រឿងអាស្រូវមេដឹកនាំខ្មែរជំរុញឱ្យអន្តរជាតិ​ស្ងាត់​មិន​ថ្កោល​ទោស​ទង្វើ​ថៃ​ឈ្លាន​ពាន

រឿង​អាស្រូវ​ជាច្រើន​របស់​គ្រួសារ​ហ៊ុន មាន​អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម ត្រូ​​វ​​គេ​​មើល​ឃើញ​ថា ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​ប្លុក​លោក​សេរី ស្ទាក់​ស្ទើរ​ជួយ​កម្ពុជា ​ដើម្បី​​ទប់​​​ទល់​ទៅ​​នឹង​ទង្វើ​​ថៃ​ឈ្លាន​ពាន បើ​ទោះ​​​បីជា​មាន​ការ​អំពាវ​នាវ​ក៏​ដោយ ក្នុង​នោះ រួម​ទាំង​យន្ត​ការ​ជួយ​រំដោះ​ទាហាន​ខ្មែរ​១៨​នាក់​ ដែល​ថៃ​​ចាប់​ធ្វើ​ជា​​ចំណា​​ប់​ខ្មាំង ។

ការលើកឡើងនេះ ចំពេលដែលមេដឹកនាំគ្រួសារ​ព្យាយាម​រក​កិច្ច​អន្តរាគមន៍​ពីស​ហគមន៍​អន្តរ​ជាតិ​ជាង​១ខែ​មក​នេះ ហាក់​មិន​ទា​ន់ឃើ​ញ​មាន​ការ​ដាក់​សម្ពាធ​ ជំរុញ​ឱ្យ​ថៃ​ឱ្យ​ដោះលែង​ទាហាន​ខ្មែរ​១៨​នាក់​នោះទេ។

ជាក់​ស្តែង កាល​ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២៥ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បានដា​ក់​ញត្តិ​ទៅ​កាន់​ប្រធាន​អ្នក​រាយ​ការណ៍​នៃ​ក្រុម​ការ​ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ការ​ឃុំខ្លួ​ន​តាម​ទំនើង​ចិត្ត លោកស្រី Ganna Yudkivska ឱ្យ​ពន្លឿន​កិច្ច​អន្តរាគមន៍​ជួយ​ដោះ​លែ​ងទា​ហាន​ខ្មែរ​ទាំង​១៨​រូប ប៉ុន្តែ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​បែប​ណា​នោះ​ទេ។

មិន​តែ​ប៉ុណ្ណោះ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​បាន​អំពាវ​នាវ​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន រួម​ទាំង​បណ្តា​អង្គ​ទូត​នានា​នៅ​រាជ​ធានី​ភ្នំពេញ និង​ឥស្សរជន​បរទេស ដែល​បាន​​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា រួម​ទាំង​ប្រេសិត​ពិសេស​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គរ​បស់​ជប៉ុន ដើម្បី​ឱ្យ​ជួយ​ដាក់​សម្ពាធ​ថៃ​ឱ្យ​ដោះ​លែង​កង​ទ័ព​កម្ពុជា​ផង​ដែរ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VOD​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា​នេះថា ការ​ដែល​អន្តរ​ជាតិ​ស្ទាក់​ស្ទើរ​មិន​ជួយ​កម្ពុជា ដោយ​សារ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​មាន​រឿង​អាស្រូវ​ច្រើន​ពេក​។

លោ​ក​ពន្យល់ថា រឿងអាស្រូវនៅត្រង់ថា ក្រោមការដឹកនាំផ្តាច់ការ​គ្រួសារ​ហ៊ុន​ជាង​៤០​ឆ្នាំ​មក​នេះ បាន​សម្លាប់​ប្រជា​ធិ​​ប​តេយ្យ រំលោភ​សិទ្ធិ​មនុស្ស បង្កើត​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក ចាប់​ជំរិត និង​ជួញ​ដូរមនុស្ស បញ្ហា​គ្រឿង​ញៀន និង​​អំពើ​ពុក​រលួយ​ជាដើម ដែល​ការណ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​គំរាម​កំហែង​ដល់​សន្តិសុ​ខ​តំបន់ និង​ពិភព​លោក។

មិនតែ​ប៉ុណ្ណោះ លោក​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ ចាប់​ខ្លួន​មេដឹក​នាំ​បក្សប្រឆាំង​លោក កឹម សុខា និង​សកម្ម​ជន​សង្គម សកម្មជន​នយោបាយ​ជាច្រើន តាម​ទំនើង​ចិត្ត​ជាដើម។

លោកអះអាងថា អ្វីដែលអន្តរជាតិស្ទាក់ស្ទើរមិនចង់ជួយកម្ពុជា ដោយសារ​គេ​មើល​ឃើញ​ថា មេដឹក​នាំគ្រួសារហ៊ុន​​មិន​កែ​ចរិត​​ដឹក​នាំផ្តា​ច់​ការ បន្ត​ធ្វើ​បាប​រាស្រ្ត និង​ពង្រីក​បណ្តាញ​ឧក្រិដ្ឋ​ឆបោក​ខ្នាត​អន្តរ​ជាតិទៀត។

លោក​ថា៖ «ដោយសារកម្ពុជាយើងល្បីទូទាំងពិភព​លោក ដោយ​សារ​​លោក ហ៊ុន សែន កាន់អំណាច​ផ្ដាច់​ការ​ អ៊ីចឹង​គេ​យល់​ថា​ លោក ហ៊ុន សែន គឺ​ដូច​លោក គីម ចុង​អ៊ុន អ៊ីចឹង​ដើរ​ឈ្លាន​ពាន​គេ ហើយ​តាម​ពិត យើង​មិន​បាន​ទៅ​​ឈ្លាន​ពាន​គេ​ណា ថៃ​គេ​ឈ្លាន​ពាន​យើង ប៉ុន្តែ​ដោយ​សារ​មុខ​មាត់​យើង​នៅ​លើ​ឆាកអ​ន្ដរ​ជាតិ​វាអាក្រក់​ពេក អ៊ីចឹង​ទៅ​គេ​ជឿ​ថៃ​ជាង​យើង ព្រោះ​លោក ហ៊ុន សែន ដឹក​នាំ​ផ្តាច់​ការ»។

សម្រាប់លោក អ៊ុំ សំអាន ដើម្បីឱ្យអន្តរជាតិមានទំនុកចិត្តជួយ​កម្ពុជា មេដឹកនាំ​គ្រួសារ​ហ៊ុន​ត្រូវតែ​កែ​ប្រែ​ឥរិយា​បទ​ដឹក​នាំ ស្តារ​ប្រជា​ធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស និង​ដោះ​លែង​អ្នក​ទោស​មនសិកា​ទាំង​អស់។

មិនត្រឹមតែ​ប៉ុណ្ណោះ លោក​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន ត្រូវ​បើក​លំហរ​សេរីភាព​បញ្ចេញ​មតិ បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ តប​តាម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ និង​បំណង​ប្រាថ្នារ​បស់​សហគមន៍​អន្តរ​ជាតិ​។

លោកសង្កត់​ធ្ងន់​ថា ដើម្បី​ឱ្យ​សហគមន៍​អន្តរ​ជាតិ ឬ​បណ្តា​ប្រទេស​ប្រជា​ធិប​តេយ្យ​ជឿន​លឿន​ជួយ ចាំបាច់​ណាស់​កម្ពុជា​ត្រូវ​ជួយ​ខ្លួន​ឯង​ជាមុន ដូច​ជា ស្តារ​ប្រជា​ធិប​តេយ្យ លុប​បំបាត់​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម និង​អំពើ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជាដើម។

លោកថា៖ «កម្ពុជាត្រូវងាកផ្លូវប្រជាធិប​តេយ្យ ដោះ​លែង​អ្នក​ទោស​នយោ​បាយ គោរព​សិទ្ធិ​មនុស្ស ហើយ​នឹង​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិ​ធម៌​ ដោយ​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ពិត​ប្រាកដ នៅពេ​ល​ហ្នឹង​យើង​នៅ​មាន​មុខ​មាត់​នៅ​លើឆា​ក​អន្តរ​ជាតិ នៅពេល​យើង​មាន​ទំនុក​ចិត្តពី​សហគមន៍​អន្តរ​ជាតិ​ហើយ យើង​អាច​ពឹង​សហគមន៍​អន្តរ​ជាតិ​ដាក់​សម្ពាធ​ទៅ​លើ​ថៃ​ ដើម្បី​ឱ្យ​ថៃ​ដោះ​លែង​ទាហាន​ខ្មែរ​១៨​នាក់​ហើយ»។

តំណាងអ្នករៀបចំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង លោក អន ចាន់ថន និយាយថា នៅថ្ងៃទី១៤ ខែកញ្ញា​ខាងមុខនេះ លោកនិងពលករខ្មែររាប់​រយនាក់ នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់ដកសញ្ជាតិ និងជំរុញឱ្យរដ្ឋាភិបាលពន្លឿនប្តឹងថៃទៅតុលាការICJ ដើម្បីការពារទឹកដី។

លោកបន្តថា គោលបំណងបាតុកម្មនេះ ក៏ទាមទារឱ្យរដ្ឋា​ភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស ស្តារ​ប្រជា​ធិប​តេយ្យ ដើម្បី​ឱ្យអន្តរជាតិកាន់តែយកចិត្តទុកដាក់ ជួយកម្ពុជាពន្លឿនការដោះលែងទាហាន​ខ្មែរ១៨នាក់។

លោកថា៖ «ដើម្បីឲ្យគេជឿទុកចិត្តរដ្ឋាភិបាល​ និងដើម្បីជួយជ្រុំជ្រែងនៅក្នុងការជួយ​មក​ដល់យើង យើងក៏ត្រូវតែជាប្រទេសមួយដែលគោរព​នូវ​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ ឧទា​ហរណ៍​ដូច​ជា​លទ្ធិ​ប្រជា​ធិប​តេយ្យ ដោះ​លែង​អ្នក​ទោស​មនសិការ​​ជាដើម មាន​រឿង​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​បំពេញ​ ឧទាហរណ៍​ដូច​ជា​ការ​លុប​បំបាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​អី​ជា​ដើម​ហ្នឹង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ជឿ​ជាក់​ពី​សំណាក់​អន្តរ​ជាតិ​ ថា​យើង​កំពុង​តែ​សហការ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​មាន​ឡើង»។

ប្រហែលគ្នានេះដែរ ពលករខ្មែរនៅកូរ៉េខាងត្បូង គឺអ្នកស្រី ឡេង ចិន្តា អះអាងថា កាលដែលអន្តរ​ជាតិ​មិនចង់ជួយកម្ពុជា ដោយសារតែមេដឹកនាំផ្តាច់ការគ្រួសារហ៊ុន បំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។

អ្នកស្រីបន្តថា កំហុសដ៏ធំរបស់មេដឹកនាំគ្រួសារហ៊ុន ដែលធ្វើឱ្យអន្តរជាតិមើលរំលងកម្ពុជា គឺរឿង​រំលោភសិទ្ធិមនុស្ស គប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោក ជួញដូរមនុស្ស អំពើពុករលួយ បក្ខពួកនិយម។

មិនតែប៉ុណ្ណោះ អ្នកស្រី​អំពាវនាវឱ្យពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងពលរដ្ឋខ្មែរគ្រប់ទិស​ទី ចូលរួមធ្វើបាតុកម្ម​ទាមទាររដ្ឋាភិបាលលុបច្បាប់ដកសញ្ជាតិ និងជំរុញឱ្យពន្លឿនប្តឹងថៃទៅតុលាការ ICJ។

អ្នកស្រីថា៖ «ថ្កោលទោសប្រទេសថៃដែលរំលោភបទឈប់បាញ់ ប្រឆាំងនឹងច្បាប់ដកសញ្ជាតិហើយនៅក្នុងនោះផង​ដែរ​អ្វីដែលសំខាន់ជាងហ្នឹងទៀត ​ស្នើសុំឲ្យបងប្អូនកូនខ្មែរទាំងអស់គ្នាដែលមានវត្តមានរស់នៅប្រទេសកូរ៉េ អញ្ជើញចូលរួមបាតុកម្មឲ្យបានច្រើន នៅពេលវេលានោះជា​សំឡេងរបស់ពួកយើង ដែលបង្ហាញទៅលើឆាកអន្តរជាតិ ហើយអ្វីដែលសំខាន់ជាងនេះ គឺយើង​មានការដាក់ញត្តិទៅទូតស៊ុយអ៊ែត ទោះបីជាយើងមិនអាចហាមឃាត់ឲ្យគេលក់អាវុធ​ទៅឲ្យប្រទេសសៀមបាន​ក៏ពិតមែន ក៏ប៉ុន្តែយើងអាចឲ្យគេជួយពិចារណា ក្នុងនាមជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យ នៅពេលដែលលក់អាវុធឲ្យសៀម ដែលបានមកឈ្លានពាននៅក្នុងប្រទេស​កម្ពុជា គឺប្រៀបដូចជាការចូលបង្កអសន្ដិសុខ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ច្រានចោលចំពោះការចោទ​ប្រកាន់នេះ។ លោកថា រដ្ឋាភិបាលកម្ពុជាខិតខំគ្រប់មធ្យោបាយ ដើម្បីជួយទាហានខ្មែរ១៨​នាក់។

លោកហាក់វាយបកទៅក្រុមប្រឆាំងវិញថា កម្ពុជាមិនបាច់ស្តារប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សអ្វីនោះ​ទេ ព្រោះកម្ពុជាមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពេញលេញ ហើយអន្តរជាតិក៏ទទួលស្គាល់​ផងដែរ។

លោកថា៖ «រដ្ឋាភិបាលកម្ពុជាដែលខិតខំប្រឹងធ្វើដើម្បីជួយដល់ទាហានរបស់យើង យើងឃើញថា​សូម្បីតែរឿងទាហាន​១៨នាក់ហ្នឹង ក៏ក្រុមពួកគេយកជារឿងសេណារីយោ វ៉ៃប្រហាររដ្ឋាភិបាល ទៅគិតដល់រឿងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស រឿងនេះជារឿងដែលថៃរំ​លោភមកលើយើង​​ ចាប់យើង​ ក្រោយពីមានបទឈប់បាញ់ មិនថ្កោលទោសថៃ បែរមកថ្កោលទោសរដ្ឋាភិបាល»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​ នី សុខា យល់ថា តាមបទពិសោធន៍របស់លោកធ្វើការផ្នែកសិទ្ធិមនុស្ស ជាទម្លាប់អន្តរជាតិឬប្រទេសប្រជាធិបតេយ្យជឿនលឿន មុននឹងជួយប្រទេសណាមួយ គេផ្តោតទៅលើប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាអត្ថិភាព។

ក្នុងន័យនេះ លោកពន្យល់ថា បើមេដឹកនាំប្រទេសនោះ ជាសមាជិកអង្គការសហប្រជាជាតិ ហើយ​បានគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នោះសហគមន៍អន្តរជាតិនឹងពន្លឿនជួយភ្លាមៗ។

លោកអះអាងថា សម្ពាយដែលកម្ពុជាត្រូវវេចទៅពឹងសហគមន៍​អន្តរជាតិ ឬប្រទេសប្រជាធិបតេយ្យជឿនលឿន គឺស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដោះលែងអ្នកទោសមនសិកា នោះទើបអន្តរជាតិអាចជួយ។

ផ្ទុយពីនេះលោកថា ការរំលាយបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យសហគមអន្តរជាតិ និងប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដកសេចក្តីទុកចិត្តមិនចង់ជួយកម្ពុជា។

លោកថា៖ «ជាទូទៅអន្តរជាតិគេក៏អាចរង់ចាំមើលអំពីជំហរច្បាស់លាស់របស់យើងដែរ ហើយដែល​យើងជារួមទៅថា យើងតែងតែស្នើឲ្យមានការអន្តរាគមន៍ពីអន្តរជាតិ ពិសេសគឺប្រទេសដែល​ខ្ញុំកត់សម្គាល់​ឃើញប្រទេស​ដែលនិយម​ប្រជាធិបតេយ្យ ប្រទេសដែលសេរីលោក​សេរីហ្នឹង គិតថា​ក៏គេរង់ចាំមើលពីឥរិយាបថកម្ពុជា​យើង អំពីករណីពាក់ព័ន្ធទៅនឹងបញ្ហា​ជំនឿចិត្តនៅក្នុ​ងការស្ដារនូវលទ្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស ដែលជាការស្នើឡើងរបស់សហគមន៍​អឺរ៉ុបរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប្រកាន់ប្រជាធិបតេយ្យមួយចំនួនទៀត ដែលជាដៃគូរហ្នឹង តាំងពីមុនពេលដែលមានបញ្ហាផ្ទុះនូវវិវាទរវាងខ្មែរថៃហ្នឹង»។

បញ្ហានេះ អ្នកជំនាញ​សិទ្ធិមនុស្សអន្តរជាតិ ធ្លាប់និយាយ​ថា តុលាការ​​​​ត្រូវបាន​បក្សប្រ​ជាជន​​ប្រើជា​​ប្រព័ន្ធ ដើម្បី​​កំចាត់​​​សំឡេង​​ជំទាស់ បំពាន​​លើ​គោល​​ការណ៍​​សិទ្ធិ​មនុស្ស​​ជា​​សកល និង​រដ្ឋ​ធម្មនុញ្ញ។

ជុំវិញ​បញ្ហា​នេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិ​​ទ្ធិ​​មនុស្ស​របស់​​អង្គការ​​សហ​ប្រជា​ជាតិ​លើក​ទី​៥៧ អ្នក​​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិធិត មុនថាប៊ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង និងរៀប​ចំ​ការ​បោះ​ឆ្នោត​ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​តាម​គន្លង​​ប្រជា​ធិប​តេយ្យ ។

លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុ​ជា​នៅ​ឆ្នាំ​២០២៣ ធ្វើ​ឡើង​តែនៅ​​ក្នុង​​ក្រុម​​គ្រួសារ ដែល​​ថា​​នេះ គឺ​ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច ដោយ​គ្មាន​លក្ខ​ណៈ​ប្រជា​ធិបតេយ្យ​​និង​​តម្លា​​ភាព។

បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាន​នាក់  រួមទាំងអ្នករងគ្រោះ​រាប់​ម៉ឺន​នាក់ ចាញ់​បោកក្រុម​​ឧកញ៉ា​ស្និទ្ធ​នឹង​មេដឹក​នាំ ហើយ​ថា បន្ទាត់​នយោបាយ​នេះ ពលរដ្ឋ​ច្រើន​លាន​នាក់​ទៀត នឹង​​បន្ត​រង​គ្រោះ បើ​កម្ពុជា​គ្មាន​មេដឹកនាំ ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និង​យុត្តិធម៌​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ