គិតមកដល់ពេលនេះ មានរយៈពេលជាង៤០ថ្ងៃហើយ ដែលយោធាកម្ពុជា ត្រូវថៃឃុំខ្លួននៅឯទីបញ្ជាការកងទ័ពជើងគោក បន្ទាប់ពីម៉ាឡេស៊ី ចាប់បង្ខំឱ្យភាគីថៃទទួលយកបទឈប់បាញ់ នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ កាលពីចុងខែ កក្កដា កន្លងទៅនេះ។
ជុំវិញករណីនេះ ក្រុមអ្នកវិភាគពីគោលនយោបាយ យល់ឃើញថា ការដែលថៃមិនព្រមដោះលែងយោធិនកម្ពុជា ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងទឹកដីថៃនេះ ជាសញ្ញាប្រាប់ថាកម្ពុជាគ្មានគីឡូណាមួយ រឿងសព្វាវុធដែលអាចទៅរួចនឹងថៃទៀតឡើយ។
លោក ប៉ោ មករា អ្នកវិភាគនយោបាយ លើកឡើងថា កត្តានេះប្រាកដណាស់ភាគីថៃ មានភាពអាម៉ាស់ពេក ដោយសារនយោបាយការបរទេស ថៃមិនអាចយកប្រៀបលើខ្មែរបាន។
មួយវិញទៀត នេះក៏ជាចេតនាមួយដែរ ដែលថៃសងសឹកនឹងកម្ពុជា ដែលហ៊ានប្រឈមមុខដោយសព្វាវុធ និងធ្វើឱ្យយោធារបស់ខ្លួន ត្រូវពលីក្នុងសមរភូមិមិនចេះតិចនាក់។ មិនតែប៉ុណ្ណោះ នេះក៏ជាយុទ្ធសាស្រ្តមួយទៀតដែរ ប្រសិនបើកម្ពុជានៅហ៊ានតតាំង ជាមួយថៃរឿងករណីរាយបន្លាលួស ចូលដីកម្ពុជាទៀត រឿងនេះនឹងកាន់តែអូសបន្លាយយូរជាងនេះទៀត ក្នុងការដោះលែងពួកគេមកវិញ។
លោកបន្តថា៖ «នៅពេលដែលយើងឃើញថៃទុកទាហានខ្មែរយើងរហូតមកដល់ពេលនេះ វាជាចំណុចក្នុងការយកលេសក្នុងចរចាជាមួយកម្ពុជា នេះជាចំណុចទីមួយ។ មួយទៀតខ្ញុំមើលឃើញថាពាក់ព័ន្ធនឹងការចាប់ទាហានខ្មែរទាំង១៨នេះ មិនមែនស្ថិតក្នុងក្របខណ្ឌនៃឈ្លើយសឹកទេ វាជាលក្ខណ:បែបបោកបញ្ចោត ឬក៏យកប្រៀបលើកម្ពុជា»។
ក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា បានមួយថ្ងៃ គឺនៅថ្ងៃទី២៩ ខែកក្កដា ក្រុមយោធាថៃបានចូលមកចាប់ក្រុមកងទ័ពខ្មែរប្រមាណ២០នាក់ លើទឹកដីកម្ពុជានៅច្រកអានសេះ។
ក្រោយចាប់ខ្លួន រំលងមិនបានប៉ុន្មានថ្ងៃស្រួលបួលផង យោធាថៃបានបញ្ជូនមនុស្ស៣នាក់ ដែលម្នាក់ក្នុងចំណោមពួកគេគឺជាសាកសព និង២នាក់ទៀត សតិស្មារតីមិនប្រក្រតី ហើយម្នាក់ទៀតខ្វិនខ្វង់ដៃជើង។
សម្រាប់លោក ប៉ោ មករា ចាត់ទុកទង្វើភាគីថៃធ្វើមកលើយោធាកម្ពុជានេះ ថាវាគឺជាការរំលោភច្បាប់សង្រ្គាមដ៏ធ្ងន់ធ្ងរ ជាពិសេសនេះគឺជាការប្រឆាំងទៅនឹងគោលការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សជាអន្តរជាតិថែមទៀតផង ហើយករណីនេះ ថៃត្រូវតែទទួលខុសត្រូវ ដោយចៀសមិនបានឡើយ។ មួយវិញទៀត ប្រសិនបើចង់ដោះបញ្ហានេះឱ្យបានលឿន កម្ពុជាត្រូវតែប្តឹងករណីនេះទៅអន្តរជាតិ ដើម្បីរកខុសត្រូវ និងស្វែងរកកិច្ចអន្តរាគមន៍បន្ទាន់ណាមួយ។
លោកបន្តថា៖ «ជារួមអ្វីដែលខ្ញុំមើលឃើញជាដំណោះស្រាយ កម្ពុជាគួរតែពន្លឿនការដាក់បន្ទុកទៅលើភាគីថៃ ពីរឿងការរំលោភលើសិទ្ធិមនុស្ស ពាក់ព័ន្ធការចាប់ទាហានខ្មែរ និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនហ្នឹង»។
បើទោះជាបែបណា គិតមកដល់ពេលនេះ ការទាមទារឱ្យភាគីថៃដោះលែងក្រុមយោធាកម្ពុជាមិនមែនតែរដ្ឋាភិបាលទេ ដែលទទូចមិនឈប់ឈរ សូម្បីក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងថៃ និងកម្ពុជា ក៏ធ្លាប់ចេញសេចក្តីអំពាវនាវដូចគ្នាដែរ។ ប៉ុន្តែលទ្ធផលសូម្បីបន្តិច ក៏មិនធ្វើឱ្យក្រុមយោធាថៃ អើពើនោះឡើយ។
ហាក់មិនខុសគ្នាទេ លោក សេង វណ្ណី អ្នកតាមដានពីភូមិសាស្រ្តនយោបាយ ក៏ឯកភាពដែរថា ការបន្តឃុំខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់នេះ វាគឺជាសង្រ្គាមចិត្តសាស្រ្តមួយរបស់ថៃហើយការធ្វើដូចនេះ ក៏ជាផ្នែកមួយនៃយុទ្ធវិធីដែរ នៅក្នុងសង្រ្គាមដែលនាំឱ្យគូជម្លោះរបស់ខ្លួន បាត់បង់គោលការណ៍ និងមានភាពច្របូលច្របល់។
បើតាមអ្នកវិភាគរូបនេះ បើទោះជារឿងនេះ វាមើលទៅគួរឱ្យអាម៉ាស់បន្តិចមែន ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ សម្រាប់ភាគីថៃលោកមើលឃើញថា ដើម្បីប្រមូលផលចំណេញពីជម្លោះនេះក្រុមយោធាថៃ មិនខ្វល់អ្វីទាំងអស់។ ជាងនេះទៀត មិនថារដ្ឋាភិបាលថ្មី ឬចាស់ទេ គ្មានឥទ្ធិពលណាមួយ លើការសម្រេចរបស់ក្រុមយោធាថៃឡើយ។
ហេតុនេះ ទោះចង់មិនឬមិនចង់ បើអ្វីដែលក្រុមយោធាថៃ មិនអាចសម្រេចគោលដៅរបស់ខ្លួនទេ ប្រាកដណាស់ អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ នឹងមិនងាយពួកគេដោះលែងមកស្រួលៗនោះឡើយ។
លោកបន្តថា៖ «ខ្ញុំគិតថា ការបន្តឃុំខ្លួននេះ វាអាចជាការប្រើប្រាស់ចិត្តសាស្រ្តធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជា ឬក៏រដ្ឋាភិបាលហ្នឹងរងសម្ពាធពីការទាមទាររបស់ប្រជាពលរដ្ឋកម្ពុជា»។
បើទោះជាបែបណា មកដល់ពេលនេះ ពីខាងរដ្ឋាភិបាលកម្ពុជា មិនដែលបានផ្តល់ព័ត៌មានលម្អិត ឬជាក់លាក់ណាមួយ ពីជោគវាសនារបស់យោធាកម្ពុជា ទាំង១៨នាក់នោះ បែបណានោះទេ ក្រៅពីធ្វើសេចក្តីអំពាវនាវម្តងហើយម្តងទៀត។
ក្រៅពីនេះ គេក៏សង្កេតឃើញប្រព័ន្ធផ្សព្វផ្សាយ នៅលើបណ្តាញសង្គម រាយការណ៍ពីក្រុមកាកបាទក្រហមអន្តរជាតិ បានចុះទៅដល់ទីតាំងនៃការឃុំខ្លួនបណ្តោះអាសន្នរបស់ពួកគេដែរ។ ប៉ុន្តែជាលទ្ធផលតើពិតកម្រិតណាថា ក្រុមយោធាទាំងនោះ គឺជាយោធាខ្មែរដែលថៃចាប់ខ្លួនទៅ។ យ៉ាងណាដំណឹងទាំងនេះ ហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ទាក់ទងសុខទុក្ខ និងស្ថានភាពនៃការឃុំខ្លួនពួកគេ នៅលើទឹកដីថៃពេលនេះ។
យ៉ាងនេះក្តី លោក សួន សូរីដា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ យល់ឃើញថា ការបន្តឃុំខ្លួនយោធាកម្ពុជានេះ អាចមានហេតុផលមួយចំនួន ក្នុងចំណោមហេតុផលជាច្រើនទៀតនៅពីក្រោយនៃការមិនព្រមដោះលែងនេះ ក្នុងនោះអាចមកពីស្ថានភាពតានតឹងផ្នែកយោធានៅតាមព្រំដែន មិនទាន់ស្ងប់ស្ងាត់នៅឡើយ ហេតុនេះ ភាគីថៃមានការប្រុងប្រយ័ត្ន ហើយនេះក៏ជាវិធីយកប្រៀបលើកម្ពុជាដែរ។
មួយវិញទៀត ប្រសិនបើមានសង្រ្គាមកើតឡើង ប្រាកដណាស់ថៃនឹងប្រើប្រាស់កងយោធិនទាំង១៨នាក់ ដែលនៅក្នុងដៃស្រាប់នេះ ធ្វើជាចំណាប់ខ្មាំងក្នុងការដាក់សម្ពាធបន្ថែមទៀតលើកិច្ចការចរចាណាមួយ។
លោកបន្តថា៖ «មហិច្ចតាឃ្លានពានរបស់ទាហានថៃហ្នឹង មិនទាន់ត្រូវបានផុតរលត់ទេ បានន័យថា មហិច្ចតាឃ្លានពាននៅតែបន្ត ដូច្នេះចង់ឬមិនចង់គិតថា ការផ្ទុះអាវុធ ឬក៏ការបាញ់គ្នាហ្នឹងនឹងកើតឡើងជាលើកទីពីរអីចឹងទៅ។ អញ្ចឹងគេទុកកងទ័ពធ្វើជាចំណាប់ខ្មាំងទៅថ្ងៃក្រោយ ឧទាហរណ៏ថាប្រសិនបើមានការបាញ់គ្នាជាលើកទីពីរ ខាងអាចនឹងចាប់ទាហានវិញបានវាអាចនឹងដោះដូរគ្នាទៅថ្ងៃក្រោយអីអញ្ចឹងទៅ »។
ជុំវិញរឿងនេះ ក្រសួងការពារជាតិកម្ពុជា ក្រៅពីធ្វើសេចក្តីអំពាវនាវម្តងជាពីរដង ក្នុងន័យជំរុញឱ្យយោធាថៃដោះលែង យោធាទាំង១៨នាក់ហើយ រដ្ឋាភិបាលបានធ្វើសំណើទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ឱ្យជួយអន្តរាគមន៍ដែរ។ ប៉ុន្តែ ជាលទ្ធផលទាក់ទិនរឿងនេះ ហាក់មិនទ្រឹងនៅឡើយ ខណៈស្ថានភាពនៅព្រំដែននៃប្រទេសទាំងពីរ ភាគីថៃបន្តបំពាន មិនឈប់ឈររាប់ទាំងរាយបន្លាលួសព័ទ្ធយកដីកម្ពុជា។
ផ្ទុយពីនេះវិញ រដ្ឋាភិបាលខ្មែរ នៅតែរក្សាគោលជំហបន្តការអត់ធ្មត់ បើទោះជាដីភូមិភ្នំទ្រព្យ និងតំបន់ប្រាសាទ ត្រូវភាគីថៃឡើងគ្រប់គ្រងអស់ហើយក្តី ក៏កម្ពុជាមិនប្រតិកម្មតបណាមួយឡើយ៕









