អ្នកច្បាប់ និងអ្នកតាមដានគោលនយោបាយ យល់ឃើញថា រដ្ឋាភិបាលត្រូវបង្ហាញពីតម្លាភាពឱ្យបានត្រឹមត្រូវ ទាក់ទងការរក្សាភាពស្ងប់ស្ងាត់របស់ខ្លួនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីប្រាកដថាការនៅស្ងៀមមិនតបតប្រឆាំងការឈ្លានពានរបស់ថៃ វាក៏ជាយុទ្ធសាស្រ្តមួយដែរ ឬមានហេតុផលផ្សេងក្រៅពីនេះ ដែលនាំឱ្យវិបត្តិព្រំដែនរវាងប្រទេសទាំងពីរចេះតែបន្តអូសបន្លាយ នាំទៅដល់ការខាតប្រយោជន៍ជាតិ និងប្រជាជន។
លោក ប៉ោ មករា អ្នកវិភាគនយោបាយ លើកឡើងថា ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជាមិនត្រូវនៅស្ងៀមឈឹង ដូចមិនមានរឿងអ្វីកើតឡើងនោះទេ។ លោកបន្តថា ការរក្សាភាពស្ងប់ស្ងាត់នេះ ជាការឆ្លុះបញ្ចាំងពីភាពទន់ជ្រាយរបស់ខ្លួន ហើយនេះក៏មិនមែនទើបតែលើកទី១ដែរ។ ក្នុងន័យនេះ រាល់ពេលវិវាទជាមួយប្រទេសជិតខាង មន្រ្តីរបស់រដ្ឋាភិបាលតែងតែបង្ហាញនូវជំហរដូចគ្នាដែរ។
បន្ថែមពីលើនេះ លោក ប៉ោ មករា ចាត់ទុកថា រឿងបិទបាំងព័ត៌មានស្តីពី ការរក្សាជំហមិនតបតវិញនេះ រដ្ឋាភិបាលគួរបញ្ចប់ ហើយព្យាយាមបង្ហាញពីតម្លាភាពរបស់ខ្លួន ឱ្យសាធារណៈជនដឹង ទើបវាមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ហើយរដ្ឋាភិបាលនឹងទទួលបានការស្វាគមន៍ និងចាត់ទុកជារដ្ឋាភិបាល ដែលមានការទទួសខុសត្រូវ ចំពោះមុខប្រវត្តិសាស្រ្ត។
លោកបន្តថា៖ «រឿងសំខាន់មួយទៀត ដែលរដ្ឋាភិបាលគួរធ្វើ គឺពាក់ព័ន្ធនឹងការបើកលំហព័ត៌មាន ការរក្សាភាពស្ងប់ស្ងាត់ និងបទឈប់បាញ់របស់រដ្ឋាភិបាល ដើម្បីឱ្យព័ត៌មានហ្នឹងកាន់តែច្បាស់ជាមួយប្រជាពលរដ្ឋ។ អញ្ចឹងទេ យើងអត់អាចទុកឱ្យគាត់រស់នៅក្នុងស្ថានភាពការរំលោភបំពានពីភាគីថៃ»។
មុនផ្ទុះអាវុធ កាលពីខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអួតក្អេងក្អាងថា ខ្លួនមិនបារម្ភសោះឡើយ ប្រសិនបើមានការប៉ះទង្គិចគ្នាមែន ជាមួយភាគីថៃ។ ប៉ុន្តែក្រោយឆ្លងកាត់ ការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃពេញ នៅតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីថ្ងៃទី២៤ ខែកក្កដា និងមានកិច្ចអន្តរាគមន៍ពីប្រទេសម៉ាឡេស៊ី ដែលចាប់បង្ខំថៃឱ្យរក្សាបទឈប់បាញ់មក លោក ហ៊ុន សែន បានផ្លាស់ប្តូរទម្លាប់ពីឡូឡា ដែលពុំធ្លាប់មាន មកជាស្ងៀមស្ងាត់ និងប្រឹងផលិតបទចម្រៀង បង្ហោះតាមបណ្តាញសង្គមមិនឈប់ទៅវិញ។
យ៉ាងណា គេសង្កេតឃើញថា ការរក្សាមិនតបតអ្វីទាំងអស់នៅពេលនេះ វាមិនមែនជាចរិកនិស្ស័យពិតរបស់លោក ហ៊ុន សែន ឡើយ។
មួយវិញទៀត បើទោះជាថាពេលនេះ លោកមិនមែនជាអ្នកសម្រេចកិច្ចការរដ្ឋដូចមុនមែន រាល់ការសម្រេចចិត្តតូចធំ ឬចង់ដកដាក់មន្រ្តីណាមួយ នៅក្នុងជួររដ្ឋាភិបាល ក៏នៅតែលោក ហ៊ុន សែន ជាអ្នកចាត់ចែង ជំនួសលោក ហ៊ុន ម៉ាណែត ដែរ។
ជុំវិញរឿងនេះ គេហាក់មានភាពសង្ស័យនៅត្រង់ថាគ្រប់បញ្ហាធំៗ ដែលបានកើតឡើង ដូចករ ណីវិវាទព្រំដែននេះជាដើម លោក ហ៊ុន សែន តែងចេញសារ និងប្រតិកម្ម មុនរដ្ឋាភិបាល ជាដរាប។ ក្រោយមកទើបគេសង្កេតឃើញជំហររដ្ឋាភិបាល ចេញជំហរតាមក្រោយ និងដូចអ្វីដែលលោក ហ៊ុន សែន ចង់បានដែរ។
លោក វ៉ន់ ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគឯករាជ្យ យល់ឃើញថា បើដូចអ្វីដែលរដ្ឋាភិបាលទីក្រុងបាងកក ធ្វើដូចសព្វថ្ងៃនេះ ប្រហែលជាចៀសមិនផុតពី ការផ្ទុះអាវុធជាថ្មីទៀតនោះទេ។
លោកបន្តថា៖«ភាគីថៃនៅបន្តគឃ្លើនវាទទីតាមអំពើចិត្ត ទំនងជាពិបាកនឹងគេចផុតពីការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធសារឡើងវិញ»។
មកដល់ពេលនេះ បើទោះជាសមត្ថកិច្ចថៃបន្តសកម្មភាព រាយបន្លាលួសផង និងដាក់កង់ឡាន ហ៊ុំព័ទ្ធយកដីខ្មែរផងក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា នៅរក្សាភាពស្ងៀមស្ងាត់ និងមិនតបតអ្វីទាំងអស់។ ជំនួសមកវិញ នៅចំពោះមុខនេះ អ្នកដែលហ៊ានចេញមុខការពារទឹកដីពិតប្រាកដ គឺជាប្រជាពលរដ្ឋទៅវិញ។
ការប៉ះទង្គិចគ្នាចុងក្រោយ កាលពីថ្ងៃទី១៧ ខែកញ្ញា រវាងយោធាថៃ និងជនស៊ីវិលរបស់កម្ពុជា បណ្តាលឱ្យព្រះសង្ឃ និងពលរដ្ឋជិត៣០នាក់ ត្រូវរងរបួសមានស្រាល និងធ្ងន់ ហើយសកម្មភាពឈ្លានពានពីភាគីថៃនេះ នៅតែបន្តមិនឈប់ ដោយព្រមានផ្ទុះសង្រ្គាមជាថ្មីទៀត ជាមួយកម្ពុជាថែមទៀត។
ទាក់ទងករណីនេះ ទាំងលោក ហ៊ុន ម៉ាណែត និងអ្នកនាំពាក្យក្រសួងការពារជាតិ នៅតែថ្លែងការពារ និងជំរុញឱ្យពលរដ្ឋត្រូវជឿជាក់លើរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ស្ថាប័នកំពូលរបស់រដ្ឋាភិបាលទាំងនោះ ថែមទាំងអះអាងទៀតថា ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់ជាប្រក្រតី។
យ៉ាងណា គោលនយោបាយរក្សាភាពស្ងប់ស្ងាត់ពេលនេះរបស់កម្ពុជា បានជួយឱ្យភាគីថៃសម្រេចមហិច្ចតារបស់ខ្លួន បានដូចបំណង។ មានទីតាំងមួយចំនួន ក្រៅពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ភ្នំទ្រព្យ និងប្រាសាទដែលធ្លាប់តែប្រទាញប្រទង់គ្នា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក៏ត្រូវធ្លាក់ទៅក្នុងថៃគ្រប់គ្រងដូចគ្នាដែរ។ រឿងនេះ នៅមិនទាន់គិតដល់ភូមិសាស្រ្ត ឃុំថ្មដា ស្ថិតក្នុងខេត្តពោធិ៍សាត់ និងគោលដៅដទៃទៀត នៅក្នុងខេត្តកោះកុងនៅឡើយផង។
លោក ប៉ោ មករា អ្នកវិភាគនយោបាយ ចាត់ទុកថា ដើម្បីជម្រះបញ្ហានេះ មានតែប្តឹងករណីនេះទៅសហគមន៍អន្តរជាតិទេ ទើបមានសង្ឃឹមខ្លះ។ ប៉ុន្តែមិនប្រាកដថា អ្វីដែលថៃយកបានពីខ្មែរនេះ អាចនឹងបានមកវិញ ឬយ៉ាងណានោះនៅឡើយផង ហើយបើមិនដូច្នេះទេ ជម្លោះនេះនឹងចេះតែពង្រីកវិសាលភាព និងដោះមិនចេញឡើយ ហើយទឹកដីក៏ចេះតែបាត់បង់បន្ត និងច្រើនជាងនេះបន្ថែមទៀត។
លោកបន្តថា៖ «យន្តការដែលកម្ពុជាមានប្រៀប ឬក៏រុញច្រានឱ្យភាគីថៃស្ថិតក្នុងសម្ពាធរបស់សហគមន៍អន្តរជាតិ ដូចជា ការរំលោភសិទ្ធិមនុស្សហ្នឹង ខ្ញុំគិតថាជារឿងសំខាន់។ អញ្ចឹងទេ អ្នកនយោបាយកាទូតកម្ពុជា ត្រូវតែគិតគូរឿងហ្នឹងឡើងវិញ ដើម្បីឱ្យបញ្ហាហ្នឹងកាន់តែមានឥទ្ធិពល កម្ពុជាត្រូវក្រឡេកមើលខ្លួនឯងសិន។ ពាក់ព័ន្ធបើកលំហលទ្ធិប្រជាធិបតេយ្យ បើកលំហសេរីភាពទៅដល់សេរីភាពប្រជាជនកម្ពុជាផ្ទាល់ ហើយមួយទៀតអាចបង្ហាញពីការសាមគ្គីរបស់ប្រជាជនកម្ពុជា»។
ក្រុមអ្នកតាមដានពីភូមិសាស្រ្តនយោបាយ យល់ឃើញថា កម្ពុជាពេលនេះ គ្មានគីឡូណាមួយដែលនឹងទៅដាក់សម្ពាធឱ្យថៃឡើយ។ យោធិនទាំង១៨នាក់ នៅតែជាចំណាប់ខ្មាំងដោះមិនចេញ រីឯដីក៏ត្រូវបាត់បង់។
មួយវិញទៀត ជំហរថានឹងប្តឹងករណីនេះទៅតុលាការអន្តរជាតិ ICJ ក៏មិនអាចកើតឡើង។ ដោយជំនួសមកវិញ អ្វីដែលភាគីថៃចង់បាន គឺការចរចាជាលក្ខណៈទ្វេភាគី និងតម្រូវការដទៃទៀត កម្ពុជាដើរតាមថៃរហូត។ កត្តានេះ នោះក៏ព្រោះតែមេដឹកនាំខ្សោយ ប្រទេសជោគជាំដោយអំពើពុករលួយ បក្ខពួកនិយម និងការក្រាញ់អំណាចតត្រកូល ដែលមិនអាចធ្វើឱ្យជាតិខ្លាំងបាន មិនមែនព្រោះតែកម្ពុជាតូច និងទើបងើបពីសង្រ្គាមនោះទេ៕









