តុលាការក្រុងភ្នំពេញ កាត់ទោសអ្នករិះគន់រដ្ឋាភិបាល៣នាក់ទៀត ឱ្យជាប់ពន្ធនាគារ១៨ខែ ឬមួយឆ្នាំកន្លះ ចោទពីបទ ញុះញង់ តាមមាត្រា៤៩៤និង៤៩៥ នៃក្រមព្រហ្មទណ្ឌ បើទោះបីអ្នកជំនាញសិទ្ធិមនុស្សUN ធ្លាប់និយាយចំៗថា រដ្ឋាភិបាលនេះកើតចេញពីគ្រួសារបំពានគោលការណ៍ប្រជាធិបតេយ្យក្តី។
កាលពីថ្ងៃទី១០ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាល៣នាក់ ដែលម្នាក់ជាសមាជិកក្រុមប្រឹក្សាស្រុក និងឃុំ ពីបទ ញុះញង់ និងបទ ប្រមាថ ពាក់ព័ន្ធនឹងការបង្ហោះសារក្នុងបណ្តាញសង្គមរបស់អ្នកទាំងនោះ។
បើតាមអង្គការលីកាដូ មនុស្សទីបី ដែលត្រូវបានតុលាការផ្តន្ទាទោស ក្នុងសំណុំរឿងតែមួយ គឺលោក ឡុក អូរីដេ ដែលជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ។
លោក មុត រិន អាយុ ៧៧ឆ្នាំ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកចំការលើ ខេត្តកំពង់ចាម នៃគណបក្សឆន្ទៈខ្មែរ និងម្នាក់ទៀត គឺ លោក កាន់ គុន អាយុ ៥៦ឆ្នាំ ដែលជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ខេត្តកំពង់ចាម នៃគណបក្សភ្លើងទៀន។
ពួកគេ ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ ៥០០ដុល្លារអាមេរិក) ក្នុងម្នាក់ ។
រីឯលោក ឡុក អូរីដេ ត្រូវតុលាការផ្តន្ទាទោសក្នុងសំណុំរឿងតែមួយ ពីបទ ញុះញង់ និងត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារចំនួន ១៨ ខែ ផងដែរ ។
អ្នកទាំងបីត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង/ឬ បទ ប្រមាថ ដោយយោងតាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការសន្ទនាគ្នា និងបញ្ចេញមតិនៅលើបណ្តាញសង្គមរបស់ពួកគេ រិះគន់រាជរដ្ឋាភិបាល ។
អ្នកទាំងបីត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ក្នុងរាជធានីភ្នំពេញ ។
លោក រិន លោក គុន និងលោក អូរីដេ ស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិចំនួន ៧៦នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំដោយសារភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ។
ជុំវិញរឿងនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា ជារឿងធម្មតាទៅហើយសម្រាប់កម្ពុជាដែលតុលាការបច្ចុប្បន្ន ក្រោមការបញ្ជាពីបក្សកាន់អំណាច ដែលចាប់និងចោទប្រកាន់តាមអំពើចិត្តទៅលើអ្នកដែលហ៊ាននិយាយរិះគន់បក្សកាន់អំណាច។
លោកថា៖ «និយាយឱ្យខ្លីទៅ កាលណាគេនិយាយអំពីប្រជាធិបតេយ្យ គឺហៅថាតុល្យភាពអំណាចរវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ប៉ុន្តែនៅប្រទេសកម្ពុជា គឺអំណាចទាំងបីនេះ គឺឋិតក្នុងកណ្ដាប់ដៃ លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាផងដែរ បើសិនជាអំណាចទាំងបី នៅក្នុងបុគ្គលតែម្នាក់នោះវិបត្តិនៅលើអតុល្យភាពនៃអំណាចអង្គការគ្រប់គ្រងរដ្ឋ ធ្វើឲ្យបុគ្គលដែលមានអំណាចនេះនឹងដឹកនាំទៅរកភាពផ្ដាច់ការចឹង ហើយបានមានការចាប់ចងជាបន្តបន្ទាប់»។
តំណាងរាស្រ្តរូបនេះ សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលគ្រួសារហ៊ុនមិនទទួលស្គាល់កំហុសខ្លួន ហើយមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងបើកលំហរការគោរពសិទ្ធិមនុស្សឱ្យមានភាពល្អប្រសើរឡើងវិញទេ នោះកម្ពុជាអាចមានវាសនាដូចប្រទេសនេប៉ាល់ និងបង់ក្លាដែសជាមិនខាន។
លោកថា៖ «កាលណាសេដ្ឋកិច្ចកម្ពុជាដុនដាបទៅមុខទៀត ជាធម្មតានៅពេលដែលការដឹកនាំខុសវិបត្តិសង្គម វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច នឹងកើតព្រមគ្នាធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលំបាកទៅៗហើយកាលណាវិបត្តិសេដ្ឋកិច្ចកើត ទៅលើប្រជាពលរដ្ឋ វាបង្កើតឲ្យមានវិបត្តិសង្គម វាបង្កើតឲ្យមានចលាចលសង្គមកើតឡើង ដូចជា ប្រទេសនេប៉ាល់ចឹង គឺពុកលួយ អាហ្នឹងគឺជាមេរៀនមួយដែលរដ្ឋាភិបាលត្រូវយកមកសិក្សា ហើយបើសិនជារដ្ឋាភិបាលមិនយកមកសិក្សាផ្លាស់ប្តូរទេ អាហ្នឹងគឺវាសនារបស់កម្ពុជានឹងអាចមានវាសនា ឬក៏វាអាចនឹងកើតឡើងនូវព្រឹត្តិការណ៍ដូចឲ្យប្រទេសនេប៉ាល់ បង់ក្លាដែស និងស្រីលង្កាជាក់ជាមិនខាន»។
នាយកទទួលបន្ទុកផ្នែកកិច្ចការទូទៅនៃអង្គការការពារសិទ្ធមនុស្សលីកាដូ លោក អំ សំអាត យល់ថា សកម្មភាពនៃការចាប់ខ្លួននេះបង្ហាញថា កម្ពុជានៅមិនទាន់មានការគោរពសិទ្ធិមនុស្ស និងស្ថានភាពនយោបាយល្អប្រសើរនៅឡើយ ខណៈដែលកម្ពុជាកំពុងជួបវិបត្តិការរំលោភបំពានពីប្រទេសជិតខាង ដែលការណ៍នេះ លោកថា កម្ពុជានឹងទទួលរងការរិះគន់បន្ថែមទៀតពីអន្តរជាតិ និងពលរដ្ឋចង់ឃើញខ្មែររួបរួមគ្នា។
សម្រាប់អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ កាលៈទេសៈនេះ ក្នុងនាមសង្គមស៊ីវិល លោកយល់ថា រដ្ឋាភិបាលនិងខ្មែរគ្រប់និន្នាការនយោបាយ រួមទាំងសកម្មជនផ្សេងៗទៀត គួរមានការរួបរួមសាមគ្គីគ្នា ផ្សះផ្សាជាតិ ប្រឆាំងសត្រូវឈ្លានពាន ជាពិសេសរដ្ឋាភិបាលផ្ទាល់ត្រូវពិនិត្យឡើងវិញពីរបាយការណ៍របស់សហគមន៍អន្តរជាតិ លើកឡើងទាក់ទងនឹងការគោរពសិទ្ធិមនុស្សជាដើម។
លោកថា៖ «ការចាប់ខ្លួនការកាត់ទោសទៅលើសកម្មជននៃគណបក្សប្រឆាំងជាបន្តបន្ទាប់ ពីមិនមានផលចំណេញអ្វីសម្រាប់កម្ពុជាទេ វាអាចនឹងទទួលបានការរិះគន់ជាបន្តបន្ទាប់ក្ដី បញ្ហាស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះ ចឹងកម្ពុជាគួរតែពិនិត្យមើលទៅលើការដាក់អនុសាសន៍របស់អង្គការអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយចំណុចណាដែលកម្ពុជានៅមានការខ្វះខាត គួរតែធ្វើការកែលម្អដើម្បីលើកកម្ពស់នូវបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហ្នឹង ឲ្យបានល្អប្រសើរឲ្យគោរពទៅតាមកាតព្វកិច្ចដែលកម្ពុជាបានផ្តល់សច្ចាប័នទៅលើអត្តសញ្ញាណ ក្រោយកត្តិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ជាការកត់សម្គាល់ តុលាការកម្ពុជាតែងតែរងការរិះគន់ថា មានភាពលម្អៀងទៅខាងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាក្រោមអំណាច លោក ហ៊ុន សែន និងរងការចោទប្រកាន់ពីក្រុមជំទាស់ថា ជាឧបករណ៍មួយរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបលើសំឡេងប្រឆាំងខាងនយោបាយ និងសិទ្ធិមនុស្ស។
ជុំវិញបញ្ហានេះ អ្នកជំនាញសិទ្ធិមនមនុស្សរបស់អង្គការសហប្រជាជាតិ ធ្លាប់បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម កាលពីអំឡុងខែមិនាឆ្នាំ២០២១ថា ការរឹតត្បិតខាងសេរីភាពនានា ការចុះខ្សោយលំហសេរីភាពសង្គមស៊ីវិលដ៏ធ្ងន់ធ្ងរ ការគ្មានសមាមាត្រនៃសភា ការប្រើប្រាស់អំណាចរដ្ឋដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំតវ៉ាដោយសន្តិវិធី សិទ្ធិជួបប្រជុំ សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដែលអ្នកពាក់ព័ន្ធរងការបង្ក្រាបចោទប្រកាន់ទោសពីបទព្រហ្មទណ្ឌ។
លើសពីនេះ លោក វិធិត មុនថាប៊ន អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ ធ្លាប់បានរិះគន់ចំៗថា៖ «ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងរង្វង់ក្រុមគ្រួសារ ដែលជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យ និងគ្មានតម្លាភាព»៕









