អាជ្ញាធរប្រទេសទាំងពីរ បាននិយាយថា ប៉ូលីសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងកៅស៊ូទៅលើជនស៊ីវិលកម្ពុជានៅតំបន់ព្រំដែនដែលមានជម្លោះ កាលពីថ្ងៃពុធ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់តាំងពីពួកគេ បានប្រកាសបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងរកាលពីខែកក្កដា។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា អាជ្ញាធរកម្ពុជាបាននិយាយថា យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរចំនួន ២៨នាក់ បានរងរបួសនៅក្នុងព្រឹត្តិការណ៍នោះ ខណៈដែលយោធាថៃបាននិយាយថា ភាគីថៃក៏រងរបួសផងដែរ ក៏ប៉ុន្តែមិនបានបញ្ជាក់ចំនួនដ៏ជាក់លាក់នោះទេ។
ការប៉ះទង្គិចបានកើតឡើងនៅតំបន់ព្រំដែនដែលមានជម្លោះ ដែលថៃបានអះអាងថា ជាផ្នែកមួយនៃភូមិ បាន់ណងយ៉ាកែវ ក្នុងខេត្តស្រះកែវ ឯភាគីកម្ពុជាបានអះអាងថាជាផ្នែកមួយនៃភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។
ប្រទេសថៃ និងកម្ពុជា មានការប្រកួតប្រជែងអំពីដែនអធិបតេយ្យភាពអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ នៅតាមតំបន់ដែលមិនកំណត់ព្រំដែនផ្សេងៗ តាមព្រំដែនដីគោក ៨១៧គីឡូម៉ែត្រ ដែលត្រូវបានគូសផែនទីជាលើកដំបូង ដោយប្រទេសបារាំងនៅឆ្នាំ១៩០៧ នៅពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។
ភាពតានតឹងនៅជុំវិញតំបន់នោះ បានផ្ទុះឡើងទៅជាជម្លោះនៅក្នុងខែកក្កដា នៅពេលដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងប្រទេសជិតខាងទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៨នាក់ និងបានជម្លៀសពលរដ្ឋជាបណ្តោះអាសន្នរាប់សែននាក់។
យ៉ាងណា កាលពីថ្ងៃពុធនេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចោទប្រកាន់មន្ត្រីថៃពីបទទន្ទ្រានដីឆ្លងព្រំដែន និងបាននិយាយថា ភាគីថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងបង្កើតឧបករណ៍សំឡេងប្រឆាំងនឹងជនស៊ីវិលខ្មែរ។
ដោយឡែក កងទ័ពថៃ បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍មួយថា ភាគីថៃប្រើប្រាស់កម្លាំងដើម្បីជាការឆ្លើយតបពីការបង្កហេតុពីសំណាក់អ្នកតវ៉ាកម្ពុជាប្រមាណ ២០០នាក់ ដោយមានពលរដ្ឋខ្លះគប់ដំបងនិងដុំថ្ម និងបានបាញ់កាំភ្លើងទៅលើភាគីមន្ត្រីថៃបណ្តាលឱ្យរងរបួស។
យ៉ាងនេះក្តី ភាគីកម្ពុជាចាត់ទុកទង្វើកងកម្លាំងថៃ ជាទង្វើបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងគោលការណ៍ទាំងឡាយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា និងជំរុញឱ្យថៃគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ៕









