តំណាងរាស្ត្រកម្ពុជាទាំងនៅរដ្ឋសភា និងព្រឹទ្ធសភាជិត២០០នាក់ ដែលទទួលបានប្រាក់ខែច្រើនជាងកងទ័ព និងគ្រូបង្រៀនប្រមាណ១៥ដង រងការរិះគន់ថា ដេកស៊ីប្រាក់ខែរាស្ត្រតែមិនបម្រើរាស្ត្រម្ចាស់ឆ្នោត ខណៈពលរដ្ឋឥណ្ឌូនេស៊ីបានងើបប្រឆាំងតវ៉ាទៅនឹងការតម្លើងប្រាក់ឧបត្ថម្ភដល់តំណាងរាស្ត្រ ៥៨០នាក់ ក្នុងចំនួនទឹកប្រាក់លើសជាង១០ដងនៃប្រាក់ចំណូលពលរដ្ឋ។
ផ្តើមចេញពីបញ្ហានេះ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានតំណាងរាស្ត្រ៥៥នាក់ក្នុងរដ្ឋសភា ដែលតំណាងឱ្យពលរដ្ឋស្ទើកន្លះប្រទេសកាលពីចុងឆ្នាំ២០១៧មក អ្នកឃ្លាំមើល លើកឡើងថា រដ្ឋសភាឯកបក្សដែលដឹកនាំផ្តាច់មុខ ដោយគណបក្សប្រជាជនម្ពុជា ក្រោមអំណាចគ្រួសារហ៊ុន លែងជារដ្ឋសភាប្រជាធិបតេយ្យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នឯករាជ្យធ្វើការបម្រើពលរដ្ឋម្ចាស់ឆ្នោតទៀតហើយ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៧ ចែងថា តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
កាលពីអំឡុងមុនឆ្នាំ២០១៧ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅក្នុងរដ្ឋសភា គឺមានភាពសកម្មណាស់ ក្នុងការបំពេញការងារជាតំណាងពលរដ្ឋ ដោយទទួលញត្តិនិងពាក្យបណ្តឹងផ្សេងៗពីប្រជាពលរដ្ឋ ដូចជា បញ្ហារំលោភបំពានដីធ្លី និងការរំលោភបំពានផ្សេងៗ ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងស្ថាប័នជំនាញរបស់រដ្ឋាភិបាលឱ្យដោះស្រាយ។
បន្ថែមពីនេះ ក៏តែងតែកោះហៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងស្ថាប័នជាតិនានា ឱ្យចូលទៅឆ្លើយបំភ្លឺពីភាពអសកម្មរបស់ខ្លួន ក្នុងការដឹកនាំក្រសួង ស្ថាប័នទាំងនោះឱ្យមានប្រសិទ្ធភាពផងដែរ។
ប៉ុន្តែតំណាងរាស្ត្រនៃរដ្ឋសភា និងព្រឹទ្ធសភា បច្ចុប្បន្ន ក្រៅពីចូលរួមបង្កើតច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរដើម្បីបំពេញមហិច្ឆតាក្តោបអំណាចតពូជរបស់គ្រួសារហ៊ុន គឺហាក់ងាប់ស្តូក ពុំឃើញមានភាពសកម្ម ក្នុងនាមជាតំណាងរបស់ពលរដ្ឋ និងប្រទេសជាតិនោះឡើយ។
សូម្បីតែរឿងថៃចូលមកឈ្លានពានទឹកដីកម្ពុជា ទាហានជួរមុខក្រល្ហេមល្ហាមគ្មានសព្វាវុធទំនើបប្រើប្រាស់ ខ្វះខាតតាំងពីគ្រឿងហូបចុក ការស្លៀកពាក់ សូម្បីតែអាវក្រោះ មួកដែក ពាក់ការពារជីវិត ក៏គ្មាន ថៃចូលរាយលួសបន្លាព័ន្ធយកប្រាសាទយកផ្ទះពលរដ្ឋខ្មែរតាមអំពើចិត្ត ក្រុមមន្ត្រីគប់គិតគ្នាជាមួយឧកញ៉ារកស៊ីបោកប្រាស់ប្រជាពលរដ្ឋ និងការបើកឱ្យមានអាជីវកម្មចាប់ជម្រិតមនុស្ស តាមប្រព័ន្ធអនឡាញ ធ្វើឱ្យកម្ពុជាស្អុយឈ្មោះអាសោចពេញពិភពលោកជាដើម ក៏គេមិនដែលឃើញអ្នកតំណាងរាស្ត្រណាម្នាក់ ហ៊ានកោះហៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណាម្នាក់ទៅសាកសួរឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្ត្រគណបក្សង្គ្រោះជាតិ បានអះអាងថា តំណាងរាស្ត្រទទួលបានប្រាក់ខែ៥ពាន់ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ជូលប្រាក់ចុះបេសកកម្ម និងតួនាទីនោះទេ។
លោកថា បើតំណាងរាស្ត្រដែលមានតួនាទីជាប្រធាន ឬអនុប្រធានគណៈកម្មាធិការក្នុងរដ្ឋសភា គឺទទួលបានប្រាក់ខែ និងការឧបត្ថម្ភច្រើនជាងតំណាងរាស្ត្រធម្មតាទៅទៀត។
វីអូឌី មិនអាចទាក់ទង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ដើម្បីស្នើសុំធ្វើការបញ្ជាក់បន្ថែមលើបញ្ហានេះបានទេ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន ជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា ប្រាក់ខែតំណាងរាស្ត្រកម្ពុជាក្នុងអាណត្តិនេះ គឺមានការកើនឡើងបើប្រៀបធៀបទៅនឹងអាណត្តិមុនៗ។
បន្ថែមពីនេះ បើប្រៀបធៀបទៅនឹងប្រាក់ខែមន្ត្រីរាជការផ្សេងៗ ពលករ កម្មករ និងបើប្រៀបធៀបទៅនឹងស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ជាទូទៅ លោកគិតថា ប្រាក់ខែតំណាងរាស្ត្រ គឺសមរម្យក្នុងការជួយអន្តរាគមន៍បម្រើការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋ កំពុងជួបការលំបាកដូចពេលបច្ចុប្បន្ន លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា តំណាងរាស្ត្រគួរតែសកម្មឱ្យមែនទែន ក្នុងការចុះទៅសួរសុខទុក្ខពលរដ្ឋម្ចាស់ឆ្នោត ទាំងរឿងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋចំណាកស្រុក ដែលទើបវិលត្រឡប់មកពីថៃជាដើម ដោយបង្ហាញពីគំនិត និងវិធានការផ្សេងៗដើម្បីជួយដោះស្រាយ។
យ៉ាងណាក្តី លោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា នាពេលបច្ចុប្បន្ន តំណាងរាស្រ្តមួយចំនួន ហាក់មិនសកម្មនិងមិនឮសំឡេងក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ ជ្រុងមួយនៃបញ្ហានេះ លោកថា គឺមកពីតំណាងរាស្ត្រភាគច្រើន ចេញពីបក្សកាន់អំណាចតែមួយ។
លោកថា៖ «ម៉្លោះហើយធ្វើឱ្យការប្រកួតប្រជែងបម្រើប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យទៅលើការអនុវត្តច្បាប់ មិនសូវមានប្រសិទ្ធភាពទេ ព្រោះអីជាក្រុមតែមួយ ជាបក្សតែមួយ ហើយអ្នកតំណាងរាស្ត្រភាគច្រើនត្រូវបានតែងតាំងរៀបចំផ្តល់តួនាទី ដើម្បីឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតដោយសារគណបក្ស ដូច្នេះមិនហ៊ានរិះគន់គណបក្សខ្លួនឯង មិនហ៊ានរិះគន់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សខ្លួនឯងនោះទេ ជាទូទៅ»។
លោកបញ្ជាក់ថា ភាពអសកម្មរបស់អ្នកតំណាងរាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើអ្នកតំណាងរាស្ត្រ។ ទាក់ទងនឹងប្រាក់ខែតំណាងរាស្ត្រ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា បើយោងតាមព្រះរាជក្រឹត្យអ្នកតំណាងរាស្រ្តមានតួនាទីជាអ្នកនយោបាយ ដែលជាតំណាងរបស់ជាតិ ជាមន្ត្រីខ្ពស់ផុតលេខដែលមានតួនាទីជាប់ខ្លួនគ្រប់ពេល មិនថាពេលណាទេ ត្រូវតែការពារប្រទេសជាតិ ការពារផលប្រយោជន៍ពលរដ្ឋមិនអាចសម្ងំស្ងៀមបានទេ។
លោកថា៖ «ហើយតំណែងនយោបាយមួយនេះ ខ្ញុំយល់ថា ប្រាក់ខែវាអាចនឹងសមរម្យ ដោយសារតំណែងនឹងបានដោយការឃោសនាដោយការប្រើប្រាស់ថវិកាហ្នឹង ចូលរួមឃោសនាក្តីអីក្តីហ្នឹង ដើម្បីទទួលបានការគាំទ្រហ្នឹង សុទ្ធតែត្រូវការចំណាយ ហើយការចុះទៅតាមមូលដ្ឋានក៏ត្រូវការចំណាយដែរ ព្រោះយើងធ្វើកិច្ចការជាមួយប្រជាពលរដ្ឋជាមួយរាស្ត្រហ្នុង។ ម៉្លោះហើយប្រាក់ខែមួយចំនួនហ្នុង យើងគិតថា គួរតែធ្វើឱ្យអស់លទ្ធភាព ធ្វើឱ្យអស់ពីសមត្ថភាព ហើយកុំឱ្យកេងប្រវ័ញ្ចយកតំណែងហ្នឹង ដើម្បីមានបានដោយសារញើសឈាមប្រជាពលរដ្ឋ អាហ្នឹងរឿងត្រឹមត្រូវ ហើយបើសិនមានឆន្ទៈបែបនឹងនោះ»។
យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា តំណាងរាស្ត្រ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានធ្វើការសកម្ម ដូចជា បាយពុះ មិនមែននៅសម្ងំស្ងៀមមិនធ្វើការដូចការលើកឡើងនោះទេ ពីព្រោះបើតំណាងរាស្ត្រគណបក្សប្រជាជន មិនធ្វើការសកម្មក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ នោះមិនមែនពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកាន់អំណាច នៅគ្រប់អាណត្តិនោះទេ។
សម្រាប់ លោក ម៉ែន សុថាវិន្ទ ថ្លែងថា តំណាងរាស្ត្រគឺជាអ្នកបង្កើតច្បាប់ ឃ្លាំមើលការអនុវត្តច្បាប់ ហើយបើការអនុវត្តច្បាប់មានភាពមិនប្រក្រតី មានចន្លោះប្រហោង ប៉ះពាល់ដល់សិទ្ធិពលរដ្ឋ តំណាងរាស្ត្រមានសិទ្ធិហៅមន្ត្រីមកសាកសួរឬស្តីបន្ទោស។
លើសពីនេះ តួនាទីតំណាងរាស្ត្រ គឺត្រូវចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដោះស្រាយពីទុក្ខលំបាករបស់ពលរដ្ឋគ្រប់និន្នាការ។ ប៉ុន្តែបច្ចុប្បន្នតំណាងរាស្ត្រមិនបានបំពេញតួនាទី ឱ្យសមជាតំណាងរាស្ត្រដែលទទួលបានប្រាក់ខែពីញើសឈាមម្ចាស់ឆ្នោតនោះទេ។
លោកថា៖ «តាំងពីគេរំលាយគណបក្សសង្គ្រោះជាតិឆ្នាំ២០១៧មក តំណាងរាស្ត្រអត់មានគណបក្សប្រឆាំងទេ គឺឯកបក្ស ចឹងបានអត់ខ្វល់ពួកហ្នុង អត់មានខ្វល់ជាមួយរាស្ត្រឯណា ពីព្រោះមិនមែនរាស្ត្របោះឱ្យគាត់ឯណាគឺបក្សអ្នកឱ្យតើ ចឹងបានគាត់អត់ដែលទៅស្រែ។ តាមខ្ញុំមើលទៅ អត់ដែលសោះទាំងតំណាងរាស្ត្រទាំងព្រឹទ្ធសភា។ អ៊ីចឹងតំណាងរាស្ត្របានប្រាក់ខែច្រើន ទាល់តែយើងចុះទៅជួយប្រជាពលរដ្ឋ ដោះស្រាយឱ្យច្រើនបានបាន។ បើមិនចឹងអត់បំពេញតួនាទីជាតំណាងរាស្ត្រទេ អាហ្នឹងវាខុសហើយ ប្រជារាស្ត្រត្រូវតែមានការតវ៉ា»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរលើបណ្តាញសង្គមរបស់លោកថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានចាយវាយថវិកាជាតិខ្ជះខ្ជាយ ដូចជា ចំណាយទៅលើមន្ត្រីជាន់ខ្ពស់ រួមទាំងទីប្រឹក្សាច្រើនរាប់ពាន់នាក់ ដែលជាការបំផ្លាញថវិកាជាតិ។
បន្ថែមពីនេះ កងអង្គរក្សដែលបម្រើតែគ្រួសារហ៊ុនប៉ុណ្ណោះ ក៏បានចាយថវិកាជាតិច្រើនដែរ ដោយកងអង្គរក្សទាំងនោះ រស់នៅហ៊ឺហា និងមានសព្វាវុធទំនើបៗ ខណៈកងទ័ពជួរមុខ ដែលឈរជើងការពារជាតិទឹកដី បែរជាក្រតោកយ៉ាក សូម្បីតែសម្ភារៈសឹកក៏ខ្វះមុខខ្វះក្រោយដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នពលទាហានថ្នាក់ពលទោទទួលបានប្រាក់បៀវត្សមូលដ្ឋាន និងបូកបន្ថែមអត្ថប្រយោជន៍ផ្សេងៗសរុបប្រមាណ ៣៤៥ ដុល្លារ ឧត្តមសេនីយ៍ឯក ទទួលបានប្រាក់បៀវត្សមូលដ្ឋាន និងបូកបន្ថែមអត្ថប្រយោជន៍ផ្សេងៗ សរុបប្រមាណ ៧៧៤ដុល្លារ ខណៈថ្នាក់នាយឧត្តមសេនីយ៍ទទួលបានប្រាក់បៀវត្សមូលដ្ឋាន និងបូកបន្ថែមអត្ថប្រយោជន៍ផ្សេងៗសរុបប្រមាណ ៨៣៦ដុល្លារ។ នេះបើតាមគេហទំព័រ Business Cambodia បង្ហោះកាលពីថ្ងៃទីទី១៥ ខែកក្កដា ឆ្នាំ២០២៥។
មន្ត្រីកងទ័ពជើងគោកម្នាក់ដែលបដិសេធប្រាប់ឈ្មោះ ទទួលស្គាល់ពីតារាងប្រាក់បៀវត្សនេះថា ត្រឹមត្រូវប៉ុន្តែលោកថា ចំនួនប្រាក់បៀវត្សទាំងនេះ មិនមែនបើកបានទាំងអស់នោះទេ គឺត្រូវកាត់ចូលគណបក្សប្រជាជនក្នុង១ខែ ៥ម៉ឺនរៀល ឬច្រើនជាងនេះ និងកាត់សម្រាប់ឧបត្ថម្ភដល់យុទ្ធជនពលី ព្រមទាំងកាត់ផ្សេងៗទៀត។
ជ្រុងមួយនៃបញ្ហានេះ កងទ័ពជួរមុខខ្លះ បានទម្លាយចេញលើបណ្តាញសង្គម បង្ហាញពីជីវភាពជួបការលំបាក គ្រួសារគ្មានផ្ទះសម្បែងរស់នៅសមរម្យ និងខ្វះខាតលុយសម្រាប់ព្យាលជំងឺ រស់នៅក្នុងភាពក្រតោកយ៉ាក ទោះពួកគេប្តូរជីវិត ដើម្បីការពារជាតិ ទឹកដីក្តី ។
ការណ៍នេះ វាហាក់ខុសគ្នាឆ្ងាយពីជីវភាពតំណាងរាស្ត្រ ដែលអង្គុយក្នុងរដ្ឋសភា ចាំតែលើកដៃបើកប្រាក់ខែ តែមិនសកម្មលើកយកបញ្ហាកងទ័ព បញ្ហាពលរដ្ឋ និងបញ្ហាសង្គមចាក់ស្រែសផ្សេងទៀត មកសួរដេញដោយក្រសួងពាក់ព័ន្ធរួមទំាងនាយករដ្ឋមន្ត្រីក្នុងតំណែង ដែលធ្វើឱ្យកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ ដែលគេមើលឃើញថា កម្ពុជា ជាឋានសួគ៌ពួកឧក្រិដ្ឋជន។
ចំណែកប្រាក់ខែគ្រូបង្រៀនវិញ សម្រាប់ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមឬហៅថាប្រភេទ (ក) ទទួលបានប្រាក់បៀវត្សអតិបរមាប្រមាណជាង៥៤០ដុល្លារ និងអប្បបរមាជាង៣៦០ដុល្លារ។ គ្រូកម្រិតមូលដ្ឋានទទួលបានច្រើនបំផុតជាង ៤៦០ដុល្លារ និងទាបបំផុត៣៣៥ដុល្លារ។ សម្រាប់គ្រូកម្រិតបឋមឬប្រភេទ (គ) ទទួលបានពី៣១០ដុល្លារដល់ជាង៤១០ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌគឺ២០៨ដុល្លារ។
គម្លាតដាច់ឆ្ងាយ រវាងសែស្រឡាយអ្នកមានអំណាច និងប្រជាពលរដ្ឋក្រីក្រ រួមទាំងកងកម្លាំង វាបានផ្តល់មេរៀនដ៏គ្រោះថ្នាក់សម្រាប់មេដឹកនាំ ដែលជំរុញឱ្យមានចលាចលសង្គម ដោយសារតែការមើលស្រាយពីទុក្ខលម្បាក របស់ប្រជាពលរដ្ឋ។
ជ្រុងមួយនៃវិបត្តិសង្គម ដែលកើតចេញពីគ្រួសារនិយម និងអំពើពុករលួយនេះ ពលរដ្ឋឥណ្ឌូនេស៊ីដែលភាគច្រើនជាយុវជនថ្មីៗនេះ បានធ្វើការតវ៉ាក្តៅគគុក ប្រឆាំងការសម្រេចតម្លើងប្រាក់ឧបត្ថម្ភជាង៣ពាន់ដុល្លារដល់តំណាងរាស្ត្រ៥៨០នាក់ គឺលើសជិត១០ដងពីប្រាក់ចំណូលអប្បរមារបស់ប្រជាពលរដ្ឋ ខណៈពលរដ្ឋនៅក្នុងប្រទេសដែលមានប្រជាជនជាង១ពាន់លាននាក់នេះ កំពុងរស់នៅក្នុងជីវភាពកាន់តែលំបាកដោយសារវិបត្តិគ្មានការងារធ្វើនិងបំណុល។ បច្ចុប្បន្នតំណាងរាស្ត្រឥណ្ឌូនេស៊ីម្នាក់ ទទួលបានប្រាក់ខែគោល៤០០០ ដុល្លារ។ នេះបើយោងតាមសារព័ត៌មានបរទេសមួយចំនួន។
កំហឹងរបស់យុវជនឥណ្ឌូនេស៊ី បានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីអ្នកដឹកជញ្ជូនអាហារម្នាក់ ត្រូវឡានប៉ូលិសបុកហើយកិនស្លាប់ នៅពេលបុរសរូបនោះ កំពុងព្យាយាមបើកម៉ូតូគេចពីក្រុមតវ៉ា ដើម្បីយកអាហារឱ្យភ្ញៀវកាលពីថ្ងៃទី២៨ខែសីហា។
ការតវ៉ាដែលបណ្តាលឱ្យមានការបង្ក្រាបស្លាប់បាតុករ៧នាក់នេះ បានប្រែក្លាយពីការធ្វើបាតុកម្មប្រឆាំងរដ្ឋសភា ទៅជាការតស៊ូកាន់តែមោះមុត ទាមទារឱ្យលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ ដែលជាអតីតមេទ័ពផ្តាច់ការដោះស្រាយពីវិសមភាពសង្គម គម្លាតរវាងអ្នកមាននិងអ្នកក្រ និងគិតពីផលប្រយោជន៍ជាតិនិងពលរដ្ឋជាធំ បើទោះបីជាលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ បានប្រកាសដកសេចក្តីសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃផ្ទះ និងថ្លៃធ្វើដំណើររបស់អ្នកតំណាងរាស្ត្រវិញយ៉ាងណាក្តី។
លើសពីនេះ កាលពីសប្តាហ៍មុន ពលរដ្ឋនៅប្រទេសនេប៉ាល់ បានងើបតវ៉ា ប្រឆាំងនឹងមេដឹកនាំពុករលួយ និងបក្សពួកនិយម រហូតមានការផ្លាស់ប្តូរ។ ការងើបបះបោររបស់ពលរដ្ឋនេប៉ាល់ គឺប្រឆាំងនឹងមេដឹកនាំ ពុករលួយ បក្ខពួកនិយម ដំឡើងប្រាក់ខែច្រើនឱ្យតំណាងរាស្ត្រ និងបក្ខពួកខ្លួន ហើយបន្សល់ទុកបញ្ហាសង្គមចាស់ស្រែស រួមទំាងគម្លាត រវាងក្រុមមន្ត្រីអ្នកមានអំណាចនិងពលរដ្ឋក្រីក្រជាម្ចាស់ប្រទេស។
ជ្រុងមួយទៀតនៃបញ្ហានេះ អតីតអ្នកតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម បានប្រាប់វីអូឌីថា តំណាងរាស្ត្រនៅក្នុងប្រទេសជឿនលឿន គឺគេគិតគូរខ្លាំងណាស់ ពីបញ្ហារបស់ប្រជាពលរដ្ឋដែលខុសគ្នាស្រឡះពីតំណាងរាស្ត្រខ្មែរ ដែលអត់ឃើញធ្វើសកម្មភាពអ្វីបម្រើរាស្ត្រអង្គុយចាំស៊ីតែប្រាក់ខែរាស្ត្រ ដោយគ្មានការអៀនខ្មាស។
លោកថា៖ «គ្មានការខ្មាស់អៀន គ្មានការទទួលខុសត្រូវ ហើយខ្ញុំតែងតែគិតអ៊ីចេះ មិនដឹងថា បង្កើតអារដ្ឋសភារកប៉ាកាច់យរ៍ហ្នឹងមកធ្វើអី បិទទាំងព្រឹទ្ធសភា ទាំងរដ្ឋសភាហ្នឹងទៅ ហើយយកលុយទៅជួយសង់ផ្ទះអ្នកក្រល្ហេមល្ហាមនោះគេនឹងបោះឆ្នោតភ្លូកទឹកភ្លូកដីហើយ។ បញ្ហាគ្រប់បែបគ្រប់យ៉ាងទាំងអស់ ហើយជីវភាពអ្នកក្រ៧០ភាគរយដែលក្ររហាម ផ្ទះរខេករខាក អត់មានអី ហើយនឹងជាតួនាទីតំណាងរាស្ត្រ តំណាងរាស្ត្រមិនដឹងធើអី ស៊ីតែប្រាក់ខែ គឺជាអំពើទុច្ចចរិតកខ្វក់ដែលគួរឱ្យខ្មាស់អៀន។ ខ្ញុំថា តំណាងរាស្ត្រទាំងអស់ហ្នុង គួរទៅមុជទឹកនឹងចានទៀប ឬទៅលោទទឹកស្ពានជ្រោយចង្វារឱ្យងាប់ទៅបានសម»។
ជាមួយគ្នានេះ លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើបណ្តាញសង្គមថា លោកមិនបន្លាច មិនលេងសើច មិនបំផ្លើស ថ្វីដ្បិតមិនមានការស្រាវជ្រាវជាក់លាក់ ប៉ុន្ដែយោងតាមការស្រង់មតិក្នុងបណ្ដាញសង្គម ដកស្រង់ចេញពីផេកបុគ្គលមានប្រជាប្រិយ ផេកមេដឹកនាំ ផេកក្រសួងស្ថាប័ន និងបណ្ដាញសង្គមអ្នកឯកទេសជាដើម ឃើញថា ពលរដ្ឋខ្មែរភាគច្រើននៅតែមិនពេញចិត្តរបៀបដឹកនាំសព្វថ្ងៃ ហើយពួកគេពិតជាត្រូវការកំណែទម្រង់ លុបបំបាត់អំពើពុករលួយ ការកេងបន្លំថវិកាជាតិយកទៅបម្រើតណ្ហា និងប្រណីតភាពមេដឹកនាំ និងក្រុមគ្រួសារពួកគេ ការិយាធិបតេយ្យ បក្ខពួកនិយម គ្រួសារនិយម។
ប៉ុន្តែលោកថា អ្វីដែលប្រជាពលរដ្ឋខ្មែរចង់បានគឺការបង្រួបបង្រួមជាតិ ឯកភាពជាតិ លុបបំបាត់វប្បធម៌នយោបាយហិង្សា ដោយផ្ដើមចេញពីមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
នេះមិនទាន់រាប់បញ្ជូល បញ្ហាបូរណភាពទឹកដី ដែលពរលដ្ឋខ្មែរ កំពុងតែប្រឈមមុខដោយផ្ទាល់ប្រឆាំងនឹងទង្វើថៃឈ្លានពាន ជំនួយឱ្យក្រសួងការពារជាតិ ជនរងគ្រោះរាប់លាននាក់ ដែលចាញ់បោកក្រុមឧកញ៉ាស្និទ្ធនឹងរដ្ឋាភិបាលហើយយុត្តិធម៌ពួកគេត្រូវតុលាការកប់ចោល ។
ទាំងអស់នេះ ជាមូលដ្ឋានសម្រាប់មេដឹកនាំពិចារណា ថាតើត្រូវព្យាបាលជំងឺសង្គមបន្ទាន់ ប្រកបដោយការជឿទុកចិត្ត ពីសហគមន៍ជាតិ និងអន្តរជាតិ ឬបន្តទុកបញ្ហានេះឱ្យទុំជោរ រហូតជនរងគ្រោះអស់ការអត់ធ្មត់៕









