តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានបន្តសវនាការសួរដេញដោលលើសំណុំរឿងញុះញង់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលមានជនជាប់ចោទសរុបជិត ៤០នាក់ ដែលក្នុងសវនាការនោះ មេធាវី និងមន្ត្រីសិទ្ធិមនុស្ស បង្ហាញការសោកស្តាយ ដែលកូនក្តីឬជនជាប់ចោទមួយចំនួន មិនត្រូវបានដឹកពីពន្ធនាគារនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីមកឆ្លើយបំភ្លឺចំពោះមុខតុលាការ នូវអ្វីដែលពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់។
តុលាការក្រុងភ្នំពេញ បានចាប់ផ្តើមបើកសវនាការលើសំណុំរឿងរបស់សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា ដែលមានលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ព្រមទាំងជនជាប់ចោទផ្សេងទៀតជិត ៤០នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយសវនាការនេះ ត្រូវបានតុលាការកំណត់ធ្វើជារៀងរាល់ថ្ងៃពុធនៃសប្តាហ៍និមួយៗ រហូតដល់ការសាកសួរទៅលើជនជាប់ចោទទាំងអស់ចប់។
មេធាវីការពារសិទ្ធិឱ្យសកម្មជន២៣តុលា និងជនជាប់ចោទផ្សេងទៀត លោក អែម ចន្ថា មានប្រសាសន៍ថា ក្នុងសវនាការនៅព្រឹកនេះ កូនក្តីរបស់លោកចំនួន២នាក់ រួមមាន លោក ហ៊ែល ធីឡេន និងកញ្ញា ពៅ លីតា ត្រូវបានតុលាការធ្វើការសាកសួរបន្តទៅលើអង្គហេតុជុំវិញការបញ្ចេញមតិលើបញ្ហា CLV។
ប៉ុន្តែសម្រាប់កូនក្តីរបស់លោក២រូបទៀត មិនត្រូវបានមន្ត្រីពន្ធនាគារដឹកយកមកសាកសួរនោះទេ ដោយសារពួកគេ រួមនិងកូនក្តីផ្សេងទៀត ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្តូរទីតាំងឃុំខ្លួនទៅកាន់ពន្ធនាគារនៅតាមបណ្តាខេត្តនានា ដូចជា ពន្ធនាគារខេត្តកណ្តាល កំពង់ស្ពឺ ត្រពាំងផ្លុង រតនគិរី ព្រះវិហារ និងកំពង់ធំ ជាដើម ហើយតុលាការពុំបានដឹង និងពុំបានបញ្ជូនលិខិតឱ្យដឹកពួកគេមកសាកសួរ។
លោកថា៖ «តុលាការគាត់បានអញ្ជើញហើយ ដាក់លិខិតទៅពន្ធនាគារ គឺគាត់ធ្លាប់តែជនជាប់ចោទនៅ [ពន្ធនាគារ]ម១ ចឹងតុលាការដាក់លិខិតសំដៅទៅម១ ដោយអត់ដឹងថា ការចាត់ចែងដូរទៅកន្លែងផ្សេង ដល់ចឹងធ្វើឱ្យមានការអាក់ខានក្នុងការនាំ[កូនក្តី]មក»។
ករណីនេះ លោកមេធាវី បានបង្ហាញការសោកស្តាយ ដែលកូនក្តីរបស់ខ្លួនពុំបានចូលខ្លួនទៅបំភ្លឺនូវអ្វីដែលពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់។
ចំណែក មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ក៏បានបង្ហាញការសោកស្តាយផងដែរ ដែលជនជាប់ចោទ២រូប មិនបានចូលរួមសវនាការ ដោយសារតែតុលាការមិនបានបញ្ជូនលិខិតទៅកាន់ពន្ធនាគារដែលឃុំខ្លួនពួកគេជាបណ្តោះអាសន្ននោះ។
លោក យី សុខសាន្ត បានកត់សម្គាល់ដែរថា ក្នុងចំណោមជនជាប់ចោទ ៣៧នាក់ ដែលរងការចោទពីបទ ញុះញង់ ក្នុងសំណុំរឿង CLV នេះ ក៏មានអ្នកខ្លះមិនជាប់ពាក់ព័ន្ធ និងគ្រាន់តែផ្តល់យោបល់ជុំវិញការអភិវឌ្ឍតំបន់ត្រីកោណ CLV ដែលរដ្ឋាភិបាលបានលុបចោលនេះ ខណៈអ្នកខ្លះក៏មិនស្គាល់លោក ស៊្រុន ស្រ៊ន ផង បែរជាត្រូវបានចោទប្រកាន់ដែរ។
ដូច្នេះក្នុងនាមជាអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសវនាការលើសំណុំរឿងនេះ លោកបានស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ជាពិសេសតុលាការពិចារណាក្នុងការដោះលែងឱ្យពួកគេនៅក្រៅឃុំ ដើម្បីឱ្យពួកគេមានសេរីភាព និងបានជួបជុំគ្រួសារវិញ។
លោកថា៖ «យើងស្នើសុំដោយទទូច រដ្ឋាភិបាលគួរតែដោះលែងឱ្យគាត់នៅក្រៅឃុំ ឱ្យគាត់បានជួបជុំគ្រួសារទៅ ហើយបើអ្នកណាជាប់ពាក់ព័ន្ធ អាហ្នឹងចាំឃុំខ្លួនគាត់ វាល្អជាងដែលឃុំខ្លួនគាត់ ទាំងអ្នកខ្លះអត់មានពាក់ព័ន្ធអី»។
ពាក់ព័ន្ធនឹងរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA នេះ គឺមានមនុស្សប្រហែល ១០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ហើយជាមួយគ្នានោះ មានជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន«បំភ្លៃ»និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
ជាមួយគ្នានេះ សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕









