ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង បានប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀត ជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ពន្លឿនប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីការពារទឹកដី ទប់ទល់ទៅនឹងបរទេសឈ្លានពាន រួមទាំងជំរុញឱ្យដោះស្រាយបញ្ហាជាច្រើនទៀត ដោយពួកគេបារម្ភថា គ្រួសារហ៊ុនអាចនឹងកាត់ទឹកដីខ្មែរឱ្យទៅថៃដូចកាត់ដីខ្មែរឱ្យវៀតណាមដើម្បីការពារអំណាច។
ការតវ៉ានេះ ធ្វើឡើងកាលពីថ្ងៃទី១៤ខែកញ្ញា នៅទីតាំងតំបន់ជុងកាក់យ៉កទីក្រុងស៊េអ៊ូល ប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែររាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ទាមទារឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់ រួមទាំងជំរុញឱ្យរដ្ឋាភិបាលពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្នើទៅសហប្រធានម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រួមទាំងលុបចោលច្បាប់ដកសញ្ជាតិខ្មែរពីកំណើត។
បន្ថែមពីនេះ ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសកូរ៉េខាងត្បូង ដែលបានចូលរួមបាតុកម្ម អ្នកស្រី ឃាន កុសល បានប្រាប់សំឡេងប្រជាធិបតេយ្យVOD(វីអូឌី)បន្ថែម នៅថ្ងៃទី១៥ខែកញ្ញាថា ក្រៅពីជំរុញឱ្យថៃដោះលែងទាហានទាំង១៨នាក់មកវិញ មូលហេតុចម្បងមួយទៀត គឺអ្នកស្រីជំរុញឱ្យរដ្ឋាភិបាលដាច់ខាតត្រូវយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មកអនុវត្តន៍ ព្រោះកិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការដោះស្រាយនិងការពារដែនអធិបតេយ្យរបស់ខ្លួន។
អ្នកស្រីថា៖ «ច្បាប់២៣តុលានេះ ជាតម្លៃ ជាអាវក្រោះសម្រាប់កម្ពុជា ក្នុងការការពារបរទេសពីការឈ្លានពានទឹកដី ការរំលោភអធិបតេយ្យភាពជាតិពីបរទេស អីៗទាំងអស់នោះ នេះគឺជាចំណុចសំខាន់ គឺយើងអាចយកច្បាប់ដើម្បីការពារយ៉ាងមានប្រសិទ្ធភាព កិច្ចព្រមព្រៀងក៏មានសារៈសំខាន់នៅក្នុងការជួយស្ដារប្រទេសកម្ពុជា ឱ្យដើរតាមគន្លងប្រជាធិបតេយ្យ ឲ្យយើងមានការបោះឆ្នោតមួយ ដែលសេរីត្រឹមត្រូវ គោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពសិទ្ធសារព័ត៌មាន សិទ្ធិដីធ្លី សិទ្ធិការងារ គោរពសិទ្ធិធ្វើនយោបាយ គោរពសិទ្ធិអង្គការសង្គមស៊ីវិល ទាំងអស់នេះគឺកើតចេញពីច្បាប់កិច្ចព្រមព្រៀងនេះឯង បានពួកយើងជំរុញ»។
អ្នកស្រី កុសល បង្ហាញក្ដីបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងច្បាប់អន្តរជាតិមកប្រើទេ នោះកម្ពុជាអាចនឹងបាត់បង់ទឹកដីបន្ថែមទៀត ទៅប្រទេសជិតខាងដើម្បីតែចង់រក្សាអំណាច។
អ្នកស្រីថា៖ «ក្ដីបារម្ភរបស់ខ្ញុំ គិតថាកម្ពុជានឹងបាត់បង់ទៅថៃ ដូចកម្ពុជាក្រោម ទឹកដីកោះត្រល់ ដែលរដ្ឋាភិបាលថាចេះធ្វើការ កន្លងមករហូត ប៉ុន្តែចុងបញ្ចប់ទឹកដីរបស់យើងតែងតែបាត់បង់ ហើយត្រូវបានរក្សាភាពស្ងៀមស្ងាត់នៅក្នុងការដឹកនាំ […]ដូច្នេះហើយបានជា ជាកង្វល់របស់ខ្ញុំថា រដ្ឋាភិបាលយើងគ្មានជំហរនៅក្នុងការទទួលខុសត្រូវ ជារដ្ឋាភិបាលការពារផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទេ បើគាត់នៅតែធ្វើបែបនេះ ហើយការមិនព្រមយកច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមកប្រើ ខ្ញុំនៅតែបារម្ភខ្លាចគាត់ធ្វើកិច្ចការងារស្ងាត់ៗ ដោយស៊ីញ៉េបញ្ចប់កិច្ចព្រមព្រៀងព្រមតាមសំណើរបស់ថៃ អាចថាគាត់ខ្លាចបាត់អំណាចក៏សុខចិត្តធ្វើឲ្យរឿងទាំងអស់នោះ ខណៈស៊ីញ៉ែឲ្យដីទៅគេដូរយកសន្តិភាពគ្រួសារ»។
សម្រាប់អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី គឺលោក គឹម សុខ បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានន័យស្មើនឹងប្រឆាំងនិងបរទេសឈ្លានពាន មានវៀតណាម និងថៃ ដែលបានឈ្លានពានលេបទឹកដីកម្ពុជា ដោយបានចែងច្បាស់ថា សហគមន៍អន្តរជាតិជួយកម្ពុជាកុំឱ្យវិលទៅរករបបអតីតកាល។
ក្នុងន័យនេះ លោកពន្យល់ថា របបអតីតកាល កិច្ចព្រមព្រៀងនេះ សំដៅមិនឱ្យបរទេសវិលមកឈ្លានពានកម្ពុជាជាថ្មីទៀត និងមិនឱ្យកម្ពុជា រអិលទៅរករបបកាប់សម្លាប់ដូចសម័យខ្មែរក្រហម។
មួយវិញទៀត លោកថា កិច្ចព្រមព្រៀងនេះ ក៏បានប្រគល់សិទ្ធិឱ្យពលរដ្ឋជាម្ចាស់ប្រទេស ហើយថាមូលហេតុចម្បងទាំងពីរនេះ រដ្ឋាភិបាលគ្រួសារហ៊ុន មិនប្រើកិច្ចព្រមព្រៀងនេះដើម្បីការពារបូរណភាពទឹកដីកម្ពុជាទេ ដោយសារគ្រួសារហ៊ុន ខ្លាចប៉ះប្រយោជន៍ចៅហ្វាយនាយគឺវៀតណាម និងមួយវិញទៀត ការប្រគល់អំណាចឱ្យពលរដ្ឋគឺជាហានិភ័យ របស់រដ្ឋាភិបាលផ្តាច់ការ ។
បើតាម លោក គឹម សុខ ហេតុផលចម្បងពីរនេះ គ្រួសារហ៊ុន មិនប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រឆាំងនឹងថៃឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីទេ ដោយសុខចិត្តឱ្យអស់ប្រទេស មិនឱ្យបាត់បង់អំណាច។
លោកថា៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺច្បាស់ណាស់ ច្បាស់ត្រង់ថា គេរៀបក្រឡាការពារកម្ពុជាជាអន្តរជាតិ ប៉ុន្តែដើម្បីអាចការពារកម្ពុជាជាអន្តរជាតិបាន វាលុះត្រាណាតែកម្ពុជាមានរដ្ឋាភិបាលមួយ ដែលមានឆន្ទៈក្នុងការប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងអកុសលត្រង់ហ្នឹង ហើយទីពីរកាលណាប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ វាជាសត្រូវនៃអំណាចផ្ដាច់ការរបស់ក្រុមគ្រួសារហ៊ុន ចឹងហើយបានជារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនសុខចិត្តឲ្យកម្ពុជាប្រឈមនឹងគ្រោះថ្នាក់បកប្រែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ការពារខ្មែរបានមែន តែការពារគ្រួសារហ៊ុនអត់បាន»។
បើតាមលោក គឹម សុខ មានតែកម្ពុជាត្រូវមានរដ្ឋាភិបាលមួយ ដែលមានឆន្ទៈ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ទើបកម្ពុជាអាចទប់ស្កាត់បរទេសឈ្លានពាន និងទប់ស្កាត់របបដឹកនាំបែបផ្តាច់ការបាន។
ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយថារដ្ឋាភិបាលមិនដែលកាត់ទឹកដីកម្ពុជាឱ្យទៅប្រទេសណាមួយឡើយ។
ផ្ទុយទៅវិញ លោកថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំស្វែងរកដំណោះស្រាយគ្រប់មធ្យោបាយ ទប់ស្កាត់នឹងសត្រូវឈ្លានពាន មិនដូចការលើកឡើងរបស់ពួកគេនៅក្រៅប្រទេសនោះឡើយ។
លោកថា៖ «ការចោទប្រកាន់របស់ក្រុមពួកគេនេះ រាប់សិបឆ្នាំទៅហើយ រឿងថាយើងកាត់ដីឲ្យបរទេសប្រទេសនេះប្រទេសនោះរាប់សិបឆ្នាំហើយ ហើយបើសិនជាដូចអ្វីដែលពួកគេថាមែន ម៉្លេះមិនដឹងថាដីកម្ពុជានៅកន្លែងណាដែរ បើរាល់ថ្ងៃពួកគេចោទថាយើងនឹងកាត់ដីឲ្យប្រទេសនេះប្រទេសនោះ ប្រទេសថៃ ប្រទេសវៀតណាម អ៊ីចឹងមកដល់ពេលនេះទាំងដីកម្ពុជានៅកន្លែងណា ប៉ុន្តែជាក់ស្ដែង យើងឃើញយ៉ាងម៉េចទឹកដីកម្ពុជានៅតែជាទឹកដីរបស់កម្ពុជា របស់ប្រជាពលរដ្ឋខ្មែរ ហើយពេលនេះយើងកំពុងតែរួមគ្នាដើម្បីប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីរបស់យើង»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់ប្រាប់VODថា បន្ទាត់នយោបាយរដ្ឋាភិបាលថ្មី របស់លោក ហ៊ុន ម៉ាណែត ការពារមរតកចាស់។
ក្នុងន័យនេះ លោកពន្យល់ថា រដ្ឋាភិបាលថ្មីបន្តលាក់បាំងមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរ មិនឱ្យតម្លៃសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលការពារបូរណភាពទឹកដីទេ។ លោកសំអាងថា លោក ហ៊ុន សែន សាងកំហុសនេះ នៅទសវត្សរ៍៨០ និងនៅឆ្នាំ២០០៥ តាមរយៈរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយធ្វើសន្ធិសញ្ញាព្រំដែនខុសច្បាប់តាមការចង់បានរបស់វៀតណាម។
លោកថា៖ «លោក ហ៊ុន សែន បានបំពានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបំពានរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា២ និងមាត្រា៥៥ បើកដៃឲ្យវៀតណាមឈ្លានពានកម្ពុជា តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ សន្ធិសញ្ញា២០១៩ ហើយនិងប្រព្រឹត្តនិងធ្វើផែនទីថ្មីឆ្នាំ២០២០»។
នាយកទទួលបន្ទុកផ្នែកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទាររបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនេះ ជារឿងត្រឹមត្រូវស្របទៅតាមគោលការណ៍សិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់ ។
ស្របគ្នាជាមួយនឹងតាមទាមទាររបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនេះដែរ ក្នុងនាមជាសង្គមស៊ីវិលកន្លងទៅ ក៏បានដាក់ញត្តិទាមទារឱ្យថៃគោរពនៅបទឈប់បាញ់ ហើយដោះលែងទាហានខ្មែរ១៨នាក់ រួមទាំងបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់ ជំរុញឱ្យរដ្ឋាភិបាលលុបចោលច្បាប់ដកសញ្ជាតិខ្មែរពីកំណើតផងដែរ ដែលថាអាចនឹងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកថា៖ «ការទាមទាររបស់ពលរដ្ឋ ក៏ដូចជាពលករខ្មែរនៅក្នុងប្រទេសកូរ៉េ ជាការត្រឹមត្រូវពីព្រោះថៃបន្តឃុំខ្លួនទៅលើទាហានខ្មែរ១៨នាក់ហ្នឹង គឺរំលោភទៅលើច្បាប់អន្តរជាតិកន្លងទៅអង្គការសង្គមស៊ីវិល ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីទាមទារឲ្យថៃដោះលែងទាហាន ខ្មែរទាំង១៨រូបបន្ទាន់ ដោយឥតលក្ខខណ្ឌ។ ចំពោះបញ្ហាវិសោធនកម្មលើច្បាប់សញ្ជាតិ គឺការដកហូតសញ្ជាតិវិញ គឺអង្គការសង្គមស៊ីវិលក៏សម្ដែងការព្រួយបារម្ភ ហើយក៏បានបង្ហាញនូវក្ដីបារម្ភដោយសូមឲ្យមានការលុបវិសោធនកម្មច្បាប់ហ្នឹងដែរ»។
យ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ការគ្រប់គ្រងរបស់លោកនឹងមិនឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសជិតខាង សូម្បីតែមួយម៉ីលីម៉ែត្រ។
តែក្រោយបទឈប់បាញ់ជាមួយថៃ ជិត២ខែមកនេះ ថៃបានចល័តចូលរាយបន្លាលួសយកដីខ្មែរច្រើនកន្លែង ព្រមទាំងផ្ទះប្រជាពលរដ្ឋ គ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាពទេ ជាក់ស្តែងជាង១ខែនេះ ទាហានថៃបានចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ព័ទ្ធយកផ្ទះពលរដ្ឋនៅភូមិព្រៃចាន់ និងកំពុងគំរាមរុះរើផ្ទះពលរដ្ឋ១៧០ខ្នងទៀត នៅភូមិជោគជ័យ។
ជុំវិញបញ្ហានេះ លោក ម៉ែន ណាត បង្ហាញក្ដីបារម្ភថា ប្រសិនបើរដ្ឋាភិបាលគ្រួសារហ៊ុន មិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្តទេ នោះកម្ពុជានឹងបន្តបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនមួយចំនួនទៀតទៅប្រទេសជិតខាងជាមិនខាន។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែកជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









