កម្មករមួយចំនួនព្រួយបារម្ភថា ជីវភាពពួកគេនឹងបន្តរស់ទាំងវេទនា ក្រោយដឹងថា ប្រាក់ឈ្នួលសម្រាប់ឆ្នាំក្រោយ រដ្ឋាភិបាលដំឡើងឱ្យបានត្រឹម២ដុល្លារ សរុបត្រឹម ២១០ដុល្លារក្នុងមួយខែ សម្រាប់កម្មករម្នាក់។
ក្តីបារម្ភនេះ ហាក់ស៊ីគ្នាទៅនឹងការសិក្សានានា ដែលរកឃើញថា គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយ នឹងបន្តរុញច្រានកម្មករធ្លាក់ក្នុងបំណុល និងហានិភ័យច្រើនទៀត។
តាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែកញ្ញានេះ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងពីមូលហេតុជាច្រើន ដែលធ្វើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលបានត្រឹម២ដុល្លារពេលនេះ។
ក្នុងនោះ ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានផ្តោតលើពីបញ្ហារបាំងពន្ធរបស់អាមេរិក ដែលធ្វើ រួមទាំងឆន្ទៈ ពីភាគីតំណាងរោងចក្រ។
បើតាមក្រសួង តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាពនៃផលប៉ះពាល់ដែលអាចកើតមានឡើង ដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។
តំណាងភាគីនិយោជក(ថោកែរោងចក្រ) បានស្នើសុំរដ្ឋាភិបាល រក្សាតួលេខប្រាក់ឈ្នួលនៅដដែល ខណៈតំណាងភាគីកម្មករនិយោជិត ក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាល ពិនិត្យលទ្ធភាពបន្ថែម លើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខ ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារ អាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួល ២១០ដុល្លារក្នុងមួយខែនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦តទៅ។
ទោះជាយ៉ាងណា កម្មការិនី ណុន សុខលាង ធ្វើការនៅរោងចក្រមួយនៅខេត្តកណ្តាល មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៦ ត្រឹម២ដុល្លារ មិនអាចជួយឱ្យពួកគាត់រស់នៅសមរម្យនោះទេ ខណៈតម្លៃទំនិញលើទីផ្សារក៏ថ្លៃ ហើយជាប់បំណុលធនាគារថែមទៀត។
អ្នកស្រីថា៖ «ចំពោះខ្ញុំវាពាក់ព័ន្ធនឹងចាយមិនគ្រប់គ្រាន់ ពាក់ព័ន្ធចាយមិនគ្រប់គ្រាន់ដោយសារអី? ដោយសារវាចាយវាយនេះទៅ ដូចថា ដាក់ទៅលើកូន លុយបង់ធនាគារ និងទឹកភ្លើង ធ្វើដំណើរ និយាយទៅពាក់ព័ន្ធច្រើន លុយប៉ុណ្ណឹងវាចាយមិនគ្រប់មិនគ្រាន់ទេ[…]សុំស្នើឱ្យខាងគាត់[រដ្ឋាភិបាល]ហ្នឹង ដំឡើងប្រាក់ខែឱ្យសមរម្យបន្តិចមក កុំដំឡើងទាបៗពេក វាចាយវាយមិនគ្រប់គ្រាន់ ចំពោះក្នុងគ្រួសារមួយៗវាវេទនាណាស់ ជីវភាពលំបាកចង់ងាប់ ដល់ពេលចឹង ដូចថា ឥវ៉ាន់ទិញសព្វបែបយ៉ាងវាថ្លៃ ដល់ពេលយើងលុយប្រាក់ខែវាតិច ពេលចឹងចាយវាយវាអត់គ្រប់គ្រាន់»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បង្ហាញការមិនសប្បាយចិត្តចំពោះតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ដែលឡើងត្រឹម ២១០ដុល្លារក្នុងមួយខែ។ អ្នកស្រីថា តួលេខនេះ មិនអាចឆ្លើយតបទៅលក្ខណៈវិនិច្ឆ័យសូម្បីតែមួយចំនុច ពាក់ព័ន្ធនឹងអតិផរណាលើទីផ្សារផង កុំថាឡើងអាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់កម្មករនិយោជិត។
អ្នកស្រីបន្តថា៖ «បើនិយាយពីប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតបានចាយតែម្តង ខ្ញុំគិតថា វាច្រើន ប៉ុន្តែយ៉ាងហោចណាស់ក៏ដំឡើងបានទៅតាមសំណើររបស់សហជីព ដែលបានស្នើក្នុងតួលេខមួយដែលបានដាក់ទៅក្នុងតុចរចាហ្នឹង គឺ២១៨ដុល្លារ ខ្ញុំគិតថាយ៉ាងហោចណាស់ក៏បានប៉ុណ្ណឹងដែរ ខ្ញុំគិតថាបានប៉ុណ្ណឹង កម្មករយើងអាចទទួលយកបាន ប៉ុន្តែបើនិយាយពីប្រាក់ឈ្នួលសមរម្យនៃការរស់នៅរបស់កម្មករនិយោជិតតែម្តង ខ្ញុំគិតថា វាច្រើនជាងហ្នឹង ពីព្រោះអ្វីដែលយើងបានរកឃើញក្នុងបន្ទាត់ដែលយើងស្រាវជ្រាវហ្នឹង គឺប្រាក់ឈ្នួលដែលកម្មករអាចរស់នៅសមរម្យបាន គឺប្រាក់ឈ្នួលហ្នឹងគឺមានកម្រិតមួយខ្ពស់ណាស់ ខ្ពស់ជាងហ្នឹងទៀត ប្រាក់ឈ្នួលហ្នឹងក្នុងល្បាក់៥០០ដុល្លារជាង ឬក៏៤០០ដុល្លារជាង»។
ការណ៍នេះ អ្នកស្រី យ៉ាង សុភ័ណ្ឌ ស្នើដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញ ទៅលើតម្លៃផ្ទះជួល តម្លៃទឹកភ្លើង និងបន្ថែមថ្លៃសាហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ខណៈថ្លៃសាហ៊ុយធ្វើដំណើរបច្ចុប្បន្នដែលមានចំនួន ៧ដុល្លារនោះ មិនឆ្លើយតបនឹងតម្លៃចំណាយជាក់ស្តែងរបស់កម្មករ និងសេដ្ឋកិច្ច។
អ្នកស្រីក៏ស្នើដល់រដ្ឋាភិបាល ពិនិត្យទៅលើកត្តាបំណុលរបស់កម្មករនិយោជិតផងដែរ ដោយគួរដាក់ចេញនូវយន្តការ ឬការគ្រប់គ្រងដែលមានប្រសិទ្ធភាព ដោយសារបច្ចុប្បន្នកម្មករមិនត្រឹមតែប្រឈមនឹងបញ្ហាបំណុលធនាគារឬមីក្រូហិរញ្ញវត្ថុតែមួយទេ គឺនៅមានបំណុលអនឡាញ និងបំណុលឯកជនជាដើម ដែលមានអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យពួកគាត់ត្រូវចំណាយការខាតបង់ច្រើន។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាថា ក្រៅពីការពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ ដែលនឹងកើនដល់ ២១០ដុល្លារនៅឆ្នាំ២០២៦នោះ ក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធ ក៏បានពិភាក្សាគ្នាអំពីយន្តការនៃការគ្រប់គ្រងការចំណាយទៅលើការរស់នៅរបស់កម្មករនិយោជិតផងដែរ ដូចជា ការគ្រប់គ្រងទៅលើថ្លៃផ្ទះជួល កុំឱ្យឡើងថ្លៃ និងថ្លៃទឹកភ្លើងដែលរដ្ឋាភិបាលនៅផ្តល់អត្រាពិសេសដដែលសម្រាប់កម្មករនិយោជិត។
លោកថា៖ «ជារួមយើងមិនត្រឹមតែនិយាយគ្នាអំពីប្រាក់ឈ្នួលអប្បរមាននោះទេ យើងក៏បានគិតអំពីបញ្ហាប្រឈមដែលអាចកើតមានឡើង ហើយនិងយន្តការដែលយើងត្រូវរួមគ្នាធ្វើយ៉ាងម៉េច ដើម្បីគ្រប់គ្រងនូវចំណុចប្រឈមទាំងអស់នេះ ពីព្រោះសម្តេចធិបតីក៏លោកបានផ្តាំដែរថាប្រាក់ឈ្នួលអប្បបរមាកើន វាជារឿងមួយ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើឱ្យបាននោះ គឺការគ្រប់គ្រងចំណាយនេះតែម្តង។ បើសិនជាយើងមានកំណើនតិចឬមួយច្រើន ហើយយើងកាត់បន្ថយចំណាយ មានន័យថាបងប្អូនយើងក៏អាចនៅសល់ច្រើនដែរ ផ្ទុយទៅវិញបើសិនជាថាយើងកើនច្រើន ប៉ុន្តែបើសិនជាចំណាយវាកើនឡើងច្រើនដែរ ចឹងគឺបងប្អូនយើង ក៏អត់នៅសល់អ្វីដែរ»។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ សហជីព និងក្រុមអង្គការសង្គមស៊ីវិលចំនួន២៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៦ យ៉ាងតិច២៣២ដុល្លារ ដោយសំអាងថា ការជំរុញនេះ គឺផ្អែកលើស្ថានភាពចាំបាច់ទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្រុមអង្គការសហជីពទាំងនោះ បាននិយាយថា កំរិតប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៨ដុល្លារអាមេរិកក្នុងមួយខែ មានកម្រិតទាប ពុំគ្រប់គ្រាន់នឹងការចំណាយក្នុងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរឡើយ។ ពួកគេសំអាងថា យោងតាមរបកគំហើញនៃការស្រាវជ្រាវរបស់សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី ចេញផ្សាយក្នុងឆ្នាំ២០២៤ លើកឡើងថា កម្មករនិយោជិតចំណាយប្រចាំខែជាមធ្យមចំនួន ៤០៨ដុល្លារអាមេរិក លើអាហារ និងក្រៅពីអាហារ ដែលស្ទើរតែទ្វេរដងនៃប្រាក់ចំណូលជាមធ្យមរបស់កម្មករ ដែលមានត្រឹមតែចំនួន ២៥០ ដុល្លារអាមេរិក។
បន្ថែមលើនេះ វិទ្យាស្ថានស្រាវជ្រាវ Anker បានធ្វើការប៉ាន់ប្រមាណក្នុងឆ្នាំ២០២៤ថា កម្មករនិយោជិតម្នាក់ដែលរស់នៅក្នុងគ្រួសារនៅតំបន់នានានៃប្រទេសកម្ពុជា ត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារអាមេរិក ចំណែកកម្មករនិយោជិតក្នុងគ្រួសាររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិកក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅក្នុងជីវភាពសមរម្យ និងលើតម្រូវការសំខាន់ផ្សេងៗទៀត ក្នុងនោះរួមទាំងរបបសន្តិសុខសង្គម។
ប្រភពដដែល គូសបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យការងារយុត្តិធម៌ ឆ្នាំ២០២៤ របស់អង្គការ CNV International បានរកឃើញគម្លាត ៤១% រវាងប្រាក់ចំណូលមធ្យម និងការចំណាយលើការរស់នៅ ដែលបង្ខំឱ្យកម្មករនិយោជិតប្រមាណ៧៣%ខ្ចីបំណុលដើម្បីផ្គត់ផ្គង់ជីវភាពដ៏លំបាកនេះ។
គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយនេះ បន្តរុញច្រានកម្មករនិយោជិតឱ្យកាន់តែធ្លាក់ក្នុងបំណុល និងភាពក្រីក្រ និងបង្ខំឱ្យពួកគេកាត់បន្ថយការចំណាយលើថ្លៃអាហារ ការថែទាំសុខភាព និងការអប់រំ។ ជារឿងពុំសមទំនងឡើយ នៅពេលកម្មករនិយោជិតដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពុំទទួលបាននូវស្ថានភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងពេលដែលវិស័យនេះ បន្តទាក់ទាញការវិនិយោគអន្តរជាតិ និងផ្តល់ប្រាក់ចំណេញច្រើនដល់ក្រុមហ៊ុនម៉ាកយីហោ និងនិយោជក៕









