តៃវ៉ាន់បានបើកបង្ហាញមីស៊ីលរបស់ខ្លួនជាលើកដំបូង ដែលផលិតរួមជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ជាជំហានមួយយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ ដែលរីកចម្រើនយ៉ាងឆាប់រហ័សរវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងពីយោធាចិន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា តៃវ៉ាន់ដែលមាននិន្នាការប្រជាធិបតេយ្យ កំពុងប្រណាំងប្រជែង ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលប្រទេសចិនដែលតែងតែចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន និងបានបង្កើនសម្ពាធយោធារបស់ខ្លួនរួមទាំងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាទៀងទាត់នៅដែនទឹកក្បែរនោះ។
ប្រធានាធិបតីតៃវ៉ាន់ លោក ឡាយ ឈីងតឹ(Lai Ching-te) បាននិយាយកាលពីខែមិថុនាថា លោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយសហរដ្ឋអាមេរិក ហើយកោះនេះនឹងចូលរួមក្នុងការអភិវឌ្ឍ និងផលិតអាវុធ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ ហើយក៏អ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ផងដែរ បើទោះបីជាមិនមានការទូតផ្លូវការជាមួយកោះនេះក៏ដោយ។
ជាមួយគ្នានេះ មុនពេលការបង្ហាញបច្ចេកវិទ្យាអវកាស និងការពារជាតិតៃប៉ិ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចុងសាន(Chung-Shan) ដែលគ្រប់គ្រងដោយយោធាបានដាក់តាំងបង្ហាញបារ៉ាឃូដា៥០០(Barracuda-500) ជាមីស៊ីលតម្លៃទាបដែលបានរចនាឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិកអ៊ែនដ្រូល អ៊ីនដាសស្រ្ទី(Anduril Industries)។
វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចុងសាន(Chung-Shan) បាននិយាយថា តាមរយៈការផ្ទេរបច្ចេកវិទ្យា ខ្លួនគ្រោងនឹងផលិតមីស៊ីលជាច្រើននៅតៃវ៉ាន់ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារជាក្រុម។ យ៉ាងណាខ្លួនបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ក៏ដូចជាពេលវេលាកំណត់នៃការផលិត ឬ បរិមាណដែលរំពឹងទុកនោះទេ។
ដោយឡែក ក្រុមហ៊ុនអ៊ែនដ្រូល អ៊ីនដាសស្រ្ទី(Anduril Industries) ក៏មិនបានឆ្លើយតបតាមការស្នើសុំធ្វើការអធិប្បាយផងដែរ៕









