អង្គការ​ BBC Media Action នឹង​​ផ្អាក​​ដំណើកា​រ​​​ចាប់​ពី​ដើម​​​ខែ​​តុលា ដោយ​សារ​​កង្វះ​ថវិកា

អង្គការ​​ ប៊ីប៊ីស៊ី មេឌា អាកសិន (BBC Media Action) បាន​​ប្រកាស​​ពី​​ការ​​ផ្អាក​ដំណើការ​​ការិយា​​ល័យ​​​​របស់ខ្លួន នៅ​​កម្ពុជា ចាប់​ពី​ដើម​​​ខែ​​តុលា ឆ្នាំ​​២០២៥​នេះ ដោយ​សារ​​កង្វះ​​ខាត​​ថវិកា ប៉ុន្តែនៅ​​​​​ដំណើ​ការ​​ផ្នែក​​រដ្ឋបាល​​តិច​តួច ដោយ​​សង្ឃឹម​ថា ស្ថាប័ន​​នេះ​​នឹង​បន្ត​​ដំណើការ​​ឡើង​​វិញ​​នៅពេល​​អនាគត។​

នេះ​បើតាម​​​លិខិតរបស់ការិយាល័យសកលនៃ BBC Media Action ផ្ញើជូនអង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និងអន្តរ​ជាតិ និង​ដៃគូអភិវឌ្ឍន៍នៅកម្ពុជា កាលពី​ថ្ងៃទី១៧ ខែកញ្ញា និង​ត្រូវ​បាន​យក​មកចុះ​​ផ្សាយ​ដោយ​​សារព័ត៌មាន Kiripost នៅថ្ងៃទី​១៨ខែ​កញ្ញា។

ប្រភពដដែល បានឱ្យ​ដឹងថា ការិយា​ល័យ​សកល​នៃ​ BBC Media Action បាន​ប្រកាស​ពីការ​ផ្អាក​ដំណើការ​​​​ការិយាល​របស់ខ្លួន​ប្រចាំនៅ​កម្ពុជា​ ចាប់ពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២៥ តទៅ ដោយសារ​​​កង្វះ​ថវិកា និង​ប្រាក់​ចំណូល​បណ្តោះ​អាសន្ន។

លោក Md. Al Mamun នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវ​បានប្រភពដដែឡ​​​ស្រង់សម្តីមក​ចុះផ្សាយ​​ថា៖ «អង្គការ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​បេសក​កម្ម​របស់​ខ្លួន ហើយ​យើង​កំពុង​ស្វែង​រក​នូវ​ឱកាស ដើម្បី​ទទួល​បាន​មូល​និធិ និង​ធន​ធាន ដែល​អាច​ឱ្យ​យើង​បន្ត​ប្រតិ​បត្តិ​ការ​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាពេល​អនា​គត»។

លោក​បន្តថា ក្នុង​អំឡុង​ពេល​ផ្អាក​ដំណើការ​​នេះ ការិយា​ល័យរបស់ខ្លួន ​នឹង​បន្តមុ​ខ​ងារ​រដ្ឋ​បាល​តិច​តួច​បំផុត ដើម្បី​ធានា​បាន​នូវ​ដំណើរ​ការ​នៃ​អង្គការ។

លោក Md. Al Mamun បានគូសបញ្ជាក់​បន្ថែមក្នុងលិខិត​នោះ​​​​ថា៖ «ប្រសិន​បើ​ការ​ផ្តល់​មូល​និធិ អាច​មាន​ឡើង​វិញ យើង​នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ឡើង​វិញ​ភ្លាមៗ ហើយ​បន្ត​គោល​ដៅ និង​គំនិត​ផ្តួច​ផ្តើម​រួម​រប​ស់​យើ​ង ឆ្ពោះ​ទៅ​រ​ក​ការ​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជមាន»។

គួរបញ្ជាក់ថា BBC Media Action បាន​​ដំណើការអស់​រយៈ​ពេល ២២​ឆ្នាំ ដោយ​បានបំពេញ​បេស​កកម្ម​គាំ​ទ្រ​​ដល់ការ​ចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន និង​​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន។  BBC Media Action បានដើរតួនាទីយ៉ាងសំ​ខាន់ ក្នុងការរៀបចំសង្គមកម្ពុជា​ ចាប់​តាំងពីឆ្នាំ២០០៣ ដោយ​ផ្តោត​លើ​សុខ​ភាព សិទ្ធិ​ផ្លូវ​ភេទ ​ការ​បន្ត​ពូជ និង​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ