រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បរាជ័យ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​និង​បូរណ​ភាព​ទឹក​ដី

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​គេរ​ក​ឃើញ​ថា ដឹក​នាំ​ប្រទេស​ជាង​២ឆ្នាំ​មក​នេះ បាន​បរា​ជ័យ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ដែល​ការណ៍​ពួក​គេ​ព្រួយ​បារម្ភ​ថា ពលរដ្ឋ​នឹង​រង​គ្រោះ​ធ្ងន់​ធ្ងរ បើ​មិន​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ​ទាន់​ពេល​ទេ​នោះ ។

ជុំវិ​ញ​បញ្ហា​នេះ កាសែត The Diplomat របស់​អាមេរិក ចុះផ្សាយកាល​ពីថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ​ថា ក្នុង​​រយៈ​​ពេល​​២​​ឆ្នាំ​​នៃ​​ការ​​គ្រប់​​គ្រង​​របស់ ​លោក ហ៊ុន ម៉ាណែត បរាជ័យ​មិ​ន​​អា​ច​​លុប​បំបាត់​​អំពើ​ពុក​រលួយ​ ស្ដារ​​នីតិ​រដ្ឋ ​កា​ត់​បន្ថយ​​ភាព​​ក្រី​ក្រ និង​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ឆបោក​ ដែល​​​​​​ធ្វើ​​ឱ្យ​​ប៉ះពា​ល់​​ផល​ប្រយោជន៍​​ពលរដ្ឋ​​ខ្មែរ​យ៉ាង​​ខ្លាំង។

ប្រភពនិយាយថា កម្ពុជា​គឺជា​ប្រទេស​អភិវឌ្ឍន៍​​តិច​តួច និង​​ជា​ប់​​លេខ​​រៀង​​ទី​​១៥៨ ខាង​​អំពើ​ពុក​រលួយ រួម​ទាំង​​ជាប់​​លេខ​​១៤១ របស់​​គម្រោង​​យុត្តិ​ធម៌​​ពិភព​លោក​​ផង​​ដែរ​​ក្នុង​​ឆ្នាំ​​២០២៤​កន្លង​​ទៅ ដែល​​អំពើ​​ទាំ​ង​អស់​​នេះ ​គឺ​ជា​​ដើម​ចម​​​នាំ​​ទៅ​​​រក​​ការ​​បំផ្លាញ​​ផល​ប្រយោជន៍​របស់​​ជាតិ និង​​ប្រជាពលរដខ្មែរ។

ប្រភព​អះ​អាង​ថា ​​រយៈពេល​ជាង​២​ឆ្នាំ​​ដែល ​លោក ហ៊ុន ម៉ាណែត ឡើង​​កាន់​​តំណែង​​ជា​​នាយក​រដ្ឋម​ន្ត្រី​កម្ពុជា ដោយ​​​ប្រើ​​អំណាច​គាប​សង្កត់​​ផ្នែក​​នយោ​បាយ និង​​ចាប់​​ខ្លួន​ក្រុម​ប្រឆាំង​​រាប់​​សិប​នាក់​​ដាក់​​គុក​​ជា​រៀង​​រាល់​​ខែ​ ដូច​ជា​សកម្ម​ជន​នយោបាយ សហជីព​​កម្មករ អ្នក​​ការ​ពារ​​បរិស្ថាន​ និង​​សកម្ម​ជន​​ដីធ្លី ជា​ដើម​។

ប្រភព​បញ្ជាក់​ថា ២ឆ្នាំនៃភាពបរាជ័យរបស់លោក ហ៊ុន ម៉ាណែត បញ្ហា​ដ៏​ធំ គឺ​ការ​កើ​ន​ឡើង​នៃ​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺណិត​ខ្នាត​អន្តរ​ជាតិ (ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន) ការ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ជា​ដើម។

ប្រភ​ពបន្តថា ក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត អង្គកា​រ​លើក​លែង​ទោស​អន្តរ​ជាតិ បាន​រក​ឃើញ​ថា​ កម្ពុជា​បាន​​ក្លាយ​ជា​សំបុក្រ​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆបោក និង​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺណិ​ត​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា អាច​រក​ប្រាក់ចំ​ណូល​បាន​ពី​ចន្លោះ ១២ ទៅ ១៩ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ជួយ​ផ្គត់​ផ្គង់​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹក​នាំ​ប្រទេស​កម្ពុជា។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ ​ប្រាប់​VOD​នៅ​ថ្ងៃ​ទី១​៩ខែ​កញ្ញានេះ​ថា​ ការ​រក​ឃើញ​របស់​អន្តរ​ជាតិ​នេះ ឆ្លុះ​បញ្ចាំង​ថា គ្រួសារ​ហ៊ុន​គឺ​មិន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​ទេ។

លោក​ថា​ ការដឹកនាំក្រាញអំណាចតពូជ ទ្រព្យសម្បត្តិ​ជាតិ ទាំង​​ត្រូវ​ធ្លាក់ក្នុ​ង​ដៃក្រុ​មគ្រួ​សារ​អ្នក​មានអំណាច ហើយ​ពលរដ្ឋ​ជាម្ចា​ស់ប្រ​ទេស និង​រង​គ្រោះត​ជំនាន់ បើ​កម្ពុជា​នៅ​តែគ្មាន​មេដឹក​នាំ​កើត​ចេញ​ពី​ប្រព័ន្ធ​បោះឆ្នោ​ត​ដោយ​សេរី​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​តាម​គន្លង​ប្រជា​ធិប​តេយ្យ​ទេ​នោះ។

លោក​ហាក់​ស្តីប​ន្ទោស​ថា លោក ហ៊ុន ម៉ាណែត មិនត្រឹម​តែមិ​ន​អាច​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន លុប​បំបាត់​អំពើ​ពុក​រលួយ កា​​រជួ​ញ​ដូរ​មនុស្ស​នោះ​ទេ គាត់​ថែម​ទាំង​មិន​អាច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បុព្វ​បុរស​ខ្មែរ។

សម្រាប់ លោក​ សុថាវរិន្រ្ទ រយៈពេ​ល​២ឆ្នាំ​របស់​ លោក ហ៊ុន ម៉ាណែត អំពើ​ពុក​រលួយ​រីក​រាល​កាន់​តែ​ច្រើន ដូច​ជា ពួក​ក្រុម​ឧកញ៉ា​ដែល​ស្និទ​នឹង​គ្រួសារ​ហ៊ុន បន្ត​ឆបោក​ពលរដ្ឋ​ខ្មែរ និង​បង្កើន​បណ្តាញ​ឧក្រិដ្ឋកម្ម​​ឆបោក ក្នុង​ទឹក​ដីកម្ពុជា​​​ជាច្រើន ដូច​ជា ច្រក​អាន​សេះ ប្រាសាទ​តាមាន់​ធំ ភ្នំ​ទ្រព្យ ភូមិ​ជោគ​ជ័យ និង​ភូមិព្រៃចាន់ កំពុ​ង​ប្រឈម​នឹង​បាត់​បង់​ទៅ​ប្រទេស​ថៃ។

លោកថា៖ «លោក ហ៊ុន ម៉ាណែត អសមត្ថភាព អសមត្ថភាព​ដូច​យើង​ឃើញ​ហើយ​ ២ឆ្នាំ​គឺ​ច្រើន​ណាស់​ ២​ឆ្នាំ បើមេ​ដឹ​ក​នាំ​គេ​តែ​១ឆ្នាំ​ជាង​ គេ​អាច​កែ​ប្រែ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​គេ​បាន​ហើយ ចំណែក​លោក ហ៊ុន ម៉ា​ណែត ២ឆ្នាំ​ហើយ​នៅ​តែ​​គ្មា​ន​សមត្ថ​ភាព​ទឹក​ដី​ប្រទេស បញ្ហា​ពលរដ្ឋ​ក្រក្រី​ក៏​នៅ​ច្រើន បញ្ហា​អំពើ​ពុក​រលួយ ឧក្រិដ្ឋ​កម្ម​ឆបោក ខ្ញុំ​គិត​ថាគា​ត់​អត់​អាច​ដោះ​ស្រាយ​បាន​ ដោយ​សា​រ​ឳពុក​គាត់ មិន​ចង់​ឱ្យ​ដោះ​ស្រាយ»។

ប្រហែលគ្នានេះដែរ ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា​(CAT) លោក ហុង លីម និយាយ​ថា ការដឹ​កនាំ​រ​បស់​លោក ហ៊ុន ម៉ាណែត មិន​ខុស​គ្នា​នឹង​លោក ហ៊ុន សែន ទេ ពួក​គេ​ជំនាញ​បំផុត​គឺ​បំផ្លាញ​​ជាតិ​មាតុភូមិ។

ក្នុងន័យនេះ លោកពន្យល់ថា ការស្នង​តំណែងផ្តាច់​ការ​ពី​​ឳពុក​របស់​លោក ហ៊ុន​ ម៉ាណែត នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​​ខ្មែរ​​រាប់​​លាន​​នាក់​​មាន​​ជីវភា​​ព​​​ក្រី​ក្រ ខ្លះ​​ជំពាក់​​បំណុល​​ធនាគារ និង​​ចំណា​ក​​ស្រុក​​ទាំង​​លំបាក។

លោកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺមិន​ខុស​ពី​ឳពុក​ទេ នឹង​ធ្វើឱ្យ​ទឹ​កដី​​កម្ពុជា​បន្ត​បាត់​បង់​ទៅ​ប្រទេស​​ជិត​ខាង​ទាំង​ថៃ និង​វៀត​ណាម​បន្ថែម​ទៀត បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទាន់​ពេល​នោះ។

សម្រាប់លោក ហុង លីម ឆ្ងល់ថា ហេតុអ្វីលោក ហ៊ុន ម៉ាណែត ធ្លាប់​រៀន​សូត្រ​នៅ​ប្រទេស​ប្រជា​ធិប​តេយ្យ​ជឿន​លឿន​ដូច​ជា​អាមេរិក​ដែរ បែរ​ជា​ការ​ដឹក​នាំងា​ក​ទៅ​រក​រប​បផ្តាច់​ការ ដូច​នៅ​កូរ៉េ​ខាង​ជើង​ទៅ​វិញ​។

លោកថា៖ «អំពើពុកលួយ និងបណ្ដាញទាំងអស់ហ្នឹង ធ្វើ​ឱ្យ​ស្រុក​ទេស​ប្រឈម គា​ត់​មេដឹក​នាំ​គិត​តែ​រឿង​ផល​ប្រយោជន៍​​អញ គ្មាន​អ្នក​ណាដែ​ល​មាន​ចក្ខុ​វិស័យ ហើយ​លោក ហ៊ុន ម៉ាណែត ខ្លួន​ឯង​នោះ​ក៏​គ្មាន​ចក្ខុ​វិស័យ ដូច​ខ្ញុំ​និយាយ​អីចឹង មេដឹក​នាំ​គ្រួសារ​ហ៊ុន​នេះ គិត​​តែ​ពី​រឿង​ក្រេប​ជញ្ជក់​រាស្រ្ត ធ្វើ​បាប​រាស្រ្ត​ ហើយ​ប្លន់​ទឹក​ប្លន់​ដី បាន​ប្រយោជន៍​មក​យក​មក​ចែក​គ្នា បក្ខ​ពួក គឺ​ថា​ភាព​អាណោច​អធម្ម​ខ្មែរ​យើង មាន​មេដឹក​នាំ​អីចឹងៗ»។

ឆ្លើយ​តបនឹងរឿងនេះ​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បាន​បញ្ជាក់​ប្រាប់​VOD​ថា នេះ​ជា​ទម្លាប់​របស់​ក្រុម​ប្រឆាំង​ហើយ ដែល​តែង​តែ​រិះគ​ន់​ថ្នាក់​ដឹក​នាំ​ថា បំផ្លាញ​ជាតិ​មាតុ​ភូមិ​ខ្លួន​នោះ។

លោក​បញ្ជាក់​ថា លោក​​មិ​ន​​ចាប់​​អារម្មណ៍​លើ​ការ​ចោទ​ប្រកា​ន់​​នោះ​ទេ ព្រោះ​បក្សកា​ន់​អំណាច​នៅ​បន្ត​រួម​ដៃ​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ ដើម្បី​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​ជានិច្ច។

លោកថា៖ «ធម្មតាទេ​ពួក​គេ​ហ្នឹង​តែង​ចោទ​តាំង​ពី​ដើម​មក​ម្លេះ អារឿង​ថា​ប្រទេស​កម្ពុជា​គ្មាន​សិទ្ធិ​មនុស្សគ្មាន​​ប្រជា​ធិប​តេយ្យ​ផ្ដាច់​ការ​ហ្នឹង ពួក​គេ​លើក​ឡើង​ជា​ហូរ​ហែ​មក គ្មាន​​អី​ថ្មី​ទេ​សម្រាប់​យើង ព្រោះ​យើង​ចោទ​ប្រកា​ន់រា​ប់សិ​ប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​យើង​ដឹង​ច្បាស់​ហើយ​ រដ្ឋាភិបាលក​ម្ពុជា​របស់​យើង​បាន​អនុ​វត្ត​តាម​រដ្ឋ​ធម្ម​នុញ្ញ​តាម​លទ្ធិ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស​ ពួក​យើង​មាន​គណបក្ស​ច្រើន​ ​រួ​ម​មាន​អង្គ​ការ​សង្គម​ស៊ីវិ​លច្រើ​ន​ណាស់​នៅ​ក្នុង​ប្រទេស​​កម្ពុជា»។

ជាការ​កត់​ស​ម្គាល់ ក្នុង​អាណត្តិ​ដឹក​នាំ​​របស់ លោក ហ៊ុន មាណែត ជាង​​​​​២ឆ្នាំ​​ទៅ​​​នេះ មាន​​​ករណី​បោក​​ប្រាស់​​​ធំៗ​​​ជាច្រើន​​​​​​​បាន​​​ផ្ទុះ​ឡើង ក្រោម​​ដៃ​​ឧកញ៉ា​​ខិល​​ខូច​​ស្និទ្ធិ​​គ្រួសារ​​ហ៊ុន ធ្វើ​ឱ្យ​​ជន​​រងគ្រោះ​​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​គ្មាន​ការ​ពារ​ពី​​ស្ថាប័ន​​រដ្ឋ។

បើទោះបីឧក្រិដ្ឋជន​ឆបោក​ខ្លះ កំពុ​ងជាប់​ពន្ធនាគារ​​ក្តី តែគ្មាន​​វិធាន​​រឹប​​អូស​​ទ្រព្យ ដើម្បី​សង​​សំណង​​ដល់​ជន​​រង​គ្រោះ ដើម្បី​​ដោះស្រាយ​បំណុល​​វិញ​​ទេ និង​ខ្លះ​ទៀត រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ ដូច​ជា អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។

ការរាលដាននៃអំពើឆបោកនេះ ត្រូវគេមើលឃើញថា ក្រោយ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​តាម​​បែប​​ប្រជាធិប​តេយ្យ​​ច្រើន​​ឆ្នាំ​ទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុង​កិច្ច​ប្រជុំ​​ក្រុ​ម​​ប្រឹក្សា​​សិ​​​ទ្ធិ​​មនុស្ស​របស់​​​អង្គការ​​​សហ​​ប្រជា​​ជាតិ​លើក​ទី​៥៧ អ្នក​​​រាយ​ការណ៍​ពិសេស​​​ស្តី​ពី​​ស្ថាន​​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិធិត មុនថាប៊ន បាន​​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង និងរៀប​ចំ​ការ​បោះ​ឆ្នោត​ដោ​យ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​តាម​គន្លង​​​ប្រជា​ធិប​តេយ្យ ។

លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុ​ជា​នៅ​ឆ្នាំ​២០២៣ ធ្វើ​ឡើង​តែនៅ​​ក្នុង​​ក្រុម​​​គ្រួសារ ដែល​​​ថា​​នេះ គឺ​ជា​ការ​បន្ត​ក្តោប​​ក្តាប់​​អំណាច ដោយ​គ្មាន​លក្ខ​ណៈ​ប្រជា​ធិបតេយ្យ ​​និង​​តម្លា​​ភាព​។

យ៉ាងណា នៅថ្ងៃទី១៩ ខែ​កញ្ញានេះ ពលរដ្ឋ​​បានឱ្យដឹងថា ថៃកំពុងពង្រីក​ការឈ្លានពាន​បន្ថែម​ទៀត​នៅ ច្រក​បឹ​ងត្រគួន ខេត្តបាត់ដំបង ។

លើសពីនេះថៃ បានបន្តរាយលួសបន្លារំលោភយកដីខ្មែរ នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តប​ន្ទាយ​មាន​ជ័យ និង​គំរាម​វាយ​យក​១៧ ទីតាំង​ទៀត ចាប់​ពី​ខេត្ត​ពោធិ៍​សាត់ រហូត​ដល់​ខេត្ត​កោះកុង តាម​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​ភាគី។

ជាការកាត់សម្គាល់ការដែលយោធាថៃពង្រីក​មហិច្ឆតា​ឈ្លាន​ពាន​ដី​ខ្មែរ​ជា​ចំហរ​នេះ ក្រោយ​ពេល​ដែល​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​ឈប់​ប្រឈម​មុខ​ជាមួយ​ថៃ ខាង​យោធា ជុំវិញ​ជម្រើស​ការ​ពារ​បូរណ​ភាព​ទឹក​ដី ក្រោយ​ពី​កម្ពុជា​បាន​ប៉ះទ​ង្គិច​ដោយ​អាវុធ​ជាមួយ​ថៃ ទ្រង់​ទ្រាយ​ធំ រយៈ​ពេល​៥​ថ្ងៃកាល​ពី​ខែក​ក្កដា និង​មាន​បទ​ឈប់​បាញ់ នៅ​ថ្ងៃទី​២​៨ ខែ​កក្កដា ឆ្នាំ​២០២៥ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ