ការដែលមេដឹកនាំគ្រួសារហ៊ុនប្រមូលឧក្រិដ្ឋជនដាក់ក្បែរខ្លួន ត្រូវគេមើលឃើញថា មិនអាចជួយសង្រ្គោះជីវភាពពលរដ្ឋបានទេ ផ្ទុយទៅវិញជាគ្រោះថ្នាក់ដល់ពលរដ្ឋតជំនាន់ក្រោមអំពើឆបោកគ្រប់ទម្រង់ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែក្រីក្រ ជាក្តីបារម្ភពីគ្រោះថ្នាក់អំណាចមេដឹកនាំ បើពលរដ្ឋអស់ការអត់ធ្មត់។
ការលើកឡើងនេះ ក្រោយមនុស្សជំនិតៗនៅជុំវិញលោក ហ៊ុន សែន សុទ្ធតែត្រូវបានអន្តរជាតិរកឃើញថា ជាមេឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុនច្រើនឆ្នាំទៅនេះ។
ក្នុងនោះមានទីប្រឹក្សាលោក ហ៊ុន សែន គឺ ឧកញ៉ា ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ ជាប់ក្នុងបញ្ជីខ្មៅអាមេរិកជុំវិញបទឧក្រិដ្ឋឆបោក ការរំលោភសិទ្ធិមនុស្ស និងឧកញ៉ា ចេន ហ្ស៊ី ដែលតុលាការចិនរកឃើញពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់ជាដើម។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ និយាយថា ក្រោមការដឹកនាំរបស់គ្រួសារហ៊ុនជាង៤០ឆ្នាំទៅនេះ ពលរដ្ឋខ្មែររាប់លាននាក់មានជីវភាពក្រីក្រ ខ្លះជំពាក់បំណុលធនាគារ និងចំណាកស្រុកទាំងលំបាក។
លោកថា បញ្ហានេះកើតចេញពី លោក ហ៊ុន សែន យកពួកឧក្រិដ្ឋជនដាក់ក្បែរខ្លួនយកលុយចិញ្ចឹមអំណាច បង្កការភ័យខ្លាចដល់អ្នកវិនិយោគបរទេស ភ្ញៀវទេសចរអន្តរជាតិ រួមទាំងមានអំពើពុករលួយចាក់ស្រេសក្នុងជួររដ្ឋាភិបាលជាដើម។
បន្ថែមលើនេះ ពលរដ្ឋក្រីក្ររាប់ម៉ឺនគ្រួសារទៀត បានចាញ់បោកក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនវិនិយោគបោកប្រាស់ ដែលមានគ្រួសារហ៊ុនជាខ្នងបង្អែក ខណៈប្រព័ន្ធច្បាប់មិនអាចការពារជនរងគ្រោះបាន។
លោកថា៖ «គម្លាតឆ្ងាយគ្នាមែនទែនរវាងអ្នកមាននិងអ្នកក្រ។ អ្នកមាន មានកក់ពពក អ្នកក្រ ក្រមែនទែន ដោយសាររដ្ឋាភិបាលដែលជាឧក្រិដ្ឋជនដ៏ធំ! ធ្វើឲ្យមានបញ្ហាដល់ទូទាំងតំបន់ និងទូទាំងពិភពលោក។ ខាងប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប នឹងចាត់វិធានការលើរដ្ឋាភិបាលឧក្រិដ្ឋជនហើយ។ ពួកហ្នឹងទាំងឧកញ៉ា ទាំងឧក្រិដ្ឋជនអីហ្នឹង! អ្នកដែលចិញ្ចឹមក្រុមបក្ខពួកគាត់។ ប៉ុន្តែមិនអាចចិញ្ចឹមបានរហូតទេ! គេធ្វើគំនាបខ្លាំងមែនទែន! ដោយសារអន្តរជាតិទាំងអស់ និងថា សហរដ្ឋអាមេរិក ខឹងខ្លាំងមែនទែន ហើយខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឲ្យបានទេ! គាត់នឹងមានការបះបោរដើម្បីកម្ចាត់រដ្ឋាភិបាលដែលមានអំណាចហើយដែលមានទ្រព្យសម្បត្តិហូរហៀរ។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរគេមិនអាចទុកឱ្យនៅបានទេ»។
គេសង្កេតឃើញថា មិនមែនតែក្រុមឧកញ៉ាទេ តែក៏នៅមានមន្រ្តីជំនិតៗមួយចំនួនទៀតនៅក្បែរលោក ហ៊ុន សែន ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងមិនឱ្យជាន់ដីអាមេរិកដែរ ក្នុងនោះមានមេអង្គរក្សលោក ហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង រួមទាំង លោក គន់ គីម លោក ទៀ វិញ និង លោក ចៅ ភិរុណ ជាដើម។
ដោយឡែក ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងរួមរឹតដោយវិបត្តិបំណុល ក្រោយចាញ់បោកក្រុមឧកញ៉ាលក់អចលនទ្រព្យដែលស្និទ្ធនឹងមេដឹកនាំ មានឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង ឡេង ចាន់ណា ជា សារ៉ន ជាដើម ខណៈនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយពីយុទ្ធសាស្រ្តរក្សាទុកមេមាន់ដើម្បីយកពងឱ្យពលរដ្ឋ។
លោកថា៖ «រដ្ឋាភិបាលពិតណាស់ មិនងាកចាប់ៗនោះទេ យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ យើងត្រូវធ្វើម៉េចឲ្យមេមាន់នៅរស់ ដើម្បីយកពងទៅនាំឲ្យបងប្អូនប្រជាពលរដ្ឋនេះជាគោលដៅធំ»។
យ៉ាងណា ជនរងគ្រោះម្នាក់ លោក អៀ សុផល ដែលចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ជិត២ម៉ឺនដុល្លារ ជាលុយខ្ចីធនាគារនោះ ប្រាប់VODថា ជាង២ឆ្នាំហើយលោកមិនទាន់ទទួលបានយុត្តិធម៌ទេ រីឯជីវភាពកំពុងដុនដាប។
លោកថា៖ «អត់មានឮណាណីផង! ដូចជាស្ងប់ស្ងាត់។ ចាប់ពីសង្គ្រាមយើងផ្ទុះមកដូចជាស្ងប់ស្ងាត់។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមានការក្រោកឈរតវ៉ា ពីព្រោះវាចូលរយៈពេល២ឆ្នាំមកហើយ។ បើម្នាក់ៗអស់ណា! អស់ណីហើយ។ វាពិបាកមែនទែន មានការខ្វះខាតទី១យើងរកលុយបង់ធនាគារអត់គ្រប់ ណាមួយផ្គត់ផ្គង់កូនៗរៀនផង ណាមួយដោះស្រាយជីវភាពខ្លួនឯងផង ណាមួយយើងធ្វើប៉ាស្ព័រផងពិបាកមែនទែន។ អត់ទេបង! គឹត្រូវតែរកឱ្យគេឱ្យទាន់បើមិនទាន់គេគំរាមយើងឲ្យលក់ដី! អ៊ីចឹងវាពិបាកប្រឈមមុខនឹងធនាគារ »។
សម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ចាត់ទុកកម្ពុជាជាប្រទេសដឹកនាំបែបគ្រួសារនិយម ដែលជាឱកាសសម្រាប់បក្សពួកមេដឹកនាំ ប្រព្រឹត្តិអំពើពុករលួយ រួមទាំងសែស្រលាយមេដឹកនាំផង ប្រព្រឹត្តបទឧក្រិដ្ឋឆបោកធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះតជំនាន់។
លោកថា៖ «វាបង្ហាញនូវភាពមានបាន! ភាពប្រកាន់នូវបក្សពួកនិយមអំពើពុករលួយចាក់ស្រេះរាប់មិនអស់អ៊ីចឹងទៅ។ អ៊ីចឹងផលប្រយោជន៍ហ្នឹង គឺបានទៅលើតែក្រុមមេដឹកនាំប្រទេស និងមន្ត្រីរបស់ខ្លួនបក្ខពួករបស់ខ្លួនតែប៉ុន្មានហ្នឹងឯង។ បើយើងមើលឃើញប្រធានព្រឹទ្ធសភា គឺជាអតីតនាយករដ្ឋមន្ត្រី ហើយជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ហើយកូនរបស់ប្រធានព្រឹទ្ធសភាក៏ជាឧបនាយករដ្ឋមន្ត្រី ហើយនៅកូនរបស់ប្រធានព្រឹទ្ធសភាជាអ្នកកាន់កាប់និងក្ដោបក្ដាប់មុខជំនួញជាច្រើន នៅក្នុងប្រទេសកម្ពុជាទៅទៀត រួមទាំងកូនក្មួយឬក៏ប្រព្រឹត្តបទឧក្រិដ្ឋកម្មអន្តរជាតិ»។
ក្រុមហ៊ុនហួយវ័នគ្រុបរបស់ឧកញ៉ា ហ៊ុន តូ ក្មូយប្រុស លោក ហ៊ុន សែន ត្រូវបានអាមេរិករកឃើញថា ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋកម្មលាងលុយ ដែលចាប់ពីខែសីហាឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុននេះបានលាងលុយកខ្វក់៤ពាន់លានដុល្លារ ឱ្យក្រុមឧក្រិដ្ឋជន។
ដោយឡែក វិទ្យាស្ថាន Humanity Research Consultancy (HRC) នៅខែឧសភា ឆ្នាំ២០២៥ បានចេញរបាយការណ៍សិក្សាស្រាវជ្រាវជាង៧០ទំព័រ រកឃើញថា កម្ពុជាគឺជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
បើតាមរបាយការណ៍ដដែល មានអ្នកបម្រើការក្នុងឧក្រិដ្ឋកម្មអនឡាញនេះលើសពី១៥ម៉ឺននាក់ នៅទឹកដីកម្ពុជា ហើយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងឧកញ៉ាគ្រាក់ៗ ចំនួន ២៨នាក់ ជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។
លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា គឺជាមេការពារបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាចរបស់ខ្លួន ដែលអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុង១ឆ្នាំ៕









