ក្រុមជនរងគ្រោះចាញ់បោកឧកញ៉ា ជំរុញរដ្ឋាភិបាលពន្លឿនយុត្តិធម៌ដល់ពួកគេរាប់ម៉ឺននាក់ ដោយថាជាង២ឆ្នាំទៅនេះ ពួកគេបន្តរងគ្រោះក្រោមវិបត្តិបំណុលធ្ងន់ធ្ងរ មានខ្លះស្លាប់ និងធា្លក់ខ្លួនឈឺជាបន្តបន្ទាប់ ដែលវិបត្តិនេះជាក្តីបារម្ភពីចរន្តតវ៉ាទ្រង់ទ្រាយធំ បើរដ្ឋាភិបាលមិនពន្លឿនរឹបអូសទ្រព្យសម្បត្តិជនឆបោកមកសងជនរងគ្រោះឱ្យបានលឿនទេនោះ។
ការជំរុញនេះ ក្រោយអំពើឆបោកពីបុគ្គលមានងារជាឧកញ៉ា និងបុគ្គលដែលស្និទ្ធិនឹងមេដឹកនាំបានកើតមានជាបន្តបន្ទាប់ តែយុត្តិធម៌ជនរងគ្រោះត្រូវគេកប់ចោលជាង២ឆ្នាំទៅនេះ។
ក្នុងនោះមានពលរដ្ឋយ៉ាងហោចណាស់ ៣ម៉ឺននាក់ រងគ្រោះដោយសារគម្រោងអចលនទ្រព្យ ដូចជា ចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ឡេង ចាន់ណា ជា សារ៉ន ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម ខណៈក្រុមឈ្មួញទាំងនោះតែងតែបង្ហាញខ្លួនស្និទ្ធិនឹងមេដឹកនាំ ជ្រកក្រោមស្លាកជាអ្នកគាំទ្របក្សកាន់អំណាច។
ជ្រុងមួយនេះរឿងនេះ ជនរងគ្រោះម្នាក់ចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង គឺលោក ប៊ុន ធឿន ប្រាប់VODថា ទោះបីមានជនរងគ្រោះស្លាប់កើនជិត៣០នាក់ក្តី ហើយអ្នកចាញ់បោកផ្ទុះការតវ៉ាជាច្រើនដង ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
លោកថា៖ «ស្លាប់ជិត៣០នាក់ហើយ! ថ្ងៃមុនស្លាប់មួយទៀតហើយ! អ្នកឈឺហ្នឹង! ចេះតែឈឺបន្តៗ គាត់អត់លុយមើល។ អ្នកស្លាបចេះតែស្លាប់! អ្នកឈឺចេះតែឈឺ ហើយច្បាប់គាត់ចេះតែនៅទុកពេលវេលាអ៊ីចឹងទៅ! អត់រកអយុត្តិធម៌ឲ្យប្រជាពលរដ្ឋ! អ៊ីចឹងប្រជាពលរដ្ឋសង្ឃឹមអី! សង្ឃឹមទៅលើច្បាប់! ហើយបើច្បាប់អត់មានចំណាត់ការអីចាប់! ដកហូត! រឹបអូសទ្រព្យសម្បត្តិហ៊ី គឹមហុង! មកសងប្រជាពលរដ្ឋវិញមានសង្ឃឹមអី។ ប្រជាពលរដ្ឋសង្ឃឹមទៅលើច្បាប់ ព្រោះប្រទេសមានច្បាប់»។
ដោយឡែក ជនរងគ្រោះម្នាក់ទៀត ចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា គឺ លោក អង យូហៃ ប្រាប់ថា បច្ចុប្បន្នលោកចំណាកស្រុកធ្វើការនៅប្រទេសថៃ ក្រោយចាញ់បោកទាំងគ្រួសារ ជាង៥ម៉ឺនដុល្លារ។
បើតាមលោក សំអេង រឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណា ដែលមានអ្នកចាញ់បោកប្រមាណ៨០០០គ្រួសារ គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិកនោះ គ្មានពន្លឺយុត្តិធម៌ទេ។
លោកថា៖ «ស្នើទៅខាងក្រសួងយុត្តិធម៌ និងតុលាការខេត្តសៀមរាប មកជួយដោះស្រាយឲ្យប្រជាពលរដ្ឋផង ព្រោះអីពាក្យបណ្ដឹងដាក់យូរដែរហើយជាង ២ឆ្នាំហើយ។ ប្រជាពលរដ្ឋម្នាក់ៗដូចដឹងស្រាប់ មានសង្គ្រាមផង ធនាគារផង សេដ្ឋកិច្ចផង ម្ចាក់ៗរកលុយចាយមិនគ្រាន់ទេឥលូវ។ រឿងក្ដីមួយដោះស្រាយដោយខ្ទង់ឆ្នាំហើយ ទាំងគេ ទាំងខ្ញុំវាចង់អស់ជំនឿលើច្បាប់។ អ្នកវេទនានៅតែវេទនាហ្នឹងទៅ! រកលុយសងគេនៅតែរកលុយសងគេហ្នឹងទៅ! ដូចខ្ញុំជាដើមមានបានឡើងទៅខ្មែរណា! បើទៅខ្មែរបានលុយ បានកាក់ណាសងគេ ទ្រាំនៅហ្នឹង! សង្រ្គាមម៉េច! សង្រ្គាមទៅ ! ទៅក៏វាមិនកើត! នៅមិនហ្នឹងទៅ! គ្រាន់បានដោះស្រាយជីវភាពខ្លះ»។
ជុំវិញរឿងនេះ VODមិនអាចសុំការឆ្លើយតបពី លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះ ដោយគ្មានអ្នកទទួលទូរសព្ទ។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ពួកឧកញ៉ាឆបោកទាំងនេះសុទ្ធតែជាមនុស្សរបស់គណបក្សកាន់អំណាច ទើបប្រព័ន្ធច្បាប់មិនអាចរកយុត្តិធម៌ឱ្យជនរងគ្រោះជាជនទន់ខ្សោយបាន។
លោកបារម្ភថា ទោះជនឆបោកមានអំណាចកំពូលបែបណាក្តី តែបើពលរដ្ឋអត់ទ្រាំលែងបាន ងើបតវ៉ារួមគ្នានោះ គឺជាគ្រោះថ្នាក់អំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ដូចបណ្តាប្រទេសផ្តាច់ការមួយចំនួនដែរ។
លោកថា៖ «បើមិនដោះស្រាយជ្រាវទេ! ខ្ញុំជឿជាក់ថាពលរដ្ឋទាំងអស់ទូទាំងប្រទេសនឹងមកដល់ផ្ទះគាត់ (លោក ហ៊ុន សែន) ទាំងអស់គ្នា។ អ៊ីចឹងយើងត្រូវតែដោះស្រាយបញ្ហាប្រជាពលរដ្ឋ! ជាបញ្ហាក្រពះ! បញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃរបស់គាត់ត្រូវតែដោះស្រាយ។ រឿងស្អីផ្សេងៗបន្ទាន់បន្សំ! ប៉ុន្តែនេះជាសេដ្ឋកិច្ចជាកូនជាចៅរបស់គាត់ ប្រជាពលរដ្ឋ ជាអ្នកអង្គបោះឆ្នោតជូនគាត់ទៀតជាម្ចាស់ឆ្នោត»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុក ការអូសបន្លាយពេលរកយុត្តិធម៌ឱ្យជនរងគ្រោះ គឺជារូបភាពធ្វើទុក្ខបុកម្នេញលើជនរងគ្រោះបន្ថែមទៀត ខណៈពួកគេចាញ់បោកអស់លុយហើយ ត្រូវជំពាក់ធនាគារវ័ណ្ឌក ថែមទៀត។
លោកថា៖ «ខ្ញុំបារម្ភខ្លាចមានបាតុភាពផ្សេងៗកើតឡើង ពីព្រោះប្រជាពលរដ្ឋកាលណាគាត់ទាល់ច្រកហើយគ្មានដំណោះស្រាយសម្រាប់ពួកគាត់ទេ។ កន្លងមកយើងឃើញហើយ គាត់តែងតែមានការតវ៉ាទាមទារ ហើយប្រសិនជាពួកគាត់អស់ជម្រើស ហើយនាំគ្នាធ្វើការតវ៉ាទាមទារទាំងអស់គ្នា អាហ្នឹងវាជាបាតុភាពមួយនៅក្នុងសង្គម ដែលបង្ហាញអំពីភាពអយុត្តិធម៌នៅក្នុងសង្គម»។
ជាការកត់សម្គាល់ ក្នុងអាណត្តិដឹកនាំរបស់ លោក ហ៊ុន មាណែត ជិត២ឆ្នាំទៅនេះ មានករណីបោកប្រាស់ធំៗជាច្រើនបានផ្ទុះឡើង ក្រោមដៃឧកញ៉ាខិលខូចស្និទ្ធិគ្រួសារហ៊ុន ធ្វើឱ្យជនរងគ្រោះជួបវិបត្តិបំណុលធ្ងន់ធ្ងរគ្មានការពារពីស្ថាប័នរដ្ឋ។
បើទោះបីឧក្រិដ្ឋជនឆបោកខ្លះ កំពុងជាប់ពន្ធនាគារក្តី តែគ្មានវិធានរឹបអូសទ្រព្យ ដើម្បីសងសំណងដល់ជនរងគ្រោះ ដើម្បីដោះស្រាយបំណុលវិញទេ និងខ្លះទៀត រស់នៅក្រៅសំណាញ់ច្បាប់ ដូចជា អតីតឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។
ការរាលដាននៃអំពើឆបោកនេះ ត្រូវគេមើលឃើញថា ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យច្រើនឆ្នាំទៅនេះ។
បរិបទនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើដៃតុលាការរំលាយបក្សសង្រ្គោះជាតិ បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនសកម្មជនសង្គម ដែលជាកញ្ចក់សង្គម ធ្វើឱ្យកម្ពុជាធ្លាក់ក្នុងការដឹកនាំបែបគ្រួសារនិយម ហើយពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ៕









