រដ្ឋាភិបាលរក​ពិភព​លោក​ជួយ​ក្រោយ​ពលរដ្ឋ​២៨​នាក់​រង​របួស​ដោយ​សារ​ថៃ​ពង្រីក​ការ​ឈ្លាន​ពាន

មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​រក​ការ​អន្តរាគម៍​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ និង​មេដឹក​នាំពិ​ភព​លោក​​មួយ​ចំនួន​ទៀត មាន​សហរដ្ឋ​អាមេរិក និង​បារាំង​ជាដើម ដើម្បី​ជួយ​ដាក់​សម្ពាធ​ថៃ​ឱ្យ​គោរព​បទ​ឈប់​បាញ់ ​ខណៈ​ពលរដ្ឋ​ខ្មែរ​២៨​នាក់​រង​របួស​ ដោយ​សារ​ប្រឈម​នឹង​កង​កម្លាំង​ឈ្លាន​ពាន​ថៃ។

កាលពីថ្ងៃពុធ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់​ បាន​​ប្រមូល​ផ្តុំគ្នា​ត​វ៉ា​ប្រឆាំង​នឹង​ការ​រាយ​បន្លា​លួស​របស់​ក្រុម​យោធា​ថៃ​ព័ទ្ធ​យក​ដី​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្នុងហេតុការណ៍នោះ ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាប​បាតុកម្មថៃ​បាន​បង្ក​អំពើហិ​ង្សា​លើ​ពលរដ្ឋ​ខ្មែរ ដោយ​ប្រើឧ​បករណ៍​បង្ក្រាប​បាតុ​កម្ម និងបាញ់​ជំពាម​កៅស៊ូ​គ្រាប់​ឃ្លី បណ្តាល​ឱ្យព​លរដ្ឋ​ខ្មែរ និង​ព្រះ​សង្ឃ​២៨​អង្គ/នាក់ ដួល​សន្លប់ និង​រង​របួស​ធ្ងន់ និង​ស្រាល។

នៅថ្ងៃដដែលនោះ ក្រសួងការបរទេសកម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេដឹក​នាំ​កម្ពុជា​ លោក ហ៊ុន ម៉ា​ណែត បាន​ស្នើ​អង្គ​ការ​សហ​ប្រជា​ជាតិ ប្រធាន​អាស៊ាន ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិប​តី​បារាំង លោក អេ​ម៉ា​ណូអែល ម៉ាក្រុង និង​អង្គ​ការ​សហ​ប្រជាជា​តិ​ជួយ​ជំរុញ​ឲ្យ​ថៃ​គោរព​បទ​ឈប់​បាញ់​។

ក្នុង​ន័យ​នេះ លោក ហ៊ុន ម៉ាណែត ស្នើសុំថ្នាក់ដឹកនាំពិភព​លោក​ទាំង​អស់​ គាំទ្រ និង​ជំរុញ​ឱ្យ​មាន​ការ​គោរព​ពេញ​លេញ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះ​លក្ខ​ខណ្ឌប​ទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀង​ទាំង​អស់ ដែល​បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈ​កម្មាធិ​ការ​ព្រំដែន​ថ្នាក់​ភូមិ​ភាគ (RBC)។​

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ដើម្បីឱ្យសហគមន៍​អន្តរជាតិជួយកម្ពុជា ទាល់តែគ្រួសារហ៊ុនងាកទៅប្រជាធិប​តយេ្យ គោរពសិទ្ធិមនុស្ស លុប​បំបាត់អំពើពុករលួយ ឧក្រិដ្ឋកម្មឆ្លងដែន ដែល​សុទ្ធតែជារនាំងធ្វើឱ្យ​អន្តរជាតិ​ស្ងៀម​ស្ងាត់មិន​ចង់​រាប់​រកកម្ពុជា។

លោកថា៖ «ដើម្បីឲ្យក្លាយខ្លួនទៅជាមនុស្ស​ដែលគេចង់រាប់អាន​ គេចង់ជួយ! អាហ្នឹងទាល់តែយើង​កែខ្លួន។ កែខ្លួន​គឺ​ងាក​មកផ្លូវប្រជាធិបតេយ្យ គោរពសិទ្ធិ​មនុស្ស ដោះលែង​អ្នក​ទោសនយោ​បាយ​ បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌ ត្រូវ​ធ្វើម៉េ​ច​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​ជាដើម អាហ្នឹង​បា​នគេ​យល់​ថា​ប្រទេស​យើង​កែ​ខ្លួន»។

បើតាមលិខិតដែលលោក លោក ហ៊ុន ម៉ាណែត រកមេដឹកនាំពិភព​លោក​ឱ្យ​ជួយ​នោះ លោកបារម្ភ​ថា ស្ថានកា​រណ៍​ថ្មីៗ​នៅ​ព្រំដែន​កម្ពុជា-ថៃ កំពុង​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិ​ភាព និង​ស្ថិរ​ភាព​មិន​ត្រឹម​តែស​ម្រាប់​ប្រជា​ជាតិ​ទាំង​ពីរ​ទេ គឺ​ប៉ះពា​ល់​តំបន់​ទាំង​មូល។

យ៉ាងណាសម្រាប់ លោក មួង ណារ៉េត អតីតអ្នកកាសែត និងបច្ចុប្បន្នជា​អ្នកធ្វើអត្ថាធិប្បាយលើ​បណ្តាញ​សង្គម ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា​ ពន្លឿនប្តឹងថៃទៅ​តុលាការ​អន្តរ​ជាតិ (ICJ) ដែលជា​យន្ត​ការ​ស្រប​ច្បាប់​ដែល​កម្ពុជា​មាន​ប្រៀប​លើ​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​នេះ ។

លោកថា៖ «ឥឡូវយើងប្រើលិខិតប្ដឹងទៅ ឬ​តវ៉ាទៅ​ស​ហគមន៍​អន្តរ​ជាតិ​ជួយ! ចុះ​បើ​គេអ​ត់​ជួយ​ បើ​ថៃ​ចូល​មក​យក​ទៀត តើយើ​ង​ធ្វើយ៉ា​ង​ម៉េច! យើង​នៅ​សំងំ​អត់​ធ្មត់​អ៊ីចឹង​ទៅ​ហើយ​យើង​គោរព​បទ​ឈប់​បាញ់​ហ្នឹង​ទៀត! បើថាយើងមិនបានអីយើងអត់ធ្មត់​ទៅ​ហើយ​! យើង​មិន​អាចនឹង​ទៅ​រើប​ន្លាលួ​ស​ចេញ​ពី​ថៃ​បាន ហេតុ​អី​យើង​មិន​ដាក់​ពាក្យ​ប្ដឹង​គេ! ខ្ញុំ​កំពុង​តែ​ឆ្ងល់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តំបន់​ទាំង​អស់​ហ្នឹង យើង​ចាំ​បាច់​ទៅ​ប្រាប់​ប្រធាន​អាស៊ាន ឬ​លោក ដូណាល់ ត្រាំ ឬ​ក៏​អង្គ​ការ​សហ​ប្រជាជា​តិ​ហ្នឹង​ គេ​ទៅ​ជួយ​យើង​ម៉េច​ហ្នឹង​បាន! ព្រោះ​យន្ត​ការ​របស់​យើង​គឺ​បើ​មានជម្លោះ​ព្រំដែន​ជាមួយ​នឹង​ថៃ គឺ​យើង​ប្ដឹង​ទៅតុ​លាការ​អន្តរ​ជាតិ​ អាយ.ស៊ី.ជេ»។

យ៉ាងណា ក្នុងជម្លោះព្រំដែនជាមួយថៃនេះ ក្រៅពីប្តឹងទៅតុលាការយុត្តិធម៌​អន្តរជាតិ​(ICJ)​នៅស្ងប់​ស្ងាត់​ហើយ​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​នៅមិន​ទាន់​ប្រើ​ប្រាស់​យន្ត​ការ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដើម្បី​ការ​ពារ​ទឹក​ដី​នោះទេ​ ខណៈ​យន្ត​ការ​អន្តរ​ជាតិ​មួយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ខែល​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។

ជុំវិញរឿនេះដែរ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍​ថ្កោល​ទោស​សកម្ម​ភាព​ភាគី​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​រំលោភ​លើកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ និង​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ តាម​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ដោយ​ថា​ជា​យន្ត​ការ​ដ៏​រឹង​មាំ​នាំ​មក​នូវ​សន្តិភា​ព​ជូន​ជាតិ​មាតុ​ភូមិ និង​សេច​ក្តី​សុខ​សម្រាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​យូរ​អង្វែង។

យ៉ាងណា សម្រាប់លោក អ៊ុំ សំអាន អ្នកឃ្លាំមើលកិច្ចការព្រំដែន​មក​ពី​បក្ស​ប្រឆាំង ចោទ​ថា មូល​ហេតុ​ដែល​គ្រួសារ​ហ៊ុន មិន​ប្តឹ​ងទៅ​ស​ហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ព្រោះ​ខ្លាចបាត់​បង់​អំណាច និង​ប៉ះ​ដល់​វៀត​ណាម​ដែល​ លោក ហ៊ុន សែន ធ្លាប់​កាត់​ទឹ​ក​ដី​ឱ្យ​វៀត​ណាម​ តាម​រយៈ​សន្ធិ​សញ្ញា​ខុស​ច្បាប់​ឆ្នាំ២​០០៥ បំពាន​កិច្ច​ព្រម​ព្រៀង​២៣​តុលា។

លោកថា៖ «ប៉ះពាល់ទៅដល់ចៅហ្វាយយួនរ​បស់​គាត់ អ៊ីចឹ​ង​ធ្វើ​ម៉េច​គា​ត់ហ៊ា​ន​ប្រើ​ប្រាស់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ឆ្នាំ​(១៩៩១)​យក​មក​ប្រើ​។ មួយ​ទៀត​ គឺ​ប៉ះ​ពាល់​ទៅដ​ល់​ការ​កាន់​អំណាច​ផ្ដាច់​ការ​តពូជ​របស់ លោក ហ៊ុន សែន។ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ(១៩៩១) គេ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ ឲ្យ​មាន​កា​រ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធ​ម៌​ មាន​​ប្រជា​ធិបតេយ្យ ប៉ុន្តែ លោក ហ៊ុន សែន គាត់​ដឹក​នាំ​តាម​របៀប​ផ្ដាច់​ការ ដូច្នេះរឿ​ង​អី​គាត់​យក​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ ម​កប្រើ​ធ្វើ​ឱ្យ​របប​ផ្ដាច់​ការរ​បស់​គាត់​ដួល​រលំ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ និយាយ​ថា លោក​មិន​ចាប់​អារម្មណ៍​លើ​ការ​ចោទ​ប្រកា​ន់​នោះ ហើ​យ​ថា​ពលរដ្ឋ​ខ្មែរ​គួរ​រួម​គ្នាជា​មួយ​រដ្ឋាភិ​បាល​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន។

លោកថា៖ «ខ្ញុំមិនចង់បកស្រាយជាមួយ​នឹង​ខ្មែរ​គ្នាឯ​ង ដែល​លើក​ឡើង​ពី​ក្រុម​មួយ​ចំនួន​តូច​ទេ។ ខ្ញុំ​ច​ង់ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ប្រជាជន​ខ្មែរ​ទាំង​អស់ សម្រួច​គោល​ដៅរួ​ម​របស់​យើង​ គឺ​ទៅ​រក​សត្រូវ​ឈ្លាន​ពាន​របស់​យើង ដើម្បី​ប្រឆាំង​​នឹង​សត្រូវ​ឈ្លាន​ពាន​ ការ​ពារ​បូរណ​ភាព​ទឹក​ដីកម្ពុជា​របស់​យើង ដែល​រដ្ឋាភិបាល​ដែល​កម្លាំង​ទ័ព​របស់​យើង ប្រជា​ជន​របស់​យើង កំពុ​ង​តែ​រួម​សាម​គ្គី​គ្នា។ អ៊ីចឹង​ជំរុញ​នូវ​ស្មារតី​នៃ​ការ​រួម​គ្នា​បន្ថែម​ទៀត ដើម្បីប្រ​ឆាំង​សត្រូវ​ឈ្លាន​​ពាន។ យើង​កុំ​ទៅចា​ប់អា​រម្មណ៍​រឿង​ដែល​មិន​បាន​ការ ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ»។

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា នៅថៃ​ទោះ​មា​ន​បញ្ហា​ផ្ទៃ​​​ក្នុងជាតិ​ក្តី តែ​ពេល​មាន​ជម្លោះ​ជាមួយ​ខ្មែរ គេ​បង្ហាញ​ការ​សាមគ្តី​ជាតិ​យ៉ាង​រឹង​មាំ តាម​បែប​ប្រជា​ធិប​តេយ្យធ្វើ​ឱ្យ​ប្រទេស​សហគមន៍​អន្តរ​ជាតិ មាន​ទំនុក​ចិត្ត​លើ​ថៃ​ជាង​កម្ពុជា។

ក្នុងន័យនេះ លោកថា ការរួមរួមសាមគ្គីជាតិខ្មែរ​គ្រប់​និន្នាកា​រ​នយោ​បាយ តាម​ផ្លូវ​ប្រជា​ធិប​តេយ្យ គឺ​ជា​កសាង​ជំនុក​​ចិត្ត​ឱ្យ​ប្លុក​លោក​សេរី ងាក​មក​ជួយ​កម្ពុជា​ក្នុង​ពេល​ថៃ​ឈ្លាន​ពាន​នេះ។

លោកថា៖ «ដោយសារតែជម្លោះនយោបាយផ្ទៃក្នុងជាតិ​ វា​ធ្វើ​ឲ្យស​ហគមន៍​អន្តរ​ជាតិ មិន​មាន​ទំនុ​កចិត្ត​ហើយ​ជាទូ​ទៅ​ប្រទេស​ធំៗ​ ដែល​ប្រកាន់​របប​ដឹក​នាំ​តាម​បែប​ប្រជា​ធិប​តេយ្យ តែង​តែ​លួង​លោម​លើក​ទឹក​ចិត្ត​ឲ្យ​កម្ពុជា ធ្វើ​កា​រ​ជាមួ​យគណបក្ស​ក្រៅរ​ដ្ឋាភិបាល​ជាមួយ​នឹង​អង្គ​ការ​ សង្គម​ស៊ីវិល ក្នុង​នាម​ជា​ជាតិ​សាសន៍​រួម​គ្នា​តែមួ​យ ហើយ​មិន​ឲ្យ​ប្រកាន់​ពណ៌​សម្បុរ​ និង​មាន​ការ​រើស​អើង​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឱ្យ​បាន​ល្អ ​នេះ​គឺ​ជា​ចំណុច​ខ្សោយ​ដែល​កម្ពុជា​​មិន​អាច​អនុវត្ត​ទៅ​បាន»។

ជុំវិញ​បញ្ហា​នេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុង​កិច្ច​ប្រជុំ​​ក្រុ​ម​​ប្រឹក្សា​​សិ​​​ទ្ធិ​​មនុស្ស​របស់​​​អង្គការ​​​សហ​​ប្រជា​ជាតិ​លើក​ទី​៥៧ អ្នក​​​រាយ​ការណ៍​ពិសេស​​ស្តី​ពី​​ស្ថាន​​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិធិត មុនថាប៊ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង និងរៀប​ចំ​ការ​បោះ​ឆ្នោត​ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​តាម​គន្លង​​​ប្រជា​ធិប​តេយ្យ ។

លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុ​ជា​នៅ​ឆ្នាំ​២០២៣ ធ្វើ​ឡើង​តែនៅ​​ក្នុង​​ក្រុម​​គ្រួសារ ដែល​​ថា​​នេះ គឺ​ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច ដោយ​គ្មាន​លក្ខ​ណៈ​ប្រជា​ធិបតេយ្យ​​និង​​តម្លា​​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ