ការប៉ុនប៉ងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬរដ្ឋាភិបាលស្រមោល ដោយក្រុមអ្នកនយោបាយមកពីបក្សប្រឆាំង ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលគ្រង់គ្រងប្រទេសសើចចំអក និងចាត់ទុកថាចរន្តនេះ គ្មានឥទ្ធិពលណាមួយ ដែលនាំឱ្យរំខានដល់កម្ពុជាទេ។
បើទោះជាបែបណា សម្រាប់គណបក្សប្រឆាំងនៅក្រៅប្រទេស នៅតែបញ្ជាក់ជំហរថា រដ្ឋាភិបាលដែលនឹងប្រសូត្រថ្មីនេះ នឹងដើរតួនាទីជំនួសរដ្ឋាភិបាលទីក្រុងភ្នំពេញ ទាំងកិច្ចការរដ្ឋ និងនយោបាយ។
ការថ្លែងដោយអ្នកនាំពាក្យរបស់ព្រឹទ្ធសភាពីខាងគណបក្សប្រជាជនកម្ពុជានេះ គឺនៅបន្ទាប់ពីអតីតមន្រ្តីនយោបាយរបស់គណបក្សប្រឆាំងនៅក្រៅប្រទេស បានបញ្ជាក់នូវគោលជំហររបស់ខ្លួន ពីការបង្កើតក្បាលម៉ាស៊ីនរដ្ឋ ក្រោយរកឃើញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនអាចជួយអ្វីបានច្រើន ទាំងនយោបាយការទូត និងសេដ្ឋកិច្ច។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ថ្លែងបែបចំអកឱ្យក្រុមជំទាស់ថា គណបក្សប្រជាជនកម្ពុជា ពិសេសក្បាលម៉ាស៊ីនដឹកនាំរដ្ឋ មិនដែលបានខ្វល់ខ្វាយចំពោះការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់ក្រុមប្រឆាំងឡើយ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលត្រូវគិតគូនៅចំពោះមុខនេះ គឺបញ្ហាព្រំដែនដែលកម្ពុជាកំពុងប្រឈមជាមួយនិងរដ្ឋាភិបាលទីក្រុងបាងកក ហើយការបង្កើតរដ្ឋាភិបាលស្រមោលបែបណា របស់ក្រុមប្រឆាំងនោះ គឺជាសិទ្ធិរបស់ពួកគេ។ ម្យ៉ាងវិញទៀត ចរន្តនេះ នឹងមិនអាចជាការគំរាមកំហែងដល់ការសម្រេចចិត្ត របស់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដ៏លើសលប់បានឡើយ។
លោកបន្តថា៖ «យើងមិនចង់ចាប់អារម្មណ៏រឿងរបស់ក្រុមមួយក្រុមប៉ុន្មាននាក់ហ្នឹង។ រឿងអត់បានការសម្រាប់ប្រទេសជាតិនោះទេ ឬសម្រាប់ប្រជាជន និងសម្រាប់ប្រទេសជាតិនោះទេ។យើងគិតតែទៅរឿងការពារដែនអធិបតេយ្យ និងការពារដែនដីរបស់យើងដែលជាប្រយោជន៍ប្រជាជនរបស់យើង និងប្រទេសជាតិរបស់យើង។ យើងត្រូវតែរួមសាមគ្គីគ្នា»។
ប្រតិកម្មរបស់អ្នកនាំពាក្យព្រឹទ្ធសភារូបនេះ នៅបន្ទាប់ពីលោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូ និងជាអតីតមេដឹកនាំគណបក្សប្រឆាំង បានអះអាងពីផែនការដ៏ជាក់លាក់ ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៅក្រៅប្រទេស ហើយគំរោងនេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែកញ្ញាថា ក្រុមប្រឹក្សាជាតិតស៊ូ នឹងបំពេញតួនាទីជារដ្ឋាភិបាលក្រៅប្រទេស ដោយចាប់ផ្តើមពីការដឹកនាំស្ថាប័នគ្រប់គ្រងវិស័យចំនួន៧ នៅក្នុងដៃ។
បន្ថែមលើសារនយោបាយនេះ លោក សម រង្ស៊ី បញ្ជាក់ជំហរថា មូលហេតុសំខាន់ដែលជំរុញឱ្យអ្នកនយោបាយនៅក្រៅប្រទេស ត្រូវបង្ខំចិត្តបង្កើតរដ្ឋាភិបាលនេះឡើង ដោយមើលឃើញពីការវិនាសកម្មរបស់កម្ពុជា កាន់តែធ្ងន់ទៅៗ ជាពិសេសថ្មីៗនេះ បញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ។
ជាមួយគ្នានេះ គណបក្សប្រឆាំង ក៏តែងផ្តល់គំនិតឱ្យរដ្ឋាភិបាល លើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកដោះស្រាយវិបត្តិព្រំដែននេះដែរ។ ប៉ុន្តែទាំងលោក ហ៊ុន សែន និងកូនប្រុសរបស់លោក មិនដែលយកចិត្តទុកដាក់ ចំពោះកង្វល់របស់ពលរដ្ឋមហាជនឡើយ។
ផ្ទុយទៅវិញ សុខចិត្តពួនសម្ងំឱ្យគូវិវាទ ធ្វើអ្វីស្រេចតែនឹងចិត្ត ក្រោមហេតុផលសន្តិភាព និងអត់ធ្មត់។ ដោយសារមូលហេតុនេះហើយ អតីតមេបក្សជំទាស់រូបនេះ អះអាងថា គឺជាដើមចម ដែលនាំឱ្យគណបក្សប្រឆាំង ត្រូវតែបង្កើតរដ្ឋាភិបាលថ្មីមួយ នៅក្រៅប្រទេស ដើរតួជំនួសរដ្ឋាភិបាលទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលថ្មីនេះ នឹងទាមទារមកវិញនូវការបាត់បង់នានា ដែលកម្ពុជាធ្លាប់របូតទៅទាំងក្នុងអតីតកាល និងពេលនេះ។
លោកបន្តថា៖ «រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅប្រទេសកម្ពុជាសព្វថ្ងៃគេអត់ព្រមទេរាប់សិបឆ្នាំ គឺ៣៤ឆ្នាំមកហើយ។ គេអត់ព្រមជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ពីព្រោះគេយល់ដូចយើង មួយផ្នែកគេយល់ដូចយើងថា មានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដែលអាចជួយការពារទឹកដីប្រទេសកម្ពុជានេះបាន។ ប៉ុន្តែមួយផ្នែកទៀតគេអត់យល់ដូចយើងទេ ព្រោះកិច្ចព្រមព្រៀងនេះ តម្រូវផងដែរឲ្យអនុវត្តរបបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ តែរបបទីក្រុងភ្នំពេញសព្វថ្ងៃជារបបផ្តាច់ការ»។
ជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ទាំងក្រុមសំឡេងជំទាស់ និងរដ្ឋាភិបាល តែងមានគំនិតពីរផ្សេងគ្នារហូតមក។ ក្នុងពេលរដ្ឋាភិបាល អះអាងថាកិច្ចព្រមព្រៀងជាអន្តរជាតិមួយនេះ លែងមានតម្លៃអ្វីទៀតហើយ ដោយសារគេបានបញ្ចូលវាទៅក្នុងខ្លឹមសារ នៃរដ្ឋធម្មនុញ្ញអស់ទៅហើយ។ ប៉ុន្តែពីសំឡេងជំទាស់វិញ មិនយល់ឃើញដូច្នេះឡើយ ពួកគេចាត់ទុក ខ្លឹមសារនៃធម្មនុញ្ញជាអន្តរជាតិនេះ នៅតែមានតម្លៃដល់សព្វថ្ងៃនេះ។
ដូចគ្នានេះដែរ កាលពីខែឧសភា ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៤រូប មកពីរដ្ឋផ្សេងៗគ្នា បានរំលឹកឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ត្រូវរក្សាគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។ ព្រឹទ្ធសមាជិកទាំងនោះ ចាត់ទុកថា កិច្ចព្រមព្រៀងជាអន្តរជាតិនេះ ពិតនៅមានតម្លៃបំផុត ហើយកម្ពុជាត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួន នូវធម្មនុញ្ញជាអន្តរជាតិមួយនេះ។
ជុំវិញរឿងនេះ លោក ប៉ោ មករា អ្នកវិភាគនយោបាយ យល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយក្រុមអ្នកនយោបាយសំឡេងជំទាស់នេះ វាមិនមែនជាជំរើសដែលល្អប៉ុន្មានទេសម្រាប់ជាតិ។ បន្ថែមពីលើនេះ កម្ពុជា ក៏មិនទាន់មានការកំណត់ឱ្យប្រាកដប្រជាណាមួយដែរ នៅក្នុងគោលការណ៍ច្បាប់ ដែលតម្រូវឱ្យមានរដ្ឋាភិបាលនិរទេស ទោះក្នុងករណីពិសេសក៏ដោយ។
ផ្ទុយទៅវិញ ប្រសិនបើពិតជាមានរដ្ឋាភិបាលមួយថ្មីមែន នោះវាជាបច្ច័យអាក្រក់ទៅវិញ សម្រាប់កម្ពុជា។ ទោះចង់ឬមិនចង់ចរន្តថ្មីនេះ វានឹងរុញឱ្យមានស្ថានការណ៍ប្រែប្រួល ដែលគេពិតជាពិបាកស្មាន ដូចបណ្តារដ្ឋដទៃទៀត ធ្លាប់ជួបរួចហើយមក ជាពិសេសករណីថ្មីបំផុតនៅប្រទេសនេប៉ាល់ជាដើម។
លោកបន្តថា៖ «ខ្ញុំយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ វាមិនមែនជាយុទ្ធសាស្រ្តឈ្នះទេ សម្រាប់គណបក្សប្រឆាំង សម្រាប់អ្នកមានមតិរិះគន់រដ្ឋាភិបាល ឬក៏ហៅថាមតិចូលរួមក្នុងការដោះស្រាយបញ្ហាជាតិ។ បើយើងមើលនៅក្នុងក្របខណ្ឌច្បាប់ បើយើងនិយាយក្នុងលក្ខណៈក្របខណ្ឌជាតិ។ វាអត់មានច្បាប់ណាមួយអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលក្រៅប្រទេសហ្នឹងទេ អញ្ចឹងហើយទាំងរដ្ឋធម្មនុញ្ញ ឬក៏ច្បាប់ផ្សេងៗ អត់ឃើញមានច្បាប់ដែលចែងទេ ហ្នឹងទី១ ហើយទី២បើយើងមើលពីច្បាប់អន្តរជាតិក៏អត់មានដែរ»។
កិច្ចព្រមព្រៀងនយោបាយសន្តិភាពទីក្រុងប៉ារីស ដូចដែលគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលយកមកអនុវត្តជាថ្មីទៀត លើជម្លោះព្រំដែនកម្ពុជា-ថៃនេះ នោះក៏ដោយសារតែប្រទេសថៃ ក៏ជាសមាជិកមួយក្នុងចំណោមសមាជិក១៧ប្រទេសផ្សេងទៀត ដែលចុះហត្ថលេខាទទួលស្គាល់ពីដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
ធម្មនុញ្ញជាអន្តរជាតិនេះ គឺបានកំណត់យ៉ាងច្បាស់ ពីការការពារដែនគោក និងដែនសមុទ្រ ហើយរដ្ឋដទៃទៀត មិនអាចរំលោភបំពាបានឡើយ។ ស្ថិតក្រោមហេតុផលនេះហើយ ដែលគណបក្សប្រឆាំង យល់ឃើញថា កម្ពុជាមិនគួររំលង ដោយទុកឱ្យរដ្ឋបរទេសឈ្លានពានស្រេចតែនឹងចិត្តបែបនេះឡើយ។ ជាងនេះទៀត សិទ្ធិជាមូលដ្ឋានរបស់ម្ចាស់ផ្ទះ ដូចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីសនេះ បើក្នុងករណីចាំបាច់ គឺកម្ពុជាអាចស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងនេះ ពេលណាក៏បាន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។
ជាការកត់សម្គាល់ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា មានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស។ មានអាសនៈ ក្នុងសភា និងឃុំសង្កាត់ប្រហាក់ប្រហែលនឹងបក្សកាន់អំណាច។ ប៉ុន្តែគណបក្សនេះ ត្រូវបានប្រធានតុលាការកំពូល លោក ឌិត មន្ទី ពេលនោះ បានចេញសាលដីការំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ ចេញពីឆាកនយោបាយ រហូតបច្ចុប្បន្ន តាមបណ្តឹងរបស់លោក ហ៊ុន សែន ។
មុនតុលាការរំលាយ មេដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមទាំងលោក សម រង្ស៊ី បានគេចខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមចាប់ខ្លួនពីតុលាការ ។
រីឯប្រធានគណបក្សប្រឆាំងមួយរូបទៀត ដែលមិនព្រមគេចខ្លួនទៅក្រៅប្រទេស គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន ហើយតុលាការបន្តដកសិទ្ធិធ្វើនយោបាយរហូតបច្ចុប្បន្ន។
ដែលការណ៍នេះ សហគមន៍អន្តរជាតិ ដែលនាំមុខគេ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ និងបន្តដាក់សម្ពាធបក្សកាន់អំណាច រហូតបច្ចុប្បន្ន ឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ដោយចាត់ទុកថា ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងការធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្ស ប្រកបដោយបរិយាបន្នមួយ៕









