រដ្ឋបញ្ចេញ​ឡាន​ក្រុង​ជិត​​៦០០​គ្រឿង​​ដឹក​ពលរដ្ឋ​ឥត​គិត​ថ្លៃ​​​នៅ​​​​ថ្ងៃ​​​ភ្ជុំ​​បិណ្ឌ​

រដ្ឋាភិ​បាល បញ្ចេញ​រថយន្ត​​ក្រុង​​ជិត ៦០០​គ្រឿង សម្រាប់​​បម្រើ​​សេវា​​ដឹក​ជញ្ជូន​​សាធារណៈ​​ដោយ​​មិន​​បង់​​ប្រាក់ រយៈ​ពេល ៦​ថ្ងៃ ដើម្បី​​ដឹក​ជញ្ជូន​​ប្រជាពលរដ្ឋ​​ទៅ​កា​ន់​បណ្តា​ខេត្ត​​ផ្សេង​ៗ និង​​​ធ្វើ​ដំណើរ​​ក្នុង​​រាជ​ធានីភ្នំពេញ ព្រម​ទាំង​​បាន​​អំពាវ​នាវ​​ដល់​​ម្ចាស់​​ក្រុម​​ហ៊ុន​ឯក​ជន​ និង​​ម្ចាស់​​រថយន្ត​ឈ្នួល រក្សា​​តម្លៃ​​ដឹក​ជញ្ជូន​​​ឱ្យ​​នៅ​ដដែល​ ក្នុង​​ឱកាស​​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​​ខាង​​មុខ​​នេះ។

តាមប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ​២០២៥ ពិធីបុណ្យភ្ជុំបិណ្ឌ មាន​រយៈពេល ៣ថ្ងៃ គឺចាប់ពី​ថ្ងៃ​ទី​២១ ដល់ថ្ងៃទី​២៣ ខែកញ្ញា។​

សេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​លើក​ឡើង​​ថា​​​​ រដ្ឋបាល​​រាជធានីភ្នំពេញ នឹង​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៥៩៧គ្រឿង សម្រាប់​បម្រើ​សេវា​​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិនបង់ប្រាក់ ចាប់​ពី​ថ្ងៃទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ដើម្បី​ជួយ​សម្រួល​​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំ​បិណ្ឌ។

ក្នុងចំណោម​រថយន្ត​ទាំង​ ៥៩៧គ្រឿ​ង​នោះ គឺរថយន្ត​ក្រុង​ចំនួន​ ១០០​គ្រឿង​ ប្រើប្រាស់​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​ក្នុ​ងរាជធានីភ្នំពេញ និ​ងសេវា​រថយន្ត​ក្រុង​សាធារណៈ​អាកាស​យាន​ដ្ឋាន​​អន្តរ​​​ជាតិ​​តេជោ ខណៈរថយន្ត​ក្រុង​ចំនួន ៤៩៧គ្រឿង​ទៀត ប្រើ​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ពីរាជធានី​ភ្នំ​ពេញ ទៅ​ស្រុក​កំណើតនៅតាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ និង​ការ​វិល​ត្រឡប់​មក​វិញ។

ជាមួយ​គ្នា​នោះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បាន​អំពាវ​នាវ​ដល់​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​ម្ចាស់​រថយន្ត​​ដឹកជញ្ជូន​​អ្នក​ដំណើរ​ទាំង​អស់ ផ្តល់​កិច្ច​សហការដោយ​រក្សា​​តម្លៃ​ដឹក​ជញ្ជូន​​ឱ្យ​នៅ​ដដែល ដោយ​ពុំដំឡើង​​ថ្លៃ នៅក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋា​ភិបាល​ ក្នុងការ​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ