អាជ្ញាធរ​ផ្អាក​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប​ដោយ​សារ​ជំ​នន់​ទឹក​ភ្លៀង

អាជ្ញាធរ​ខេត្ត​សៀម​រាប បាន​ប្រកាស​ថា ខ្លួន​សម្រេច​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​លើកំ​ណាត់​ផ្លូវ​មួយ​ខ្សែ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ដែល​កំពុង​ហក់​ឡើង​ខ្លាំង។

នេះបើ​តា​ម​លិខិត​ជូន​ដំណឹង​របស់ម​ន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា ​ឆ្នាំ​២០២៥ «ស្តី​ពី​ការ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​លើកំ​ណាត់​ផ្លូវ​ខេត្ត​៦២-៣ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប ជា​បណ្តោះ​អាសន្ន»។

ប្រភពនោះ បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​ផ្អាក​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ខាង​លើ ដោយ​សារ​ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ បាន​និង​កំពុង​ជន់​ឡើង​ខ្លាំង ធ្វើ​ឱ្យ​លិច​លង់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ។

ក្នុង​ន័យ​នេះ មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប សូម​ធ្វើការ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៦២-៣ (បេង​មាលា-ខ្វាវ) ជា​បណ្តោះ​អាសន្ន រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សារ​ជា​ថ្មី។

ជុំវិញ​បញ្ហា​អាកាស​ធាតុ​នេះ​ដែរ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម បាន​​ឱ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា កម្ពុជា​នឹង​បន្ត​រង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាង​ត្បូង បង្ក​ប៉ះ​ពាល់​ដល់​តំបន់​វាល​ទំនាប តំបន់​ខ្ពង់​រាប និង​តំបន់​មាត់​សមុទ្រ។

បើតាម​ក្រសួង ខេត្ត​បន្ទាយ​មាន​ជ័យ បាត់​ដំបង ពោធិ៍​សាត់ កំពង់​ឆ្នាំង សៀម​រាប កំពង់ធំ កំពង់​ចាម ត្បូង​ឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង​រាជធានី​ភ្នំពេញ មាន​បរិមាណ​ទឹក​ភ្លៀង​កើន​ឡើង​យ៉ាង​ខ្លាំង និង​ខ្យល់​កន្ត្រាក់​​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​៦០%។

រីឯខេត្ត ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមាន​ជ័យ ព្រះវិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌល​គិរី ជួរភ្នំដងរែក និងតំបន់​ជួរ​ភ្នំ​ក្រវាញ ទឹក​ភ្លៀង​កើន​ឡើង​យ៉ាង​ខ្លាំង​ដូច​គ្នា និង​ខ្យល់​កន្ត្រាក់​គ្រប​ដណ្តប់​លើ​ផ្ទៃដី​​៧០%។

ចំណែកតំបន់មាត់សមុទ្រ ដូច​ជា ខេត្ត​កោះកុ​ង ព្រះសីហនុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ មាន​បរិមាណ​ទឹក​ភ្លៀង​កើន​ឡើង​យ៉ាង​ខ្លាំង និង​មាន​ខ្យល់​បោក​បក់​ខ្លាំង​ជាមួយ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​៧០%។ រលក​សមុទ្រ​ខ្លាំងៗ មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ។

បញ្ហានេះ ក្រសួងអំពាវនាវដល់​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាពិសេស​បង​ប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក និង​​ផ្លូវ​ទឹក ហើយ​ក្រសួង​នឹង​បន្ត​ធ្វើការ​តាម​ដាន និង​ជម្រាប​ជូន​ជា​បន្ត​បន្ទាប់​ទៀត ក្នុង​ករណី​មាន​ការ​ប្រែ​ប្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ