ក្រុមអង្គការសង្គមស៊ីវិលដែលសកម្មជំរុញការលើកកម្ពស់សិទ្ធិមនុស្ស បង្ហាញការព្រួយបារម្ភថា ច្បាប់ដកសញ្ជាតិដែលផ្តួចផ្តើមគំនិតដោយ លោក ហ៊ុន សែន ជាហានិភ័យដល់អ្នកធ្វើការងារសង្គម ការណ៍នេះពួកគេទាមទារឱ្យរដ្ឋាភិបាលលុបចោល ដើម្បីបង្ហាញថា រដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
ក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលនេះ ហាក់ស៊ីគ្នាទៅនឹងក្រុមបញ្ញវន្ត និងអ្នកច្បាប់មួយចំនួនដែរ ដោយពួកគេមើលឃើញថា ច្បាប់ដកសញ្ជាតិ នឹងបំផ្លាញជាតិសាសន៍ខ្មែរ បម្រើហិច្ចតាបរទេសឈ្លានពានទឹកដី។
ពួកគេសំអាងថា ខ្លឹមសារច្បាប់នេះ គ្រួសារហ៊ុន អាចចាប់ចងមនុស្សដាក់ពន្ធនាគារបានតាមទំនើងចិត្ត ដោយគ្រាន់តែប្រឌិតរឿង តាមរយៈការសង្ស័យប៉ុណ្ណោះ មិនចាំបាច់មានការជំនុំជម្រះដោយយុត្តិធម៌ឡើយ ការណ៍នេះដូចរបបខ្មែរក្រហមដែរ ដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់ចោលទាំងហ្វូងៗ ដោយគ្រាន់តែចោទថាពួកគេក្បត់នឹងអង្គការ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលជាង៥០ស្ថាប័ន រួមមាន អង្គការលីកាដូ អង្គការសង់ត្រាល់ COMFREL និងសមាគមបណ្តាញយុវជនកម្ពុជា (CYN) ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញានេះ ដោយនិយាយថា វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់អំណាចពេញលេញដល់អាជ្ញាធរ ដើម្បីដកហូតសញ្ជាតិពីពលរដ្ឋខ្មែរ ដែលធ្វើឱ្យអ្នកទាំងនោះក្លាយជាជនគ្មានសញ្ជាតិ។
ប្រភពបន្តថា វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអនុម័ត ក្រោយពេលដែលមានការអំពាវនាវពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងក្រោយពេលមានការបើកផ្លូវ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
លើសពីនេះ ពួកគេថា ច្បាប់ដកសញ្ជាតិនេះ នឹងផលប៉ះពាល់ទៅលើសកម្មជនសិទិ្ធមនុស្ស នយោបាយនិងសង្គម និងប្រជាពលរដ្ឋសាមញ្ញ ដែលអ្នកទាំងនោះអាចនឹងប្រឈមនឹងការបាត់បង់សិទិ្ធសេរីភាព ដោយជាប់ពន្ធនាគារ ហើយនិងបាត់បង់នូវអត្តសញ្ញាណជា ពលរដ្ឋខ្មែរ។
សម្រាប់ក្រុមអង្គការទាំងនោះ វិសោធនកម្មច្បាប់នេះ អាចនឹងបង្កហានិភ័យ ដែលជាការដកហូតដោយមិនត្រឹមត្រូវ នូវសញ្ជាតិ “ខ្មែរ” ពីពលរដ្ឋ “ខ្មែរ” និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទាំងនោះ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនបរិស្ថានជាច្រើននាក់ ដោយគ្រាន់តែធ្វើការពិសោធន៍ទឹក រកសារធាតុពុល ហើយផ្សព្វផ្សាយជាសាធារណៈ ត្រូវបានអាជ្ញាធររដ្ឋចោទប្រកាន់ថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ។
លើសពីនេះទៅទៀត វិសោធនកម្មច្បាប់នេះ មិនមាន ភាពចាំបាច់ ឬ សមាមាត្រ នោះទេ។ យោងតាមច្បាប់អន្តរជាតិ ការដកហូតសញ្ជាតិត្រូវបានចាត់ទុកថាជាជម្រើសទណ្ឌកម្មចុងក្រោយ។ ទោសទណ្ឌនេះ អាចត្រូវបានអាជ្ញាធរប្រើប្រាស់ តែនៅក្នុងករណីដែលវិធានការនានា មិនអាចសម្រេចបាននូវគោលបំណងរបស់រដ្ឋ ។ អាជ្ញាធររដ្ឋនៅកម្ពុជា មិនបានផ្តល់អំណះអំណាងណាមួយ ដែលបញ្ជាក់ថា មូលហេតុអ្វីបានជាក្រមព្រហ្មទណ្ឌ មិនអាចដោះស្រាយបញ្ហា និងរក្សាបាននូវ “សន្តិសុខជាតិ” ។
លើសកម្មជនសង្គម និងនយោបាយ ជាច្រើននាក់ ពីបទពាក់ព័ន្ធនឹងសន្តិសុខជាតិ និងរួមគំនិតក្បត់ បានបង្ហាញឱ្យឃើញអំពីហានិភ័យខ្ពស់ ទៅលើពលរដ្ឋ “ខ្មែរ” ប្រភេទខាងលើនេះ នៅពេលអនុវត្តវិសោធនកម្មច្បាប់នេះ ។
បញ្ហានេះ ពួកគេ អំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យលុបចោលវិសោធនកម្មនេះជាបន្ទាន់ ដើម្បីការពារសិទ្ធិពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាប្រកាសទទួលស្គាល់ជាមួយអង្គការសហប្រជាតិ។
បន្ថែមពីនេះ នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត ប្រាប់VODនៅថ្ងៃទី១០ ខែកញ្ញានេះថា វិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរនេះ គឺផ្ទុយពីសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស បានចែងថា “មនុស្សគ្រប់រូបមានសិទិ្ធទទួលបានសញ្ជាតិមួយ ត្រង់មាត្រា១៥។
លោកបារម្ភថា ច្បាប់នេះ អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមឈឺឆ្អាលពីបញ្ហាសង្គម ឬសកម្មជនដែលចង់ចូលរួមរិះគន់សង្គមដើម្បីស្ថាបនា គឺធ្វើឱ្យពួកគេកាន់តែខ្លាចមិនហ៊ានចូលរួមតាមដាន និងឈឺឆ្អាលពីបញ្ហាសង្គមជាតិ។
លោកថា៖ «ហើយនៅក្នុងវិសោធនកម្មនៃច្បាប់សញ្ជាតិនេះ វាហាក់ដូចជាទូលាយហើយមានភាពស្រពេចស្រពិល ហើយនិយមន័យក៏មិនទាន់មានភាពច្បាស់លាស់ ដែលចំណុចទាំងនេះ យើងមានការព្រួយបារម្ភចំពោះអ្នកអនុវត្តច្បាប់ កាលណាបើសិនជាមិនយល់ ហើយច្បាប់ហ្នឹងនៅមានភាពស្រពេចស្រពិល ទូលាយ ការអនុវត្តច្បាប់ទៅវាអាចប៉ះពាល់ ឬបង្កហានិភ័យចំពោះការដកហូតសញ្ជាតិខ្មែរនេះ»។
ប្រហែលគ្នានេះដែរ ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា និយាយថា ការដកសញ្ជាតិពលរដ្ឋពីកំណើត គឺប្រឆាំងទៅនឹងគោលការណ៍ជាសកលស្តីពីសញ្ជាតិពីកំណើត និងរំលោភបំពានធ្ងន់ធ្ងរអំពីសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ។
លោកបារម្ភថា នៅពេលដែលការអនុវត្តច្បាប់នៅមានភាពធូរលុង ហើយស្របពេលដែលអាជ្ញាធររដ្ឋមួយចំនួនប្រើប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញដល់សកម្មជនបក្សប្រឆាំង និងសកម្មជនសង្គមផងដែរនោះ នោះច្បាប់នេះនឹងកាន់តែបង្កគ្រោះថ្នាក់ដល់ពួកគេ។
លោកថា៖ «នៅពេលដែលច្បាប់ហ្នឹង មានការបកស្រាយទូលំទូលាយពេក ហើយស្របជាមួយនឹងយើងឃើញថាបទពិសោធន៍កន្លងមក អាជ្ញាធររដ្ឋហ្នឹងប្រើប្រព័ន្ធតុលាការ ដើម្បីទៅធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសិទ្ធិមនុស្ស ប្រជាពលរដ្ឋដែលឬក៏អ្នកនយោបាយដែលមានមតិផ្ទុយគ្នា ត្រង់នេះហើយដែល យើងគិតថា នៅពេលដែលប្រព័ន្ធតុលាការប្រព័ន្ធយុត្តិធម៌យើង អត់ទាន់ធានានូវសេចក្ដីទុកចិត្តពីសាធារណជន យើងគិតថា វាងាយមែនទែនសម្រាប់សកម្មជនសិទ្ធិមនុស្ស សម្រាប់ពលករ សម្រាប់កម្មករ សម្រាប់អ្នកនយោបាយដែលមានមតិផ្ទុយពីខាងពីអ្នកកាន់អំណាច អ៊ីចឹងទៅ អ៊ីចឹងគាត់អាចងាយរងគ្រោះ ហើយគេអាចនឹងប្រើប្រព័ន្ធតុលាការហ្នឹង ក្នុងការទៅដកហូតសញ្ជាតិហ្នឹងតែម្ដង»។
ដោយឡែកពីនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន គាំទ្រចំពោះការស្នើសុំឱ្យរដ្ឋាភិបាលលុបចោលច្បាប់ដកសញ្ជាតិខ្មែរនេះ ដោយលោកអះអាងថា ច្បាប់នេះ នឹងបំផ្លាញជាតិសាសន៍ខ្មែរ ធ្វើឱ្យខ្មែររងទុក្ខ។
សម្រាប់លោក អ៊ុំ សំអាន ច្បាប់ដកសញ្ជាតិ ជាហានិភ័យរបស់ជាតិសាសន៍ខ្មែរ ដែលសំដៅលើការយាយីលើអ្នកប្រជាធិបតេយ្យ រួមទាំងអ្នកស្រឡាញទឹកដី ប្រឆាំងនឹងបរទេសឈ្លានពាន។
លោកថា ច្បាប់ដកសញ្ជាតិខ្មែរនេះ មិនអាចការពារបូរណភាពទឹកដីកម្ពុជាបាននោះទេ មិនតែប៉ុណ្ណោះវាកាន់តែធ្វើឱ្យទឹកដីកម្ពុជាបន្តបាត់បង់ទៅប្រទេសជិតខាង ព្រោះខ្មែរកំពុងបែកបាក់ផ្ទៃក្នុង ហើយលោកគិតថា ការពន្លឿនចេញច្បាប់ដកសញ្ជាតិនេះ ជាចេតនាគ្រួសារហ៊ុន ចង់បំបិទមាត់ពលរដ្ឋខ្មែរមិនឱ្យនិយាយរឿងការដែលគ្រួសារហ៊ុន ធ្វើឱ្យបាត់បង់ទឹកដី ទាំងដែនទឹក និងគោក ទៅប្រទេសវៀតណាម និងថៃ ដើម្បីតែចង់ក្តោបអំណាចតពូជ ។
លោកថា៖ «លោកហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹងគួរតែឲ្យសភាលុបច្បាប់ដកសញ្ជាតិខ្មែរពីកំណើតហ្នឹងចេញវិញទៅ តាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចសង្គមស៊ីវិល ហើយងាកមកបង្រួបបង្រួមជាតិ ហើយការពារទឹកដីយើងពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ជាពិសេសប្រទេសថៃនឹងបានអាចការពារទឹកដីយើងបាន បើមិនអ៊ីចឹងទេគឺប្រាកដជាខ្មែរបែកបាក់ ហើយប្រទេសជិតខាងឈ្លានពានយើង អត់មានកម្លាំងរួមគ្នាប្រឆាំងនឹងការឈ្លានពានហ្នឹង នឹងបាត់បង់ទឹកដីទៅប្រទេសជិតខាង ជាពិសេសប្រទេសថៃនិងប្រទេសវៀតណាម នៅពេលដែលលោក ហ៊ុន សែន ក៏បានប្រើច្បាប់ហ្នឹងដើម្បីប្រល័យពូជសាសន៍ខ្មែរដកសញ្ជាតិពីរខ្មែរ»។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បានច្រានចោល។ លោកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ហាក់មិនខ្វល់នឹងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ។
លោកបញ្ជាក់ថា ការទាមទារអ្វីមួយរបស់ក្រុមអង្គការស៊ីវិល ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាលនឹងបន្តអនុវត្តច្បាប់នេះ ប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តិខុសនឹងច្បាប់ដូចមានចែងនោះ។
លោកថា៖ «អ្វីដែលយើងធ្វើនៅពេលនេះ គឺដើម្បីប្រទេសជាតិរបស់យើង ដើម្បីបង្ការប្រឆាំងទៅនឹងជនទាំងឡាយណាដែលក្បត់ប្រទេសជាតិរបស់ខ្លួន ទៅចូលដៃចូលជើងជាមួយបរទេស មកបំផ្លាញប្រទេសកំណើត អីចឹងច្បាប់នេះគឺអនុវត្តទៅលើបុគ្គលទាំងអស់ហ្នឹង ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានគាំទ្រចំពោះរឿងនេះ អ៊ីចឹងត្រង់មានប្រជាជនឬក៏ក្រុមសង្គមស៊ីវិល ប៉ុន្មានសង្គមស៊ីវិលហ្នឹងគាត់មិនពេញចិត្តឬទាមទារយ៉ាងណា អាហ្នឹងជាសិទ្ធិ»។
យ៉ាងនេះក្តី ដោយឡែក មេធាវីធ្លាប់ការពារក្តីនៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម លោក កង ឫទ្ធិគិរី ធ្លាប់ប្រាប់VODថា ការដកសញ្ជាតិពីកំណើតនិងអំពើប្រលយ័ពូជសាសន៍។
លោកបញ្ជាក់ថា ទោះបីតាមច្បាប់ក្ដី អធិបញ្ជាក្ដី វានៅតែជាចំណែកមួយនៃអំពើប្រលយ័ពូជសាសន៍ហើយការចាប់បង្ខំអោយក្រុមមនុស្សទាំងនោះ ទទួលយកសញ្ជាតិផ្សេង ដើម្បីរក្សាអត្ថិភាពរបស់ខ្លួន ក៏ជាអំពើប្រល័យពូជសាសន៍ផងដែរ។
អំពើដែលប្រព្រឹត្តិដោយរដ្ឋបែបនេះ ដោយចេតនាគិតទុកជាមុន បានបង្កើតជាទម្រង់ថ្មីមួយនៃអំពើប្រលយ័ពូជសាសន៍ ក្រោមអនុសញ្ញាហាមប្រាមអំពើប្រលយ័ពូជសាសន៍។
អតីតមេធាវីសាលាក្តីខ្មែរក្រហមរូបនេះ បញ្ជាក់ក្នុងសម្តីដើមថា តាមយោបល់ខ្ញុំជាអ្នកច្បាប់ម្នាក់និងជាអ្នកមាន បទពិសោធន៍ក្នុងវិសយ័ឧក្រិដ្ឋកម្មប្រលយ័ពូជសាន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម នៅកម្ពុជាក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបាន សាលាជម្រះក្ដី ECCCធ្វើការផ្តន្ទាទោសស្របតាមច្បាប់អន្តរជាតិ។
ជ្រុងមួយនៃរឿងនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡួត និយាយថា បើតាមខ្លឹមសារច្បាប់ដកសញ្ជាតិ គឺសំដៅប្រឆាំងលើក្រុមអ្នករិះគន់ឯនាយសមុទ្រ។ លោកថា ទំហំបែកបាក់ជាតិនឹងកាន់តែពិបាកផ្សះផ្សា ហើយច្បាប់នេះទំនងនឹងជំរុញឱ្យចលនាប្រឆាំងក្រៅប្រទេស កាន់តែមានសន្ទុះ និងឥទ្ធិពលទៅវិញទេ។
លោកគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រោមកណ្ដាប់ដៃ លោកហ៊ុន ម៉ាណែត អ្នកបន្ដវេន ការបង្កើត និងកែប្រែច្បាប់ ដ៏ចម្រូងចម្រាស់មួយចំនួន ដែលគោលដៅលើគណបក្សប្រឆាំង ដូចជាច្បាប់ដាក់មនុស្សមួយក្រុមជាភេរវកររួមទាំងច្បាប់ដកសញ្ជាតិនេះ។
ត្រង់ចំនុចនេះ លោកមើលឃើញផ្ទុយគ្នា ទៅលើឆន្ទៈរដ្ឋាភិបាលកម្ពុជា ដែលថាចេះអត់ធ្មត់ និងអធ្យាស្រ័យ ដល់សត្រូវដែលឈ្លានពាន តែមិនអាចធ្វើជាមួយខ្មែរដូចគ្នាបាន។
ជុំវិញបញ្ហានេះ លោក ចាន់ឡូត សង្កត់ធ្ងន់ថា គណបក្សកាន់អំណាច នឹងមិនអាចរារាំងក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី និងលោក កឹម សុខា តាមមធ្យោបាយនេះបានទេ ដោយលោកសំអាងថា បើគេពិនិត្យទៅលើលទ្ធផលបោះឆ្នោតឆ្នាំ២០១៣និង២០១៧ មានជាង៣លាននាក់នៃអ្នកទៅបោះឆ្នោត បូករួមជាមួយការគាំទ្ររាប់លាននាក់ដែលមិនបានទៅបោះឆ្នោត រួមទាំងខ្មែរនៅក្រៅប្រទេស ។
តែយ៉ាងណា លោកថា វិធីយកឈ្នះក្រុមប្រឆាំងមានតែមួយគត់ គឺគណបក្សកាន់អំណាច ត្រូវធ្វើរឿងធំ៣យ៉ាងឱ្យមានប្រសិទ្ធភាព។
បើតាមលោក ចាន់ឡូត រឿង៣យ៉ាងនោះ គឺបក្សកាន់អំណាច ត្រូវបោសសម្អាតអំពើពុករលួយ ត្រូវលុបបំបាត់បក្ខពួកនិយម និងធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានន័យថា រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ប្រកបដោយការជឿទុកចិត្តពីលើដល់ក្រោម៕









