និយ័តករទូរ​គមនា​គមន៍​កម្ពុជា​រក​ឃើញ​ថា​បទ​ឧក្រិដ្ឋ​ឆបោក​អន​ឡាញ​កើន​ឡើង

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​រក​ឃើញ​ថា អំពើ​ឆបោក​តាម​អន​ឡាញ​លើ​បណ្តាញ​សង្គម​តេឡេ​ក្រាម​ មាន​ការ​កើន​ឡើង ដែល​ការណ៍​នេះ សាធារណ​ជន​ត្រូ​វ​ប្រុង​ប្រយ័ត្ន កុំ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន រួម​ទាំង​ព័ត៌​​មាន​​​ហិ​​រញ្ញវត្ថុ ដើម្បី​បញ្ចៀស​ការ​ឆបោក។

នេះបើតាម​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៥ របស់​និយ័ត​ករ​ទូរ​គមនា​គមន៍​កម្ពុជា «ស្តី​ពី​ការ​កើន​ឡើង​នៃ​ការ​ឆបោក​តាម​រយៈ​ថ្នាល​តេឡេ​ក្រាម (Telegram)»

និយ័តករ​ បាន​និយាយ​ថា ខ្លួន​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​ការ​ផ្ញើ​សារ​ឆបោក​ តាម​រយៈ​តេឡេ​ក្រាម​ដែល​ជន​ឆបោក​​ទាំង​នោះ បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ផ្សេង​ៗ​គ្នា ដូច​ជា ប្រើ​ឈ្មោះ​បុគ្គល​ល្បីៗ ថ្នាក់​ដឹក​នាំ​​ក្រសួង​ ស្ថាប័ន ឬ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន ។

ពួកគេបង្កើតកម្មវិធីវិនិយោគ​ក្លែង​ក្លាយ ដើម្បី​អូស​ទាញ​សាធារណ​ជន​ឱ្យ​ធ្វើ​ការ​វិនិយោគ ដោយ​សន្យា​ថា នឹង​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ទម្រង់មួយទៀត ជនឆបោក​ផ្ញើសា​រ​ជូន​ដំណឹង​អំពី​ការ​ឈ្នះ​រង្វាន់ និង​តម្រូវ​ឱ្យ​អ្នក​ទទួល​បាន​សារ​ទាំង​នោះផ្តល់​ព័ត៌មា​ន​ផ្ទាល់​ខ្លួន និង​ព័ត៌​មាន​ហិរញ្ញ​វត្ថុ ដើម្បី​អាច​ទទួល​បាន​រង្វាន់ ផ្ញើ​សារ​បំភិត​បំភ័យ​ដោយ​បញ្ជាក់​ថា គណនី​កំពុង​ត្រូវ​បាន​លួច ឬ​មាន​ភាព​មិន​ប្រក្រតី និង​តម្រូវ​ឱ្យ​អ្នក​ទទួល​បាន​សារ​នោះ​ផ្តល់​នូវ​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ចាំបាច់​មួយ​ចំនួន ដើម្បី​ផ្ទៀង​ផ្ទាត់​គណនី។

សម្រាប់​និយ័តករ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ពី​ការ​ឆបោក​ទាំង​នេះ សូម​សាធារណ​ជន ធ្វើការ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​ដែល​ទទួល​បាន កុំ​ចែក​រំលែក​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​អ្នក​ដទៃ កុំ​ចុច​លើ​តំណ​ភ្ជាប់ ដែល​មាន​ការ​សង្ស័យ និង​អនុវត្ត​វិធី​សាស្ត្រ​ពាក់​ព័ន្ធ​នឹង​មុខ​ងារ​របស់​តេឡេ​ក្រាម។

បើតាមប្រភពនោះ វិធាន​ការ​ពារ ត្រូវ​ដាក់​​ដំណើរ​ការ​មុខ​ងារ​ផ្ទៀង​ផ្ទាត់​ពី​រជំហាន (Two-Step Verification -2FA) ដែល​អ្នក​ប្រើ​ប្រាស់​ត្រូវ​មាន​ការ​ផ្ទៀង​ផ្ទាត់​បន្ថែម​មួយ​ទៀត ពី​លើ​ការ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ និង​កូដ​ដែលទ​ទួល​បាន ដើម្បី​ចូល​ទៅក្នុ​ងគ​ណនី​​តេឡេ​ក្រាម។

ប្រើប្រាស់ពា​ក្យ​សម្ងាត់រឹ​ង​មាំ ដែលមា​នយ៉ា​ងហោ​​ចណាស់ ៨​ខ្ទង់ រួម​ទាំងប្រើ​មុ​ខងា​រ Passcode Lock ដែល​អ្នក​ប្រើប្រា​ស់​អាចចា​ក់​សោរ​កម្ម​វិធី​ដោយ​ប្រើ​លេខ​កូដ​សម្ងាត់ ដើម្បី​ការ​ពារ​នៅ​ពេល​ដែល​ចូល​ប្រើ​ប្រា ស់​តេឡេក្រាម​នៅ​លើ​ឧបករណ៍។

ជុំវិញរឿងនេះ ក្រុមហ៊ុន​ហួយ​វ័ន​គ្រុប​របស់​​ឧកញ៉ា ហ៊ុន តូ ក្មូយ​​ប្រុស លោក ហ៊ុន សែន ត្រូវ​​បា​ន​​អាមេ​រិក​​រកឃើញ​​ថា ជាប់​​ពាក់​ព័​​ន្ធ​​បទ​​​ឧក្រិដ្ឋ​កម្ម​លាង​លុយ ដែល​ចាប់​ពី​ខែ​សីហា​ឆ្នាំ​២០២១ ដល់​ខែ​មករា ឆ្នាំ​២០២៥ ក្រុម​ហ៊ុន​នេះ ​បាន​លាង​លុយ​កខ្វក់​៤ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន។

លើសពីនេះ វិទ្យាស្ថាន Humanity Research Consultancy (HRC) នៅខែឧសភា ឆ្នាំ២០២៥ បាន​ចេញរបាយការណ៍សិក្សាស្រាវជ្រាវ​ជាង៧០ទំព័រ រកឃើញថា កម្ពុជាគឺជាទីតាំងស្នូលនៃការ​ប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសឧក្រិដ្ឋកម្មអនឡាញ។

បើតាមរបាយការណ៍ដដែល មានអ្នកបម្រើការក្នុងឧក្រិដ្ឋកម្មអនឡាញនេះ​លើសពី១៥ម៉ឺននាក់ នៅទឹកដីកម្ពុជា ហើយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និ​ងឧកញ៉ាគ្រាក់ៗ ចំនួន ២៨នាក់ ជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។

លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជា គឺជាមេការពារបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាចរបស់ខ្លួន ដែលអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់​លាន​ដុល្លារ នៅក្នុង១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ