តុលាការខេត្តស្ទឹងត្រែង សម្រេចពន្យាសវនាការក្នុងសំណុំរឿងលោក អ៊ុក ម៉ៅ និងតំណាងសហគមន៍៣នាក់ផ្សេងទៀត ទៅថ្ងៃខាងមុខដោយមិនកំណត់ពេល ខណៈក្រុមអ្នកតានដានការជំនុំជម្រះនេះ ចាត់ទុកថា ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ រកឃើញមានភាពមិនប្រក្រតីជាច្រើនករណី និងមិនដូចអ្វីដែលតុលាការរកឃើញថា ជនសង្ស័យដែលជាតំណាងសហគមន៍ មានបទល្មើសដូចការចោទប្រកាន់នោះឡើយ។
លោក លាង តុងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើកពេលសវនាការ ដោយមិនកំណត់កាលបរិច្ចេទជាក់លាក់ថារឿងក្តីនេះ នឹងត្រូវលើកយកមកជំនុំជម្រះវិញនៅពេលណាឱ្យប្រាកដនោះទេ។
អ្នកតាមដានសវនាការដោយផ្ទាល់ នៅក្នុងបន្ទប់ជំនុំជម្រះ លើកឡើងថា សវនាការដែលប្រើពេលជាង៤ម៉ោង កាលពីថ្ងៃទី១៧ ខែកញ្ញា តុលាការសួរនាំទៅលើជនសង្ស័យបាន២នាក់នៅឡើយ ក្នុងចំណោមជនសង្ស័យទាំង៤នាក់។
លោក អ៊ុក ម៉ៅ ប្រធានគណបក្សដើម្បីកម្ពុជាប្រចាំខេត្តស្ទឹងត្រែង ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃនេះថា ការងាររបស់ក្រុមមន្រ្តីធ្វើការ ហាក់គ្មានពេលវេលាឱ្យប្រាកដប្រជាទេ។ ពួកគេ ចង់ផ្អាក ឬបន្តនីតិវិធីស្រេចតែនឹងចិត្តនឹកឃើញ ដោយមិនខ្វល់ពីការប៉ះពាល់សិទ្ធិរបស់អ្នកដទៃឡើយ ហើយការធ្វើដូចនេះ ក្នុងនាមជាជនសង្ស័យម្នាក់ នៅក្នុងរឿងក្តីនេះ លោកបដិសេធចំពោះអ្វីដែលតុលាការសម្រេច។
លោកបន្តថា៖ «ពាក់ព័ន្ធប្តឹងប្រជាពលរដ្ឋនោះតាមតែអំពើចិត្តរបស់គាត់។ គាត់កាត់ក្តីឲ្យណាយ៉ាងម៉េចវាជាសិទ្ធិរបស់គាត់។ គាត់លើកជារឿងរបស់គាត់ គាត់ចង់ឡើងសវនាការវាជារឿងរបស់គាត់។ ខ្ញុំអត់ទទួលយកទេ ដោយសារតុលាការគាត់ធ្វើឡប់ឡែ»។
ជុំវិញរឿងនេះ មនុស្ស៤នាក់ ត្រូវជាប់ចោទក្នុងបទល្មើសតែមួយជាមួយគ្នា ទាក់ទងការចូលទន្រ្ទាន និងកាន់កាប់ដីព្រៃសហគមន៍ដោយខុសច្បាប់ ហើយដើមបណ្តឹងនៅក្នុងរឿងក្តីនេះ គឺជាប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង។
យ៉ាងណា ការជំនុំជម្រះ កាលពីថ្ងៃម្សិលមិញនោះ គឺមានជនសង្ស័យតែ២នាក់នៅឡើយទេ ដែលបានផ្តល់សក្ខីកម្ម ក្នុងចំណោម៤នាក់ មានលោក អ៊ុក ម៉ៅ និងលោក ម៉ឹង រដ្ឋា។ ក្រៅពីនេះ លោក វង់ កែន អនុប្រធានសហគមន៍ លោក ខេង ជាន ដែលជាសមាជិកសហគមន៍ តុលាការមិនទាន់កំណត់ពេលជំនុំជម្រះលើអង្គសេចក្តីនៅឡើយទេ។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងថា ក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ពិតជាមានភាពប្រក្រតីជាច្រើនករណីណាស់។ លោក សុខសុវណ្ណ ដែលបានតាមដានដោយផ្ទាល់ នៅក្នុងបន្ទប់ជំនុំជម្រះ និយាយថា បទចោទដែលលោក អ៊ុក ម៉ៅ និងតំណាងសហគមន៍៣នាក់ទៀត ត្រូវរងការចោទប្រកាន់នោះ គឺរកមិនឃើញពីធាតុផ្សំនៃបទល្មើលទេ។ ផ្ទុយទៅវិញ រឿងនេះវាហាក់ដូចជារឿងកំប្លែង និងគួរឱ្យអស់សំណើចទៅវិញ។
លោកបន្តថា៖ «តាមការពិតតែមួយលីមីម៉ែត្រ លោក អ៊ុក ម៉ៅ ក៏អត់មានផង។ អ្វីដែលនៅក្នុងសវនាការដេញដោលហ្នឹង ហើយរឿងនេះមិនធម្មតាទេ សុទ្ធតែមេសហគមន៍អនុប្រធានសហគមន៍ដែលជួយការពារធនធានធម្មជាតិ តែបែរជាប្រែក្លាយពីអ្នកជួយការពារមកជាជាប់ឃុំ និងរងការចោទប្រកាន់ទៅវិញ»។
បើទោះជាបែបណា ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងថា នៅក្នុងរឿងសំណុំរឿងជម្លោះដីព្រៃសហគមន៍នេះ មានសាក្សីជិត៨០នាក់ ដែលជាសាក្សីដោះបន្ទុកការពារផលប្រយោជន៍ ឱ្យសហគមន៍ ក៏បានចូលផ្តល់សក្ខីកម្មដែរ កាលពីថ្ងៃពុធម្សិលមិញ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចទាក់ទង លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីផ្តល់ការអត្ថាធិប្បាយជុំវិញរឿងក្តីនេះបានទេ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញានេះ។
បើតាមលោក ឯម សុខសុវណ្ណ ជុំរឿងក្តីនេះ តុលាការធ្លាប់លើកពេលម្តងរួចមកហើយ ហើយបើការលើកពេលម្តងនេះទៀត វានឹងនាំឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅដល់ដំណើការ នៃការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនសង្ស័យ។
តាមរយៈបទចោទ «កាប់គាស់ រុករានដីព្រៃ និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដូចដែលតំណាងអយ្យការខេត្តស្ទឹងត្រែង លោក ស៊ិន សុហឹង ចោទប្រកាន់នេះ គឺមានជនសង្ស័យចំនួន៤នាក់ ត្រូវជាប់ពាក់ព័ន្ធ។អ្នកទាំង៤ ដែលត្រូវតុលាការខេត្តស្ទឹងត្រែងចោទប្រកាន់ ក្រោយពីប្រធានមន្ទីរបរិស្ថាន លោក ស្រេង ជាហេង ចោទប្រកាន់ គឺមានឈ្មោះ លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍ លោក វង់ កែន អនុប្រធានសហគមន៍ លោក ខេង ជាន ជាសមាជិកសហគមន៍ និងលោក អ៊ុក ម៉ៅ ប្រធានគណបក្សដើម្បីកម្ពុជាប្រចាំខេត្តស្ទឹងត្រែង៕









