ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៩ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកសារព័ត៌មានអនឡាញ ២រូប ដែលតុលាការខេត្តសៀមរាប បានចោទប្រកាន់ពាក់ព័ន្ធនឹងបទ «ក្បត់ជាតិ» និងត្រូវចេញសេចក្តីណែនាំឱ្យបានច្បាស់ពីតំបន់ដែលហាមឃាត់ការរាយការណ៍ព័ត៌មាននៅតំបន់ព្រំដែន ឬតំបន់មានជម្លោះ ដើម្បីឱ្យសារព័ត៌មានអាចអនុវត្តភារកិច្ចដោយគ្មានការភ័យខ្លាចចំពោះការដាក់ទោសទណ្ឌ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានអនឡាញចំនួន ២រូប រួមមាន លោក ផន សុភាព មកពីស្ថាប័នបាត់ដំបងប៉ុស្តិ៍ធីវីអនឡាញ និង លោក ភាព ភារ៉ា មកពីស្ថាប័នព័ត៌មានធីអេសភីធីវីអនឡាញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីតាំងផ្សេងគ្នា ក្រោយពីពួកគេត្រឡប់មកពីធ្វើបទយកការណ៍មួយ ក្នុងខេត្តឧត្តរមានជ័យ នៅជិតព្រំដែនកម្ពុជា-ថៃ។ បន្ទាប់មកពួកគេត្រូវបានតុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ” ដែលជាបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តសៀមរាប ក្រោយបង្ហោះព័ត៌មានលើបណ្តាញសង្គមពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។
សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន៩ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា ពួកគេមានក្តីបារម្ភជាខ្លាំងចំពោះការចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងអ្នកសារព័ត៌មានទាំង២រូបនេះ ទាក់ទងនឹងការបង្ហោះនៅលើបណ្តាញសង្គមពីតំប់ព្រំដែនកម្ពុជា-ថៃ។
ប្រភពដដែលបន្តថា៖ «ការចោទប្រកាន់លើអ្នកសារព័ត៌មាន ពីបទក្បត់ជាតិនេះ បានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរឹតត្បិតសេរីភាពសារព័ត៌មាន។ ការចាប់ខ្លួន និងការចោទប្រកាន់អ្នកសារព័ត៌មាន នៅពេលដែលពួកគេចូលរួមបំពេញភារកិច្ចការងារ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសាធារណជនក្នុងការទទួលបានព័ត៌មាន ហើយបង្កឱ្យមានការភ័យខ្លាចចំពោះការតបតបែបនេះ ក្នុងចំណោមអ្នកសារព័ត៌មានផ្សេងទៀតដែលមានបំណងរាយការណ៍ពីតំបន់ព្រំដែន»។
ការណ៍នេះ ស្ថាប័នសារព័ត៌មាននិងអង្គការសង្គមស៊ីវិលទាំង៩ ដែលរួមមាន អង្គការខេមបូចា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យនៅម៉ាឡេស៊ី សមាគមអ្នកសារព័ត៌មានទីម័រខាងកើត និងស្ថាប័ន Prachatai នៅប្រទេសថៃជាដើមនោះ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដោះលែងអ្នកសារព័ត៌មានទាំង២រូបជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ទៅលើពួកគេ។
ជាមួយគ្នានេះ អង្គការនិងស្ថាប័នទាំងនោះ ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំឱ្យច្បាស់លាស់អំពីតំបន់ដែលហាមឃាត់ ឬរឹតត្បិតសម្រាប់ការរាយការណ៍ព័ត៌មាន ជាពិសេសនៅតាមតំបន់ព្រំដែន ឬតំបន់ជម្លោះ ដើម្បីឱ្យអ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចដោយគ្មានការភ័យខ្លាចចំពោះការដាក់ទោសទណ្ឌ។
ពួកគេក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ គោរពតាមស្តង់ដាខ្ពស់បំផុតនៃក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងពេលរាយការណ៍ពីតំបន់ដែលមានភាពរស៊ើប ដោយធានាឱ្យបាននូវភាពត្រឹមត្រូវទំនួលខុសត្រូវ និងការប្រកាន់ខ្ជាប់គោរពតាមគោលការណ៍សារព័ត៌មាន។
នាយិកាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញានេះថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ កន្លងមក រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ពុំបានចេញសេចក្តីណែនាំណាមួយបញ្ជាក់ពីទីតាំងហាមឃាត់ សម្រាប់ការរាយការណ៍ព័ត៌មានរបស់អ្នកសារព័ត៌មាននោះទេ ខណៈព័ត៌មានរឿងជម្លោះព្រំដែននេះ ក៏ហាក់ពុំសូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានទាន់ពេលវេលានោះទេ ក្រៅតែពីរងចាំព័ត៌មានពីអ្នកនាំពាក្យរដ្ឋាភិបាល និងក្រសួងការពារជាតិជាដើម។
អ្នកស្រីបន្តថា នៅពេលដែលមានអ្នកសារព័ត៌មានចុះទៅផ្សព្វផ្សាយពីរឿងព្រំដែន និងការរាយការណ៍ការបែបរិះគន់ដើម្បីស្ថាបនា បែរជាមានការរឹតត្បិត និងមានការចាប់ខ្លួននិងចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទៅវិញ តួយ៉ាងដូចអ្នកសារព័ត៌មានអនឡាញទាំង២រូបនេះ ដែលរងការចោទពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទៅវិញ ដោយមិនមានការប្រើប្រាស់ច្បាប់របបសារព័ត៌មាន។
អ្នកស្រីថា៖ «សុំឱ្យរដ្ឋាភិបាល ឬតាមរយៈក្រសួងព័ត៌មានហ្នឹង ពិនិត្យមើលឡើងវិញទៅដល់អ្នកសារព័ត៌មាន ដោយសារជាទូទៅ ច្បាប់សម្រាប់អ្នកសារព័ត៌មាន យើងមានច្បាប់ស្តីពីរបបសារព័ត៌មាន ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានធ្វើខុស ឬក៏ផ្ទុយអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺអត់ដែលសូវឃើញបានយកច្បាប់ស្តីពីរបបសារព័ត៌មានយកមកអនុវត្តទេ បែរជាយកច្បាប់ព្រហ្មទណ្ឌ យកមកអនុវត្តសម្រាប់អ្នកសារព័ត៌មានវិញ នេះខ្ញុំយល់ឃើញថា ធ្វើឱ្យស្ថានភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា រួមទាំងអ្នកដែលមានបំណងចង់ក្លាយខ្លួនជាអ្នកសារព័ត៌មានផងនោះ កាន់តែមានបញ្ហាហ្នឹង គាត់នឹងអាចភ័យខ្លាច គាត់អត់ហ៊ានក្នុងការប្រឡូកនៅក្នុងអាជីពហ្នឹងទេ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ និងអ្នកនាំសាលាដំបូងខេត្តសៀមរាប បានទេនៅថ្ងៃអង្គារនេះ។
តែយ៉ាងណា តុលាការខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកសារព័ត៌មានទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ដោយសង្ស័យថា «ប្រមូលព័ត៌មាន និងថតរូបនៅតំបន់ហាមឃាត់របស់យោធានៅសមរភូមិដែឡព័ត៌មានទាំងអស់នោះ អាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ»។ តែយ៉ាងណា តុលាការមិនបានបញ្ជាក់ថា ការបង្ហោះនៅលើបណ្តាញសង្គមណាមួយ ជាមូលហេតុនាំឱ្យមានការចោទប្រកាន់នោះទេ។
ប៉ុន្តែបើតាមអង្គការសិទ្ធិមនុស្សលីកាដូ បានកត់សម្គាល់ថា អ្នកសារព័ត៌មានទាំងពីរនាក់នោះ ត្រូវបានគេឃើញថតជាប់នឹងទាហានកម្ពុជា នៅមុខប្រាសាទតាក្របីក្នុងរូបថតមួយសន្លឹក ដែលរូបភាពនោះ ត្រូវបានថតក្រោយបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយរូបភាពទាំងនោះត្រូវបានគេបង្ហោះចែកចាយឡើងវិញដោយសារព័ត៌មានថៃ និងរូបភាពមីនជាប់ផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង។
បើតាមអង្គការលីកាដូដដែល បទចោទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ” នេះ ជាប្រភេទបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិមួយ ដែលនាំឱ្យអ្នកសារព័ត៌មាន ឈ្មោះ ផន សុភាព និងឈ្មោះ ភាព ភារ៉ា អាចប្រឈមនឹងជាប់ទោសពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ៕









