អ៊ីស្រាអែល និយាយថា ខ្លួនបានបើកការវាយលុកបន្ថែមទៅលើទីក្រុងហ្គាស្សា កាលពីថ្ងៃអង្គារ ដើម្បីប្រឆាំងនឹងការថ្កោលទោសពីអន្តរជាតិ ខណៈដែលប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួនចេញពីតំបន់ធំៗ ចំពេលមានការទម្លាក់គ្រាប់បែកកាន់តែខ្លាំង។
ប្រភពស៊ីអ៊ែនអ៊ែន(CNN) បានរាយការណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា មន្ត្រីអ៊ីស្រាអ៊ែលបាននិយាយថា ការលុកលុយដែលទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះ បានចាប់ផ្តើមនៅជាយក្រុងនេះ ដែលយោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាស និងបានបំផ្លាញប៉មខ្ពស់ៗ កាលពីសប្តាហ៍មុន។
ការលុកលុយនេះ បានកើតឡើងនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេសផ្សេងទៀត បានព្រមាននឹងថាការវាយប្រហារនឹងកាន់តែអាក្រក់ទៅ ថែមទាំងនាំមកនូវវិបត្តិមនុស្សជាតិដែលផ្នែកខ្លះនៅតំបន់ហ្គាស្សាបានប្រកាសជាផ្លូវការថា កំពុងស្ថិតក្រោមការអត់ឃ្លាន។ មនុស្សប្រហែល ១លាននាក់ ជិតពាក់កណ្តាលនៃចំនួនប្រជាជននៃទឹកដីនេះ រស់ជុំវិញទីក្រុងហ្គាស្សា ដែលអ៊ីស្រាអែលបានបង្ខំប្រជាជននៅក្នុងតំបន់នេះឱ្យជម្លៀសចេញ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអ៊ែលបាននិយាយថា មកដល់ពេលនេះ មានប្រជាពលរដ្ឋប្រហែល៤០%ប៉ុណ្ណោះដែលបានចាកចេញ។ យ៉ាងណា ស៊ីអ៊ែនអ៊ែន(CNN) មិនអាចបញ្ជាក់អំពីចំនួននេះដោយឯករាជ្យបានទេ។
ការសម្រេចចិត្តរបស់លោក នេតាន់យ៉ាហ៊ូ(Netanyahu) ក្នុងដំណើរឆ្ពោះទៅមុខជាមួយប្រតិបត្តិការនេះ បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អន្តរជាតិក៏ដោយ ក៏គូរបញ្ជាក់អំពីឆន្ទៈរបស់លោកក្នុងការប្រឆាំងនឹងសម្ពាធសកល ដើម្បីបន្តសង្រ្គាមនេះតាមលក្ខខណ្ឌរបស់លោកផងដែរ។
នៅថ្ងៃអង្គារ ក្រុមអ្នកស៊ើបអង្កេតឯករាជ្យនៃអង្គការសហប្រជាជាតិ បានសន្មត់ថា អ៊ីស្រាអ៊ែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងទីក្រុងហ្គាហ្សា។
ប្រធានអង្គការសហប្រជាជាតិ លោក វុលឃ័រ ធើក (Volker Türk) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិទប់ស្កាត់អ៊ីស្រាអ៊ែលពីការឈ្លានពានទីក្រុងហ្កាស្សា។ លោក វុលឃ័រ(Volker) ក៏បានប្រាប់សារព័ត៌មានកាលពីថ្ងៃអង្គារថា វាច្បាស់ណាស់ថា ការសម្លាប់រង្គាលនេះ ត្រូវតែបញ្ឈប់ ហើយវាពិតជាសំខាន់ណាស់ដែលពិភពលោកទាំងមូលស្រែករកសន្តិភាព៕









