រដ្ឋាភិបាលគ្រួសារហ៊ុន រងការរិះគន់ថា កំពុងត្រៀមកម្លាំងទ័ពទុកបង្រ្កាបខ្មែរស្រឡាញ់ទឹកដី ដើម្បីបុព្វហេតុរក្សាអំណាចតត្រកូល តែមិនហ៊ានតតាំងជាមួយសត្រូវឈ្លានពាន បើទោះជាពេលនេះពលរដ្ឋបានស្រុះដៃគ្នាទប់ទល់នឹងថៃឈ្លានពាន រហូតមានទាំងព្រះសង្ឃផងរងរបួស ក្នុងបុព្វហេតុការពារទឹកដីក្តី ។
ការរិះគន់នេះ ក្រោយទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា បានបង្ហោះរូបភាពកងកម្លាំងដាក់ពង្រាយនៅភ្នំពេញ ដោយរំលេចសារថា កម្លាំងអន្តរាគមន៍ពិសេស ដើម្បីការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងត្រៀមអន្តរាគមន៍នៅពេលមានសភាពការណ៍ចាំបាច់។
ការដាក់ពង្រាយកម្លាំងនេះ ក៏ចំពេលពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ យ៉ាងតិច២៨នាក់ រួមទាំងព្រះសង្ឃផង ត្រូវបានក្រសួងការពារជាតិ អះអាងថា រងរបួសក្រោយប្រឈមមុខជាមួយយោធាថៃដើម្បីការពារលំនៅឋាន និងដីអាស្រ័យផលរបស់ពួកគេ កាលពីថ្ងៃទី១៦ ខែកញ្ញា។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន សែន ខ្វល់តែពីអំណាចរបស់ខ្លួនជាងទឹកដី ទើបបញ្ចេញកងកម្លាំងទុកគំរាមពលរដ្ឋខ្មែរ កុំឱ្យងើបតវ៉ាដូចបណ្តាប្រទេសផ្តាច់ការមួយចំនួន មាននេប៉ាល់ក្នុងពេលថ្មីៗនេះ ជាដើម។
បើតាម លោក សំអាន ប្រជាប្រិយភាពគ្រួសារហ៊ុន កំពុងធ្លាក់ចុះយ៉ាងគំហុក ក្រោយដឹកនាំប្រទេសជាង៤០ឆ្នាំទៅនេះ ដែលបានបន្យល់ទុកជនរងគ្រោះរាប់លាននាក់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើពុករលួយ ជាពិសេសគឺបាត់ទឹកដីទៅប្រទេសជិតខាងទាំងខាងលិច និងខាងកើត។
លោកថា៖ «ត្រូវយកកងកម្លាំងប្រដាប់អាវុធដែល លោក ហ៊ុន សែន ទុកការពារអំណាចហ្នឹងទៅការពារទឹកដីពីការឈ្លានពានពីបរទេស! មិនមែនឲ្យប្រជាពលរដ្ឋទៅការពារទឹកដីខ្លួនឯងប៉ុន្តែឥឡូវនេះ បែរជាធ្វើជាប្រជាពលរដ្ឋហ្នឹង គឺខ្លួនទីពឹងខ្លួនទៅវិញ។ ទៅការពារទឹកដីជំនួសរដ្ឋាភិបាលជំនួសកងកម្លាំងប្រដាប់អាវុធទៅវិញ បញ្ជាក់ថា ត្រកូលហ៊ុនគាត់អត់ខ្វល់ទេ! ខ្វល់តែពីការការពារអំណាចរបស់គាត់! ទោះបីបរទេសយកទឹកដី យកទៅ! កុំឲ្យតែយកអំណាចរបស់គាត់។ ការបណ្ដោយឲ្យបរទេសយកទឹកដីខ្មែរស្រេចចិត្តអ៊ីចឹង មិនព្រមចេញទៅការពារប្រជាពលរដ្ឋ ការពារទឹកដីពីការឈ្លានពានរបស់ថៃអ៊ីចឹង! ខ្ញុំយល់ថា ត្រកូលហ៊ុននេះ គឺជាត្រកូលក្បត់ជាតិតែម្តង។ សម័យឪគឺបាត់បង់ទឹកដីទៅប៉ែកខាងកើត! សម័យកូននេះបាត់បង់ទឹកដីទៅប៉ែកខាងលិច»។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ច្រានចោលការលើកឡើងនេះ។
លោកថា៖ «យើងមិនមានអ្វីជាឈឺក្បាលនឹងរឿងទាំងអស់ហ្នឹងទេ សំខាន់គឺយើងនៅជាមួយពលរដ្ឋរបស់យើង ពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាល អ៊ីចឹងវាអត់មានចម្លែកទេ! អាហ្នឹងហើយជាប្រជាធិបតេយ្យនោះ»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការបញ្ចេញកងកម្លាំងរបស់រដ្ឋាភិបាលនៅពេលនេះ បង្ហាញពីអសមត្ថភាពការពារទឹកដី តែខ្លាំងខាងយុទ្ធសាស្រ្តបង្រ្កាបពលរដ្ឋខ្មែរស្នេហាជាតិ។
បើតាមលោក ម៉ែន ណាត ការបង្ហាញសាច់ដុំពង្រាយកងកម្លាំងបែបនេះ មិនអាចទប់ស្កាត់ចរន្តពលរដ្ឋបានទេ បើពលរដ្ឋខ្មែរទូទាំងប្រទេសងើបប្រឆាំងមេដឹកនាំអំណាចផ្តាច់ការ ដែលគ្មានសមត្ថភាពការពារទឹកដីបានទេនោះ។
លោកថា៖ «កាលណាបាត់ទឹកដី! មិនយូរប៉ុន្មានគ្រួសារអ្នកកាន់អំណាចហ្នឹង ក៏បាត់រលំដែរ។ អ្នកកាន់អំណាចមិនការពារទឹកដី អ៊ីចឹងប្រជាពលរដ្ឋគាត់ចង់ទុកមេដឹកនាំធ្វើអីទៀត! ម្លោះហើយ បើមេដឹកនាំមានមនសិការពិតប្រាកដ ក្នុងការការពារបូរណភាពទឹកដីទៅប្រជាពលរដ្ឋកម្ពុជាប្រាកដជាចូលរួមការពារទាំងទឹកដី និងចូលរួមការពារទាំងក្រុមគ្រួសារមេដឹកនាំ ដើម្បីឲ្យបានសុខសាន្តទាំងអស់គ្នា។ អាហ្នឹងវាទាល់តែមេដឹកនាំហ្នឹង មានស្មារតីជាតិផងដែរ ភ្ញាក់រឭកទៅ រួមទាំងផ្សះផ្សាស្មារតីផ្ទៃក្នុងជាតិទៅ! បើសិនជាធ្វើបានមិនបាច់ចាំភ័យបារម្ភអីដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធអីនៅរាជធានីភ្នំពេញក្រាស់ក្រែលអីទេ»។
យ៉ាងណា ក្រោយផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ ដែលផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់នេះទេ បើទោះជាកិច្ចព្រមព្រៀងនេះ សម្របសម្រួលដោយយន្តការអាស៊ាន និងផ្តួចផ្តើមគំនិតដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្តី។
ជាងស្តែងជិត២ខែទៅនេះ ថៃបានចល័តទ័ព ចូលរាយបន្លាលួសព័ទ្ធដោយប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ព័ទ្ធយកតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិជាច្រើននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងព្យាយាមពង្រីកទៅខេត្តពោធិ៍សាត់ និងខេត្តកោះកុងទៀត តាមផែនទីដែលលោក ហ៊ុន សែន ហៅថាផែនទីចោរនេះ ។
ប៉ុន្តែ លោក ហ៊ុន សែន ដែលធ្លាប់គំរាមថា ក្រោមដែនអំណាចរបស់លោក នឹងមិនឱ្យបាត់បង់ដីខ្មែរ ទៅប្រទេសជិតខាង សូម្បីតែមួយមីលីម៉ែត្រនោះ មកដល់ពេលនេះ មិនទាន់បង្ហាញជំហរជាក់លាក់ណាមួយ ដើម្បីដណ្តើមយកទឹកដីខ្មែរ ដែលថៃបានរាយបន្លាលួសព័ទ្ធយក ក្នុងបុព្វហេតុការពារបូរណភាពទឹកដីឱ្យបាន ប្រឆាំងនឹងផែនទីចោររបស់ថៃនោះនៅឡើយទេ ក្រៅពីអំពាវនាវសុំឱ្យថៃគោរពបទឈប់បាញ់ ដើម្បីរក្សាសន្តិភាព៕









