ក្រុមហ៊ុនស្រាបៀរ​ហនុមាន​ពង្វ​ក់​យុវជន​ឱ្យ​សេព​គ្រឿង​ស្រវឹង​ចំពេល​ថៃ​ឈ្លាន​ពាន​កម្ពុជា

សឹង​តែ​ជា​ទម្លាប់​ទៅ​ហើយ ឱ្យ​តែដ​ល់​រដូវ​បុណ្យ​ទាន ដែល​ជា​ឱកាស​មាស ក្នុង​ការ​កើប​លុយ​ម្ដងៗ ក្រុម​ហ៊ុន​ស្រាបៀរ​​នៅ​កម្ពុជា តែង​តែ​ច្នៃ​ប្រឌិត​គំនិត​ធ្វើ​ទីផ្សារ​ប្លែកៗ​ ដើម្បី​ទាក់​ទាញ​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន​ ឱ្យ​មក​គាំទ្រ​យីហោ​​ស្រា​បៀរ​របស់​ពួក​គេ។

ជាក់ស្ដែង នៅក្នុងរដូវពិធីបុណ្យភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ស្រាបៀរ​ហនុមាន បាន​ប្រើប្រា​ស់​យុទ្ធ​សាស្ត្រ​ទីផ្សារ​ដ៏​ថ្មី​ស្រឡាង​មួយ ដោយ​ទាក់​ទាញ​ឱ្យ​យុវជន និង​ប្រជា​ពលរដ្ឋ​សាក់​រូប​អក្សរ​យីហោ​ស្រាបៀរ នៅ​លើ​ខ្លួន​របស់​ពួក​គេ ដើម្បី​ទទួល​បាន​កាដូ​ស្រាបៀរ ១០​កេស ដែល​កម្ម​វិធី​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត។

ពលរដ្ឋនៅរាជធានីភ្នំពេញ កញ្ញា ដេត ណារី ប្រាប់​វីអូឌី​ថា នៅ​ក្នុ​ង​ស្ថាន​ភាព​ដែល​ប្រទេស​ជាតិ​​កំពុង​ជួប​គ្រោះ​ថ្នាក់ និង​ត្រូវ​ការ​កម្លាំង​ធន​ធាន​មនុស្ស​នោះ ក្រុម​ហ៊ុន​ស្រាបៀរ​នៅ​កម្ពុជា មិន​ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ហួស​ហេតុ ដោយ​ពង្វក់​ប្រជាពលរដ្ឋ​បែប​នេះ​ឡើយ។ កញ្ញា​បន្ត​ថា ការ​ទាក់​ទាញ​ឱ្យ​ពលរដ្ឋ​ទទួល​ទាន​គ្រឿង​ស្រវឹង គឺ​ប្រៀប​បាន​ទៅ​នឹ​ងកា​រ​ចូល​រួម​បំផ្លាញ​សង្គម​ជាតិ តាម​រយៈ​ការ​បំផ្លាញ​ធន​ធាន​មនុស្ស​​ បំផ្លាញ​សុខ​ភាព និង​ស្មារតី​របស់​ប្រជា​ពលរដ្ឋ។

កញ្ញា ដេត ណារី និយាយ​ថា​៖ «ក្រុមហ៊ុន​ដែល​ធ្វើ​ទីផ្សារ​ទាក់ទ​ង​នឹង​គ្រឿង​ស្រវឹង សូម​គិត​ឡើង​វិញ មិន​ថា​ក្នុង​រយៈ​ពេល​នេះ ឬ​រយៈ​ពេល​ណា​ក៏​ដោយ គឺ​គ្រឿង​ស្រវឹង​អា​ចប៉ះ​ពា​ល់​ដល់​សុខ​ភាព ទាំង​ប្រុស​ទាំង​ស្រី មិន​ថា​វ័យ​ប៉ុណ្ណា​នោះ​ទេ។ ហើយ​រឿង​នេះ ក៏​ជា​គំរូ​អាក្រក់​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ ដែល​គាត់​រៀ​ន​ចេះដឹង​ទៅ គាត់​គិត​ឃើញ​បែ​ប​ហ្នឹង យើង​គួរ​តែ​ខ្មាស​ក្មេង​ហើយ ដែលយើ​ង​បាន​បង្កើត​គំរូ​អាក្រក់​ដល់​ក្មេង​ជំនាន់​ក្រោយ»។

ការរិះគន់របស់យុវតីរូបនេះ ធ្វើឡើងបន្ទាប់ពី​មាន​ការ​ជជែក​ និង​​រិះ​គ​ន់​នៅ​​តាម​បណ្តាញ​សង្គម​ ចំពោះ​​​ការផ្សាយ​ពាណិជ្ជ​កម្ម​​ស្រាបៀរ របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះថា​ «ហនុមាន» ដោយ​អ្នក​គ្រប់​គ្រង​កម្មវិ​ធី​របស់​ក្រុម​ហ៊ុន​​មួយ​នេះ បាន​​​​​បង្កើត​កម្មវិ​ធី ដើម្បី​ទាក់​ទាញ​ឱ្យ​យុវជន ទៅ​ចាក់​សាក់​ឈ្មោះក្រុ​ម​ហ៊ុន​របស់​ខ្លួន ដើម្បី​ប្តូរ​​យក​​រង្វាន់​ជា​​ស្រាបៀរ​​ចំនួន ១០កេស ដែល​កម្ម​វិធី​នេះ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ។

ក្រោយផ្ទុះការរិះគន់ ក្រុម​ហ៊ុន អ៊ីអន ម៉ល បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​អនុញ្ញាត និង​មិន​បាន​ដឹង​ពីកា​រប​ង្កើត​កម្មវិធី​ចាក់​សាក់​នេះ​ឡើយ ដោយ​ដំបូង​ឡើយ​ក្រុម​ហ៊ុនស្រា​បៀរ ហនុមាន ស្នើ​សុំ​ត្រឹម​បង្កើត​កម្ម​វិធី​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​របស់​អតិថិជន​ដែល​ប្រើ​រួច យក​មក​ដូរ​យក​អាវ​យឺត​ថ្មី​របស់​ហនុមាន​តែ​ប៉ុណ្ណោះ។

មកទល់ពេលនេះ ​ក្រុម​ហ៊ុន​ស្រាបៀរ ហនុមាន នៅ​មិន​ទាន់​មាន​ការ​ចេញ​ស្រាយ​បំភ្លឺ​ណា​មួយ​នៅ​ឡើយ​ទេ។

ម្ចាស់​ក្រុមហ៊ុនស្រាបៀរ​ហនុមាន​​(Hanuman) គឺ​លោក ម៉ឹង ពន្លក មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ភស្ដុភារ ហិរញ្ញ​វត្ថុ ក្រសួង​ការ​ពារ​ជាតិ ដែល​មាន​ឋានន្តរ​ស័ក្ដិ​ថ្នាក់​ឧត្តម​សេនីយ៍​ឯក ពាក់​ផ្កាយ​៣។ លោក​ត្រូវ​​​ជាកូន​​​របស់​​ឧត្តម​សេនីយ៍​ឯក ពាក់​​ផ្កាយ​​បី លោក ម៉ឹង សំផន ដែ​ល​​​ជា​​អតីត​​ដន្លង​​របស់​​លោក ហ៊ុន សែន និ​ង​​​ជា​​រ​ដ្ឋម​ន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋមន្ត្រី និង​​ជា​​រដ្ឋ​លេខាធិការ​​ក្រសួង​​ការពារ​ជាតិ។ ចំណែកប្រពន្ធរ​បស់​លោក ម៉ឹង ពន្លក ​​គឺអ្ន​ក​ស្រី ខៀវ សស៊ីលៀប គឺ​ជា​អគ្គ​នាយិកា​​ក្រុមហ៊ុន​​ស្រាបៀរ​​ហនុមាន និង​​ជា​​​ដៃគូ​​ជំនួញ​​ជាមួយ​​នឹង​​កូន​ស្រី​រ​បស់​​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។ ​

ទោះជាយ៉ាងណា នៅក្នុង​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​​ថា កូនៗ​​របស់​​ម្ចាស់​​ក្រុម​ហ៊ុន​​ស្រាបៀរ​​ហនុមាន ចំនួន​​២នាក់ កំពុង​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រាបៀរ​​យ៉ាង​​សកម្ម​​លើ​​បណ្ដាញ​​សង្គម​ រួម​មាន​ កូន​ពៅ​​ម្ចាស់​ក្រុម​ហ៊ុន​​ស្រាបៀ​រ​ហនុមាន លោក ផន មុតច័ន្ទ​ឧត្តម ដែល​មាន​​​ឈ្មោះ​​​ហៅ​​ក្រៅ​​ថា អ៊ីរីក (Erich) និង​ប្រពន្ធ​របស់​​កូន​​ច្បង លោក ផន មុត​សុក្រ​ឆពណ្ណ មាន​​ឈ្មោះ​​ក្រៅ រីកឈី (Richie) គឺ​​អ្នក​ស្រី តាំង ប៉ោហ្គិច ហៅ ចេត (Jade)។ ​អ្នក​ស្រី តាំង ប៉ោហ្គិច ហៅ ចេត ជា​​កូន​​បង្កើត​​ឧកញ៉ា តាំង គីម​ថុង និង​​អ្នក​ស្រី​ ស៊ុយ សុផាន់ ដែល​​ជា​ម្ចាស់​​ក្រុមហ៊ុន ផានអីមិច គ្រុប។

លោក មុតច័ន្ទឧត្តម ហៅ អ៊ីរីក (Erich) ជាញឹក​ញាប់ តែង​​បង្ហាញ​​មុខ​​ក្នុង​​វីដេអូ​​ដាក់​​រង្វាន់​ក្នុង​​កំប៉ុង​​ស្រាបៀរ​​លើ​​បណ្ដាញ​​សង្គម​​ជាច្រើន ​ដូច​ជា ហ្វេស​ប៊ុក (Facebook) និង​​តិក​តុក (Tiktok) ជាដើម ដោយ​លោក​​​បាន​​ជួល​បុគ្គល​​ល្បីៗ​ នៅ​លើ​​ពិភព​​លោក ឱ្យ​មក​ផ្សព្វ​ផ្សាយ​ផលិត​ផល​ស្រាបៀរ​របស់​លោក។

ជាឧទាហរណ៍ កន្លងទៅ លោក​បាន​ជួល​​អ្នក​​កាត់​​សក់​​ដ៏​​មាន​​ប្រជាប្រិយ​ភាព​​ម្នាក់ ​ឈ្មោះ ជេ ប៊ី (Jbwaysfresh) ​​ឱ្យ​មក​ផ្សព្វ​ផ្សាយ​​ស្រាបៀរ តាម​​រយៈ​​សកម្មភាព​​កាត់​​សក់​​ឱ្យ​​លោក ខណៈ​​លោក​​អង្គុយ​លើ​​សាឡុង​​រៀប​ចំ​​ដោយ​​ស្រាបៀ​រ​នៅ​ក្នុង​ឃ្លាំង ដោយ​លោក ជេ ប៊ី បាន​​គាស់​​កំប៉ុង​​ស្រាបៀរ​ត្រូវ​រង្វាន់ និងបង្ហោះ​​ក្នុង​​បណ្ដាញ​​សង្គម​​តិក​តុក (Tiktok) ហើយ​​មាន​​អ្នក​ទស្សនា​​ជិត​​៣០​លាន​​នាក់។

ចំណែក​​ឯ កូន​​ប្រសារ​​ក្រុម​ហ៊ុន​​ស្រាបៀរ​​ហនុមាន​​វិញ ​អ្នក​ស្រី តាំង ប៉ោ​ហ្គិច ហៅ ចេត (Jade) ក៏​​បាន​​ព្យាយាម​​ផ្សព្វ​ផ្សាយ​​ស្រាបៀរ​​នេះ​​ដែរ ដោយ​អ្នក​ស្រី​បាន​​បង្ហាញ​​សកម្មភាព​​គាស់​​ក្រវិល​​កំប៉ុង​ ដើម្បី​​ផឹក និង​​អ៊ុត​​មើល​​រង្វាន់ ព្រម​​ទាំង​​សកម្មភាព​​ដាក់​​រង្វាន់​​ចូល​​ក្នុង​​កំប៉ុង​​ស្រាបៀរ​ជាដើម។

ក្រៅពី​នេះ កាល​ពី​ដើម​ឆ្នាំ​២០២៤ ក្រុម​ហ៊ុន​ស្រាបៀ​រ​ហនុមាន បាន​​អញ្ជើញ​​កំពូល​​កីឡាករ​​ប្រដាល់​​សាកល​​ជន​ជាតិ​ហ្វីលី​ពីន (Philippines) លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) ដើម្បី​​មក​​​ធ្វើ​​ជា​​​ទូត​​សុឆន្ទៈ (BA) ឱ្យ​ផ្សព្វ​ផ្សាយ​​ស្រាបៀរ​​នេះ​​ទៀត​ផង។

ក្រៅ​​ពី​​ក្រុមហ៊ុន​ស្រាបៀរ​​ហនុមាន មាន​ក្រុមហ៊ុន​ស្រាបៀ​រ​ផ្សេង​ទៀត ​ដូច​ជា ក្រុម​ហ៊ុន​​ស្រាបៀរ​គ្រុឌ (Krud) ស្រាបៀ​រ​​ហ្គេនស៍ប៊ឺត (Ganzberg) និង​ស្រាបៀរ​​​កម្ពុជា​ ជាដើម កំពុង​​​ប្រើ​ប្រាស់​​បណ្ដាញ​​សង្គម​នានា និងជួ​លអ្ន​ក​សិល្បៈ ដើម្បី​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រាបៀ​ររបស់​​ខ្លួន​ផង​​ដែរ។

ក្រុមហ៊ុន​ស្រាបៀ​រ​ទាំង​នេះ តែង​ជួល​អ្នក​មាន​ប្រជាប្រិយភាព​ ដូច​ជា ​តារា​ចម្រៀង តារា​​សម្ដែង សិល្បករ និង​​អ្នក​​ផលិត​​មាតិកា​​តាម​​អ​ន​ឡាញ​​ជាដើម ដោយ​ប្រើ​​ប្រា​ស់​រូបភា​ព​​ជា​​អ្នក​​ឧបត្ថម្ភ​កម្មវិធី​​នានា ​តាម​​ប៉ុស្តិ៍​​ទូរ​ទស្សន៍ ដូច​ជា កម្មវិធី​​ប្រគុំ​​តន្ត្រី និង​​កម្មវិ​ធី​​ប្រដាល់​​ជាដើម ដើម្បី​​ផ្សាយ​​ពាណិជ្ជ​កម្ម​​ស្រាបៀរ និង​​ផលិត​ផល​ផ្សេង​ទៀត​​របស់​​ខ្លួន។ លើស​​​ពី​​នេះ ជារឿយៗ​​ក្រុម​ហ៊ុន​​ស្រាបៀរ​​ខ្លះ​​ទៀត ថែម​ទាំង​​ឧបត្ថម្ភ​​ស្រាបៀរ​​រាប់​​រយ​កេស ដល់​​អាជ្ញាធរ​​តាម​​ស្ថាប័ន​​រដ្ឋ​​​ទៀត​ផង។ លើស​ពី​នេះ ពួក​គេ​​បា​ន​​ប្រើ​ប្រាស់​​រង្វាន់​​ជាច្រើន​ប្លែកៗ ដើម្បី​​ទាក់​ទាញ​​ពលរដ្ឋ​​​ឱ្យ​​ផឹក​​ស្រា​បៀ​រ​របស់​​ពួក​គេ ដូច​ជា រង្វាន់​​ឡាន ម៉ូតូ និង​​ទឹក​ប្រាក់​​ប្រចាំ​ខែ​​ជាដើម។

យ៉ាង​ណា​ក៏ដោ​យ​ចុះ មិន​ត្រឹម​តែ​អ្នក​សិល្បៈ ​អ្នក​​ផលិត​​មាតិកា​​តាម​​អន​ឡាញ និង​​បុគ្គល​​ល្បីៗ​ នៅ​លើ​​ពិភព​​លោក​នោះ​ទេ ដែល​ស៊ី​ឈ្នួល​ប្រូម៉ូត​ឱ្យក្រុ​ម​ហ៊ុន​ស្រាបៀរ​ទាំង​នេះ ក៏​ប៉ុន្តែ សូម្បី​គ្រួសារ​មេដឹក​នាំ​កម្ពុជា ដែល​ជាញឹក​ញាប់ ក៏​បាន​បង្ហាញ​មុខ​នៅក្នុ​ង​កម្មវិធី​សម្ភោធ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​ដែរ។

ទំនង​ដោយ​សារ​ស៊ី​ខ្សែ​ខាង​ម្ចាស់​ក្រុម​ហ៊ុន​ស្រាបៀរ​បែប​នេះ​ហើយ ទើប​ប្រធាន​ព្រឹ​ទ្ធ​សភា និង​មេបក្ស​កាន់​អំណាច លោក ហ៊ុន សែន ​​បាន​ប្រកាស​​​​​បណ្តេញ លោក​ស្រី ធី សុវណ្ណ​ថា ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ និ​ង​ពី​តំណែង​អភិ​បាល​​​រង​ក្រុង​អរិយ​ក្សត្រ បន្ទាប់​ពី​អតីត​ចៅធម៌​រូប​នេះ បង្ហោះ​សារ​នៅ​លើ​​ហ្វេស​ប៊ុក​ថាទាហាន​​ជួរ​មុខ​ភាគ​ច្រើន​មាន​ជំងឺ​​លើ​ស​ឈាម​ ទឹក​នោម​ផ្អែម ក្រពះ និង​ថ្លើម ដោយ​សារ​ផឹក​ស្រា​ច្រើន​ពេក​។

ពលរដ្ឋ​ម្នាក់​ទៀត គឺលោក ជុំ ឧទិត្យ សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ផលិត​ស្រាបៀរ​នៅក​ម្ពុជា បាន​ក្រកួត​ប្រជែង​ក្រឡុក​ទីផ្សារ ដើម្បី​ដណ្ដើម​អតិថិជន អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន បាន​បង្កើត​ទម្លាប់​យក​ស្រាបៀរ​ធ្វើ​ជា​ភេសជ្ជៈ នៅ​ពេល​ជួប​ជុំ​គ្នា​ម្ដងៗ។ លោក​បន្ត​ថា ការណ៍ដែល​ក្រុម​ស្រាបៀរ​ទាំង​នេះ អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពង្វក់​ពលរ​ដ្ឋ​បែប​នេះ​បា​ន គឺ​ដោយ​សារ​ម្ចាស់​ក្រុម​ហ៊ុន​ទាំង​នោះ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​មេដឹក​នាំ​កម្ពុជា ដោយ​ពួក​គេ​តែង​តែ​ចូល​លុយ​ជួយ​ដល់​គណបក្សប្រជាជន​កម្ពុជា ជា​ប្រចាំ ក្នុង​ទម្រង់​ជា​ការ​បរិច្ចាគ។

លោក ជុំ ឧទិត្យ និយាយ​ថា​៖ «ទាំងសម្ដេចពុក និងសម្ដេចកូន បាន​ចេញ​មុខ​មក​ជួយ​ប្រូម៉ូត​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ស្រាបៀរទាំ​ង​ហ្នឹង​ទៀត។ រឿង​ស្រា​នេះ​មួយ មិន​បាច់​ខំប្រឹង​ផ្សាយ ក៏​នៅ​តែល​ក់​ដាច់​ដែរ​ ដោយ​សារ​សព្វ​ថ្ងៃ សូម្បី​តែ​ក្មេង ក៏​ស្គាល់​អស់​ហើយ​យីហោ​ស្រាបៀរទាំង​អស់​ហ្នឹង​ដែរ ហើយ​ពួក​គេ​ខ្លះ​ចេះ​ផឹ​ក​ស្រា​តាំង​តែ​ពី​អាយុ​១៣ ទៅ​១៤​ឆ្នាំ​ទៅ​ហើយ​ហ្នឹង។ កត្តា​នេះ នឹង​ធ្វើ​កម្ពុជា​ខាត​បង់​ធន​ធាន​មនុស្ស និងធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​សង្គម​ជាតិ ដើរ​យឺត​ជា​ង​ប្រទេស​ដែល​មាន​ធន​ធាន​មនុស្ស​ខ្លាំង»

ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​នេះ កន្លងទៅ ក្រសួង​​សុខាភិ​បាល បាន​​ប្រកាស​​ថា ជាតិ​​អាល់​កុល ដែល​​មាន​​នៅ​ក្នុង​​ផលិតផល​​គ្រឿង​ស្រវឹង​ ធ្វើ​ឱ្យ​​ប៉ះ​ពា​ល់​​ដល់​​សុខ​ភាព និង​​ប្រឈម​​នឹង​ជំងឺ​​ក្រិន​​ថ្លើម ជំងឺ​​មហារីក ប្រព័ន្ធ​​ភាព​​ស៊ាំ​​ចុះ​​ខ្សោយ ជំងឺ​​បេះ​ដូង សរសៃ​​ឈាម និង​​ក្លាយ​​ជា​​​អ្នក​ញៀន​​គ្រឿង​​ស្រវឹង​​ជាដើម។

ចំណែក រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌​មាន លោក នេត្រ ភក្ដ្រា ធ្លាប់​បាន​​ចេញ​​លិខិត​ស្ដីពី​​ការ​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជក​ម្ម​ផលិត​ផល​​គ្រឿង​ស្រវឹង​​ ដោយ​​ស្នើ​​​ឱ្យ​​ម្ចាស់​​​ក្រុមហ៊ុន​​សេវាកម្ម​​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​ទាំង​អស់ មិនឱ្យ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្ដល់​រង្វាន់ និងហាម​យក​ស្ត្រី និង​អនីតិជន​ក្រោម​១៨​ឆ្នាំ មក​ផ្សាយ​ពាណិជ្ជកម្ម ជាដើម។ ក៏ប៉ុន្តែ សេចក្ដីហាមប្រាមទាំងនេះ មិនត្រូវបានក្រុមហ៊ុនស្រាបៀរ យកទៅអនុវត្តនោះឡើយ​។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា ការ​​​ធ្វើ​ទីផ្សា​រ​របស់​ក្រុម​ហ៊ុន​ស្រាបៀរមួយ​នេះ គឺ​គិត​ពី​ប្រយោជន៏​ផ្ទាល់​ខ្លួន​ជាង​ប្រយោជន៍​សង្គម​ជាតិ។ លោក​បន្ត​ថា ក្នុង​​ពេ​​ល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ជាមួយ​ប្រ​ទេស​ជិត​ខាង ពលរដ្ឋ ពិសេសយុ​វជន​​​ គឺ​ត្រូវ​ថែរ​ក្សា​សុ​​ខភា​​ព​ដើ​ម្បី​ត្រៀ​​មចូ​ល​រួម​ដោះស្រា​យ​បញ្ហា​កំពុង​ប្រឈម មិន​មែន​ជា​ពេល​ដែល​ក្រុម​ហ៊ុន​ស្រាបៀរ បង្កើត​​កម្ម​វិធី​ឱ្យ​ពលរ​​ដ្ឋ​ចាក់​សាក់​ ដើម្បី​បាន​ស្រា​ផឹក​ទាំ​ង​កេសៗ​ឡើយ។

លោក សេក សុជាតិ ថ្លែង​ថា៖ «បញ្ហានៅព្រំដែនគឺជារឿង​សំខាន់ ហើយ​ក្រុម​ហ៊ុន​ទាំង​អស់ គួរ​តែ​បង្វែ​រ​ស្ថាន​​ភា​​ព​លើក​ទឹក​ចិត្ត ផ្ដល់​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ ដែល​រស់​​នៅ​តា​ម​តំបន់​ព្រំដែ​ន​ដែល​​កំពុង​​ជួ​​ប​វិបត្តិ​ប្រសើរជាជា​ង​ការ​មក​ពង្វក់​យុវជន ដែល​ជា​សរសរ​ទ្រូង ហើយ​និង​ជា​​ធន​ធាន​បម្រុ​ង​សម្រា​​ប់ទ​ប់​​ទល់​ជាមួយ​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស»  

របាយការណ៍​របស់ វ៉ៃស៍ វ៉ូតធ័រ (Wisevoter) កាលពី​ឆ្នាំ២០២៣ រក​ឃើញ​​ថា កម្ពុជា​​ឈរ​​​នៅ​លេខ​​រៀងទី១ ក្នុង​តំបន់​អាស៊ាន ដែល​​មា​ន​ប្រជាជន​​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាង​គេ ខណៈ​របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ គីរិន (Kirin) ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ពីរ​ពាន់​បី​រយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ស្រាបៀរ​​ដោយ​​ពលរដ្ឋ​ម្នាក់ៗ ទទួល​ទាន​ស្រាបៀរ​​ប្រមាណ ៧២​​លីត្រ​​ក្នុង​មួយឆ្នាំ។

ទោះជាបែបនេះក្ដី កន្លងទៅ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់អះអាងថា «រកលុយមកដើម្បីផឹកស៊ី បើរកបានមកហើយមិនផឹក តើរកដើម្បីអី» ដែលសុភាសិតនេះ ហាក់បានក្លាយជាការលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ទទួល​ទានគ្រឿងស្រវឹងដោយបើកចំហទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ