អង្គការសមាគមធាងត្នោត រកឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញចន្លោះពី៦០ ទៅ៧០ភាគរយ កំពុងជួបវិបត្តិគ្មានផ្ទះសម្បែង ខណៈសំណង់ និងអគារខ្ពស់ៗកប់ពពក កំពុងបង្ហាញរាងស្កឹមស្កៃ ប៉ុន្តែភាពទំនើប និងស៊ីវិល័យទាំងនោះ មិនបានជួយឱ្យពលរដ្ឋមួយក្រុមធំ ទទួលបានលំនៅឋានសមរម្យ នៅក្នុងសម័យទំនើបនេះទេ។
តាមរយៈរបាយការណ៍ដែលអង្គការសមាគមធាងត្នោត បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១០ ខែកញ្ញា ឱ្យដឹងថា ប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទទួលស្គាល់ថាពិតជាមានភាពជឿនលឿន និងអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ ក្រុមវិនិយោគិន ដែលផ្តោតទៅលើវិស័យអចលនទ្រព្យ ដូចជាក្រុមហ៊ុនជីបម៉ុងលែន បុរីប៉េងហួតបឹងស្នោ និងក្រុមហ៊ុនអ័រគីដេ ជាដើម។ ពួកគេបានសម្រុកសាងសង់លំនៅឋានប្រណិតៗ ប៉ុន្តែតម្លៃដាក់លក់នៅលើទីផ្សារ មិនអាចជួយឱ្យអ្នកដែលមានចំណូលក្រោមធម្យមទិញបានទេ។
ផ្ទុយទៅវិញ ផ្អែកលើនិន្នាការនេះ អង្គការសមាគមធាងត្នោត រកឃើញថា នៅចំពោះមុខនេះ ពលរដ្ឋចន្លោះពី៦០ ទៅ៧០ភាគរយ នៃប្រជាពលរដ្ឋសរុបក្នុងទីក្រុងភ្នំពេញ កំពុងតែជួបវិបត្តិគ្មានលំនៅឋានសមរម្យ ហើយពួកគេរឹតតែគ្មានលទ្ធភាពទិញផ្ទះ ដែលកំពុងដាក់លក់នៅលើទីផ្សារ ដូចបច្ចុប្បន្ននេះថែមទៀតផង។ មិនតែប៉ុណ្ណោះ សមាគមធាងត្នោត បង្ហាញទុទិដ្ឋិនិយមថា ភាពប្រឈមមុខនេះ នឹងនាំឱ្យកំណើនពលរដ្ឋ ដែលគ្មានលទ្ធភាពទិញផ្ទះ ចេះតែបន្តកើនឡើងខ្ពស់ នៅក្រោយឆ្នាំ២០៣០។ បញ្ហានេះ បានបង្កើតជាក្តីបារម្ភមួយដ៏ធំសម្រាប់ស្ថាប័នសង្គមស៊ីវិល ដែលទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់ពីឱ្យរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានធនាគារ៕









