អ៊ែនឌីធីវី វ៊ើល(NDTV World) ជាបណ្តាញសារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បាននិយាយថា នៅក្នុងវីដេអូដ៏គួរឱ្យតក់ស្លុតមួយ អំពីមន្ត្រី្កការបទេសរបស់ប្រទេសនេប៉ាល់ ឈ្មោះ អាស្សូ រ៉ាណា ឌូបា (Arzu Rana Deuba) ត្រូវបានទាត់ និងដាល់ បន្ទាប់ពីក្រុមអរិភាពមួយបានវាយលុកចូលក្នុងលំនៅដ្ឋានរបស់នាង។
ប្រភពបន្តថា នាងបានជូតឈាមចេញពីមុខនាង ដែលហ៊ុំព័ទ្ធដោយក្រុមអ្នកតវ៉ាដែលថតនាង បន្តិចក្រោយមកបុរសអាយុ៦៣ឆ្នាំម្នាក់ ត្រូវបានទាត់ពីខាងក្រោយ និងដាល់ចំពីមុខដោយក្រុមបាតុករ។
បន្ថែមពីនេះ ប្រព័ន្ធបណ្តាញសង្គមមួយចំនួន រួមទាំងហ្វេសប៊ុក(Facebook) យូធូប (YouTube) បណ្តាញសង្គមអេក្ស (X) ក៏ត្រូវបានបិទកាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយការចូលប្រើប្រាស់វេទិកាមិនបានចុះបញ្ជីចំនួន២៦។
នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក ខាតហ្គា ប្រាសាត់ ហ្សាម៉ាអូលី ត្រូវបានបង្ខំឱ្យលាលែងពីតំណែងកាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកតវ៉ាវ័យក្មេងប្រឆាំងអំពើពុករលួយ មានការខឹងសម្បាបានប្រឆាំងនឹងបម្រាមគោចរ និងប៉ះទង្គិចជាមួយប៉ូលិសមួយថ្ងៃបន្ទាប់ពីមនុស្ស ១៩នាក់ បានស្លាប់នៅក្នុងការតវ៉ាថ្ងៃដំបូង។
យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការខឹងសម្បានេះ បង្កឡើងដោយការហាមឃាត់ក្នុងការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលដាក់ចេញដោយរដ្ឋាភិបាល លោក អូលី(Oli) បន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នទៅលើក្រុមអ្នកតវ៉ា ដែលព្យាយាមសម្រុកចូលអគារសភាដោយបង្កឱ្យមនុស្ស ១០០នាក់ រងរបួស និងមនុស្សចំនួន ១៩នាក់ បានស្លាប់។
ដោយឡែក ការតវ៉ាកាលពីថ្ងៃអង្គារ ហាក់បីមិនមានការថមថយចុះទេ ដែលធ្វើឱ្យប្រទេសនេប៉ាល់ធ្លាក់ចូលទៅក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជា។
យុវជនប្រទេសនេប៉ាល់ជាច្រើនឆ្នាំនេះ មានការខកចិត្តចំពោះភាពកង្វះការងារ និងមនុស្សរាប់លាននាក់បានទៅធ្វើការនៅមជ្ឈឹមប្រទេស ប្រទេសកូរ៉េ និងប្រទេសម៉ាឡេស៊ី ដែលផ្តោតលើការដ្ឋានសំណង់ជាចំបង។
បន្ថែមពីនេះ លោកអូលី បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកទៅកាន់ប្រធានាធិបតីលោក រាំចាន់ដ្រា ផូឌែល(Ramchandra Paudel)ថា ‘‘ដោយមើលឃើញអំពីស្ថានភាពមិនសូវល្អនៅក្នុងប្រទេស ខ្ញុំបានលាលែងពីតំណែងយ៉ាងមានប្រសិទ្ធភាពនៅថ្ងៃនេះ ដើម្បីសម្របសម្រួលដល់ការដោះស្រាយបញ្ហា និងដើម្បីជួយដោះស្រាយនយោបាយរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ។
ជំនួយការបស់លោក ផូដែល(Paudel) បានប្រាប់ទៅកាន់រ៉យទ័រ(Reuters)ថា ប្រធានាធិបតីបានចាប់ផ្តើមដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងថែមទាំងកោះហៅមេដឹកនាំនៃក្រុមតវ៉ាមកជជែកពិភាក្សាផងដែរ។
យុវជនសប្បាយរីករាយដែលបានចូលទៅអគារសភា និងទទួលបានដំណឹងថា លោក អូលី(Oli) លាលែងពីតំណែងដោយគ្រវីដៃ និងស្រែកហ៊ោកញ្ច្រៀវនូវពាក្យស្លោកថា ‘‘យើងបានឈ្នះ’’ ដោយអក្សរពណ៌ទឹកក្រូចយ៉ាងធំបានសរសេរលើជញ្ជាំងសភា៕









