សហរដ្ឋអាមេរិក និងចិន បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងផ្ទេរកម្មវិធីវិដេអូខ្លីៗ តិកតុកទៅជាកម្មសិទ្ធិដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវបញ្ជាក់នៅថ្ងៃសុក្រ ក្នុងការហៅទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជីនពីង។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះថា កិច្ចព្រមព្រៀងដ៏មានសក្តានុពលនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយ ដែលមានអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកចំនួន ១៧០លាននាក់ ដែលជារបកគំហើញដ៏កម្រ នៅក្នុងការពិភាក្សារយៈពេលជាច្រើនខែរវាងប្រទេសសេដ្ឋកិច្ចលេខ១ និងលេខ២ ក្នុងពិភពលោក ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមកាត់បន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មដ៏ទូលំទូលាយ។
បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកចរចាពីប្រទេសចិន នៅទីក្រុងម៉ាឌ្រីដ(Madrid) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសេន(Scott Bessent) បាននិយាយថា កាលកំណត់ថ្ងៃទី១៧ ខែកញ្ញា អាចនឹងធ្វើឱ្យកម្មវិធីបណ្តាញសង្គមពេញនិយមនៅអាមេរិករងការរំខាន កត្តានេះបានជំរុញឱ្យអ្នកចរចាចិនព្យាយាមឈានដល់កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ។
កិច្ចព្រមព្រៀងណាមួយ អាចត្រូវបានទាមទារការយល់ព្រម ដោយសភាដែលគ្រប់គ្រងដោយសាធារណៈរដ្ឋដែលអនុម័តនៅក្នុងឆ្នាំ២០២៤ ដោយបញ្ជាក់អំពីការផ្ទេរកម្មសិទ្ធិ ព្រោះបារម្ភថាទិន្នន័យអ្នកប្រើប្រាស់តិកតុក(TikTok) នៅសហរដ្ឋអាមេរិកអាចត្រូវចូលប្រើប្រាស់ដោយរដ្ឋាភិបាលចិន និងអនុញ្ញាតឱ្យទីក្រុងប៉េកាំងស៊ើបការណ៍សំងាត់ពីជនជាតិអាមេរិកតាមរយៈកម្មវិធី។
ក្រៅពីតិកតុក(TikTok) សហរដ្ឋអាមេរិកបានលើកឡើងអំពីការព្រួយបារម្ភ ពីផ្នែកសន្តិសុខជាតិ ដែលរារាំងដល់ការដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិច និងបច្ចេកវិទ្យាទំនើបផ្សេងទៀតពីប្រទេសចិន និងហាមឃាត់ផលិតផលចិន ដែលទីក្រុងវ៉ាស៊ីនតោន សន្និដ្ឋានថា អាចប្រើប្រាស់ដើម្បីស៊ើបការណ៍សម្ងាត់លើជនជាតិអាមេរិក និងប្រមូលព័ត៌មានសម្ងាត់ផងដែរ។
អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន លោកលី ឆឹងហ្គាង(Li Chenggang) បានប្រាប់ទៅកាន់សារព័ត៌មានថា ក្តីបារម្ភទាំងនោះស្មើ‘‘ការគំរាមកំហែងជាឯកតោភាគី’’៕









