ខណៈមានព័ត៌មានថា យោធាថៃបន្តឈ្លានពានដីខ្មែរ ដោយរុះរើផ្ទះពលរដ្ឋនៅភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យនោះ រដ្ឋាភិបាលខ្មែរវិញនៅតែបន្តបង្កើនការចាប់ខ្លួនមន្រ្តីបក្សប្រឆាំង ដែលជាក្តីបារម្ភថា បន្ទាត់នយោបាយ លោក ហ៊ុន សែន កំពុងធ្វើឱ្យបែកបាក់ធ្ងន់ធ្ងរ ជាអន្ទាក់បរទេសលេបទឹកដីខ្មែរ។
ក្តីបារម្ភនេះ ស្របពេលមន្រ្តីបក្សប្រឆាំង២រូបទៀត មកពីបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ត្រូវបានរដ្ឋាភិបាលខ្មែរ ចាប់ខ្លួនដោយមិនដឹងពីមូលហេតុនាពេលថ្មីៗនេះ ចំពេលយោធាថៃនៅតែពង្រីកការឈ្លានពានកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បានបង្ហាញវីដេអូលើហ្វេសប៊ុកលោកនៅថ្ងៃទី១០ ខែកញ្ញានេះថា ទាហានថៃបានសាងសង់លេណដ្ឋាន និងបានវាយកម្ទេចផ្ទះមួយចំនួនរបស់ពលរដ្ឋខ្មែរ ព្រមទាំងដាក់ទង់ជាតិថៃលើផ្ទះរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា លោក ហ៊ុន សែន ចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តែមិនដែលឃើញ លោក ហ៊ុន សែន ទៅបណ្តេញឬចាប់ខ្លួនទាហានថៃ ដែលរាយបន្លាលួសព័ទ្ធយកភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទតាមាន់ធំ ច្រកអានសេះ និងភ្នំទ្រព្យទាល់តែសោះ។
លោករិះគន់ថា លោក ហ៊ុន សែន ហ៊ានជាមួយខ្មែរដោយប្រើយុទ្ធសាស្រ្តងើបមួយ វៃមួយ តែជាមួយថៃអត់ធ្មត់ ស្ងៀមស្ងាត់ និងដកថយទាល់តែថៃយកដីអស់។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី៩ ខែកញ្ញា បានសេចក្តីថ្លែងការណ៍មួយ ចាត់ទុកការចាប់ខ្លួនមន្រ្តីបក្សប្រឆាំង២រូបនេះ ជាការគំរាមកំហែងធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់ របស់សកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅទូទាំងប្រទេស។
បើតាមប្រភពដដែល លោក ហែម ហឿន សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សឆន្ទៈខ្មែរ ស្រុកឱរ៉ាល់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែក លោក វ៉ន ឡាង ប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនស្រុកឱរ៉ាល់ និងជាជំទប់ទី២ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ប្រាប់VODបន្ថែមតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១០ ខែកញ្ញានេះថា លោកមិនដឹងពីមូលហេតុនៃការចាប់ខ្លួននេះទេ តែដំណឹងក្រៅផ្លូវការថា រងការចោទពីបទញុះញង់។
បើតាមលោក សុធារ៉ាយុទ្ធ ពួកគាត់ត្រូវបានឃុំក្នុងពន្ធនាគារព្រៃស ហើយពួកគាត់គឺជាសកម្មជន និងជាមន្រ្តីបក្សដ៏សកម្ម និងមានប្រជាប្រិយភាពនៅឃុំ និងស្រុករបស់ពួកគាត់។
លោក សុធារ៉ាយុទ្ធ ឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៥ មកដល់ពេលនេះ គឺមានមន្រ្តីនិងសកម្មជនចំនួន១០រូប ដែលត្រូវបានចាប់ និងឃុំខ្លួននៅពន្ធនាគារខេត្ត និងពន្ធនាគារព្រៃស។ ក្នុងនោះមាន៨រូប ជាសកម្មជន និងជាមន្រ្តីគណបក្សភ្លើងទៀន និង២រូបជាសកម្មជនបក្សឆន្ទៈខ្មែរ ។
លោកគូសបញ្ជាក់ថាគណបក្សភ្លើងទៀន និងឆន្ទៈខ្មែរ ជាគណបក្សស្របច្បាប់ ទាំងថ្នាក់ដឹកនាំ មន្រ្តី សមាជិក និងសកម្មជនទាំងអស់ តែងតែប្រកាន់ខ្ជាប់ និងគោរពអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេស។
ក្នុងន័យនេះ លោកស្នើសុំសមត្ថកិច្ច ឬអាជ្ញាធរឈប់បន្តការចាប់សកម្មជនប្រឆាំង និងដោះលែងពួកគេឲ្យសេរីភាពវិញ។
សម្រាប់ លោក សុធារ៉ាយុទ្ធ ការយោគយល់ ការអធ្យាស្រ័យគ្នា និងការអត់ឱនគ្នាក្នុងចំណោមខ្មែរ ជាពិសេសអ្នកនយោបាយទាំងអស់ គឺជារឿងសំខាន់ និងល្អ ក្នុងស្មារតីសាមគ្គីភាព និងឯកភាពគ្នាដើម្បីខ្មែរខ្លាំងក្លា។
ជាងនេះទៀត លោកថា ការបន្តចាប់សកម្មជនគណបក្សប្រឆាំង គឺបង្ហាញនូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យផ្នែកនយោបាយលើសំឡេង និងសកម្មភាពរបស់គណបក្សប្រឆាំងស្របច្បាប់ ហើយប៉ះពាល់ខ្លាំងដល់គោលការណ៍ប្រជាធិបតេយ្យ ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ឆ្លើយតបខ្លីថា ការចាប់ខ្លួននេះ អនុវត្តតាមស្មារតីច្បាប់។
លោកថា៖ «វាជាការអនុវត្តតាមផ្លូវច្បាប់ ជាដែនសមត្ថកិច្ចរបស់តុលាការ»។
យ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកថា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងបន្តនយោបាយងើបមួយវាយមួយ ដើម្បីបង្កើតអាណាចក្រក្តោបអំណាចពេញដៃសម្រាប់ក្រុមគ្រួសារខ្លួន ត្រួតត្រាស្ថាប័នកំពូលៗរបស់ជាតិ រួមទាំងព្រះមហាក្សត្រ។
សម្រាប់ លោក ម៉ែន ណាត បន្ទាត់នយោបាយ លោក ហ៊ុន សែន កំពុងបង្កឱ្យជាតិបែកបាក់ កាន់តែខ្លាំង ជាបំណងរបស់ប្រទេសជិតខាង មិនចង់ឱ្យខ្មែរផ្សះផ្សាជាតិ ដើម្បីស្រួលសម្រេចមហិច្ចតាលេបយកទឹកដីខ្មែរ។
លោកថា៖ «នយោបាយបែបហ្នឹង ចំពោះបញ្ហាទឹកដី វាជាហានិភ័យបរទេសឈ្លានពានគេចាំតែមើលខ្មែរបែកបាក់សាមគ្គីគ្នា។ អ៊ីចឹងទៅគេឆ្លៀតឱកាសឈ្លានពានយើងបាន ហើយដល់ក្រុមគ្រួសារលោក ហ៊ុន សែន អត់មានឱកាសអី ដើម្បីទប់ទល់ជាមួយបរទេស តែខំពង្រឹងអំណាច ហើយដើម្បីពង្រឹងអំណាចបានគាត់ត្រូវទៅនិយាយគប់គិតអីខ្លះអ៊ីចឹងដែរខាង ក្រោយខ្នងស្ងាត់ៗអីជាមួយពួកបរទេសមួយចំនួន ឧទាហរណ៍ដូចជាវៀតណាមអីជាដើម។ឧទាហរណ៍កន្លងទៅ ហើយជាមួយថៃយើងមិនទាន់ដាក់ការសង្ស័យទេ ក៏ប៉ុន្តែជាមួយថៃយើងបង្ហាញជំហរទន់ខ្សោយ អត់មានមធ្យោបាយការពារខ្លួន ហើយបណ្តោយឱ្យគេឈ្លានពានទឹកដីតាមទំនើងចិត្ត »។
ជ្រុងមួយនេះរឿងនេះ ច្បាប់ដកសញ្ជាតិខ្មែរពីកំណើតដ៏ចម្រូងចម្រាស ដែលផ្តួចផ្តើមបង្កើតឡើងដោយ លោក ហ៊ុន សែន ត្រូវបានលោក ហ៊ុន សែន ខ្លួនឯងក្នុងនាមជាប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាប្រកាសដាក់ឱ្យប្រើយ៉ាងប្រញាប់ប្រញាល កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ចំពេលថៃបន្តឈ្លានពានដីខ្មែរនោះ បើទោះមានការលើកឡើងថា ច្បាប់នេះ នឹងធ្វើឱ្យជាតិខ្មែរកាន់តែមានការបែកបាក់ខ្លាំងឡើងថែមទៀតក្តី។
បន្ទាត់នយោបាយ របស់លោក ហ៊ុន សែន រងរិះគន់ថា ខ្លាំងតែខាងបង្ក្រាបខ្មែរគ្នាឯង តែគ្មានសមត្ថភាពទប់ស្កាត់ថៃឈ្លានពាន ដោយប្រើពាក្យអត់ធ្មត់ដើម្បីបិទបាំង ខណៈថៃចល័តទ័ពចូលរាយបន្លាលួសព័ទ្ធយកដីខ្មែរច្រើនកន្លែង រយៈពេលជាង១ខែទៅនេះក្រោយមានបទឈប់បាញ់៕









