អ្នកតាមដានថាថៃ​នឹង​យក​ភូមិ​ជោគ​ជ័យ​ ភូមិ​​​ព្រៃ​ចាន់ ដូច​វៀត​ណាម​យក​ភូមិ​លោក ហេង សំរិន

ក្រុមអ្នកតាមដានបញ្ហាព្រំដែន ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ និង​តំបន់​មួយ​ចំនួន​ទៀត​របស់​​កម្ពុជា នឹង​ក្លាយ​ជា​ភូមិ​របស់​ថៃ ដូច​វៀត​ណាម​រំលោភ​យក​ភូមិ​លោក ហេង សំរិន ដែរ បើ​គ្រួសារ​ហ៊ុន​មិន​រុញ​សំណុំ​រឿង​ព្រំដែន​ទៅ​កាន់​តុលាការ​(ICJ)​ទាន់​ពេល​ទេ​នោះ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​សកម្ម​តាម​ដាន​បញ្ហា​ព្រំដែន បាននិ​យាយ​លើបណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី១​៦ខែ​កញ្ញា​នេះ​ថា ភូមិ​ជោគ​ជ័យ និ​ង​ភូមិ​ព្រៃ​ចាន់ នឹង​ក្លាយ​ជា​ភូមិ លោក ហេង សំរិន ទី២ ហើយ​ភូមិ​ទាំង២​នឹង​ក្លាយ​ជា​រឿង​និទាន។

លោក​គូស​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ​និង​ភូមិ​ព្រៃចាន់ កំពុ​ង​រស់​នៅ​ក្រោម​តង់កៅស៊ូ​បន្ទាប់​ពី​ទាហាន​ថៃ​បាន​វាយ​កម្ទេច​ប៉ុស្តិ៍​យោធា​ខ្មែរ និង​ផ្ទះ​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​បាន​បណ្តេញ​ពលរដ្ឋខ្មែរ​ចេញ​ពី​ទីនោះ។

ជុំវិញ​បញ្ហា​នេះ លោក​ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​គួរ​តែផ្ត​ល់​ដី​សម្បទាន​នៅ​តំបន់​ផ្សេង​ទៀត ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​និង​សាង​​​សង់​ផ្ទះ​ជូន​ពួក​គាត់ ក្រោម​ហេតុ​ផល​ថា​លោក​គ្មាន​សង្ឃឹម​ថា នឹង​យក​ភូមិ​ទាំង​នោះ​បាន​មកវិញ​នោះ​ទេ ខណៈ​ទាហាន​ថៃ បាន​សាង​សង់​លេណ​ដ្ឋាន នៅ​ភូមិ​ជោគ​ជ័យ​របស់​ខ្មែរ​រួច​រាល់​ហើយ និង​កំពុង​តម្លើង​បង្គោល​ភ្លើង ព្រម​ទាំង​ផ្តល់​ប្លង់​រឹង​ដល់​ពលរដ្ឋ​ថៃ​ឱ្យ​មក​រស់​នៅ​ទីនោះ​ទៀត​ផង។

សម្រាប់​ លោក អ៊ុំ សំអាន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នឹង​កាត់​ភូមិ​ជោគ​ជ័យ​ និង​ភូមិ​ព្រៃចាន់​ឱ្យ​ទៅ​ថៃ​ដើម្បី​ប្តូរ​យក​សន្តិ​ភាព និង​អំណាច ​ហើយ​លោក ហ៊ុន សែន នឹង​ចោទ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅ​លើ​ទឹក​ដី​ថៃ​ដូច​ដែល លោក ហ៊ុន សែន និង​លោក សុខ ទូច បាន​ចោទ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ភូមិ​កំណើត​លោក ហេង សំរិន ថា​បាន​ទៅ​រស់​នៅ​លើ​ដី​វៀត​ណាម​ដែរ។

លើស​ពី​នេះ លោក ហ៊ុន សែន នឹង​ចាប់​ដាក់​គុក នូវ​អ្នក​ស្នេហា​ជាតិ​ដែល​រិះ​គន់​រឿ​ង​នេះ និង​អ្នក​​កាសែត ព្រម​​ទាំង​​ប្រជា​ព​លរដ្ឋ​​ខ្មែរ​​រស់​​នៅ​​​ភូមិ​​ជោគ​​ជ័យ និង​ភូមិ​​ព្រៃចាន់​ ណា​ដែល​ហ៊ាន​​តវ៉ា​ថា​បាត់​ដី​ទៅ​ថៃដូច​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ដូច​គ្នា​នេះ​រឿង​ព្រំដែន​ជាមួយ​វៀត​ណាម។

បន្ថែមពីនេះ លោកថា ថៃកំពុងសម្រុកធ្វើផ្លូវបេតុងឡើងភ្នំទ្រព្យ​ជិត​រួច​រាល់​ហើយ និង​កំពុង​ធ្វើ​កន្លែង​ចតឡាន នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៥ ខណៈ​រដ្ឋាភិបាល​ខ្មែរ កំពុង​អង្គុយ​ទន្ទេញ​ពាក្យ​ «អ​ត់​ធ្មត់ ចាស់​ទុំនិង​គោរព​បទ​ឈប់​បាញ់» មិន​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ហើយ​ក៏​មិន​ទៅ​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ពី​សំណាក់​ថៃ​នោះ។

ការអះ​អាង​នេះ ហាក់​ស៊ី​គ្នា​ទៅនឹ​ង​សកម្ម​ភាព​មេដឹក​នាំ​កម្ពុជា រួម​ទាំង​ក្រសួង​ពាក់​ព័ន្ធ​មួយ​ចំនួន។ បើ​គេ​សង្កេត​សារ​​នៅ​លើ​ហ្វេស​ប៊ុក​មេដឹកនាំ​កម្ពុជា គឺ​លោក ហ៊ុន សែន ហាក់មិនបានបង្ហាញពីសកម្មភាពយោធាថៃ រាយបន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ នៅ​ភូមិ​ជោគ​ជ័យ និងភូមិព្រៃចាន់ នាពេលនេះទេ។

តែផ្ទុយពីនេះ លោក ហ៊ុន សែន ដែលគេដឹកនាំថាមានអំណាចកំពូលនៅកម្ពុជា ហាក់ចាប់អារម្មណ៍​បង្ហោះ​បទ​ចម្រៀង គុណ​ធម៌​បិតា​សន្តិភាព និង​ពិធី​កាន់​បិណ្ឌ។

លើសពីនេះ លោកបាន​បញ្ចេញ​ប្រតិ​កម្ម​ការ​ពារ​ភាព​ស្អាត​ស្អំ​របស់​អតីត​មដឹក​នាំ​ថៃ រួម​ទាំង​ លោក ថាន់​ស៊ីន​ ដែល​តុលាការ​ថៃ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នៅ​ពេល​នេះ។

បើតាម​មេដឹកនាំ​កម្ពុជា លោក ថាក់ ស៊ីន ឬ​លោក​ស្រី យីង​ឡាក់ ពុំ​មាន​ទ្រព្យ​សម្បត្តិ ឬ​កា​រ​រក​ស៊ី​ណា​មួយ​នៅ​កម្ពុជា​នោះ​ទេ។ លោក​ថា ពេល​លោក ថាក់ស៊ីន និ​ង​អ្នក​ស្រី យ៉ីង​ឡាក់ មក​កម្ពុជា គឺ​ប្រើ​ប្រាស់​រថយន្តរបស់​លោក​ទាំង​អស់ ដែល​​​ថា​នេះ​បង្ហាញ​ថា លោក ថាក់​​ស៊ីន គ្មាន​ទ្រព្យ​សម្បត្តិ​ណាមួ​យ​នៅ​កម្ពុ​ជា​នោះ​ឡើយ​។

លើស​ពី​នេះ លោក​ថា ប្រសិន​ព័ត៌​មាន​បែប​នេះ​ចេញ​ពី​កម្ពុជា លោក​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ដោយ​ថា​«ជាតិ​សាសន៍​របស់​​យើង ត្រូវ​រក្សា​នូវ​ភាព​ថ្លៃ​ថ្នូរ​មិន​កុហក ភូត​ភរមួល​បង្កាច់​ប្រឌិត​រឿង​ខុស​ការ​ពិត»។

ដោយឡែក ក្រសួងការពារជាតិវិញ ក៏​មិន​ចាប់​អារម្មណ៍​ជំរុ​ញ​ឱ្យ​ថៃរុះ​រើ​​បន្លា​​លួស​​ចេញ​ពី​ភូមិ​ជោគ​ជ័យ ភូមិព្រៃចា​ន់ រួម​​ទាំង​តំបន់​​មួយ​ទៀត​ក្នុង​ទឹក​ដី​កម្ពុជា​ដែរ ក្រៅ​ពី​បន្ត​អំពាវ​នាវ​ឱ្យ​ថៃ ប្រគល់​យោធា​កម្ពុជា​១៨នាក់​ត្រឡប់​មក​វិញ ក្រោយ​ទាហាន​ថៃ​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ជិត​៥០​ថ្ងៃ ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០២៥។

ក្រោយ​បទឈប់បាញ់ចូលជាធរមាន ទាហានថៃ​​បាន​​ចល័ត​​ទ័​ព​​​ចូល​​មក​​ចាប់​​ខ្លួន​​ទាហាន​​កម្ពុជា​ នៅ​​ជួរ​​មុខចំ​នួន​​២០​នាក់ ដែល​បច្ចុប្បន្ននៅ​សល់​ទាហាន​ខ្មែរ ១៨នាក់​ទៀត ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ទេ ។

លើសពីនេះ ថៃ​បាន​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមាន​ជ័យ តំបន់​អាន​​សេះ ក្នុងខេត្តព្រះវិហារ និង​ភូមិ​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គំរាម​ប្រើ​​កម្លាំង​យោធា​​​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១៧០​ខ្នង នៅ​ភូមិជោគ​ជ័យ ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អត់​មិនជ្រើស​រើសយកការប្រឈម​មុខខាងយោធា ក្រោយផ្ទុះអាវុធជាមួយថៃ រយៈពេល៥ថ្ងៃរួចមក ​។

ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក មែន ណាត ធ្លាប់​ប្រាប់​វីអូឌី​ថា ស្ថាន​ភាពព្រំដែនកម្ពុជា-ថៃ កំពុងសង្កត់កម្ពុជា​ឲ្យទទួលយកផែនទីចោរ ខ្នាត ១/៥0.000 និងទាមទារកម្ពុជាឲ្យដោះគ្រាប់មីន ដើម្បីឲ្យខ្លួន​សម្រេច​មហិច្ឆ​តា​ឈ្លាន​ពាន​កម្ពុជា តាម​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី ។

យ៉ាងណា លោកថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាចការពារបូរណភាពទឹកដីបាន គឺត្រូវប្តឹងទៅ​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងប្តឹងសហប្រធានកិច្ចព្រៀមព្រៀង​ទីក្រុងប៉ារីស ឱ្យកោះប្រជុំភាគីពាក់​ព័ន្ធ​បន្ទាន់ ទើប​អាច​ទប់​ស្កាត់​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ