កូដករ​ណាហ្គាវើល​​ដ៍​ថាយុ​ត្តិធម៌​សង្គម​ជា​ទំនុក​ចិត្ត​អ្នក​វិនិយោគ​និង​ឆ្នាំង​បាយ​ពលរដ្ឋ

ក្រុមអ្នកធ្វើការផ្នែក​សិទ្ធិ​ការងារ និង​សហជីព​ណាហ្គាវើលដ៍ នៅ​ថ្ងៃសុ​ក្រ​​នេះ​ បាន​​​រួ​ម​​​គ្នាដាក់​​​​បិណ្ឌ​នៅ​​វត្ត​ចាស់​ក្នុង​រាជ​ធានី​ភ្នំពេញ ជា​អារាម​ធ្លាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ​ដោយ​ផ្ញើសា​រ​ថា យុត្តិ​ធម៌​សង្គម​ជា​ទំនុក​ចិត្ត​អ្នក​វិនិ​យោគ ការ​ពារ​ដល់​ឆ្នាំង​បាយ​ពលរដ្ឋ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​សហជីព​ បាន​អូស​បន្លាយ​ជាង​៣ឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ មេ​ដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កា​វើលដ៍ បាន​ថ្លែង​​​​នៅ​ប​រិវេណ​វត្ត​​​​ចាស់ ជាទីអារ៉ាម​​ដែល​​ធ្លាប់​​តម្កល់​​សព​​លោក​​បណ្ឌិត កែម ឡី ថា ក្នុ​ងឱកាស​ថ្ងៃកាន់បិណ្ឌទី​១២នេះ ក្រុម​កូដករ​​ណាហ្គាវើលដ៍ ជួប​ជុំគ្នា​ធ្វើបុណ្យ​​ឧទ្ទិស​កុសល​ដល់​បុព្វការីជន​ ក៏ដូចជាឧទ្ទិស​​កុសល​សុំឱ្យ​មានដំណោះស្រាយ​​​​ និង​យុត្តិធម៌នៅ​កន្លែងការ​ងារ ក្រោយពីពួកគាត់​បាន​ធ្វើ​កូដកម្ម​​​​អស់រយៈពេល ១៣៧១ថ្ងៃ​ហើយ ប៉ុន្តែនៅ​តែមិ​នទា​ន់មានដំណោះស្រាយ​នៅ​ឡើយ​។

កញ្ញា​បន្តថា ការ​បន្តអូសបន្លាយទុក​ឱ្យ​​វិវាទការ​ងារ​នៅណាហ្គាវើលដ៍ ហើយ​បន្តឱ្យ​និយោជក​ណាហ្គាវើលដ៍​រំលោភ​សិទ្ធិ​ការងារ និង​សហជីពនេះ នឹង​ធ្វើ​ឱ្យ​​មាន​គំរូ​អាក្រក់​សម្រាប់​កន្លែង​ការ​ងារ​ផ្សេង​ទៀត និង​ប៉ះពាល់ដល់មុខ​មាត់កម្ពុជា​​លើ​ឆាក​អន្តរជាតិ។

កញ្ញា ឈឹម ស៊ីថរ ថ្លែងថា៖ «ដំណោះស្រាយ​រឿង​​ណាហ្គាវើលដ៍នេះគឺ​​​សំខាន់ណាស់ គឺ​យើង​មិនអាចបណ្តោយ​មិន​ដោះស្រាយ​ ហើយ​ឱ្យ​ថៅ​កែ​បញ្ឈប់​តំណាង​សហជីព​​តាម​អំពើ​ចិត្ត​បែបនេះ​ទេ វា​នឹង​បង្កើត​គំរូ​អាក្រក់​ទៅ​កន្លែង​ផ្សេង ហើយ​​ទាំង​អស់គ្នា ក៏មិន​បណ្តោយ​ឱ្យ​​និយោ​ជក​ទាំង​អស់ មិន​ថា​នៅណា​ហ្គា​វើលដ៍​​ឬនៅកន្លែង​ផ្សេង​ទេ យកគំរូអាក្រក់​​តាម​ក្រុម​ហ៊ុន​មួយ​នេះ»។​​

ការណ៍នេះ ​មេដឹកនាំ​សហជីព​រូប​នេះ បានជំរុញឱ្យ​រដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃនេះ ដើម្បី​បង្ហាញ​ថា​កម្ពុជា​មាន​ភាព​ស្អាតស្អំ ​និង​អាចលាង​ខ្លួន​ចេញ​ពីការ​រិះគន់​រឿង​រំលោភ​​សិទ្ធិការងារ ព្រមទាំង​អាចទាក់ទាញអ្នកវិនិយោគ​បន្ថែម​ទៀត។​

កញ្ញាថា៖ «អីចឹងយើង​គិត​ថា ការ​ដោះស្រាយ​វិវាទ​នេះគឺ​​​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​​របស់​យើង​ នឹង​មានភាពស្អាត​ស្អំ អាចលាង​ខ្លួន​ចេញពីការ​ដែល​ត្រូវ​កំណត់​ដោយ​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​​ ថាជាប្រទេស​ដែលមាន​ការ​​រំលោភ​សិទ្ធិ​កម្មករ ហើយ​ក៏​ជា​ហេតុ​ផល​​នៅ​ក្នុង​​ការ​ដែល​​យើង​អាច​បន្ត​​ទាក់​ទាញ​វិនិយោគិន​ ​​នៅក្នុង​ប្រទេស​​​កម្ពុជា​របស់​យើង ជា​ពិសេសគឺ​ខាង​ម្ចាស់​​​យី​ហា​​ប្រេន​ទាំង​ឡាយ​​ ដែល​ពួកគាត់​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​​របស់​យើង គឺ​ពួកគាត់​មាន​កាតព្វ​​កិច្ច​មួ​យ​នៅ​ក្នុង​​​ការ​​​ដែល​​​ត្រូវ​តែ​រក​ស៊ី ឬក៏​វិនិយោគ​នៅ​ប្រទេស​ណា​​ដែល​​គោរព​​សិទ្ធិ​កម្មករ។ ចឹង​បើ​សិនជារឿង​នៅ​ណាហ្គា​វើល​ដ៍​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​​ យើង​បារម្ភខ្លាច​វា​ខុស​គោល​ការណ៍​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​អស់ហ្នឹង ក្រុមហ៊ុន​ម៉ាក​យីហោល្បី​ៗទាំង​អស់ហ្នឹង​​ គឺវាធ្វើ​ឱ្យ​ប៉ះពាល់ទៅ​ដល់​កា​រសម្រេច​ចិត្ត​​ ក្នុងការ​បន្ត​រកស៊ី​នៅ​ស្រុក​ខ្មែរ​ទៀត»។

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យក្រសួងការ​ងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ លោក ស៊ុន មេសា​ បាន​ទេនៅថ្ងៃសុក្រ​នេះ។​

កន្លងមក អ្នកនាំពាក្យក្រសួងការងារចាស់ លោក កត្តា អ៊ន ធ្លាប់ការ​ពារ​​ថា ករ​​ណី​​វិវាទ​​ការ​ងារ​​​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា ​ក្រសួង​​​បាន​​​​ដោះ​​​ស្រាយ​​មក​​ជា​​ហូរហែ​​។ មួយវិញទៀត លោកថា ក្រុម​ហ៊ុ​ន​​ក៏​បាន​​ផ្ទេរ​ប្រាក់​បំណាច់ និង​សំណង​​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារ​​អ​តីត​​បុ​គ្គលិក​​ ដែល​ក្រុម​ហ៊ុន​​បាន​បញ្ចប់​​កិច្ច​សន្យា​ការ​​​ងារ​​ចំនួន ៣៧៣នាក់​ ​រួច​​មក​​ហើយ​​ដែរ។

វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពីថៅកែ​​ក្រុមហ៊ុន​​​​​បាន​​​បញ្ឈប់​​​បុគ្គលិក​​​ប្រមាណ ១ ៣០០​​នាក់ កាល​​​​​​ពី​ខែ​​មេសា ឆ្នាំ២០២១ ដែល​ភាគច្រើនជាប្រធាន​និង​សមាជិក​សហជីព អំឡុង​ពេល​ផ្ទុះជំងឺ​​កូវីត-១៩ ដែលថៅកែ​អះអា​ង​ពី​មូលហេតុ​ជួបវិបត្តិហិរញ្ញវត្ថុ។

ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ ​អះអាង​ថា ជា​ចេតនា​របស់​ថៅកែ ដើម្បី​បំបាត់​​សហជីព​​ឯករាជ្យ ​ក្នុង​ក្រុម​ហ៊ុន​ដែល​តែង​តែ​ជំរុញ​លក្ខខណ្ឌ​ការ​ងារ ការ​ពារ​សិទ្ធិ​បុគ្គលិក។

​ការជំរុញលក្ខខណ្ឌការងារនៅក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ជាការតស៊ូមតិធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាន​អះអាងបន្លាយរហូតជាង៣ឆ្នាំ ទោះប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវ​បានចាប់​ដាក់ពន្ធនាគាររហូតដល់​ទៅ​​ពីរលើក។

ភាពជាប់គាំងនៃការរកដំណោះសា្រយនេះ ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភថា កម្មករនិងបុគ្គលិក​ច្រើន​កន្លែងទៀត នឹង​​ត្រូវបានគេរំលោភ​សិទ្ធិការងារ ដោយយកគំរូមិនល្អចេញ​ពីក្រុមហ៊ុនណាហ្គាវើលដ៍​នេះ បើក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនអាចចាប់បង្ខំឱ្យថៅកែបរទេស គោរពច្បាប់របស់កម្ពុជាបាន។

សម្រាប់​ លោក ឃុន ថារ៉ូ មន្ត្រី​​កម្ម​វិធី​​ការងារ​​នៃ​​មជ្ឈមណ្ឌល​​​សម្ព័ន្ធភាព​​ការងារ និង​​សិទ្ធិ​​​មនុស្ស ហៅ​​កាត់​​​ថា​ សង់​ត្រាល់ ក៏ធ្លាប់និយាយថា​ ​ដើម្បី​បញ្ច​ប់​វិវាទការ​ងារ​នេះបាន​ វា​ទាល់​តែ​ភាគី​​​ក្រុម​​ហ៊ុន និង​​​ក្រសួង​​ការ​​ងារ ​មាន​​ឆន្ទៈ​​​ផ្សះ​ផ្សា​​​​បញ្ចប់​​វិវាទ ​ពាក់ព័ន្ធ​នឹង​ការ​​ទទួល​យក​កូដករ​ឱ្យ​​ចូល​ធ្វើ​ការ​​ងារ​វិញ និង​ការ​​ទទួល​ស្គាល់​សហជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ