ខណៈកម្ពុជានៅតែបន្តអត់ធ្មត់គោរពបទឈប់បាញ់ យោធាថៃបានបង្ហាញសកម្មភាពឈ្លានពាន នៅតំបន់ប្រាសាទ នៅភូមិជោគជ័យ តាមរយៈបង្ហាញវីដេអូ ពីសកម្មភាពបោះបង្គោលភ្លើង ធ្វើផ្លូវ និងកសាងលេណដ្ឋានជាប្រភេទសំណង់រឹង ជាយុទ្ធសាស្ត្រត្រៀមប្រយុទ្ធជាដើម។
ការណ៍នេះ ជំរុញឱ្យអ្នកឃ្លាំមើលព្រំដែនព្រមានពីគ្រោះថ្នាក់បូរណភាពទឹកដីខ្មែរ ក្រោមអំណាចគ្រួសារហ៊ុនដែលមិនប្រើសិទ្ធិការពារខ្លួន និងពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមទាំងប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទប់ទល់ឱ្យបានទាន់ពេលទេនោះ។
ក្តីបារម្ភនេះ ក្រោយសារព័ត៌មានប៉ុស្តិ៍លេខ៧ថៃ បានស្រង់សម្តីអ្នកនាំពាក្យរងកងយោធពលភូមិន្ទថៃ លោកឧត្តមសេនីយ៍ វ៉ាន់ ចាន់ណា សាវ៉ាតឌី ចុះផ្សាយក្នុងពេលថ្មីៗនេះថា ពលរដ្ឋខ្មែរនឹងមិនអាចចូលមកប្រាសាទតាមាន់ធំបានដូចមុនទៀតទេ បើគ្មានលិខិតឆ្លងដែន។
លោកថា៖ «ឥឡូវនេះ ខ្ញុំនៅប្រាសាទតាមាន់ធំ អាក្រក់បន្តិចហើយ ប្រសិនបើពលរដ្ឋខ្មែរចង់មកទស្សនាប្រាសាទតាមាន់ធំ លក្ខណៈអាក្រក់បន្តិចហើយ ប្រសិនបើខ្មែរចង់មក ត្រូវជិះយន្តហោះ មានទិដ្ឋាការ លិខិតឆ្លងដែន Passport ដើម្បីមកទស្សនាប្រាសាទតាមាន់ធំ ជម្រើសមួយទៀត បើពលរដ្ឋខ្មែរចង់មកទស្សនា អាចធ្វើលិខិតចូលមកទស្សនារយៈពេលមួយថ្ងៃនៅប៉ុស្តិ៍ប៉ូលីសត្រួតនិពិត្យ ខ្ញុំបញ្ជាក់ម្តងទៀតថា បើពលរដ្ឋខ្មែរចង់ទស្សនាប្រាសាទតាមាន់ធំ ត្រូវមានលិខិតឆ្លងដែនចេញ-ចូលថៃ គឺមិនអាចចេញ-ចូលតាមសេរីដូចមុនទេ»។
បន្ថែមលើនេះ សារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍ថា ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមទាហានថៃក៏កំពុងសាងសង់លេណដ្ឋានជិតរួចរាល់ហើយ ក្រោយវាយកម្ទេចប៉ុស្តិ៍យោធាខ្មែរនិងផ្ទះពលរដ្ឋខ្មែរ ព្រមទាំងបានបណ្តេញពលរដ្ឋខ្មែរចេញពីទីនោះ។
VOD មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានទេនៅថ្ងៃនេះដោយគ្មានអ្នកទទួលទូរសព្ទ។
ប៉ុន្តែបើតាមសេចក្តីប្រកាសមួយនៅថ្ងៃទី១៤ ខែកញ្ញា ជុំវិញការបដិសេធនៅនឹងភាគីថៃដែលចោទកម្ពុជាថា បានបង្ហោះដ្រូនចូលដែនអធិបតេយ្យរបស់ថៃនោះ អ្នកនាំពាក្យរូបនេះ ស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានឯកភាពគ្នា ចៀសវាងការចែកចាយព័ត៌មានមិនពិត ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី ដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។
លើសពីនេះ អ្នកស្រីថា កម្ពុជាសូមបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរ បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា រួមទាំងការឯកភាពគ្នាផ្សេងទៀត។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា មកដល់ពេលនេះ រដ្ឋាភិបាលខ្មែរហាក់គ្មានបំណងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ទេ តែអាចកាត់ដីឱ្យថៃដើម្បីដោះដូរយកសន្តិភាព និងរក្សាអំណាចគ្រួសារហ៊ុន។
លោកហាក់ស្តីបន្ទោសថា មេដឹកនាំគ្រួសារហ៊ុនខ្លាំងតែខាងបង្រ្កាបខ្មែរគ្នាឯង តែមិនហ៊ានតតាំងជាមួយបរទេសឈ្លានពានដីខ្មែរនោះទេ។
លោកថា៖ «ពេលដែលចង់កម្ទេចខ្មែរគ្នាឯង ធ្វើច្បាប់ដកសញ្ជាតិហ្នឹង! ចំណាយពេលតែ២សប្ដាហ៍ធ្វើហើយ! ចុះប្ដឹងថៃទៅកាន់តុលាការអន្តរជាតិហ្នឹង ហេតុអីបានជាយឺតយ៉ាវរហូតដល់ពេលនេះហើយ! មិនទាន់ប្ដឹងផង គ្រាន់តែជូនដំណឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ(ICJ)»។
យ៉ាងណា អ្នកឃ្លាំមើលព្រំដែនរូបនេះ ឱ្យយោបល់ថា ដើម្បីការពារទឹកដីក្រោមការបំពានពីថៃបាន កម្ពុជាចាំបាច់ណាស់ត្រូវប្រើសិទ្ធិស្វ័យការពារខ្លួនកុំឱ្យថៃរាយបន្លាលួស រួមទាំងប្រញាប់ប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស និងតុលាការ(ICJ)បន្ទាន់ផងដែរ។
ប៉ុន្តែថា បើរដ្ឋាភិបាលអត់ធ្មត់ទុកឱ្យបរទេសឈ្លានពានដូចរាល់ថ្ងៃនេះ នោះដីខ្មែរនឹងបន្តរួមតូចទៅៗ ទាំងព្រំដែនខាងលិច និងខាងកើត។
លោកថា៖ «ដូចជាភូមិជោគជ័យភូមិ ព្រៃចាន់ហ្នឹង! ឥលូវនេះ ថៃគេធ្វើត្រង់សេ! គេវាយកម្ទេចផ្ទះយើងចោល ដូច្នេះភូមិហ្នឹង នឹងក្លាយទៅជាភូមិលោក ហេង សំរិន ទី២ ហើយក្លាយទៅជារឿងនិទានហើយ ដែលទាហានថៃគេធ្វើប៉ុណ្ណឹងហើយ គឺគេមិនដកថយនោះទេ។ យើងនៅតែខ្លាចថៃ គឺប្រាកដជាបាត់បង់ទឹកដីដូចដែលកន្លងមក លោក ហ៊ុន សែន បានកាត់ទឹកដីទៅឱ្យ យួន! ឥលូវនេះចង់កាត់ទឹកដីទៅឱ្យថៃទៀត។ យើងយល់ឃើញថា សម័យឪបាត់ទឹកដីនៅប៉ែកខាងកើត គឺទៅប្រទេសវៀតណាម ហើយដល់សម័យកូនបាត់ទឹកដីនៅប៉ែកខាងលិចទៅប្រទេសថៃ »។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើរដ្ឋាភិបាលកម្ពុជាមិនប្រញាប់ប្រើយន្តការអន្តរជាតិឱ្យអស់លទ្ធភាព រួមមាន ប្តឹងថៃទៅតុលាការ (ICJ) យន្តការអាស៊ាន និងកិច្ចព្រមព្រៀងក្រុងប៉ារីសទេ នោះកម្ពុជានឹងខាតបង់ធំក្នុងជម្លោះព្រំដែនជាមួយថៃនេះ។
លោកថា ខាតបង់នៅត្រង់ថា ជីវិតកងទ័ពខ្មែរត្រូវពលី ខាតបង់ទឹកចិត្តពលរដ្ឋខ្មែរ បាត់បង់ទ្រព្យសម្បត្តិជាតិ ប្រាសាទខ្មែរត្រូវថៃបាញ់កំទេច ជាពិសេសកម្ពុជានឹងប្រឈមបាត់ដីទៅថៃថែមទៀត បើកម្ពុជាមានមេដឹកនាំអសមត្ថភាពការពារទឹកដីដូចគ្រួសារហ៊ុននៅពេលនេះ។
លោកថា៖ «ប្រទេសមួយបណ្តោយឱ្យគេឈ្លានពាន ហើយយើងនូវនិយាយថា គោរពបទឈប់បាញ់! ចុះសិទ្ធិការពារខ្លួននៅឯណា! អាហ្នឹងដែលយើងហៅថាទន់ខ្សោយ! ទន់ជ្រាយ ដោយគ្មានសមត្ថភាពការពារជាតិហ្នឹង ហើយប្រជាពលរដ្ឋកត់សម្គាល់ទៅ! បើមេដឹកនាំទន់ខ្សោយអាយួនឈ្លានពានបាន! អាថៃក៏ឈ្លានពានបាន អ៊ីចឹងមេដឹកនាំរបៀបហ្នឹង តើគួរតែដឹកនាំតទៅទៀតឬទេ! អាហ្នឹងយើងដាក់សំនួរអ៊ឺចឹងទៅ! បើបណ្ដោយឲ្យដឹកនាំតទៅទៀត ថ្ងៃណាមួយវានឹងបាត់បង់បូរណភាពទឹកដីច្រើនជាងហ្នឹង។ ក្នុងមាត្រា៤៤០នៃក្រមព្រហ្មទណ្ឌបច្ចុប្បន្នគេនិយាយថា អំពើក្បត់ជាតិគឺជារឿងមួយដែលអ្នកណា! អ្នកណាសំដៅលើមេដឹកនាំគប់គិតឬកាត់ទឹកដីមួយផ្នែក ឬទាំងស្រុងទៅឲ្យបរទេស អាហ្នឹងហៅថាក្បត់ជាតិ»។
ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃបានចល័តទ័ពចូលមកចាប់ខ្លួនទាហានកម្ពុជា នៅជួរមុខចំនួន២០នាក់ ដែលបច្ចុប្បន្ននៅសល់ទាហានខ្មែរ ១៨នាក់ទៀត ថៃមិនទាន់ប្រគល់ឱ្យកម្ពុជាវិញទេ ទោះកម្ពុជាអំពាវនាវជាង១ខែទៅនេះក្តី។
លើសពីនេះ ថៃបានចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ តំបន់អានសេះ ភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមប្រើកម្លាំងយោធារុះរើផ្ទះពលរដ្ឋខ្មែរ១៧០ខ្នង នៅភូមិជោគជ័យ ខណៈរដ្ឋាភិបាលកម្ពុជា នៅបន្តអត់ធ្មត់ ដែលធ្វើឱ្យពលរដ្ឋនៅភូមិជោគជ័យ ចេញប្រឈមមុខជាមួយទាហានថៃយ៉ាងតិចពីរដង ប្រឆាំងនឹងទង្វើឈ្លានពានរបស់ថៃ ចាប់ពីពេលមានបទឈប់បាញ់មក៕









