អង្គការសង្គមស៊ីវិលចំនួន៨ បង្ហាញក្តីបារម្ភពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងទៅលើសហគមន៍មូលដ្ឋាន និងបរិស្ថាន ដោយសារការបាញ់ផ្សែងពុលឬសារធាតុគីមី ពីភាគីថៃ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទាមទារឱ្យមានការឆ្លើយតបភ្លាមៗ និងប្រកបដោយនិរន្តភាព ទាំងថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។
សេចក្តីថ្លែងការណ៍ស្តីពី «ការរកឃើញបឋមការប៉ាន់ប្រមាណរហ័សលើផលប៉ះពាល់នៃសារធាតុពុល នៅក្នុងជម្លោះព្រំដែនកម្ពុជា (ខែកក្កដា-កញ្ញា ឆ្នាំ២០២៥)» ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា លើកឡើងថា តាមរយៈការប៉ាន់ប្រមាណរហ័សដែលធ្វើឡើងរួមគ្នាដោយអង្គការសង្គមស៊ីវិលចំនួន ៨ បានរកឃើញនូវព័ត៌មានស៊ីគ្នាទាក់ទងនឹងការចោទប្រកាន់អំពីផ្សែងពុល ឬសារធាតុគីមី និងរោគសញ្ញា ពាក់ព័ន្ធក្នុងអំឡុងពេលប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ នាពេលថ្មីៗនេះ ដែលវាបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង ចំពោះសហគមន៍មូលដ្ឋាន និងបរិស្ថាន ដែលត្រូវមានការឆ្លើយតបភ្លាមៗ និងប្រកបដោយនិរន្តរភាព។
ការប៉ាន់ប្រមាណរួមគ្នាដែលអង្គការសង្គមស៊ីវិល បានរកឃើញស្ថានភាពបឋមសំខាន់ៗ មានដូចជា មានការផ្តល់សញ្ញាយ៉ាងខ្លាំងអំពីវត្តមានសារធាតុគីមីពុល ដែលបានប្រើក្នុងអំឡុងពេលជម្លោះ ដែលបង្កហានិភ័យជាបន្តបន្ទាប់ដល់សហគមន៍នៅតាមតំបន់ព្រំដែន ខណៈការសម្ភាសន៍ជាមួយទាហានកម្ពុជា និងអ្នកភូមិនៅជួរមុខ បានឃើញថា ផ្សែងពុលដែលបង្កគ្រោះថ្នាក់បាញ់ដោយយន្តហោះ និងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ក្នុងអំឡុងពេលប៉ះទង្គិចគ្នា និងក្រោយកិច្ចព្រមព្រៀងឈប់បាញ់ ដែលធ្វើឱ្យពួកគេមានរោគសញ្ញា ពិបាកដកដង្ហើម បំពង់កស្ងួត ខ្សោយកម្លាំង ឈឺក្បាល និងសញ្ញាអាចឱ្យខូចខាតសួត ជាដើម។
ចំណែកអ្នកភូមិដែលរស់នៅក្បែរសមរភូមិតាមបណ្តោយជួរភ្នំដងរ៉ែក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានរាយការណ៍ពីការស្លាប់រង្គាលនៃសត្វចិញ្ចឹម និងសត្វបក្សីរបស់អ្នកភូមិ ដ៏ដូចជាសត្វជ្រូក ដែលសត្វជ្រូកទាំងនោះរងជំងឺស្បែកធ្ងន់ធ្ងរ ហើយដំណាំ និងឈើហូបផ្លែខ្លះ ក៏ប្រែជាពណ៌ប្រផេះ និងពណ៌ក្រហម និងមិនមានសុខភាពល្អ។
សេចក្តីថ្លែងការណ៍នោះ បន្តទៀតថា សហគមន៍ដែលផ្លាស់ទីលំនៅពីភូមិជួរមុខ ដូចជា ប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ប្រាសាទព្រះវិហារ បានសម្តែងការភ័យខ្លាចក្នុងការវិលត្រឡប់ទៅផ្ទះវិញ ដោយសារតែវត្តមានគ្រាប់មិនទាន់ផ្ទុះ និងផ្សែងពុល ហើយការប្រើប្រាស់ទឹកភ្លៀងដែលរក្សាទុកក្នុងពាង បណ្តាលឱ្យមានអាការៈក្អួត រលាកស្បែក និងរាគ។ ករណីទាំងនេះ បង្កើនការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីការបំពុលដែលអាចកើតមាននៃប្រភពទឹកក្នុងតំបន់ ដូចជា ស្រះ បឹង និងស្ទឹងជាដើម។
អង្គការទាំងនោះបានលើកឡើងថា៖ «សម្មភាពបែបនេះ បង្កឱ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរផ្នែកច្បាប់ និងមនុស្សធម៌ ក្រោមច្បាប់អន្តរជាតិ រួមមានពិធីសារហ្សឺណែវ អនុសញ្ញាអាវុធីគីមី(CWC) ច្បាប់មនុស្សអន្តរជាតិ សន្ធិសញ្ញាសិទ្ធមនុស្ស ច្បាប់បរិស្ថានអន្តរជាតិហាមឃាត់គ្រោះថ្នាក់ឆ្លងដែន និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា ដែលការពារអធិបតេយ្យភាពរបស់កម្ពុជា»។
ការណ៍នេះ ពួកគេបានអំពាវនាវជាបន្ទាន់នូវវិធានការអាទិភាពមួយចំនួន ដោយជំរុញដល់សហគមន៍អន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ អាស៊ាន និងអង្គការអន្តរជាតិ ចាត់វិធានការភ្លាមៗ និងធ្វើការយ៉ាងសកម្ម ព្រមទាំងសិក្សាបច្ចេកទេសស៊ីជម្រៅដោយឯករាជ្យ និងស៊ើបអង្កេតវិទ្យាសាស្ត្រយ៉ាងហ្មត់ចត់ ដើម្បីទប់ស្កាត់ការដាក់បាញ់ផ្សែងគីមី និងធានាការពារជនស៊ីវិល និងរក្សាបទឈប់បាញ់។
ក្រៅពីនោះ ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធ្វើឬបន្តការស៊ើបអង្កេតស្ថានភាពនេះ និងផ្តល់ការសង្គ្រោះបន្ទាន់ដល់សហគមន៍ដែលរងផលប៉ះពាល់ជាបន្ទាន់ ព្រមទាំងទឹកទទួលទានដែលធានាសុវត្ថិភាព ជំនួនវេជ្ជសាស្ត្រ ការស្តារបរិស្ថាន និងរក្សាការទទួលខុសត្រូវរបស់ខ្លួនក្នុងការស្វែងរកការទទួលខុសត្រូវចំពោះការរំលោភបំពានក្រោមច្បាប់អន្តរជាតិ។
អង្គការសង្គមស៊ីវិលទាំង៨ ក៏បានលើកឡើងពីការព្រួយបារម្ភ ពីការខ្វះការអនុវត្តសកម្មភាព ឬមិនអនុវត្ត នឹងទៅជាការបរាជ័យក្នុងការការពារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់កម្ពុជា និងបង្កឱ្យមានគ្រោះថ្នាក់បរិស្ថានរយៈពេលវែង ជាមួយនឹងផលប៉ះពាល់ឆ្លងតាមព្រំដែន និងកំណត់អាទិភាពមិនបានល្អដល់ពិភពលោក។
អង្គការទាំងនោះមានដូចជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) អង្គការCHRAC អង្គការពន្លកខ្មែរ និងវេទិកាមនុស្សធម៌កម្ពុជា ជាដើម។
ក្នុងសមរភូមិប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ នៅលើសមរភូមិតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយហេតុតែចង់យកឈ្នះលើកងទ័ពកម្ពុជា យោធាថៃបានប្រើប្រាស់កងទ័ពជាច្រើនពល បូករួមទាំងយុទ្ធសាស្រ្ត និងអាវុធគ្រប់បែបយ៉ាង ទោះបីបំពានច្បាប់អន្តរជាតិ និងអមនុស្សធម៌ក៏ដោយ។
ជាក់ស្ដែង យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម និងបំភាយផ្សែងពុល ដែលអន្តរជាតិហាមឃាត់ និងចាត់ទុកជាអាវុធគីមីអមនុស្សធម៌ ដែលបានបំផ្លាញបរិស្ថាន និងសម្លាប់កងទ័ព និងជនស៊ីវិលកម្ពុជា អស់ជាច្រើននាក់៕









