ក្រោយពីថៃបង្ហាញមហិច្ចតាពង្រីកការឈ្លានពាន១៧ទីតាំងទៀត ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ក្រុមអ្នកតាមដានទាញសញ្ញាអាសន្នពីគ្រោះថ្នាក់បូរណភាពទឹកដីខ្មែរ បើមេដឹកនាំគ្រួសារមិនប្រញាប់ប្តឹងថៃទៅតុលាការICJ និងកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងបារីស ដើម្បីទប់ស្កាត់ជាបន្ទាន់ទេនោះ។
ការសំអាងបែបនេះ ក្រោយពីក្រសួងការបរទេសកម្ពុជា បង្ហោះសារកាលពីថ្ងៃទី១៧ ខែកញ្ញានេះ ដោយបញ្ជាក់ថា ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីខ្មែរនៅទីតាំងចំនួន១៧ផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតីនៃប្រទេសកម្ពុជា។
ក្រសួងបន្តថា សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត១លើ៥០ពាន់ គូសជាឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត១លើ២រយពាន់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
ក្រសួងនិយាយថា ការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម បានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ការណ៍នេះ ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈឆ្នាំ២០០០អាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC)។
សម្រាប់កម្ពុជា ការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
យ៉ាងណា រដ្ឋាភិបាលកម្ពុជា មិនបានបង្ហាញជំហរជាក់លាក់ពីការប្រើប្រាស់សិទ្ធិដើម្បីការពារខ្លួន វិធានណាផ្សេង ដើម្បីទប់ទល់ទៅនឹងមហិច្ឆតារបស់ថៃនេះទេ ក្រៅតែពីអំពាវនាវឱ្យថៃ វិលទៅគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត ភាគីទាំងពីរបានឯកភាពកន្លងទៅនិងថ្មីនេះ ក្រោយបទឈប់បាញ់។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី១៨ខែកញ្ញានេះថា ទង្វើរបស់យោធាថៃនេះ ឆ្លុះបញ្ចាំងថា ថៃកំពុងប្រមាថមើលងាយភាគីកម្ពុជា ជាខ្លាំង។ លោកថា ភាពគឃ្លើននេះ ដោយថៃ ដឹងថាមេដឹកនាំខ្មែរ គ្មានសមត្ថភាពទប់ស្កាត់ និងប្រឆាំងទៅនឹងទង្វើឈ្លានពាននេះ ។
លោកបារម្ភថា ទឹកដីកម្ពុជា នឹងប្រឈមហានិភ័យកាន់តែធ្ងន់ធ្ងរ និងបន្តបាត់បង់ជាច្រើនបន្ថែមទៀត ដូចជាប្រាសាទតាមាន់ធំ ភ្នំទ្រព្យ ច្រកអានសេះ ភូមិជោគជ័យ និងភូមិព្រៃចាន់ កំពុងស្ថិតនៅក្នុងក្រញាំខ្លា គឺថៃនេះឯង។
លោកថា៖ «គ្រោះថ្នាក់របស់កម្ពុជានៅពេលនេះ គឺការបាត់បង់នៅទឹកដីអធិបតេយ្យរបស់កម្ពុជាជាបន្តបន្ទាប់ទៅទៀត យើងយល់ឃើញថាក្រោយសង្គ្រាម៥ថ្ងៃមក ក្រោយបទឈប់បាញ់នឹងយើងបាត់ប្រាសាទតាមាន់ធំ បាត់ភ្នំទ្រព្យ យើងបាត់ច្រកអានសេះទៀត ហើយថ្មីៗហ្នឹង ថៃវាចូលមកព័ទ្ធយកភូមិជោគជ័យ ភូមិព្រៃចាន់ ទាំងនេះគឺតាមរយៈនៃការដែលយើងនៅស្ងៀម មិនតបតជាមួយថៃ ហើយខ្ញុំគិតថាយើងបាត់ជាបន្តបន្ទាប់ទៀត ឥឡូវគេប្រកាសយក១៧ទីតាំងទៀតនៅខេត្តកោះកុង និងពោធិ៍សាត់»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការប្រកាសឈ្លានពានយ៉ាងចំហររបស់យោធាថៃលើទីតាំងទាំង១៧របស់កម្ពុជានេះ ឆ្លុះបញ្ចាំងថា ថៃកំពុងមើលងាយសមត្ថភាព ដឹកនាំរបស់គ្រួសារហ៊ុន។
ក្នុងន័យនេះ លោកពន្យល់ថា យោធាថៃកំពុងបង្ហាញឥទ្ធិពលខាងយោធា ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ ក្រោមអំណាចគ្រួសារហ៊ុន ។
យ៉ាងណា លោកគិតថា ក្នុងកាលៈទេសៈបែបនេះ មេដឹកនាំបក្សកាន់អំណាចចាំបាច់ណាស់ ត្រូវបង្ហាញជំហរច្បាស់លាស់ ពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាភ្លាម។
លោកអះអាងថា មានតែយន្តការអន្តរជាតិទេ ទើបអាចការពារបូរណភាពទឹកដីកម្ពុជាបាន ព្រោះកម្ពុជានៅខ្សោយទាំងផ្នែកសេដ្ឋកិច្ច យោធា និងសព្វាវុធទំនើបៗ ខណៈថៃមានភាពជឿនលឿនជាងកម្ពុជា។
លោកថា៖ «ដើម្បីកុំឲ្យថៃប្រមាថមើលងាយកម្ពុជា បាននិងដើម្បីកុំឲ្យប្រជាពលរដ្ឋនឹងយល់ថា រដ្ឋាភិបាលលែងជារដ្ឋាភិបាលអត់កំណើត ដូច្នេះលោក ហ៊ុន ម៉ាណែត ទី១ត្រូវតែបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី ត្រូវតែប្រើសិទ្ធិការពារខ្លួន ទី២ត្រូវតែហ៊ានប្ដឹងថៃទៅតុលាការយុត្តិធម៌អន្ដរជាតិឲ្យបានឆាប់ ទី៣ត្រូវតែស្នើអន្តរជាតិមានអាស៊ានមានអង្គការសហប្រជាជាតិ ឬនឹងមានកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង ឲ្យមានការកោះប្រជុំដើម្បីសម្រួលដាក់សម្ពាធថៃជាក់ស្ដែងឲ្យឈប់ឈ្លានពានកម្ពុជា ក្នុងករណីទាំង៣ហ្នឹង បើលោក ហ៊ុន ម៉ាណែត ធ្វើមិនបានមួយចំនុចទេ គឺតែលើកទង់សចុះចាញ់ថៃទៅ»។
អតីតអ្នកកាសែត និងជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមនៅទីក្រុងឡង់ប៊ីច សហរដ្ឋអាមេរិកលោក មួង ណារ៉េត និយាយថា កម្ពុជាមិនអាចដេកឱបបទឈប់បាញ់តែឯង បណ្តោយឱ្យសត្រូវបន្តឈ្លានពានទឹកដីតាមទំនើងចិត្តនោះទេ។
លោកហាក់ស្តីបន្ទោសថា ការគោរពបទឈប់បាញ់តែឯង ខណៈដៃគូរម្ខាងទៀត គឺថៃមិនបានគោរព ហើយគេនៅតែបន្តគឃ្លើនឈ្លានពាន ទាំងនេះឆ្លុះបញ្ចាំងពីភាពឆោតល្ងង់បំផុតរបស់មេដឹកនាំ។
លោកអះអាងថា គ្មានប្រទេសលើពិភពលោក ឬមេដឹកនាំលើពិភពរូបណា ចោលម្សៀត ចាំតែស្រែកហៅឱ្យគេជួយ ទាំងដែលខ្លួនមិនប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ទល់សត្រូវឈ្លានពានទឹកដីនោះទេ។
លោកថា៖ «មកដល់ពេលនេះ គឺថៃបានដៃហើយថៃបានចិត្តគ្រប់រឿងហើយ ព្រោះខ្មែរអត់ទៅយកបន្លាលួសឥឡូវហ្នឹង ខ្មែរកំពុងតែខ្វល់ទៀតរហូតដល់ទៅតំបន់១៧កន្លែងទៀត នៅឯខេត្តកោះកុង ដែលខាងនាវាថៃ បានព្រមានឱ្យយើងដកថយ ហើយឥឡូវ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ប្រាប់ថាមានប្រភពច្បាស់ការថាថៃនឹងប្រើកម្លាំងដើម្បីយកទីតាំងទាំងអស់នោះ តើយើងមិនស្ងប់ស្ងៀមដល់ណាទៀត»។
កាលពីថ្ងៃទី១៦ ខែកញ្ញានេះ កងទ័ពជើងទឹកថៃ បានប្រកាសនឹងពង្រីកការឈ្លានពានទឹកដីខ្មែរចំនួន២០ទីតាំងទៀត គឺនៅខេត្តកោះកុង៣ទីតាំង និងពោធិ៍សាត់១៧ទីតាំង តាមផែនទីខ្នាត១លើ៥០ពាន់ដែលថៃគូសដោយឯកតោភាគី ហើយមេដឹកនាំខ្មែរ លោក ហ៊ុន សែន ធ្លាប់ហៅថៃជាផែនទីចោរ។
ប៉ុន្តែក្រោយផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ ដែលផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់នេះទេ ទៅកិច្ចព្រមព្រៀងនេះ សម្របសម្រួលដោយយន្តការអាស៊ាន និងផ្តួចផ្តើមគំនិតដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្តី។
ជាងស្តែងជិត២ខែទៅនេះ ថៃបានចល័តទ័ព ចូលរាយបន្លាលួសព័ទ្ធដោយប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ព័ទ្ធយកតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិជាច្រើននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងព្យាយាមពង្រីកទៅខេត្តពោធិ៍សាត់ និងខេត្តកោះកុងទៀត តាមផែនទីដែលលោក ហ៊ុន សែន ហៅថាផែនទីចោរនេះ ។
ប៉ុន្តែ លោក ហ៊ុន សែន ដែលធ្លាប់គំរាមថា ក្រោមដែនអំណាចរបស់លោក នឹងមិនឱ្យបាត់បង់ដីខ្មែរ ទៅប្រទេសជិតខាង សូម្បីតែមួយមីលីម៉ែត្រនោះ មកដល់ពេលនេះ មិនទាន់បង្ហាញជំហរជាក់លាក់ណាមួយ ដើម្បីដណ្តើមយកទឹកដីខ្មែរ ដែលថៃបានរាយបន្លាលួសព័ទ្ធយក ក្នុងបុព្វហេតុការពារបូរណភាពទឹកដីឱ្យបាន ប្រឆាំងនឹងផែនទីចោររបស់ថៃនោះនៅឡើយទេ ក្រៅពីអំពាវនាវសុំឱ្យថៃគោរពបទឈប់បាញ់ ដើម្បីរក្សាសន្តិភាព៕









