ស្នងការ​ក្រុង​បង្ហាញ​កម្លាំង​អន្តរា​គមន៍​ពិសេស ​ខណៈ​ការ​រិះ​​គន់​​បញ្ហា​ព្រំដែន​ឡើង​កម្តៅ

ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ចែក​រំលែក​វីដេអូ​ថៃ​ឈ្លាន​ពាន​នៅ​ភូមិ​ព្រៃ​ចាន់ ដែល​នាំ​ទៅ​ដល់​ការ​រិះគ​ន់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​កើន​ឡើង​ថា អសមត្ថ​ភាព​ការ​ពារ​ទឹក​ដី​នោះ នគរ​បា​លរា​​​ជធានី​ភ្នំពេញ​បាន​ទម្លាយ​សារ​ថា កម្លាំង​អន្តរាគមន៍​ពិសេស​ត្រៀម​អន្តរា​គមន៍ នៅ​ពេល​មាន​សភាព​ការណ៍​ចាំ​បាច់។

ហ្វេស​ប៊ុក​របស់​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១​៨​ខែ​កញ្ញា​នេះ គេ​សង្កេត​ឃើញ​បង្ហោះ​រូប​ភាព​កង​កម្លាំង​អធិការ​នគរបាល​តាម​ដាន​មួយ​ចំនួន ដូច​ជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ចំការ​មន និង​ខណ្ឌ​ដង្កោជាដើម និង​បាន​រំលេច​សារ​ដូចៗ​គ្នា​ថា អធិការ​នគរបាល​ខណ្ឌ​និមួយៗ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​កម្លាំង​អន្តរា​គម​ន៍​ពិសេស ដើម្បី​ធានា​ក្នុង​កិច្ច​ការ​ការ​ពារ​សុខ​សុវត្ថិ​ភាព​ក្នុង​មូល​ដ្ឋាន និង​ត្រៀម​អន្តរា​គមន៍នៅ​ពេល​មាន​សភាព​ការណ៍​ចាំបាច់ ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែល​តាម​ដាន​បញ្ហា​ព្រំ​ដែន បាន​និយាយ​ថា កងកម្លាំង​អន្តរា​គមន៍​​ពិសេស​ ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​រួច​រាល់​សម្រាប់​បង្រ្កាប​ខ្មែរ​គ្នា​ឯង មិន​មែន​សម្រាប់​ទប់​ទល់​ទាហាន​ថៃ​ឈ្លាន​ពាន​នោះ​ទេ។

កាលពីថ្ងៃ​ទី​១៧ ខែកញ្ញានេះ​ ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ យ៉ាង​តិច​ ២៨​​នាក់ រួម​ទាំង​ព្រះស​ង្ឃផ​ង ត្រូវ​បាន​ក្រសួង​ការ​ពារ​ជាតិ​អះ​អាង​ថា​បាន​រង​របួស ក្រោយ​ប្រឈម​មុខ​ជាមួយ​យោធា​ថៃ ដើម្បី​ការ​ពារ​លំនៅ​ឋាន​ និង​ដី​អាស្រ័យ​ផល​របស់​ពួក​គេ។

ហេតុការណ៍នោះ កង​កម្លាំង​ថៃបា​ន​បា​ញ់​ផ្សែង​ពុល និង​កាំភ្លើង​បាញ់​គ្រាប់​ជ័រ ដើម្បី​បំបែក​ពលរដ្ឋ​ខ្មែរ ដែល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​កម្លាំង​ចម្រុះ​ថៃ​ឈ្លាន​ពាន។

វីដេអូ​ប៉ះទង្កិច​នេះ ត្រូវ​បាន​គេចែ​ក​ចាយ​យ៉ាង​ច្រើន​លើ​បណ្តាញ​សង្គម និ​ងខ្លះ​រិះ​គន់​ថា បញ្ហា​ដែល​បាន​កើត​ឡើង​មក​ពី​អសមត្ថ​ភាព​របស់​មេដឹក​នាំ។

យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែង​ការណ៍​ថ្កោល​ទោស​សកម្ម​ភាព​នគរបាល និង​កម្លាំង​ចម្រុះ​ថៃ ដោយ​ចាត់​ទុក​ទង្វើ​នោះ​ថា ជា​ការ​បំពាន​ដែន​ដី និង​ធ្វើ​ទុក្ខ​បុក​​ម្នេ​ញ​​លើ​ព​លរដ្ឋ​​ខ្មែរ នៅ​ភូមិព្រៃចាន់ ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ