ពលរដ្ឋខ្មែរមួយចំនួន ត្រូវបានគេអះអាងថា នៅតែបន្តធ្វើដំណើរចូលទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រថុយប្រថាន ប្រឈមនឹងគ្រោះថ្នាក់ ដើម្បីដោះស្រាយវិបត្តិបំណុល ក្រោមបទឈប់បាញ់ដ៏ផុយស្រួយនៅឡើយ រវាងកម្ពុជានិងថៃ ទោះបីរដ្ឋាភិបាលកម្ពុជាបានសន្យាពីឱកាសការងារនៅក្នុងស្រុកក្តី ។
តាមរយៈការជូនដំណឹងរបស់អាជ្ញាធរថៃ ត្រួតពិនិត្យព្រំដែនប្រចាំខេត្តស្រះកែវ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ខ្លួនបានរកឃើញពលករខ្មែរ ចំណាកស្រុកចំនួន ៥០នាក់ ក្នុងនោះ ប្រុស ៣៣នាក់ ស្រី១៧នាក់ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ លួចចូលតាមរយៈថ្មើរជើងដោយខុសច្បាប់។
ពលរដ្ឋម្នាក់ដែលទើបនឹងត្រលប់ពីប្រទេសថៃវិញថ្មីៗនេះ អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកស្រី ដឿម ទួយ បានប្រាប់វីអូឌី(VOD) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា បន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញរហូតមកដល់ពេលនេះ គាត់នៅមិនទាន់ស្វែងរកការងារបាននៅឡើយទេ ខណៈបានព្យាយាមដាក់ពាក្យច្រើនកន្លែងតែមិនជាប់។
អ្នកស្រីបន្តថា ពលរដ្ឋមួយចំនួនដែលសម្រេចចិត្តទៅធ្វើការនៅថៃវិញ ប្រឈមគ្រោះថ្នាក់ គឺដោយសារតែរកការងារមិនបានធ្វើក្នុងស្រុក ហើយមិនអាចទ្រទ្រង់នឹងបំណុលបាន។ ស្ត្រីនោះបញ្ជាក់ថា ប្រសិនបើមានការងារ និងប្រាក់ខែសមរម្យក្នុងប្រទេស នោះពួកគាត់មិនចង់ចំណាកស្រុកឆ្ងាយគ្រួសារឡើយ។
អ្នកស្រីថា៖ «លំបាកខ្វះខាតជំពាក់គេ រកការងារមិនបាន ក៏មិនដឹងរកការងារណា បំណុលក៏ដោះមិនទាន់រួចជំពាក់គេ ដោយសារជាប់បំណុលគេផង ខ្វះខាតច្រើនបានសម្រេចចិត្តទៅលំបាករកចំណូលមិនបាន ក៏សម្រេចចិត្តប្រថុយទៅម្ដងទៀត ចឹងទៅសម្រាប់ខ្ញុំដែលមិនទាន់មាននៅកម្ពុជា ខ្ញុំគិតថា អាចរកបានសមរម្យជាង ព្រោះនៅខ្មែរការងាររកពិបាក ខ្ញុំដើរដាក់ពាក្យមិនជាប់ ២ទៅ៣ដងហើយ»។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តបន្ទាយមានជ័យ អ្នកស្រី ឈឿន ភឿត ដែលថា មានកូនធ្វើចំណាកស្រុកនិងបានវិញត្រឡប់មកស្រុកកំណើតវិញ បានរៀបរាប់មិនខុសគ្នាដែរនោះថា ចិត្តជាម្ដាយមិនមាននរណាចង់ឱ្យកូនធ្វើការចំណាកស្រុកឆ្ងាយពីគ្រួសារឡើយ ប៉ុន្តែដោយសារកត្តាជីវភាព និងបំណុលទើបត្រូវចំណាកស្រុកទាំងបង្ខំ។
អ្នកស្រីថា៖ «គ្រួសារក្រមិនមានអីយកប្រាក់អង្គការ សុខចិត្តបែកម៉ែឳទៅធ្វើការនៅស្រុកគេ ប្រទេសថៃពួកគាត់មកប្រទេសខ្មែរ ក៏ធ្វើការមិនអំណោយផលមិនមានកន្លែងដេក បន្ទប់ទឹក ប្រាក់ខែថាកន្លះខែបើកតែដល់មួយខែមិនឃើញបើកឱ្យ ទើបប្រជាជនខ្មែរចិត្តដាច់រស់ ឬស្លាប់តាមព្រហ្មលិខិតទៅរកការងារនៅថៃ»។
បញ្ហានេះ អ្នកស្រីទទូចឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធមានវិធានការពិនិត្យ និងសម្រួលដល់កន្លែងការងារ ជាពិសេសវិស័យសំណង់ជួយផ្ដល់កន្លែងស្នាក់នៅ និងប្រាក់ខែសមរម្យសម្រាប់ពួកគាត់ផង ។
ឆ្លើយតបនឹងបញ្ហាខាងលើ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ទទួលស្គាល់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរមួយចំនួន បានត្រឡប់ទៅប្រទេសថៃវិញ ទាំងប្រឈមហានិភ័យដើម្បីរកការងារធ្វើ ដែលសកម្មភាពទាំងនេះ លោកមិនលើកទឹកចិត្តនោះទេ ។
លោកថា៖ «សម្រាប់ការវិលត្រឡប់ទៅធ្វើការរបស់ពលរដ្ឋខ្មែរ វាជាករណីមួយចំនួនដែលយើងមើលឃើញថា មានតែមួយចំនួនតូចប៉ុណ្ណោះ ហើយក្រសួងមិនដែលលើកទឹកចិត្តឱ្យបងប្អូនត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញទេ ពីព្រោះឱកាសការងារនៅស្រុកខ្មែរមានច្រើន ដែលបងប្អូនអាចរកបាន ហើយប្រាក់ខែសមរម្យដែលអាចឱ្យបងប្អូនមិនបាច់ប្រថុយប្រថាន ក្នុងការធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ថែមទៀតផង ដែលអាចប្រឈមបញ្ហាជាច្រើន អសន្តិសុខ រួមទាំងការជាប់ទោសទណ្ឌក្នុងប្រទេសថៃ ហើយត្រូវបានគេចាប់បញ្ជូនមកវិញ ចឹងបើបងប្អូនត្រូវការការងារ សូមទាក់ទងមកលេខ១២៩៧ យើងធ្វើការដើម្បីប្រយោជន៍ទាំងអស់គ្នា»។
បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល ក្រសួងកំពុងដាក់ចេញយុទ្ធនាការតាមរយៈការធ្វើវេទិកាផ្សព្វផ្សាយនៅតាមថ្នាក់មូលដ្ឋាន ដើម្បីផ្ដល់ដំណឹងពីឱកាសការងារក្នុងស្រុកហើយពលរដ្ឋអាចទាក់ទងទៅកាន់លេខ១២៩៧ ដោយផ្ទាល់ ដើម្បីទទួលបានឱកាសការងារ ខណៈបច្ចុប្បន្នឱកាសការងារក្នុងស្រុកមានចំនួនជាង ៩ម៉ឺនកន្លែង(៩៥,១៨២) ហើយវិស័យដែលនាំមុខគេគឺវិស័យឧស្សាហកម្ម។
ពលករខ្មែរទើបវិលត្រឡប់មកពីថៃប្រមាណតែ ១៩ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោម៩២ម៉ឺននាក់ដែលទទួលបានការងារធ្វើ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កាលពីថ្ងៃទី២៧ខែសីហា។
របាយការណ៍ស្តីអំពីបញ្ហាការងារសម្រាប់ពលករចំណាកស្រុកកម្ពុជា ដែលទើបវិលត្រលប់ពីប្រទេសថៃរបស់CDRI នេះបានបង្ហាញពីក្តីកង្វល់ដែលពលករប្រមាណជាង៧០ម៉ឺននាក់ទៀត អាចប្រឈមនឹងភាពគ្មានការងារធ្វើ។
សម្រាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា បញ្ហាចម្បងដែលពលរដ្ឋខ្មែរកំពុងជួបប្រទះ គឺបញ្ហាវិបត្តិបំណុល ដែលនេះវាបានផ្សាភ្ជាប់ទៅនឹងកង្វះការងារធ្វើក្នុងស្រុកផង នោះទើបធ្វើឱ្យពួកគេគ្មានជម្រើសក្រៅពីចំណាកស្រុក។
លោកគិតថា កន្លងមក ក្រសួងការងារបានជូនដំណឹងពីឱកាសការងារជាច្រើន ប៉ុន្តែថាតើការផ្សព្វផ្សាយទាំងនោះ បានដឹងដល់ពលរដ្ឋកម្រិតណា ដោយក្រសួងពាក់ព័ន្ធត្រូវតាមដានឱ្យបានជាប់លាប់ និងជាពិសេសបង្កើនឱកាសទីផ្សារតាមលទ្ធភាពដែលទៅរួច។
លោកថា៖ «ខ្ញុំក៏ឃើញក្រសួងបានផ្សព្វផ្សាយពីការងារ ដែលមានហើយមួយចំនួន ប៉ុន្តែខ្ញុំមិនដឹងថាព័ត៌មាននោះបានដល់ពលរដ្ឋកម្រិតណានោះទេ ហើយបើចង់ឱ្យព័ត៌មាននេះ បានដល់ពលរដ្ឋទាល់តែទម្លាក់តាមរយៈខេត្តស្រុកមកឃុំសង្កាត់រៀងៗខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋទៅមើលដោយខ្លួនឯង ឬសង្កាត់ខ្លួនឯងប្រកាសពីព័ត៌មានការងារហ្នឹង ដោយដាក់តម្លៃប្រាក់ខែប៉ុន្មានក្នុងមួយខែ ត្រូវការរើសប៉ុន្មាននាក់ នៅកន្លែងណា ទីតាំងណា ខ្ញុំគិតថា អាចទទួលព័ត៌មានហ្នឹង ហើយឃុំសង្កាត់ដើរផ្សព្វផ្សាយខ្លួនឯងប្រាប់ពលរដ្ឋដែលត្រឡប់ពីថៃវិញឱ្យបានដឹង»។
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានប្រាប់វីអូឌី(VOD)ថា ស្របពេលដែលពលរដ្ឋខ្មែរជាច្រើន បានត្រឡប់មកកម្ពុជាវិញនោះ ក៏មានពលរដ្ឋមួយចំនួនផងដែរ ដែលបានវិលត្រលប់មកធ្វើនៅប្រទេសថៃវិញទាំងខុសច្បាប់ និងស្របច្បាប់ផងដែរ។
លោកថា៖ «យើងមើលឃើញហើយថា អ្នកទៅវិញក៏ច្រើន អ្នកមករកការងារនៅថៃវិញក៏មានដែរ មានទាំងអ្នកជិះយន្តហោះ អ្នកដើរតាមផ្លូវកាត់ក៏មាន ដែលយើងបានឃើញថា ទាហានថៃតាមព្រំដែនខេត្តស្រះកែវ បានបង្ហាញពីទិន្នន័យដែលចាប់ពលករខ្មែរឆ្លងដែន អំឡុងពេលដែលមានបទឈប់បាញ់ ហើយព្រំដែនក៏មិនទាន់មានការអនុញ្ញាតឱ្យពលករខ្មែរឆ្លងដែនមកថៃនោះ គឺវាមានពិតមែន»។
លោក សុផុន បានឱ្យដឹងបន្ថែមថា រយៈពេល២ខែ គិតមកដល់ដើមខែកញ្ញានេះ តាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថា មានពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន ៧១៣នាក់ ក្នុងនោះស្រ្តី១២០នាក់និងកុមារ១៨នាក់។
បើតាមការផ្ដល់បទសម្ភាសន៍កន្លងទៅជាមួយ VOD លោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ បានឱ្យដឹងថា បញ្ហាមិនទាន់អាចរកការងារបានធ្វើក្នុងចំនួនដ៏ច្រើនរបស់ពលករ គឺជាបញ្ហាធំមួយ ខណៈពលករជាច្រើនជាប់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ។
បើតាមការលើកឡើងរបស់ពលករនៅក្នុងវេទិការបស់អង្គការសង់ត្រាល់ មានពលករប្រមាណត្រឹមតែ១០ភាគរយទេ ដែលរកការងារបានធ្វើតែមិនមែនជាការងារជាប់លាប់ឡើយ ក្នុងនោះមានដូចជាការងារសំណង់ជាដើម ខណៈពលករខ្លះបានធ្វើចំណាកស្រុកចេញពីខេត្តរបស់ខ្លួន ទៅរកការងារធ្វើនៅតាមបណ្តាខេត្តផ្សេងទៀតដូចជាខេត្តព្រះសីហនុជាដើម។
លោកថា៖ «បញ្ហាប្រឈមរបស់ពលករហ្នឹង គឺគាត់ត្រឡប់មកវិញមានចំនួនច្រើន ប៉ុន្តែទំហំការងារដែលគាត់ទទួលបាននឹងសម្រាប់សង់ត្រាល់ យើងអត់ទាន់មានតួលេខអីជាក់លាក់ទេ ក៏ប៉ុន្តែបើយើងស្តាប់តាមពីវេទិកាមួយទៅវេទិកាមួយដែលយើងចែកជំនួយ២–៣ថ្ងៃនេះ យើងឃើញចំនួនអ្នកទទួលបានការងារនឹងមិនច្រើនទេ ដូចជា បានប្រហែលខ្ទង់១០ភាគរយអី មានកន្លែងខ្លះខ្ទង់ប៉ុណ្ណឹង មានកន្លែងខ្លះមិនដល់ហ្នឹងទេ ហើយសំណួរសួរថាពេលដែលអត់ការងារនឹងអ្វីដែលជាបញ្ហារបស់ពួកគាត់ គឺរឿងបំណុល»។
បើយោងតាម CBC គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា៥លាន៤ម៉ឺននាក់ បានជំពាក់បំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់ជិត ៦០ពាន់លានដុល្លារ។ យ៉ាងណាមិញបើតាមការអះអាងដោយផ្ទាល់របស់ពលរដ្ឋមួយចំនួន ដែលវិលត្រឡប់មកប្រទេសវិញ ពួកគេភាគច្រើនគឺពួកគេជំពាក់បំណុលធនាគារ ហើយនៅមិនទាន់ទទួលបានការងារធ្វើសមរម្យនៅឡើយ ខណៈកន្លែងការងារមានភាពចង្អៀតខ្លះ មិនទទួលបានប្រាក់ខែសមរម្យសម្រាប់ដោះស្រាយបញ្ហាជីវភាពបានឡើយ៕









