នាយក​FBI​ថា​ខ្មាន់​កាំភ្លើង​បាន​សរ​សេរ​កំណត់​ត្រា​គម្រាម​លោក​ ឃើក មុន​ពេល​ការ​បាញ់​សម្លាប់

លោក​ ខាស ផាថែល នាយក​អេហ្វ​ប៊ី​អាយ(FBI) បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចោទ​ប្រ​កា​ន់​​​ពី​បទ​សម្លាប់​សកម្ម​ជន​ស្តាំ​និយម លោក ឆាលី ឃើក ក្នុង​រដ្ឋ​អូតាស​នោះ បាន​ប្រាប់​អ្នក​ផ្សេង​ទៀត​ក្នុង​សា​​រ​ជា​​អក្សរ​មុន​ពេល​បាញ់​ប្រហារ​ថា លោក​មាន​គម្រោង​សម្លាប់​ លោក ឃើក។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យ​ទ័រ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​​១៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ថា នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ហ្វក្ស ញូ​(Fox News) លោក ផាថែល បាន​និយាយ​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​ជឿ​ថា ជន​សង្ស័យ​បាន​សរ​សេរ​កំណត់​ត្រា​ថា លោក​មាន​ឱកាស​ក្នុង​ការ​វាយ​ប្រហារ លោក ឆាលី ឃើក​(Charlie Kirk)​ ហើយលោក​​នឹង​ធ្វើ​បែប​នោះ​។ លោក ផាថែល (Patel) បាន​បន្ថែម​ថា កំណត់​ត្រានោះ​​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ប្រមូល​ភស្តុ​តាង​ពី​ខាង​កោសល្យ​វិច្ច័យ​ ដែល​បញ្ជាក់​ថា មាន​ភស្តុ​តាង​នោះ​និង​បាន​បញ្ជាក់​ខ្លឹម​សារ​នេះ​តាម​រយៈ​ការ​សម្ភាសន៍​ផង​ដែរ។

យ៉ាង​ណា លោក ផាថែល ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ទេ​ថា នរណា​បាន​ទទួល​សារ​នោះ ឬ​តើ​នរណា​បាន​ឃើញ​ការ​សរ​សេរ​កំណត់​ត្រានោះ​ មុន​ពេល​ការ​វាយ​ប្រហារ​នេះ។ ដោយ​ឡែក ក្រុម​អ្នក​ស៊ើប​អង្កេត​មិន​បាន​កំណ​ត់​អត្ត​សញ្ញាណ​បង្ហាញ​ជា​សាធារណៈ​អំពី​ហេតុ​ផល​នេះ​នោះ​ទេ​។ រីឯ​អ្នក​អនុវត្ត​ច្បាប់ បាន​និយាយ​ថា​ពួក​គេ​ជឿជា​ក់​ថា ជន​សង្ស័យ​នោះ បាន​ធ្វើ​សកម្ម​ភាព​តែ​ម្នាក់​ឯង នៅ​ពេល​ដែល​បាញ់​លោក​ ឃើក ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​ក៏​កំពុង​ស៊ើប​ថា​តើ​នរណា​ផ្សេង​ទៀត​មាន​តួនាទី​ក្នុង​ផែន​ការ​សម្លាប់​នេះ។

បន្ថែមពី​នេះ ដឹ វ៉ាស៊ីន​តោន បាន​រាយ​ការណ៍​កាល​ពី​ចន្ទ​ថា លោក រ៉ប៊ីនសុន(Robinson) បាន​ផ្ញើ​សារ​តាម​រយៈ​កម្ម​វិធី​អន​ឡាញ​ទៅកា​ន់​មិត្ត​របស់​លោក ដែល​ទំនង​ជា​សារ​ភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ។ លោក រ៉ប៊ីន​សុន​(Robinson) ដែល​គេ​រំពឹង​ថា​ត្រូវ​បាន​ចោទ​ប្រកាន់​​​ជាផ្លូ​វ​ការ​នោះ​ ពេល​នេះ​គឺ​នៅ​កន្លែង​ឃុំ​ខ្លួន​នៅ​ពន្ធនាគា​រ​​​នៅ​រដ្ឋ​អូតាស​នៅ​ឡើយ។

លោក​ ផាថែល បាន​ប្រាប់​ ហ្វក្ស ញូ ថា​តេស្ត​ឌី​អេន​អេ​ ដែល​ផ្គូរផ្គង​ជាមួយ​ជន​សង្ស័យ លោក ថាយ​ល័រ រ៉ប៊ីន​ស៊ុន អាយុ​២២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ រុំ​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ជា​អាវុធ​បាញ់​សម្លាប់​មនុស្ស​ដែល​រក​ឃើញ​នៅ​លើ​ដំបូល​ ហើយ​អាជ្ញាធរ​និយាយ​ថា​ខ្មាន់​កាំភ្លើង​បាន​បាញ់។

អភិបាល​រដ្ឋ​អូស​តាស លោក ស្ពែន​ស៊រ ខក​(Spencer Cox) បាន​និយាយ​ថា ​លោក រ៉ប៊ីន​សុន(Robinson) មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ធ្វើកា​រ​សម្ភាស​ន៍​មិត្ត និង​គ្រួសារ​របស់លោ​ក ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​កំណត់​ពី​ហេតុ​ផល​សម្រាប់​ការ​បាញ់​ប្រហារ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ