ពលរដ្ឋ​ភូមិ​ព្រៃចា​ន់​ដង្ហើយ​រក​អន្តរ​ជាតិ​ជួយ​ទប់​ស្កាត់​ថៃ​ឈ្លាន​ពាន

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់​រាប់​សិប​នាក់ បាន​អំពាវ​នាវ​ឱ្យ​អន្តរ​ជាតិ​ជួយ​ការ​ពារ​ដី​ស្រែ និង​ផ្ទះ​សម្បែង​ពួក​គេ ខណៈ​ទាហាន​ថៃ​មួយ​ក្រុម​បំពាន​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ បាន​ពង្រាយ​កម្លាំង​ព្យាយាម​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ភូមិ និង​ស្រែ​ចម្ការ​ពួក​គេ ។

យ៉ាង​ណា សារ​អំពាវ​នាវ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពលរដ្ឋ​ដែល​ប្រឈម​​បាត់​បង់​ដី​ធ្លី​ផ្ទះ​​សម្បែង​ទាំង​នោះ ហាក់​អស់​ជំនឿ​លើ​មេដឹក​នាំ​បក្ស​កាន់​អំណាច ជុំវិញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ខណៈ​មេដឹក​នាំ​ប្រកាស​ជំហរ​ឈប់​ប្រឈម​មុខ ជាមួយ​យោធា​ថៃ ក្រោម​ហេតុ​ផល​គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ ក្នុង​នាម​ជា​មដឹក​នាំ​ដែល​ស្រឡាញ់​សន្តិ​ភាព។

តាម​រយៈ​វីដេអូ​​ដែល​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម អ្នក​ភូមិ​ដែល​ប្រឈម​មុខ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ថៃ​នោះ មាន​ទាំង​ស្ត្រី កុមារ និង​ជន​ពិការ​ផង​ដែរ។ ពួក​គេ​ឈរ​រារាំង​រហូត​យោធា​ថៃ​ដក​ថយ​ចេញ​វិញ ហើយ​ពលរដ្ឋ​បាន​ខ្លះ អំពាវ​នាវ​ឱ្យ​អន្តរ​ជាតិ​ទប់​ស្កាត់​ថៃ​ឈ្លាន​ពាន​ដី​ខ្មែរផង​ដែរ។

ពលរដ្ឋ​ថា៖ «យក​ផ្ទះ​ខ្ញុំ​ហើយ មក​​ចង់​យក​ចម្ការ​ខ្ញុំទៀត! វា​ចង់​ដាក់​បន្លា​លួស​ខ្ញុំ​សារ​ចេញ​អស់​ហើយ! ពួ​​កអាអស់​នេះ វា​សាហាវ​ណាស់ សុំ​ឲ្យ​ខាង​អន្តរ​ជាតិ​ខាង​ថ្នាក់​លើ​ជួយ​មើល​ផង ឲ្យ​ដឹង​ថា​ទីណា​ដីវា! ទីណា​ដីខ្ញុំ! នេះ​គឺ​ជា​ដី​ខ្ញុំពិ​ត​ប្រាកដ»។

បន្ថែមលើនេះ បុរសម្នាក់​ទៀត បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​គ្នា​រើ​លួស​បន្លា​ចេញ ដោយ​បារម្ភ​បាត់​បង់​ទឹក​ដី បើ​នៅ​តែ​បន្ត​អត់​ធ្មត់​ជាមួយ​យោធា​ថៃ។

លោកថា៖ «កាត់​ឱ្យ​ខ្លីៗ ទាញ​មក! អត់​ខ្លាច​ទេ! កុំ​មាន​ការ​អត់​ធ្មត់​ជាមួយ​វា​ទៀត ព្រោះ​យើង​ប្រជា​ពលរដ្ឋ! យើង​ដឹង។ យក​លួស កាត់​ឱ្យ​ហើយ»។ 

ជុំវិញ​រឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា ការ​រួម​គ្នាប​ណ្តេញ​ទាហាន​ថៃ​កុំ​ឱ្យ​រាយ​បន្លា​លួស​នេះ ដោយ​សារ​អ្នក​ភូមិ​អស់​ជំនឿ​លើ​រដ្ឋាភិ​បាល​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

លោកថា៖ «ការឆ្លើយតបប្រជាពលរដ្ឋយើងឃើញថា បាន​ទទួល​ជោគ​ជ័យ​មែន ដូច្នេះ​យើង​គិត​ថា ប្រសិន​បើ​យើង​នៅ​បន្ត​នៅ​ស្ងៀម​ស្ងាត់​ ដោយ​យក​លេស​ថា​ជា​ការ​គោរព​បទ​ឈប់​បាញ់! ខ្ញុំ​គិត​ថា វា​ជា​ភាព​កម្សោយ​របស់​រដ្ឋាភិ​បាល​ ហើយ​ច្បាស់​ជា​ប្រជា​ពលរដ្ឋ​នឹង​អស់​សង្ឃឹម​ចំពោះ​រដ្ឋាភិ​បាល​ និង​លែង​គាំទ្រ​រដ្ឋាភិ​បាល​ទៅ​វិញ​ទេ»។

ជាងនេះទៀត លោកថា តំបន់ដែលថៃឈ្លានពានបាន​សម្រេច ដូច​ជា ច្រក​អាន​សេះ ភ្នំ​ទ្រព្យ ប្រាសាទ​តាមាន់ធំ ជាដើម ខ្មែរ​មិន​ងាយ​នឹង​គ្រប់​គ្រង​មក​វិញ​បាន​ទេ បើ​នៅ​តែ​អត់​ធ្មត់​គោរព​បទ​ឈប់​បាញ់​បែប​នេះ។

លោកថា៖ «តើសង្ឃឹមលើអី! សង្ឃឹម​លើ​ថៃ​ហ្នឹង! សុខៗ គេ​ប្រគល់​ដែន​ដី​ដណ្តើម​យក​ពី​កម្ពុជា​ហ្នឹង! ឲ្យ​យើង​វិញ​ដោយ​​ស្រួលៗ​ ឬ​យ៉ាង​ម៉េច! ទាល់​តែ​យើង​ធ្វើ​ការ​ទាម​ទារ​​ តាម​រយៈ​ទី១​អន្តរជាតិ គឺ​យើង​ប្ដឹង​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ! ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ ហើយ​ជួន​កាល​យើង​ត្រូវ​តែ​ប្រើ​កម្លាំង​ទ័ព»។

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ អ្នកស្រី ម៉ាលីសុជា​តា បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរសព្ទ។

ដោយឡែក ទំព័រហ្វេសប៊ុក​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ក៏​មិន​ទាន់​មាន​ប្រតិក​ម្ម​រឿង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់​ នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា តទល់​ជាមួយ​យោធា​ថៃ នៅ​ភូមិ​ព្រៃ​ចាន់​ទេ ក្រៅ​តែ​ពី​រំឮក​ពី​បទ​ឈប់​បាញ់ និង​អំពាវ​នាវ​ឱ្យ​ថៃ​ដោះ​លែង​​កង​ទ័ព​កម្ពុជា​ចំនួន ១៨​រូប​មក​វិញ។

ដោយឡែក ទំព័រហ្វេសប៊ុកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ជា​ច្រើន​បទ ក្នុង​ន័យ​អរគុណ​សន្តិ​ភាព និង​ដឹង​គុណ​លោក ហ៊ុន សែន ជាដើម។  

យ៉ាងណា ភាគីថៃវិញ បាន​ប្រកាស​ហាម​ពលរដ្ឋ​​ខ្មែរ ​​​មិន​​​ឱ្យ​​ចូល​មក​​ប្រាសាទ​​តាមាន់​​ធំ​​បាន​​​ដូច​មុន​​ទៀត​ឡើយ បើ​​គ្មាន​លិខិត​ឆ្លង​ដែន។

បន្ថែមលើនេះ សារព័ត៌​​មាន​​ក្នុង​ស្រុក​ថៃ ​រាយ​​ការណ៍​​ថា ភូមិ​​ជោគ​​ជ័យ ឃុំ​​អូរ​​បី​​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ក្រុម​ទាហាន​ថៃ ​ក៏​កំពុង​សាង​សង់​លេណ​ដ្ឋាន​​ជិត​រួច​រាល់​ហើយ ក្រោយ​វាយ​កម្ទេច​ប៉ុស្តិ៍​យោធា​ខ្មែ​រ​និ​ង​ផ្ទះ​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​​ទី​នោះ។

អតីតនាយកខុទ្ទកាល័យលោក កឹម សុខា គឺ លោក មុត ចន្ថា រិះគន់លើហ្វេសប៊ុក​លោក​ថា កម្ពុជា​គឺជាប្រទេសទី១​ក្នុងពិភពលោក ដែលបើកភ្នែកឱ្យបរទេសឈ្លានពាន ដោយមិនតបត និង​ទប់​ទល់។

លោកថា ដំណោះស្រាយរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺដេកឱបកិច្ចព្រមព្រៀងឈប់បាញ់គ្នា រីឯចោរសៀមបន្តឈ្លានពានយ៉ាងគឃ្លើន។ ក្នុងន័យនេះ លោកហាក់ស្តី​បន្ទោសលោក ហ៊ុន ម៉ាណែត ថា​ល្មម​ចុះចេញពីតំណែងហើយ។

ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃ​​បាន​​ចល័ត​​ទ័​ព​​​ចូល​​មក​​ចាប់​​ខ្លួន​​​ទាហាន​​​កម្ពុជា​ នៅ​​ជួរ​​មុខចំ​នួន​​២០​នាក់ ដែល​បច្ចុប្បន្ននៅ​សល់​ទាហាន​​ខ្មែរ ១៨នាក់​ទៀត ថៃ​មិន​ទាន់​ប្រគល់​ឱ្យ​​កម្ពុជា​វិញ​ទេ ទោះកម្ពុជា​អំពាវនាវ​ជាង​១ខែ​ទៅ​នេះ​ក្តី។

លើសពីនេះ ថៃ​បាន​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​​ប្រាសាទ​​តាមាន់ធំ តំបន់​អាន​សេះ ភូមិ​ព្រៃ​ចាន់ ភូមិ​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គំរាម​ប្រើ​កម្លាំង​យោធា​​រុះ​រើ​ផ្ទះ​ពលរដ្ឋ​​ខ្មែរ​១៧០​ខ្នង នៅ​ភូមិជោគ​ជ័យ ខណៈ​រដ្ឋាភិបាល​កម្ពុជា​នៅ​​បន្ត​​អត់​​ធ្មត់ ដែល​​ធ្វើ​​ឱ្យ​ពលរដ្ឋ​​នៅ​​ភូមិ​​ជោគ​ជ័យ ចេញ​ប្រឈម​មុខ​ជាមួយ​ទាហាន​ថៃ​យ៉ាង​តិច​ពីរ​ដង ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ចាប់​ពី​ពេល​មាន​បទ​ឈប់​បាញ់​មក​។

ការណ៍នេះ អ្នក​ឃ្លាំមើល​ព្រំដែន​ព្រមាន​ពី​គ្រោះ​ថ្នាក់​បូរណ​ភាព​ទឹក​ដី​ខ្មែរ ក្រោម​អំណាច​គ្រួសារ​​ហ៊ុន​ដែល​មិន​ប្រើ​សិទ្ធិ​ការ​​ពារ​ខ្លួន និង​ពន្លឿន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) រួម​ទាំង​ប្រើ​ប្រាស់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស ដើម្បី​ទប់​ទល់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ