នាយ​ទាហាន​ជាន់​ខ្ពស់​កម្ពុជា​និង​ជា​ឈ្មួញ​ដើម​កំណើត​ចិន​ម្នាក់​រង​ការ​ចោទ​ថា​ឆបោក​សហគ្រាស​រដ្ឋ​ចិន

បន្ទាប់​ពីធ្វើ​យុទ្ធនា​ការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីន​ធឺ​ណិត ដែល​មាន​លក្ខ​ណៈ​ទ្រង់​ទ្រាយ​ធំ​ ពេល​នេះ កម្ពុជា​ហាក់​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​កា​រ​ចោទ​ប្រកាន់​ដែល​​ថា ជា​សម្បុក​របស់​ក្រុម​ឧក្រិដ្ឋ​ជន​នោះ​ នៅ​ឡើយ​​ទេ។

នៅក្នុងបណ្ដាញ​សង្គម​ដែល​មាន​ឈ្មោះ​ជា​ភាសា​ចិន ប​ក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «ការ​ឃ្លាំ​មើល​កម្ពុជា-ចិន» បាន​បង្ហោះ​សារ​ជា​ច្រើន​លើក​ភ្ជាប់​ជាមួយ​ឯកសារ និង​រូប​ថត​ជា​ច្រើន​សន្លឹក បាន​សរ​សេរ​រៀប​រាប់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ថា អគ្គ​នាយក​រង អគ្គ​នាយក​ដ្ឋាន​សម្ភារ​បច្ចេក​ទេស ក្រសួង​ការ​ពារ​ជាតិ ពាក់​ផ្កាយ​៣ និង​ជា​ពាណិ​​ជ្ជក​រជន​​ជាតិ​ចិន ដែល​បាន​ចូល​សញ្ជាតិ​កម្ពុជា គឺ​លោក ឈួន យូ បាន​រៀប​ចំ​ផែន​ការ ដើម្បី​បោក​ប្រាស់​សហគ្រាស​រដ្ឋ​របស់​ចិន និង​ជា​មេខ្លោង​ក្រុម​ឆបោក​តាម​អ៊ីនធឺ​ណិត ដ៏​មាន​ឥទ្ធិពល​ម្នាក់។

ប្រភព​អនាមិក​ខាង​លើ បា​ន​អះ​អាង​ថា លោក ឈួន យូ បានជាប់ពាក់ព័​ន្ធក្នុ​ង​ករណី​បោក​ប្រាស់​សហ​គ្រាស​រដ្ឋ និង​ឯកជន របស់​ចិន​មួយ​ចំនួន តាម​រយៈ​ការ​បង្កើត​គម្រោង​វិនិយោគ​រ៉ែ​ដែក​ក្លែង​ក្លាយ ដោយ លោក ឈួន យូ និង​ក្រុម​ហ៊ុន China Railway Major Bridge Engineering Group Co., Ltd. ដែល​ហៅ​កាត់​ថា CRMB បាន​រួម​គ្នា​បង្កើត​ក្រុម​ហ៊ុន​មួយ ឈ្មោះ យ៉ុង​ឡុង អ៊ីន​ធើណេសិន​ណល គ្រុប និង​កាន់​កាប់​ភាគ​ហ៊ុន​ចំនួន ៥១​ភាគ​រយ ក្រុម​ហ៊ុន យ៉ុង ឡុង កាន់​កាប់ ៤៩​ភាគ​រយ។

ប្រភពដដែល អះអាងទៀត​ថា ក្នុងអំឡុ​ងពេល​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ លោក ឈួន យូ បាន​ក្លែង​បន្លំ​ហត្ថ​លេខា​មេដឹក​នាំ​ចិន ដើម្បី​យក​ភាគ​ហ៊ុន ៤៩​ភាគរយ​ រប​ស់​ក្រុម​ហ៊ុន យ៉ុង​ឡុង ដែល​ជា​ចំណែក​របស់​ក្រុម​ហ៊ុន CRMB យក​ធ្វើ​ជា​របស់​លោក​ផ្ដាច់​មុខ ហើយ​ក្រុម​ហ៊ុន CRMB បាន​ដាក់​ពាក្យ​បណ្ដឹង​ និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ លោក ឈួន យូ ហើយ​ដែរ ប៉ុន្តែ​លោក​នៅ​តែ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់ ដោយ​សារ​​តែមាន​ការ​ជ្រៀត​ជ្រែក​ពី​បុគ្គល​មិន​ស្គាល់​អត្ត​សញ្ញាណ​ជួយ​ការ​ពារ​ លោក ឈួន យូ។

ក្រៅពីករណីឆបោក ប្រភពអនាមិក​ដដែល បាន​អះ​អាង​ថា លោក ឈួន យូ បាន​ផ្តល់​ទី​ជម្រក ដោយ​បាន​សាង​សង់​អគារ​ការិយា​ល័យ​នៅ​លើ​ដី​ផ្ទាល់​ខ្លួន​នៅ​មហា​វិថី​សហព័ន្ធ​រុស្សី ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ជួល​កន្លែង​រយៈ​ពេល​វែង និង​បាន​ធ្វើ​ជា​ខ្នង​បង្អែក​ដល់​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិ​ត​​​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ធ្វើ​ប្រតិ​បត្តិ​ការ​ឆបោក​ទូទាំង​ពិភព​លោក ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ។

ទោះជាយ៉ាងណា មតិមួយចំ​នួន បាន​លើក​ឡើង​ថា ការ​បង្ហោះ​រប​ស់​ប្រភព​ខាង​លើ​នេះ គឺ​ជា​ល្បិច​របស់​ប្រទេស​ជិត​ខាង​កម្ពុជា ដែល​មាន​ចេតនា​លាប​ពណ៌ ឬ​ប្រឌិ​ត​រឿង ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​នៅ​ក្នុង​វិស័យ​កងទ័ព​កម្ពុជា។

ក្នុងនោះ គណនីហ្វេសប៊ុក​មួយ ឈ្មោះ ចូលី ជូ ដែលស្គាល់​ថា ជាប្រពន្ធ លោក ឈួន យូ តា​ម​រយៈ​រូប​ថតដំណើរ​កម្សាន្ត​លក្ខណៈ​​គ្រួ​សារ ដែល​បង្ហោះ​ក្នុង​គណនី​ហ្វេស​ប៊ុក បាន​ប្រតិ​កម្ម​នៅ​ក្រោម​ការ​បង្ហោះ​នោះ​ថា លោក​ស្រី​បាន​ប្តឹ​ង​ទៅ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា នៃ​ក្រសួង​មហា​ផ្ទៃ មជ្ឈត្តការ​នៃ​ប្រទេស​ចិន និង​សាលា​​ឧទ្ធរណ៍​​ភ្នំពេញ ចំពោះ​ការ​ចោទ​ប្រកា​ន់​នេះ និង​បាន​បដិសេធ​ថា ការ​បង្ហោះ និង​ចែក​ចាយ​ព័ត៌​មាន​ទាំង​នេះ គឺ​ជា​រឿង​មិន​ពិត។

ក្រោយមានប្រតិកម្មខ្លាំងពីអ្នក​លេង​បណ្ដាញ​សង្គម និង​ការ​គំរា​ម​ប្រើ​វិធាន​ការ​ច្បាប់ គណនី​ហ្វេស​ប៊ុក «ការ​ឃ្លាំ​មើល​កម្ពុជា-ចិន» បាន​បិទ​ដំណើរ​គណនី​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា។

ក៏ប៉ុន្តែ វីអូឌី បា​ន​រកឃើញ​ប្រភពមួយចំនួន លាត​ត្រដាង​ពី​មុខ​មាត់​របស់​​ លោក ឈួន យូ ឧត្តម​សេនីយ៍​ឯក ​ពាក់​ផ្កាយ​បី សញ្ជាតិ​ដើម​ចិន​រូ​ប​នេះ។

អតីតអ្នកសារព័ត៌មានឯករាជ្យម្នាក់ ធ្លាប់តាមដានករណី​លោក ឈួន យូ កាលពីឆ្នាំ២០២៤ ថ្លែង​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះ​អាង​ប្រាប់ វីអូឌី ថា មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ជា​ពាណិជ្ជក​រ​ចិន ដែល​ទទួល​បាន​សញ្ជាតិ​កម្ពុជា លោក ឈួន យូ គឺ​ជា​អ្នក​គ្រប់​គ្រង​បណ្ដាញ​ឧក្រិដ្ឋ​ជន​ធំៗ​នៅ​កម្ពុជា ដែល​សម្រប​សម្រួល​លើ​ការ​បញ្ជូន​ប្រតិ​បត្តិ​ករ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ទៅ​កាន់​ទីតាំង​ប្រតិ​បត្តិ​ការ​ឆបោក​តាម​អ៊ីនធឺ​ណិត​ធំៗ ដែល​មាន​មូល​ដ្ឋាន​នៅ​តាម​ព្រំដែន​ប្រទេស​មីយ៉ា​ន់​ម៉ា ឬ​ភូមា ប្រទេស​ឡាវ ដោយ​ឆ្លង​កាត់​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។

អតីតអ្នកសារព័ត៌មានឯករាជ្យ៖ «មិនបាច់ឆ្ងល់ទេថា នៅពេលកងកម្លាំង​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ឆបោ​ក​ធំៗ ​ហេតុ​អី​បាន​ចាប់​មេខ្លោង ឬ​មេ​បោះ​ដុំ របស់​ប្រតិ​បត្តិ​ករ​នេះ​បាន។ លោក ឈួន យូ មិន​មាន​អ្នក​ស្គាល់​គាត់​ច្រើន​នោះ​ទេ គាត់​អាថ៌​កំបាំង​ណាស់ សូម្បី​តែ​ពិធី​មង្គលការ​​របស់​កូន​លោក កាល​ពី​ឆ្នាំ​២០១៩​ហ្នឹង ក៏​មិន​បាន​ធ្វើ​ជា​លក្ខណៈ​បើក​ចំហ ដូច​ពិធី​មង្គល​ការ​របស់​កូន​សេដ្ឋី ឬ​អ្ន​ក​ធំ​នៅ​ក្នុង​ស្រុក​ខ្មែរ​ផ្សេង​ទៀត​នោះ​ទេ។ បើ​ចង់​ដឹង​រឿង​ លោក ឈួន យូ ច្បាស់ ទាល់​តែ​សម្ភាសន៍​លោក ទៀ បាញ់»

អតីតអ្នកសារព័ត៌មានបែបស៊ើបអង្កេតរូប​នេះ អះ​អាង​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​មេដឹក​នាំ​កម្ពុជា មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ឧក្រិដ្ឋ​ជន​អន្តរ​ជាតិ ដែល​ពួក​គេ​បាន​ពឹង​ពាក់ និង​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​មេ​ឧក្រិដ្ឋជន​ទាំង​នោះ អ្នក​ខ្លះ​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន និង​អ្នក​ខ្លះ ជា​ឯកឧត្តម និង​កាន់​តួនាទី​កន្លែង​សំខាន់ៗ ក្នុង​ជួរ​រដ្ឋាភិ​បាល។

លោកប​ន្ត​ថា ដោយសារតែមានសាវតាអាក្រក់បែបនេះហើយ​នោះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ចង់​លាង​សម្អាត​ខ្លួន លុះ​ត្រា​តែ​មេដឹក​នាំ​កម្ពុជា ហ៊ាន​កាត់​សាច់​ស្អុយ​នេះ​ចេញ។

លោក ឈួន យូ មានឈ្មោះជាភាសាចិនថា ឈួន អ៊ី (Chon You) ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សហគ្រិន​ម្នាក់​ដែល​ចូល​ចិត្ត​រក​ស៊ី​តាម​របៀប​លោត​ឆ័ត្រ ឬ​លក់​ខ្យល់។ ក្រៅ​តែ​ពីរ​ក​ស៊ី​ក្នុង​សង្គម​ងងឹត លោក ឈួន យូ មាន​ក្រុម​ហ៊ុន​មួយ​ទៀត ឈ្មោះ ជី.ស៊ី.ស៊ី (GCC) ដែល​រក​ស៊ី​វិនិយោគ​លើ​វិស័យ​អចនល​ទ្រព្យ និង​ផ្សារ​ទំនើប ជីស៊ី​អូ​រ​ឫស្សី និង​កំពុង​រង​បណ្ដឹ​ង​របស់​អាជីវករ ដោយ​សារ​ការ​ខក​ខាន​មិន​សាង​សង់​ផ្សារ​តាម​កិច្ច​សន្យា បន្ទាប់​ពី​ប្រមូល​លុយ​ពី​ពលរដ្ឋ​​បា​នរា​ប់​លាន​​ដុល្លារ​ ហើយ​ចុង​​ក្រោយ​​​ត្រូវ​អាជ្ញាធរ​​ប្រកាស​ថា​ អត់​មាន​អាជ្ញា​ប័ណ្ណ។

ទោះយ៉ាង​ណា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍​ផ្សារ ជី.ស៊ី អូរឫស្សី នៅតែមា​ន​សកម្មភាព​នៅ​ឡើយ ដោយ​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ការ​ឃោសនា ខណៈ​ករណី​ទាម​ទារ​ប្រាក់​សំណង​របស់​ពលរដ្ឋ ដែល​បាន​ទិញ​តូប​ខ្យល់​នោះ មិន​ត្រូវ​បា​ន​ដោះ​ស្រាយ​នោះ​ឡើយ ហើយ​ដើម្បី​គេច​វេះ និង​បិទ​បាំង​រឿង​នេះ គណនី​ហ្វេស​ប៊ុក​របស់​ផ្សារ ជី.ស៊ី អូរឫស្សី បាន​បិទ​ការ​បញ្ចេញ​មតិ ឬ​Comment។

ក្រៅពីរក​ស៊ីវិនិយោគលើគម្រោងផ្សារទំនើបខ្យល់ លោក ឈួន យូ មាន​ភាគ​ហ៊ុន​មួយ​ចំណែក​ទៀត នៅ​ក្នុង​ក្រុម​ហ៊ុន ហួយ​វ័ន គ្រុប (Huione Group) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុម​ហ៊ុន​មេនៃ​ក្រុម​ហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ដែលត្រូ​វ​ជា​ក្មួយ​បង្កើត​របស់​ប្រធា​ន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ដែល​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ក្រសួង​​រតនា​គារ​​អាមេរិក រក​ឃើញ​ថា ជា​បណ្ដាញ​លាង​លុយ​កខ្វក់​ដ៏ធំ ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​ជន រួម​​ទាំ​ង​​ក្រុម​​ចោរ​​បច្ចេក​វិទ្យា​​របស់​ប្រទេស​​កូរ៉េ​​ខាង​​ជើង និង​ក្រុម​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ផ្សេងទៀត។

មកទល់ពេលនេះ វីអូឌី នៅមិនទាន់រកឃើញពីប្រភព​ណាមួ​យ បញ្ជាក់​ពី​ការ​ផ្ដល់​សញ្ជាតិ និង​ប្រវត្តិ​នៃ​ការ​កាន់​តួនាទី​កន្លឹះ ដ៏​សំខាន់​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការពា​រ​ជាតិ​កម្ពុជា របស់​លោក ឈួន យូ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បែប​នេះ​ឡើយ ដោយ​កាល​ពីដំ​បូង លោក ឈួន យូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រធាន​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ ឈ្មោះ យ៉ុង​ឡុង ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ឡើង​ជា​ឧត្តម​សេនីយ៍ ពាក់​ផ្កាយ​បី ដូច​ព្រះ​ឥន្ទ​ប្រទាន​ឱ្យ​ ហើយ​គ្មាន​នរណា​ម្នាក់ បាន​ដឹង​ពី​ស្នាដៃ និង​ប្រវត្តិ​អតីត​ភាព​ការ​ងារ​របស់​លោក​នោះ​ឡើយ។

ជាការកត់សម្គាល់ ជោគជតារាសីរបស់លោក ឈួន យូ បាន​ឡើង​ខ្ពស់​មួយ​រំពេច​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហ៊ុន​​យ៉ុ​ង​ឡុង​ ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​សហគ្រាស​រដ្ឋ​ចិន ក្នុង​គម្រោងវិ​និយោគ​រ៉ែ​ដែក​នោះ បាន​បង្កើត​កិ​ច្ចស​ហប្រតិបត្តិ​ការ​ជាមួយ​​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ធីតា (TYDA) របស់​លោក ហ៊ុន ម៉ាណែត នៅ​ពី​ឆ្នាំ២​០១៧ ហើយ​លោក​បាន​បង្កើន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិ​បាល​ថែម​​ទៀត។​

មិនខុសពីមន្ត្រីខ្មែរមួយចំនួន​ឡើយ ក្រៅ​តែ​ពី​តួនាទី​នៅក្នុ​ង​ក្រប​ខ័ណ្ឌ​ក្រសួង​ការ​ពារ​ជាតិ​ហើយ​នោះ លោក ឈួន យូ នៅ​មាន​តួនាទី​ច្រើន​សន្ធឹ​កទៀ​ត នៅ​ក្នុង​ស្ថាប័ន​តាម​ក្រសួង​មួយ​ចំនួន រួ​ម​មាន ជា​ទីប្រឹក្សា​ក្រសួង​ឧស្សាហ​កម្ម និង​ក្រុម​ការ​ងារ​របស់​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​តាម​បណ្ដា​ខេត្ត​ជា​ដើម។

តែយ៉ាងណា គេសង្កេតឃើញថា លោក ឈួន យូ ដែលមានឋានន្តរស័ក្ដិ​ឧត្តមសេនីយ៍​ឯក និង​កាន់​តួនាទី​ជា​អគ្គនាយក​រង អគ្គ​នាយក​ដ្ឋាន​សម្ភារ​បច្ចេក​ទេស​នៃ​ក្រសួង​ការ​ពារ​ជាតិ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​បច្ចុប្បន្ន​ជា​ឧ​ត្ត​ម​​ប្រឹក្សា​​ផ្ទាល់​​ព្រះ​មហា​ក្សត្រ គឺ​លោក ទៀ បាញ់ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ទៀត​ផង។

ជាក់​ស្ដែង កាលពីឆ្នាំ​២០១៩ លោក ទៀ បាញ់ ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​សំខាន់​ជាង​គេ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​កូន​ប្រុស​របស់​លោក ឈួន យូ។

ជាងនោះទៅទៀត នាយឧត្តមសេនីយ៍ផ្កាយ​បី សញ្ជាតិ​ដើម​ចិន​រូប​នេះ បាន​បរិច្ចាគ​លុយ​ដល់​កាក​បាទក្រហម​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រពន្ធ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន គឺលោក​ស្រី ប៊ុន រ៉ានី ចំនួន​​រាប់​​ម៉ឺ​ន​​ដុល្លារ​ជា​​ច្រើន​​លើក​​ទៀត​ផង ដោយ​ពេល​ខ្លះ​ប្រើ​ឈ្មោះ​លោក​ជា​អ្នក​បរិច្ចាគ និង​ពេល​ខ្លះ​ទៀត​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន Cambodian K88 Industry ជា​អ្នក​បរិច្ចាគ។

ក្រុមហ៊ុន Cambodian K88 Industry ចុះបញ្ជីនៅ​ក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​ឆ្នាំ​២០១៨ ក្រោម​​ឈ្មោះ​លោក ឈួន យូ ផ្ទាល់ ជា​ប្រធាន កំពុង​ធ្វើ​សកម្ម​ភាព​ជាមួយ​ក្រុម​ហ៊ុន លេត ឆេង ម៉ាញ​នីង (Late Cheng Mining De​vel​opment Co. Ltd.) ជីក​យក​រ៉ែ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ខេត្ត​កំពង់​ធំ។  នេះ​បើ​តាម​កា​​រ​លើ​ក​ឡើ​ង​រប​ស់​លោក មិញ នី សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ប្រាប់​ទៅ​កាន់​ប​ណ្ដាញ​សារ​ព័ត៌​មាន​កា​​ល​​​ពី​ឆ្នាំ​២០២៤។

នៅក្នុងឆ្នាំ២០១៩ ដដែលនោះ លោក ឈួន យូ ត្រូវបានស៊ើបអង្កេត​រក​ឃើញ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​រក្សា​ទុក​សារធាតុ​ផ្ទុះ​រាប់​សិប​តោន ដែល​លាក់​ទុក​នៅ​កណ្តាល​ព្រៃមួ​យ​កន្លែង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់​ធំ។ កាល​នោះ ក្រសួង​ការ​ពារ​ជាតិ បា​ន​ចេញ​មក​បញ្ជាក់​ថា សារ​ធាតុ​ផ្ទុះ​ទាំង​នេះ គឺ​ជា​របស់​ក្រុមហ៊ុន​ចិន​មួយ ទុក​ប្រើ​សម្រាប់​បំផ្ទុះ​យក​រ៉ែ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន និង​ម្ចាស់​កម្ម​សិទ្ធិ​នោះ​ឡើយ។ (មាន​រូប​ភាព File num. 26-31)

ជុំវិញរឿងនេះ ប្រធាន​ក្រុម​ឃ្លាំ​មើ​ល​​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​លើក​ឡើង​រប​ស់​ប្រភព​អនាមិក​ខាង​លើ អាច​ជា​ការ​ពិត ព្រោះ​មាន​ភស្តុ​តាង និង​របាយ​ការណ៍​ស៊ើប​អង្កេត​​ជា​ច្រើ​ន បាន​លាត​ត្រដាង ពី​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​អន​ឡាញ មាន​វត្តមាន​ជាមួយ​មេដឹក​នាំ​កម្ពុជា​ដែរ។ លោក​បន្ត​ថា ដើម្បី​លាង​ជម្រះ​ខ្លួន ពី​ការ​ចោទ​ប្រកាន់​ជុំវិញ​ប្រតិបត្តិ​ការ​ខ្មៅ​មួយ​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូ​វ​តែ​ទទួល​ស្គាល់​របាយ​ការណ៍​របស់​អន្តរ​ជាតិ និង​បើក​ការ​ស៊ើប​អង្កេត ជា​ជាង​ការ​ប្រកែក ឬ​ច្រាន​ចោល។

លោក ម៉ែន ណាត ថ្លែង​ថា៖«ជាពិសេស​ក្រុម​ឧកញ៉ា ដែល​ល្បីៗ ក្នុង​ឧក្រិដ្ឋ​កម្ម​ហ្នឹង មាន​ដូច​ជា លោក លី យ៉ុង​ផាត់ លោក ហ៊ុន តូ លោក ទ្រី ភាព និង​លោក កុក អាន ជា​ដើម​ហ្នឹង គួរ​ណាស់​​​តែត្រូ​វ​​បាន​ដ​​កងារ​ជា​ឧក​ញ៉ា​ចេញ ហើយ​បញ្ជូនឱ្យ​តុលាការ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។ ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ចូ​ល​រួម​ជា​មួយ​ដៃ​គូអ​ន្តរ​ជាតិ​នានា រួម​ជា​មួយ​សហរដ្ឋ​អាមេរិក​ហ្នឹង បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ ដែល​កំពុ​ង​តែ​​ល្បី​​ខ្ទ័រខ្ទា អាសោច​នៅ​លើឆា​ក​អន្តរ​ជាតិ»

ដោយឡែក ចំពោះ​ទីប្រឹក្សា​ផ្នែក​ធុរកិច្ច និង​អភិបាល​កិច្ច លោក ប៉ិច ពិសី វិញ បាន​ប្រាប់​វីអូឌី​ជា​សំណេរ​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា បណ្តាញ​ឧក្រិដ្ឋ​កម្ម​បាន​ធ្វើ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ជា​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់ ដោយ​ធ្វើ​ឱ្យ​កម្ពុជា និង​ប្រទេស​អាស៊ាន ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​បន្ត​ថា ក្រុម​ឧក្រិដ្ឋជនទាំងនេះ ​បន្ត​ប្រតិបត្តិការ​ដោយ​​និទណ្ឌ​ភាព ​ដែល​​ត្រូវ​​បាន​​ចោទ​​ថា​ មាន​​ការ​ការ​ពារ​​ដោយ​​មន្ត្រី​​ពុក​រលួយ​​តាម​​រយៈ​​ការ​​សូក​ប៉ាន់ ការ​​ជំរិត​​ទារ​ប្រាក់ និង​​ការ​​គំរាម​កំហែង។ លោក​បញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​ ត្រូវ​តែ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​រុះ​រើ​បណ្តាញ​ទាំង​នេះ មុន​ពេល​ពួក​គេ​ពង្រឹង​ខ្លួន​បន្ថែ​មទៀ​ត​នៅ​ក្នុង​ប្រព័ន្ធ​នយោ​បាយ និង​សេដ្ឋ​កិច្ច។

យ៉ាងណាក៏ដោយចុះ ប្រភពគណនីហ្វេសប៊ុកអនាមិកខាងលើ បានអះអាង​ថា សហ​គ្រាស​ចិន ដែល​រង​ផល​ប៉ះពា​ល់ កំពុង​ធ្វើ​ដំណើរ​ការ​ផ្លូវ​ច្បាប់ និង​ស៊ើប​អង្កេត​ឆ្លង​ដែន ខណៈ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង ណែនាំ​ឱ្យ​សហ​គ្រាស​ចិន​ប្រុង​ប្រយ័ត្ន ដោយ​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា​ ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់ នូវ​សាវតា​ដៃ​គូរ​ក​ស៊ី​របស់​ខ្លួន​នៅ​កម្ពុជា កុំ​ឱ្យ​កើត​មាន​ឧក្រិដ្ឋ​កម្ម​សេដ្ឋ​កិច្ច​ឆ្លង​ដែន​បែប​នេះ​ទៀត។

អ្នកឃ្លាំមើលកម្ពុជាថា រឿងអាស្រូវនេះមិនមែនគ្រាន់តែជា​ទោ​សឧ​ក្រិដ្ឋ​កម្ម​របស់​លោក ឈួន យូ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច និង​កេរ្តិ៍​ឈ្មោះរ​ប​ស់ប្រ​ទេស​កម្ពុជា នៅ​ពេល​ដែល​ឧត្តម​សេនីយ​ជាន់​ខ្ពស់​ម្នាក់ បាន​គប់គិត​​ជាមួយ​ក្រុម​ឆបោក​នោះ និង​ជំនួញ​ទុច្ច​រិត។ ពួក​គាត់​ថា សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យប្រ​ទេស​កម្ពុ​ជា​ក្លាយ​ជា​សំបុកនៃ​ការ​ឆបោក​តាម​ប្រព័ន្ធអ៊ី​នធឺណិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​បណ្តាល​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សណ្តាប់​ធ្នាប់​សេដ្ឋ​កិច្ច និង​ទំនុក​ចិត្ត​ម​កលើ​​ប្រទស​កម្ពុជា នៅ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ