ដោយសារតែថៃតែងតែចាត់ទុកកម្ពុជាជាសត្រូវតជំនាន់ ហើយជនជាតិថៃមួយចំនួនតែងតែប្រមាថមើលងាយជាតិសាសន៍ខ្មែរ និងខណៈចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ខែកក្កដា រហូតមកដល់បច្ចុប្បន្ន ថៃតែងតែប្រើកម្លាំងទ័ពចូលមករាយបន្លាលួស និងសម្បកកង់ឡានព័ទ្ធយកដីខ្មែរឥតឈប់ឈរនៅតាមព្រំដែន។
ការណ៍នេះ ប្រជាពលរដ្ឋនិងបញ្ញវ័ន្តខ្មែរ ជាច្រើនមិនចង់ឱ្យរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែន ឬក៏សហការជាមួយថៃ ធ្វើការដោះមីននៅលើដីខ្មែរ ដែលថៃកំពុងព្យាយាមរំលោភយកនោះទេ។
ជ្រុងមួយនៃបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងនៅថ្ងៃទី១៧ ខែកញ្ញាថា ថៃបានចាត់ទុកកម្ពុជាជាសត្រូវតជំនាន់ ហើយថៃយកលេសនេះ ធ្វើនយោបាយទុច្ចរិតឈ្លានពានមកលើកម្ពុជាតជំនាន់។ លោកផ្តល់ជម្រើស៣ ដែលកម្ពុជាអាចទប់ស្តាត់ ទៅនឹងមហិច្ឆតាឈ្លានពានរបស់ថៃនេះ។
បើតាមលោក យង់ ពៅ ជម្រើសទី១ កម្ពុជាមិនអាចដោះមីននៅតាមតំបន់ព្រំដែនដោយងាយៗ ទៅតាមការស្នើរបស់ថៃនោះឡើយ ហើយទី២ អំណឹះតទៅ កម្ពុជាដាច់ខាតត្រូវតែកែទម្រង់ជាក់ស្ដែងនិយម ត្រូវពង្រឹងវិស័យការពារជាតិជាក់ស្ដែងនិយម និងដាច់ខាតត្រូវពង្រឹងសមត្ថភាពជាតិគ្រប់វិស័យ។
មួយទៀត កម្ពុជាមិនគួរបើកច្រកព្រំដែនគោកជាមួយថៃនៅពេលនេះទេ ពីព្រោះថៃមិនបានបង្ហាញការគោរពចំពោះកម្ពុជាឡើយ។
លើសពីនេះ លោកបានអំពាវនាវឱ្យអ្នកនយោបាយនិងប្រជាពលរដ្ឋខ្មែរ ត្រូវបន្តពង្រឹងស្មារតីជាតិនិយម ជាធ្លុងមួយ ដើម្បីកសាងភាពធន់របស់កម្ពុជាឱ្យបាន ដោយមើលឃើញថា គិតមកដល់ពេលនេះ មានពលករខ្មែរប្រមាណជិត១លាននាក់ហើយ បានវិលត្រឡប់មកពីថៃ ហើយក្នុងចំណោមពលករទាំងនោះកំពុងតែមានការលំបាកខាងជីវភាព ដោយសារតែរួមរិតទៅដោយបំណុល។
លោកថា៖ «ចឹងយើងសូមសំណូមពរនឹងកសាងភាពធន់នៃការលំបាកនឹងមួយ ដើម្បីកុំឱ្យប្រទេសដែលមានលក្ខណៈឈ្លានពានរបស់យើងនឹងមានឱកាសឈ្លានពានកាត់ទឹកដីយើងបាន ពីព្រោះកាលណាយើងមិនអាចតស៊ូលំបាកចំណុចប៉ុណ្ណឹងបានទេនោះ សត្រូវគេទទួលបានជោគជ័យហើយ។ អ៊ីចឹងសូមប្រមូលផ្តុំទស្សនៈជាធ្លុងមួយនេះបន្តទៀតក្នុងស្មារតីជាតិនិយម»។
សម្រាប់ លោក យង់ ពៅ ការឈ្លានពានរបស់ថៃលើកនេះ ជាមេរៀនធំមួយទៀត ដែលកម្ពុជាត្រូវយកឱកាសនេះ កសាងជាតិឱ្យរឹងមាំ សម្រាប់ទៅអនាគតទាំងចំណេះដឹង ទាំងផលិតកម្ម ដោយមិនអាចគិតថា ថៃបោះបង់គំនិតឈ្លានពានកម្ពុជានោះទេ បើទោះបីជាពេលនេះ បញ្ហាព្រំដែនត្រូវដោះស្រាយចប់ក្នុងរយៈពេលខ្លី ឬក៏ក្នុងរយៈពេលវែងក៏ដោយ។
លោកថា ថៃនឹងនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយសារតែថៃនៅតែសំអាងប្រើប្រាស់ផែនទីដែលថៃគូសដោយខ្លួនឯងផ្ទាល់។
លោកនិយាយក្នុងសំដីដើមថា៖ «អ៊ីចឹងបើគាត់គូសដោយខ្លួនគាត់ផ្ទាល់ បើទោះបីជាកម្ពុជាថយប៉ុណ្ណា ក៏គាត់នៅតែគូសថែមបន្តយកដីខ្មែរថែមទៀតដែរ ដូច្នេះកម្ពុជាដាច់ខាតមិនត្រូវដកថយពីដីខ្លួនឯងឡើយ»។
ទាក់ទងទៅនឹងសំណើរបស់ជប៉ុន ដែលស្នើសូមបើកច្រកព្រំដែនឡើងវិញ លោក កៃ គឹមសុង អ្នកកាសែតជើងចាស់ បញ្ចេញយោបល់លើបណ្តាញសង្គមថា ប្រទេសដែលកម្ពុជាបាន និងកំពុងគោរពស្រឡាញ់ និងផ្តល់កិត្តិយសកំពូលអស់ពីបេះដូងជាង៣០ឆ្នាំមកហើយ ឥឡូវនេះ បាននិងកំពុងបង្ហាញឱ្យយើងឃើញនូវជញ្ជីងគុណធម៌ និងអត្ថប្រយោជន៍ប្រទេសសេដ្ឋកិច្ចរបស់ខ្លួន តាមរយ:ការស្នើសុំបើកច្រកព្រំដែនមួយចំនួនរវាងកម្ពុជានិងថៃ។
លោកលើកឡើងថា មុននឹងនិយាយដល់ការបើកច្រកកម្ពុជា-ថៃ ជប៉ុនគួរនិយាយដល់កិច្ចការសំខាន់ និងបន្ទាន់យ៉ាងតិចចំនួន៤សិន ក្នុងនោះត្រូវស្នើទៅថៃឱ្យដោះលែងវីរៈកងទ័ពកម្ពុជា១៨រូប ថៃត្រូវរុះរើបន្លាលួសទាំងអស់ចេញពីដីកម្ពុជា ថៃត្រូវសាងសង់ផ្ទះ វត្តអារាម សាលារៀន និងផ្តល់សំណងដល់ពលរដ្ឋកម្ពុជារងគ្រោះដោយការទម្លាក់គ្រាប់បែក និងទី៤ ថៃត្រូវសងការខូចខាតប្រាសាទព្រះវិហារដែលជាអត្តសញ្ញាណវប្បធម៌ខ្មែរ និងជាបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះ អ្នកស្រី តូច ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា លើកមុនចោរសៀមបញ្ជាឲ្យកម្ពុជាដកទ័ពចេញពីទីតាំងឈរជើងលើដីខ្មែរ នៅតំបន់មុំ៣ ជាទីដែលទាហានសៀមលួចឆ្មក់ចូលមកបាញ់ទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ប៉ុន្តែថា មេដឹកនាំខ្មែរបានស្រែកបដិសេធ។ ប៉ុន្តែបន្ទាប់មកក៏សម្រួលកងទ័ពឲ្យចេញពីតំបន់នោះ តាមការចង់បានរបស់សៀមដដែល។
អ្នកស្រីបានចង្អុលប្រាប់ថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ចោរសៀមបានយកបន្លាលួសមកព័ទ្ធយកដីខ្មែរ ដោយក្នុងការបំពាននោះ ពួកវាបានជួបឧបសគ្គខ្លះៗ គឺជាន់មីនក្នុងដីខ្មែរជាដើម។ ដូច្នេះដើម្បីមានភាពងាយស្រួលក្នុងការឈ្លានយកដីខ្មែរ តាមរយៈការរាយបន្លាលួសនេះទៀត ចោរសៀមបានទាមទារឲ្យកម្ពុជាដោះមីនក្នុងដីខ្មែរចេញ។
ប្រភពដដែលបន្តថា ពេលនេះមេដឹកនាំខ្មែរ នឹងសម្រួលតាមការចង់បានរបស់ចោរសៀមទៀតហើយ គឺដោះមីនក្នុងដីខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ចោរសៀមចូលយកដីខ្មែរបន្ថែមទៀត។
នាយករដ្ឋមន្ត្រីថៃថ្មី លោក អានុទីន ឆានវីរ៉ាកុល បានថ្លែងកាលពីថ្ងៃទី១៥ខែកញ្ញាថា លោកនឹងមិនប្រញាប់បើកច្រកព្រំដែនជាមួយកម្ពុជានោះទេ លុះត្រាតែកម្ពុជាគោរពតាមលក្ខខណ្ឌរបស់ថៃជាមុន រួមមានដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញជាមុនសិន។
លោក អនុទីន លើកឡើងថា លោកនឹងប្រើគ្រប់យន្តការដែលមាន រួមទាំងកម្លាំងទ័ព ការទូត និងចរចាជាមួយកម្ពុជា ដើម្បីរកដំណោះស្រាយការពារផលប្រយោជន៍របស់ថៃ ដោយមិនឱ្យថៃបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ នឹងមិនឱ្យពលរដ្ឋថៃមានគ្រោះថ្នាក់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។
សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពិសេសរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង បានបង្ហាញថា ភាគីទាំង២ បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការស្វែងរកវិធានការជាក់ស្តែង ដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពប្រក្រតីឡើងវិញ។
ក្នុងនោះ ភាគីទាំង២ ក៏បានពិនិត្យសំណូមពររបស់ជប៉ុនដែលចង់ឲ្យកម្ពុជា និងថៃបើកព្រំដែននៅច្រកខ្លះឡើងវិញសម្រាប់ដឹកជញ្ជូនទំនិញចាំបាច់។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានត្អូញត្អែរថា ការពន្យារពេលបើកព្រំដែនកម្ពុជា និងថៃក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ បានធ្វើឲ្យក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា តាមគោលនយោបាយ «ថៃបូក១» ជួបការលំបាកយ៉ាងខ្លាំង។
សម្រាប់អ្នកស្រី លី ឆេង បច្ចុប្បន្នរស់នៅជាប់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និយាយថា អ្នកស្រីបានមើលសារព័ត៌មានថៃ គេជជែកគ្នាពីរឿងថាតើត្រូវបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬក៏ត្រូវបិទច្រកបន្តទៀត។ ពលរដ្ឋថៃគេថា គេមិនចង់ឱ្យរដ្ឋាភិបាលគេ បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនោះទេ។
ក្នុងនាមអ្នកស្រីជាពលរដ្ឋខ្មែរម្នាក់ដែលរស់នៅជាយដែន ហើយការបិទច្រកព្រំដែនវាធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកជាយដែនជាងអ្នកនៅភ្នំពេញក៏ដោយ ក៏អ្នកស្រីមិនសប្បាយចិត្តឱ្យបើកច្រកព្រំដែនឡើងវិញដែរ ពីព្រោះការបើកច្រកព្រំដែន គឺចំណេញតែក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញពីថៃប៉ុណ្ណោះ ឯប្រជាពលរដ្ឋធម្មតាអ្នករកស៊ីតូចតាចអត់មានចំណេញទេ។
អ្នកស្រីថា៖ «ហើយពួកសិប្បកម្មខ្មែរយើងនៅក្នុងស្រុកក៏អត់ចំណេញដែរ ពេលគេបើកច្រកខ្មែរខ្លះគាត់ភ្លេចខ្លួន គាត់ទៅទិញឥវ៉ាន់ផលិតផលសៀមយកមកប្រើ ចឹងសិប្បកម្មយើងរោងចក្រគឺដដែល អត់ទៅមុខរីកចម្រើនខ្លាំង។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ និងជាអ្នកនៅជាយដែនទៀត ខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំកុំបើកច្រកឱ្យសោះ ទោះបីក្នុងករណីមានជប៉ុនអីម៉ោយោគយល់សុំអីក៏ដោយ។ និយាយទៅអារម្មណ៍ខ្ញុំជាខ្មែរម្នាក់ ខ្ញុំឈឺចាប់ណាស់ ខ្ញុំនិយាយមែន គេដៀលប្រទេសយើងគ្រប់បែបយ៉ាង គេមើលងាយ ហើយក៏គេមើលងាយថ្នាក់ដឹកនាំយើងខ្លាំងដែរ តើយើងមានមូលហេតុអីសម្រាប់បើកច្រករកស៊ីជាមួយប្រទេសវាទៀត?»។
ពាក់ព័ន្ធការដែលថៃចិញ្ចឹមចិត្តលេបទឹកដីខ្មែរនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា កម្លាំងចម្រុះរបស់ថៃមានទាំងកងទ័ពបំពាន់ដោយអាវុធស្វ័យប្រវត្តិ និងប៉ូលិសបំពាក់ដោយឧបករណ៍ បង្ក្រាបបាតុកម្ម រាប់សិបនាក់ បានបាញ់ផ្សែងពុល និងកាំភ្លើងគ្រាប់ជ័រ បំបែកការតវ៉ារបស់អ្នកភូមិព្រៃចាន់ ដែលចេញមុខប្រឈមនឹងទង្វើឈ្លានពានរបស់ថៃ។
ហេតុការណ៍នេះ បង្កឱ្យពលរដ្ឋខ្មែរ ២៨នាក់ បានរងរបួស រួមទាំងព្រះសង្ឃ ខណៈពួកគេមិនព្រមដកថយ តាមការបញ្ជារបស់កងម្លាំងថៃ ដែលថៃព្យាយាមរាយបន្លាលួសព័ទ្ធយកដីខ្មែរនៅតំបន់។
មិនមានតែភូមព្រៃចាន់ទេ ដែលថៃបានព្យាយាមរំលោភយក ក្រោយមានបទឈប់បាញ់ ទាហានថៃប្រដាប់ដោយអាវុធ បានចូលមករាយបន្លាលួសព័ទ្ធយកភូមិខ្មែរ នៅភូមិជោគជ័យ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទីតាំងមួយចំនួនទៀត ដូចជា នៅប្រាសាទតាមាន់ធំ និងតំបន់អានសេះជាដើម។
លើសពីនេះ មេទ័ពថៃ បានប្រកាសរួចហើយកាលពីថ្ងៃទី១៦ខែកញ្ញា ពីផែនការប្រើកម្លាំងទ័ព ដើម្បីច្បាមយកដីខ្មែរ១៧ទីតាំងទៀត ក្នុងខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង តាមផែនទីដែលខ្នាត ១លើ៥០ពាន់ ដែលថៃគូសដោយឯកតោភាគី ដើម្បីលេបទឹកដីខ្មែរ។
ជុំវិញការដែលកងម្លាំងថៃប្រើហិង្សាលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់នេះ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកថា ថៃចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ ដែលប្រទេសទាំងពីរឯកភាពគ្នា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស សកម្មភាពនគរបាល និងកម្លាំងចម្រុះថៃ ចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លើសពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញសារអំពាវនាវ រកការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក រួមទាំងសហរដ្ឋអាមេរិក ដើម្បីជំរុញថៃគោរពបទឈប់បាញ់ ។
ប៉ុន្តែរដ្ឋាភិបាលមិនបានបង្ហាញឆន្ទៈពិតប្រាកណាមួយ ដើម្បីការពារបូរណភាពទឹកដី ក្នុងករណីដែថៃនៅតែបន្តឈ្លានពានកម្ពុជា មិនគោរពបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងនានាដែលថៃបានព្រមព្រៀងជាមួយកម្ពុជានោះ។
សម្រាប់ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហាក់មើលមិនឃើញថា មេដឹកនាំកម្ពុជាផ្តោតការចាប់អារម្មណ៍លើទង្វើថៃ ពង្រីកមហិច្ឆតាឈ្លានពានកម្ពុជានាពេលនេះទេ ។
លោកលើកឡើងថា ថៃកំពុងធ្វើពិធីសាសនានៅលើភ្នំទ្រព្យរបស់ខ្មែរ រីឯមេដឹកនាំខ្មែរ លោក ហ៊ុន សែន កំពុងសប្បាយរីករាយនឹងបទចម្រៀងថ្មីៗ ដូចជា បទ «សន្តិភាពមរតកពុកសែន»។ លោកលើកឡើងបែបឌឺដងថា លោកហ៊ុន សែន គួរតែតែងបទ«សន្តិភាពអស់ដី ឬយកដីដូរយកសន្តិភាព»៕









