ក្រុមហ៊ុន​​ចិន​​មួយ​​នៅ​ខេត្ត​កំពង់​ឆ្នាំង​​បាន​​ដេញ​​កាប់​កម្មករ​​ខ្មែរ​ដែល​​តវ៉ា​ទាម​​ទារ​​ប្រាក់​ឈ្នួល​

ក្រុមហ៊ុន​ចិន​​ឈ្មោះ​​​ផៅវ័រ​ឆាយ​ណាស៊ី​ឈួន អេន​ជី​នារីង ខប​ភើរេ​សិន លីមី​ធីត ដែល​​ទទួល​​បាន​​សិទ្ធិ​​​សាងសង់​គម្រោង​អ​នុស្ថានីយ៍វា​រី​អគ្គិសនី​នៅភូ​មិ​សុបិន្ត ឃុំ​ពានី ស្រុក​កំពង់​​ត្រឡាច ​​ខេត្ត​​កំពង់​​ឆ្នាំង ​​​បាន​​ដេញកាប់​​ដេញ​​វ៉ៃ​​កម្មករ ​កាល​ពីយ​ប់​​ថ្ងៃ​​ទី​​១៨ ​​ខែ​​កញ្ញា ​បន្ទាប់​​​ពី​​កម្មក​​រ​​ប្រមាណ​​ជិត​​១០០​​នាក់ ​បាន​​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​ជា​ច្រើ​ន​​ថ្ងៃ​​មក​​ហើយ ​ទាម​​ទារ​បើក​ប្រាក់​​ឈ្នួល​​ពី​ក្រុម​​ហ៊ុន​នេះ។ នេះ​បើ​យោង​​​តាមលោក លាស់ សុភាក់ ​តំណាង​កម្មករ​។

លោក ​សុភាក់​ បាន​​ឱ្យ​ដឹងថា​ កម្មករ​ប្រមាណ​ជិត​១០០​​នាក់ ដែល​​ភាគ​ច្រើន​ជាព​លករ​​ដែល​​ទើប​​វិល​​ត្រឡប់​មក​​ពី​ថៃ​បា​ន​​ចូល​​មក​ធ្វើការនៅ​​ក្រុម​ហ៊ុន​ចិន​ផៅវ័​រ​ឆាយ​ណា ស៊ីឈួន នៅ​​​ភូមិ​​សុបិន្ត ឃុំ​ពានី ជាង​​១​ខែ​មក​ហើយ។ ប៉ុន្តែ​​នៅ​ពេ​ល​​ដល់​ថ្ងៃកំ​ណត់​​ត្រូវ​​បើក​​ប្រាក់​​ឈ្នួល ​ក្រុម​​​​ហ៊ុន​​មិន​​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ឡើយ​ដោយ​​សន្យា​​ម្តងថ្ងៃនេះម្តងថ្ងៃនោះ។

លោក​បន្តថា កាល​ពីល្ងាច​ថ្ងៃ​ទី​១៨​​ខែកញ្ញា បុគ្គលិក​ក្រុមហ៊ុន​​ជាច្រើននាក់​​ដែល​ជាជន​​ជាតិចិន ​បាន​​កាន់​កាំបិត​ ​និងដែកបំពង់​ទីប ដេញ​កាប់​​ដេញ​វ៉ៃ​កម្មករ​ ដែល​​ទៅតវ៉ា​នៅ​មុខក្រុម​ហ៊ុន ​ក្នុង​ភូមិ​សុបិន្ត​ ដើម្បី​ទាម​ទារ​​បើក​​ប្រាក់​ឈ្នួល​​តាំងពីព្រឹកមកនោះ។

លោកថា៖ «ល្ងាច​មិញ​ មេ​ប៉ុស្តិ៍​ប៉ូលិស​អីក៏នៅ​ក្នុង​ហេតុការណ៍នេះដែរ តែអត់មានចំណាត់ការអីខាង​ជន​ដែល​​ដេញកាប់ដេញ​វ៉ៃមកលើ​ក្រុម​កម្មករ​សោះ។ វាដេក​យ៉ាង​ស្រួល ​អត់មានចំណាត់​ការ​អីចាប់​វាយកទៅអប់រំ ឬ​យកទៅ​ដោះស្រាយ​ឱ្យកម្មករសោះ​»។

បើតាមលោក សុភាក់ កម្មករនិង​មេជាង​ដែលត្រូវបាន​ក្រុមហ៊ុន​ចិន​ជួល​ ​ឱ្យមក​ធ្វើការ​​ទទួល​បាន​ប្រាក់ឈ្នួល​ក្នុង​១ថ្ងៃ​​មាន​ចាប់​ពី​​៥ម៉ឺន​​រៀល​ ទៅ​ដល់​​៨ម៉ឺន​រៀល។

​វីអូឌី ​មិន​មាន​ប្រភព​ទាក់​ទង​នាយកប៉ុស្តិ៍​​ឃុំពានី និង​មិន​អាចទាក់ទង​ លោក ​តេង ច័ន្ទ​ណាត ស្នងការនគរបាល​​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្នើសុំ​ធ្វើការ​បញ្ជាក់​លើ​បញ្ហា​​​នេះ​​​​បាន​ទេ ​នៅថ្ងៃទី​១៩​ខែកញ្ញានេះ។

វីអូឌី ក៏មិន​អាច​ទាក់​ទងលោក ​ស៊ុន មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ ​ដើម្បី​ស្នើសុំ​ធ្វើអត្ថា​ធិប្បាយ​​​លើ​បញ្ហា​នេះ​​បានដែរ​ នៅ​​ថ្ងៃទី​១៩កញ្ញានេះ។​

ប៉ុន្តែ​ទាក់​ទងនឹង​ការងារ​របស់​ពលករ​ខ្មែរ​ដែល​ទើប​វិ​ល​ត្រឡប់​មក​ពីប្រទេសថៃ លោក​ស៊ុន មេសា ​បាន​ស្រង់​សម្តី​ លោក​ ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ​​ដែល​បាន​ថ្លែងកាលពីថ្ងៃទី​១០ខែ​​កញ្ញា​​ថា អតីត​​ពលករខ្មែរ​ត្រឡប់​មក​​ពី​ថៃប្រមាណ ២២ម៉ឺននាក់ ក្នុង​ចំណោម​ជាង៩០ម៉ឺន​នាក់ ​បាន​ទទួលឱកាស​​ការងារធ្វើក្នុងស្រុកតាម​រយៈយ​ន្ដការរបស់ក្រសួងការងារ និងតាមរយៈ​ការជួយសម្របសម្រួល​ពី​វិស័យឯកជន ក៏ដូចជាមេដឹក​នាំ​សហជីព។

បើតាម​​​ក្រសួង​ការងារ​ នាពេលបច្ចុប្បន្ន នៅមានឱកាសការងារជិត ៩ម៉ឺនកន្លែងផ្សេងទៀត នៅ២៥រាជធានី​-ខេត្ត ទូទាំង​​ប្រទេស សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​អតីត​ពលករ​ដែល​​​ទើប​​​ត្រឡប់​មក​ពី​ប្រទេស​ថៃវិញ​ដែល​​​​ជា​កា​រ​ងារ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ។

កម្មករសំណង់ប្រមាណជិត ១០០នាក់ ដែលភាគច្រើនជាអ្នក​ទើបតែត្រឡប់មកពី​ប្រទេស​​ថៃ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជា​ច្រើន​​ថ្ងៃ​មក​​ហើយ ករណីក្រុម​ហ៊ុន​ចិនផៅវ័រឆាយណា ស៊ីឈួន មិន​បើក​ប្រាក់ឈ្នួលឱ្យ ​បន្ទាប់​ពី​ពួក​​គេ​បាន​ធ្វើការ​​ជាង​១​ខែ។ នេះ​បើយោង​តាម​សម្ព័ន្ធ​សហ​ជីព​ចលនាកម្មករ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានចុះទៅ​កាន់​ទីតាំង​ ដែល​កម្មករតវ៉ា​ ស្ថិត​នៅក្នុងស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃ​ទី​១៨​​ខែកញ្ញា ដើម្បីជួបកម្មករសំណង់​ទាំងនោះ​ ដែលត្រូវបានថៅកែសំណង់ក្រុម​ហ៊ុន Power China មិន​ទាន់បើកប្រាក់ឈ្នួល​ជូនពួកគាត់នៅឡើយ។

លោក ប៉ាវ ស៊ីណា បានស្តាប់នូវបញ្ហារបស់កម្មករសំណង់ទាំងនោះ​ ដែលភាគ​ច្រើន​ជា​អតីត​ពលរដ្ឋខ្មែរទើប​វិល​ត្រឡប់មកពីប្រទេសថៃ​ ដែលបានឱ្យដឹងថា ពួកគាត់​បាន​ចូលធ្វើការ​​នៅទីនេះ ​ចាប់​តាំង​​ពីដើមខែកក្កដា​មក ប៉ុន្ដែ​រហូតដល់ពេលនេះ​​មិនទាន់បានបើក​ប្រាក់​​ឈ្នួល​​​ម្ដងនោះទេ។

តាមការបញ្ជាក់ពីកម្មករ បានឧ្យដឹងថា ពួកគេបានស្នើសុំបើ​ក​ប្រាក់​ឈ្នួល​​ជាច្រើនដងមក​​ហើយ​ ប៉ុន្តែថៅកែតែង​តែ​ពន្យា​​ពេល ម្ដងហើយ​ម្ដងទៀត ខណៈ​កម្មករ​​ម្នាក់ៗ​​បាន​រៀបចំ​អីវ៉ាន់​រួច​រាល់ហើយ ​ដើម្បីទៅស្រុកកំណើត​ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ ប៉ុន្ដែ​គ្មានប្រាក់​សូម្បីតែថ្លៃធ្វើ​ដំណើ​រ​។

លោក​ប៉ាវ ស៊ីណា និយាយ​ក្នុង​សំដីដើមថា៖ «ចំពោះខ្ញុំយល់ឃើញថា ករណី​នេះ មន្រ្តី​​ពា​ក់​ព័ន្ធ​ត្រូវ​​ចាត់​​វិធា​ន​​​ការឱ្យ​​បាន​តឹង​រឹង​ចំពោះទ​ង្វើរ​បស់​ថៅកែ​នេះ កុំ​ឱ្យ​​រួច​ផុត​ពី​ការ​​ទទួ​លខុ​ស​ត្រូវ​របស់​ខ្លួន»

លោក​បន្ដ​ថា ការ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ ​គឺ​ធ្វើ​ឱ្យ​ប៉ះពា​ល់ដ​ល់​​ជីវភាព​​រស់​នៅ​​របស់​​ពួក​គាត់ធ្ង​ន់​ធ្ងរ ពិសេស​គឺ​ពលករ​ដែល​ទើប​មក​ពី​ថៃ ពួក​គាត់​អាច​មាន​សតិ​អារម្មណ៍ ហើយ​អាច​ប្រៀប​ធៀប រវាង​ការ​​ងា​រ​នៅ​ស្រុក​គេ និង​ស្រុក​ខ្លួន​ឯង​ផង​ដែរ។ ដូច្នេះ​ហើយ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ពួក​​​គាត់​​លោក​​សូម​​​ស្នើ​​ដល់​​មន្រ្តី​ជំនាញ​​ពាក់​​ព័ន្ធ ត្រូវ​ចាត់វិធាន​ការដោះស្រាយជាបន្ទាន់។

មានពលករខ្មែរជាច្រើនដែល​ទើប​វិលត្រឡប់មក​ពី​ថៃ បន្ទាប់ពីមានការ​ផ្ទុះសង្គ្រាម​​​ត្រូវបាន​គេរាយការណ៍ថា បាន​វិលត្រឡប់​ទៅ​រកការងារ​ធ្វើនៅ​ក្នុង​ប្រទេសថៃ​វិញ​ ដោយ​សារ​តែមិន​អាចរកការងារបានធ្វើ​នៅក្នុង​ប្រ​ទេ​ស​កម្ពុជា ​ឬ​ការងារ​នៅកម្ពុជា​ទទួលបានប្រាក់ឈ្នួល​ទាប​ជាដើម។ ​ក្នុង​ចំណោម​ពលករខ្មែរ​ដែល​វិល​ត្រឡប់​​ទៅ​ថៃវិញទាំង​នោះ​ មាន​​​រហូតដល់​ជាង​​៧០០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​បាន​។

លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃ នៃ​អង្គការសង់​ត្រាល់​ បាន​ថ្លែងថា បើ​​គិតនៅក្នុង​ឆ្នាំ​២០២៤​ និង​ដើម​ឆ្នាំ២០២៥ ​គឺនៅមុនពេល​ផ្ទុះសង្គ្រាម​ តាមទិន្នន័យ​ដែល​អង្គការសង់ត្រាល់​ទទួល​បានគឺ​មាន​ពលករ​ខ្មែរ​ទៅធ្វើការ​​ នៅ​​ក្នុង​ប្រទេសថៃប្រមាណជាង ២លាន​នាក់។ ពលករខ្មែរ​​ទាំងនោះ​​​ធ្វើការ​លើវិស័យ​កសិកម្ម ឧស្សាហកម្ម​ រោងចក្រ ​សេវាកម្ម និង​វិស័យ​សំណង់ជាដើម ​ក្នុង​​នោះ​​អ្នក​​ធ្វើការ​​ក្នុង​​វិស័យ​​សំណង់​មាន​ជាង ៣៦ភាគរយ។

ចំណែក​ទាក់ទង​ទៅនឹងសំណួរថា តើមានកក្តាអ្វីខ្លះដែល​ពលរដ្ឋខ្មែរ​មួយចំនួន​ត្រឡប់​មក​កម្ពុជា​វិញ ​ហើយ​បែរ​​ជាវិល​ត្រឡប់​ទៅ​ថៃវិញ​ទាំង​ប្រថុយ​ប្រថាន?។

លោកថា៖ «បងប្អូន​ដែល​គាត់ធ្លាប់រស់នៅថៃកន្លងមក គឺគាត់​ចិត្តមិន​ដាច់​ទេក្នុងការ​រស់នៅ​ធ្វើ​ការ​នៅក្នុង​ស្រុក​ថៃ។​ បើយើងនិយាយ​ទៅដល់គុណភាពជីវិត ​គុណភាព​ការងារ និយាយ​ទៅដល់​ការគ្រប់គ្រងរបស់រដ្ឋ សង្គម​មួយ គេត្រូវ​ការអភិបាល​កិច្ចល្អ​ បើសិនជាប្រទេសខ្មែរមានការ​អភិវឌ្ឍ ហើយ​មាន​អភិបាល​កិច្ចល្អទាក់​​​ទង​​ការងារ ​ជាពិសេស​លើកកម្ពស់គុណភាព​ជីវិតឱ្យ​ប្រជាពលរដ្ឋ​​មាន​ប្រាក់ឈ្នួលត្រឹមត្រូវ មានការ​គ្រប់​​គ្រង​ដោយ​រដ្ឋ​​ត្រឹមត្រូវ​ គ្រប់ផ្នែក​ដែល​យើង​ហៅថាអភិបាល​កិច្ចល្អហ្នឹង​ ខ្ញុំគិតថា​ ប្រជាពលរដ្ឋ​មិន​វិលត្រឡប់​​​មក​រកការងារនៅក្នុង​ប្រទេស​ថៃទេ»

បើតាម​លោក សុផុន ក្នុង​កំឡុង​មានសង្គ្រាមក្តៅគគុកកន្លងមកនេះ ​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨០ភាគរយ​ក្នុង​​​​ចំណោម​ប្រមាណ​ជាង២លាន​នាក់ ​ដែល​ធ្វើការ​និងរស់នៅក្នុង​ប្រទេស​ថៃ​ បាន​​វិល​ត្រឡប់ទៅកម្ពុជា​វិញ ប៉ុន្តែ​មាន​​​មួយ​ចំនួន​ដែល​បាន​ទៅដល់​កម្ពុជា​ហើយ ក៏បាន​វិល​ត្រឡប់​មក​រកការងារ​ធ្វើនៅ​ថៃវិញ​​ជាបន្តបន្ទា​ប់​​​ផង​​ដែរ​ ដោយ​គ្រាន់​តែក្នុង​រយៈ​ពេលជាង​ពីរខែ ​គឺចាប់​ពី​ខែកក្កដា​ដល់​ដើម​ខែ​កញ្ញា ​​មាន​​ពលករខ្មែរជា​ង​​៧០០​​នាក់ ​ត្រូវអាជ្ញាធរ​ថៃ​​​ចាប់​​ឃាត់​ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ