន​លើកឡើងថា ដើម្បី​សម្រេចគោលដៅ​ក្នុង​​ការ​ម្ចាស់​ការ​ជាមួយស្មារតីជាតិនិយម​«ស្រឡាញ់ផលិតផលខ្មែរ» កម្ពុជា​ត្រូវ​សិក្សាមើល​ឡើងវិញពីការអភិវឌ្ឍ និងភាពរីកចម្រើនលូតលាស់​របស់​កម្ពុជា​ ក្នុងរបប​សង្គមរាស្រ្ត​និយម​​ត្រឹម១៦ឆ្នាំ ក្រោមព្រះរាជកិច្ចគ្រប់​គ្រង​រដ្ឋ​របស់​ព្រះបរមរតន​កោដ្ឋ សម្តេច​​ព្រះ​ នរោត្តម សីហនុ ថាតើអាចជាមេរៀនឬបទពិសោធន៍ យកមកកែឆ្នៃ បន្ត​សកម្ម​ភាព ម្ចាស់​ការ​ដោយខ្លួន​ឯង​បាន​លើ​ចំណុចអ្វីខ្លះ។

លោក​បាន​សរសេរ​លើបណ្តាញ​សង្គម​របស់​លោក ​កាលពីថ្ងៃទី​២ខែ​កញ្ញា​ថា​៖ «ក្នុងឥឡូវនេះ ​ឈានទៅមុខទៀត​ឬយ៉ាង​​ណា​ទៅលើគ្រប់វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ក្នុងខ្សែសង្វាក់​ផលិតកម្ម កសិកម្ម កសិ-ឧស្សា​ហ​កម្ម និងឧស្សាហ​កម្ម រហូតកម្ពុជាគ្មានបំណុលបរទេស និងប្រជារាស្រ្តមិនធ្លាក់ក្នុងការជំពាក់ប្រាក់ធនា​គារ ឬមីក្រូហិរញ្ញវត្ថុ ហើយ​មន្រ្តីរាជការរស់​ក្នុងភាពថ្លៃថ្នូរ គោរពច្បាប់ ជាមួយប្រាក់បៀរវត្តន៍សមរម្យ មិនពុករលួយ គ្រាន់តែគ្រូ​ម្នាក់​ចិញ្ចឹមគ្រួសារ​មួយពូជ ដើរទៅណាមានមុខមាត់ គេចង់លើកកូនឱ្យទៀត?» ។

លោក​ មាជ សុវណ្ណារ៉ា​​ លើកឡើងថា ប្រទេសកម្ពុជា​​កាលពីសម័យ​សង្គម​រាស្ត្រ​និយម ​មាន​ការរីកចម្រើន​ខ្លាំង​​​រហូត​ធ្វើ​ឱ្យ​​​ប្រទេសនៅអាស៊ីអាគ្នេយ៍ មើលកម្ពុជាជាគំរូ ដូចជា សិង្ហបូរី​ជាដើម រីឯសៀម និងយួនកាលនោះ​ ក៏នៅដើរមិនទាន់​ខ្មែរនៅឡើយ ខណៈផលិតផលខ្មែរ វត្ថុធាតុដើមខ្មែរ ម្ចាស់ការខ្លួនឯងដោយល្បីល្បាញ​លើសកលលោក ដែលខ្មែរអាចធ្វើបាន។

សម្រាប់​ប្រធានគណបក្ស​ក្រៅរដ្ឋាភិបាល​រូបនេះ ទោះបីបច្ចុប្បន្ន​នេះក៏ដោយ ក៏ខ្មែរ​នៅ​អាច​ធ្វើបាន​ដែរ​បើខ្មែរ​​គ្រប់និន្នាការ​រួប​រួម​សាមគ្គីគ្នា មានស្មារតីជាតិនិយម ហើយរាជរដ្ឋា​ភិបាល​ ត្រូវ​នាំមុខ​ត្រូវ​មាន​ឆន្ទៈក្នុង​ការ​​អនុវត្ត​ច្បាប់​ប្រកបដោយតម្លាភាព និងគណនេយ្យ​ភាព​តាម​ស្តង់​ដា​អន្តរជាតិ និងជំរុញការ​ផលិត​ផលិ​តផលផ្សេងៗ​ ឱ្យ​មាន​គុណ​ភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុកផង ​និងសម្រាប់​នាំចេញផង ពេល​នោះ​សេដ្ឋកិច្ចកម្ពុជា​​នឹងហក់ឡើង​ជាមិន​ខាន។

ក្នុង​កំឡុង​ពេល​ផ្ទុះ​អាវុធ​ក្តៅគគុក​ជាមួយ​ថៃ ដែល​ច្រក​ព្រំដែន​ត្រូវ​បាន​បិទ​ ការដោះដូរ​ទំនិញ​កម្ពុជា-វៀតណាម​ក្នុងរយៈពេល៧​ខែ ចាប់ពី​ខែ​មករាដល់​ខែ​​កក្កដា ឆ្នាំ​២០២៥ សម្រេចបាន​ទំហំ​ទឹកប្រាក់សរុប ​៤,៩៤ពាន់​​លាន​ដុល្លារ​​ កើនឡើង ៧,៥% ធៀបនឹងរយៈ​ពេល​ដូច​គ្នា​​​កាលពី​ឆ្នាំមុន ដែលមានទំហំ៤,៦ ពាន់លានដុល្លារ។ នេះបើយោងតាម​ទិន្នន័យ​របស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។ GDCE បង្ហាញថា ទំហំពាណិជ្ជកម្ម​ជិត៥ ពាន់លានដុល្លារនេះ ​កម្ពុជា​​នាំទំនិញចេញទៅវៀតណាម​​មានទំហំ​ទឹក​ប្រាក់ ២,៤៣ ពាន់លាន​ដុល្លារ កើនឡើង ១០,៤% ចំណែក​ឯវៀតណាមនាំចូលមកវិញ មានតម្លៃ ២,៥១ ពាន់លាន​ដុល្លារ កើន ៤,៨%។ ផលិតផល​សំខាន់ៗ​ដែល​កម្ពុជានាំទៅ​វៀត​ណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ ស្វាយ​ចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ចំណែក​វៀតណាម​នាំមក​កម្ពុជា​ មានដូចជា សម្ភារៈ​​សំណង់ គ្រឿង​​​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​​បន្លែផ្លែឈើ ជាដើម​។

អ្នក​ឃ្លាំមើល ​កត់សម្គាល់ឃើញថា បន្លែផ្លែឈើ​ដែល​មានសារធាតុគីមី ​សាច់បង្កក​និងប្រេង​ឆាដែល​ខូចគុណ​ភាពរាប់​រយតោនរបស់​ប្រទេស​វៀតណាម​ និង​ថៃ ​ដែល​ប្រទេស​ផ្សេង​ទៀត​​ហាម​នាំចូលទៅកាន់​ប្រទេ​ស​​​​គេ​​ ដូច​ជា ប្រទេស​ចិន​ជាដើម​ ត្រូវ​បាន​នាំចូលមក​កម្ពុជា​ ខណៈ​​​អ្នក​នាំចូលទំនិញ​ខូចគុណភាព​ភាគច្រើន ​គឺជាសែស្រឡាយ​អ្នកមាន​អំណាច ហើយ​​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន​​ដែល​បានចូល​កាន់តំណែង ​​ដោយ​​សារ​ការសូកប៉ាន់ ​​និង​បក្ខពួក គឺ​បាន​គប់​គិត​គ្នាពុករលួយ​​ជាប្រព័ន្ធ​បើក​ឱ្យនាំចូលទំនិញគ្រប់​ប្រភេទ​​ដោយ​គ្រាន់​តែរាប់ក្បាល​ឡាន​យក​ប្រាក់​គ្មាន​ត្រួតពិនិត្យ​អ្វីឡើយ​។

លើសពីនេះ តាម​ប្រភពមួយ​ចំនួន ​អះអាងថា មន្ត្រីនៅ​តាម​ច្រក​ព្រំដែន​ជាមួយ​វៀតណាម ​ដែល​ហ៊ាន​ហាម​ឃាត់ការ​នាំចូលទំនិញពី​វៀតណា​ម ​តែង​តែត្រូវ​បាន​ថ្នាក់លើ​ដកបញ្ឈរជើង​ឬ​ផ្ទេរ​កន្លែងការងារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ