អង្គការមួយ​បន្ត​​ទាមទា​រ​ឱ្យ​រដ្ឋា​ភិបាល​​​​ឆ្លើយ​​​តប​​រឿង​​​បណ្តោយ​​​​​ឱ្យ​​​ទូក​​​វៀត​ណាម​​និង​​​ថៃ​ ចូលនេសាទ​​​ក្នុង​​ដែន​​សមុទ្រ​​​ខ្មែរ​

អង្គការចលនាមាតាធម្មជាតិ បានចោទសួរទៅកាន់រដ្ឋាភិបាល​កម្ពុជា​ជាថ្មី ជុំវិញការបណ្តែត​បណ្តោយ​ឱ្យ​​​​ទូក​នេសាទ​ថៃ​​ជាង ៣៤០គ្រឿង និង​​ទូកនេសាទវៀតណាម​ជាង ១០០០​គ្រឿង ចូល​​​មក​ធ្វើសកម្មភាពនេសាទ​​​ក្នុង​ដែនសមុទ្រ​កម្ពុជា ដោយមិនមានការ​ទប់ស្កាត់ ដែល​បញ្ហាទាំង​នេះ បាននិង​កំពុងបង្កឱ្យមានក្តីបារម្ភពីវិនាសកម្ម​ជីវៈចម្រុះ និង​ធនធាន​សមុទ្រ​នៅពេលខាង​មុខ។

នៅចន្លោះពីថ្ងៃទី១៩​ដល់ថ្ងៃទី​២៣ ខែកញ្ញានេះ ចលនាមាតាធម្មជាតិ បាន​បង្ហោះវីដេអូ និ​ងសារខ្លីៗ​មួយចំនួន ជុំវិញរបាយការណ៍​របស់អង្គការ EJF (Environmental Justice Foundation) ដែល​​បាន​​រកឃើញ​ទូក​នេសាទ​ថៃចំនួន ៣៤៦​គ្រឿង ដែល​មិន​បាន​រាប់បញ្ចូល​ទូកនេសាទ​ដែលមិនភ្ជាប់​ប្រព័ន្ធ AIS ដែល​ប្រាប់ពីអត្តសញ្ញាណទូកនៅឡើយ និង​ទូកនេសាទវៀតណាមជាង ១០០០​គ្រឿង បាន​​និងកំពុង​​ធ្វើ​​សកម្ម​​ភាពយ៉ាង​សកម្ម​​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយគ្មានប្រតិកម្មអ្វីទាំងអស់ពីអាជ្ញាធរ​ពាក់​​ព័ន្ធ។

ក្នុងវីដូអូដែលមានរយៈពេលជាង ៣នាទី អង្គការ​ចលនាមាតាធម្មជាតិ​បាន​លើកឡើងទៀត​​ថា៖ «យើង​មិនដឹង​ទេថាតើមានរឿង​អ្វីនៅពី​ក្រោយ​បញ្ហានេះ​ បាន​ជា​រដ្ឋាភិបាល​មិនអើពើ ឬមួយ​រដ្ឋាភិបាលមិន​បាន​រក​ឃើញពីទូក​ទាំង​នេះ​​ ខណៈពេល​ដែល​បរទេស​កំពុង​ឈ្លាន​ពាន និង​ជញ្ជក់​ធន​ធាន​សមុទ្រ​របស់យើង​ជា​រៀង​រាល់​ថ្ងៃ»។​

សំណួររបស់ចលនាមាតាធម្មជាតិ​​នៅបន្តចោទ​សួរទៅកាន់​រដ្ឋាភិបាល​​កម្ពុជា​ដដែលថា តើ​ការ​នេសាទ​ទាំង​នេះ ស្រប​ច្បាប់ ឬ​ខុស​ច្បាប់? ប្រសិន​បើ​ស្រប​ច្បាប់ តើ​មាន​កិច្ច​ព្រម​ព្រៀង​អ្វីខ្លះ? ប្រសិន​បើ​ខុស​ច្បាប់ ហេតុ​អ្វី​បាន​ជា​មិន​មាន​វិធាន​ការ​ម៉ឺង​ម៉ាត់​ដើម្បី​ការ​ពារ​ដែន​សមុទ្រ និង​អធិប​តេយ្យ​ភាព​របស់កម្ពុជា?

អង្គការនេះ បានគូសបញ្ជាក់ទៀត​ថា៖ «១វិនាទី​ដែល​យើង​មិន​និយាយ​អំពី​ការ​បំផ្លិ​ច​បំផ្លាញ​ធន​ធាន​សមុទ្រ​របស់​យើង មហន្ត​រាយ​នឹង​មាន​ដល់​ពលរដ្ឋ​របស់​យើង​ជាក់​មិន​ខាន[…] កម្សោយក្នុង​ការ​​អនុវត្ត​​ច្បាប់របស់អាជ្ញាធរ​កម្ពុជា រួមនិង​អំពើពុករលួយជាប្រព័ន្ធ បាន​និង​កំពុង​បំផ្លិច​បំផ្លាញ​​ធនធាន​សមុទ្រ​ខ្មែរ​យ៉ាង​សម្បើម​។ ប្រសិន​បើ​មិន​និយាយ​គ្នា​ពេល​នេះ ចូលរួម​ទាម​ទារ​យុត្តិធម៌ជូន​ដែនសមុទ្រ​យើង​ពេល​នេះ នោះធនធាន​សមុទ្រ​របស់​យើង​ដែល​​កំពុង​រុំ​ព័ទ្ធ​ដោយ​អំពើ​ពុករលួយ​ និង​ភាពអសមត្ថភាព​របស់​អាជ្ញាធរ​ នឹង​មិនសេស​សល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយឡើយ»។

កាលពីថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ ចលនាមាតាធម្មជាតិ ធ្លាប់​បាន​​បង្ហាញ​នូវ​​វីដេអូ​ឯកសារ​ម្តងរួចមក​ហើយ ​ជុំវិញ​​​ករណី​​ទូក​​​វៀត​​​​ណាម​​​​ជាង​ ១០០០​​គ្រឿង​ (១០៦៦គ្រឿង) បាន​​ឆ្លង​​ដែន​​នេសាទ​​ក្នុង​សមុទ្រ​កម្ពុ​ជា​​ នៅ​ខេត្ត​​ព្រះ​​សីហនុ ​​កំពត និង​​កែប ហើយ​ទិន្នន័​យ​ទូក​​ទាំង​​នេះ​​ ពួកគេ​ទទួល​​បាន​​​ពី​​ប្រព័ន្ធ AIS ​​មាន​​ភ្ជាប់​ជាមួយ​​ទូក​​នីមួយៗ ដែល​បាន​បញ្ជាក់​ពី​ទង់​ជាតិ ទំហំ ប្រភេទ និង​ទីតាំង​នៃ​កប៉ាល់ ផង​ដែរ។ ​ទូក​នេសាទ​វៀត​ណាម​ទាំង​នោះ ​ភាគ​ច្រើន​ប្រើ​ប្រាស់​អួន – មាន​អួន​អូស​ជា​គូរ អួន​​អូស​​មាន​ភ្ជាប់​អគ្គិសនី និង​អួន​ប្រភេទ​ផ្សេង​ទៀត ឆ្លង​កាត់​បាត​សមុទ្រ​កម្ពុជា ដែល​មាន​សមត្ថ​ភាព​អាច​ទាញ​យក និង​សម្លាប់​ត្រី​គ្រប់​ទំហំ គ្រប់​ប្រភេទ ធ្វើ​ឲ្យ​រហែក​​ថ្ម​​ប៉ប្រះ​​ទឹក បំផ្លាញ​ស្មៅ​សមុទ្រ ហើយ​​ប្រព័ន្ធ​​អេកូឡូស៊ី​​ទាំង​​មូលនឹង​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ក្នុង​​រយៈ​​ដ៏​ខ្លី។

អង្គការ​ដែលធ្វើការ​​ផ្នែក​បរិស្ថាន​នេះ​​ ក៏ធ្លាប់បាន​លើកឡើងកាលពីចុង​ខែ​កក្កដា ឆ្នាំ​២០២៥ដែរ​ថា​​​ ជន​ជាតិ​វៀត​ណាម​ តា​ម​រយៈ​​ការ​​ចូល​​នេសាទ​​ក្នុង​​​ដែន​សមុទ្រ​​​កម្ពុជា​​​​ដោយ​​​ខុស​​ច្បាប់នេះ​ បាន​​​ជួយ​​​​ស្រូប​ទាញ​កំណើន​​ឧស្សាហកម្ម​គ្រឿ​ងសមុទ្រ​របស់ខ្លួន កើន​ដល់ ១០ពាន់​លាន​ដុល្លារ​​​អាមេរិក​ ពីប្រទេស​បញ្ជាទិញ​នានា​ក្នុង​ពិភព​លោក។

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ដែលតុលាការ​រំលាយ លោក​ អ៊ុំ សំអាន​ យល់ឃើញ​ថា ការ​ដែលទូក​នេសាទថៃ និង​វៀតណាម ចូល​មក​​ធ្វើសកម្មភាពនេសាទដោយសេរីនៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា អាចដោយសារតែ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយរបស់​មន្ត្រីខ្មែរ ដែល​យកលុយពីទូក​នេសាទទាំងនោះ និង​ការ​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។ ករណីនេះ លោក​បាន​ជំរុញឱ្យ​រដ្ឋាភិបាល ត្រូវ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់អន្តោ​ប្រវេសន៍ឱ្យ​បាន​តឹង​រឹង​​ និង​លុបបំបាត់អំពើពុករលួយ ដោយ​ត្រូវ​​ហ៊ាន​វះកាត់សាច់ស្អុយ ឬមន្ត្រីដែលពុករលួយ​ចេញ ទើបអាចការ​ពារ​ធនធានសមុទ្រ​របស់​ខ្មែរ​បាន។​

លោកថា៖ «តាម​ពិត​ខ្មែរ​យើង​មាននាវា​ប្រដេញ​មួយចំនួន​ ដែលល្បាត​នៅ​ដែន​សមុទ្រ​នោះ បើ​​សិន​ជា​គាត់​ចង់​ចាប់ គឺចាប់​បាន​ភ្លាម​ ព្រោះ​​ប្រសិន​ជា​ទូក​ណា​មិន​បង់លុយ គឺគេចាប់​បាន​ភ្លាមតើ​។ យើង​មើល​មើរ គាត់តឹង​រឹង​ចំពោះ​ទូក​​នេសាទ​ខ្មែរ​យើ​ង ក៏ប៉ុន្តែ​បែរជាធូរ​រលុង​ចំពោះ​ទូក​នេសាទ​​​របស់​ជនជាតិ​វៀតណាម​ ជន​ជាតិ​ថៃ​ទៅវិញ​ ដោ​យ​សារ​​ពួកគាត់​ទទួល​សំណូក ពីទូក​នេសាទ​​របស់​ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម​ទាំងអស់នោះ។ ដូច្នេះ​ជាសរុប​មក រដ្ឋាភិបាល​​ត្រូវហ៊ានអា​កាត់​សាច់ស្អុយចេញ គឺ​ត្រូវ​ធ្វើម៉េច​ចាប់​មន្ត្រី​ដែលគប់​គិត​​ឱ្យមាន​បទល្មើស​នេសាទពីសំណាក់​​ជន​ជាតិ​វៀតណាម ជនជាតិ​ថៃ​ហ្នឹង ​យក​ទៅ​ដាក់​ពន្ធនាគារ ហើយ​​និ​ងដក​តំណែង​ពួកគេ​ផង​ដែរ អាហ្នឹង​​​ជាការ​​​​ព្រមានដល់​មន្ត្រី​ដទៃ​ទៀត កុំ​ឱ្យ​​​ហ៊ាន​ប្រ​ព្រឹត្ត​​អំពើ​​​ពុក​រលួយ​របៀប​ហ្នឹង»។​​​

បើតាម​លោក អ៊ុំ សំអាន ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​​​ នៅតែ​បណ្តែត​បណ្តោយឱ្យ​ទូក​នេសាទ​ថៃ និង​វៀតណាម ចូលមកនេសាទ​ក្នុ​ងដែន​សមុទ្រ​កម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់​បែបនេះទៀត នឹង​ធ្វើ​ឱ្យ​មច្ចាជាតិ ឬ​​​ធនធាន​សមុទ្រ​នៅកម្ពុជា រង​​នូ​វ​​ការ​​បាត់​បង់ធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរបស់​ប្រជានេសាទ​ខ្មែរ និងប៉ះពាល់ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។​

វីអូឌី មិនអាច​ស្វែង​រក​ការបញ្ជាក់​ពី​​រដ្ឋមន្រ្តី​ក្រសួង​​​ការ​​ពារ​​ជាតិ និង​​ជា​​ប្រធាន​​គណៈ​កម្មា​​ធិ​កា​​រ​​ជាតិ​​សន្តិ​​សុខ​​លម្ហ​​សមុទ្រ​​ លោក ទៀ សីហា និង​​អ្នកនាំ​ពា​ក្យ​ក្រសួង​ការ​ពារ​​ជាតិ លោក ឈុំ សុជាតិ បាន​ទេនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា​​ លោក ខ្វៃ អាទិត្យា បាន​ឆ្លើយ​តប​តាម​ប្រព័ន្ធតេឡេក្រាម​ថា លោក​​មិន​បាន​ទទួល​ព័ត៌មា​ន​ដូច​ការ​លើក​ឡើង​របស់​អង្គការ​ចលនា​មាតា​ធម្ម​ជាតិ​​នោះ​​ទេ។

តែយ៉ាងណា លោកថា ក្រសួង​មាន​ផែន​ការ​ការ​ពារ​ទប់​ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ដោយធ្វើ​ការ​អនុវត្ត​​ច្បាប់ ១០០% ប្រសិន​បើ​រក​ឃើញ។ លោក​បន្ថែមថា កម្ពុជា​​​កំពុង​ចូល​រួម​ជាមួយ​សហគមន៍​អន្ត​រ​ជាតិ ចូល​ជា​រដ្ឋ​ភាគី The Sea treaty ដើម្បី​ឆ្ពៅះ​ទៅ​ការចូ​ល​រួម​ចំណែក​ការ​ពារ​ធន​ធាន​ជីវៈ​ចម្រុះ​សមុទ្រ​នៅ​ក្រៅ​ដែន​ក្រប​ខណ្ឌ​ជាតិ។

លោកបានបញ្ជាក់ក្នុងសំណេរ​ដើម​ថា៖ «ការ​ពង្រឹង​កិច្ច​សហការ​ពី​សមត្ថកិច្ច​ពាក់​ព័ន្ធ រួម​ទាំង​អ្នក​ច្បាប់ និង​អង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុ​ក​រលួយ ធ្វើ​ការ​គ្រប់​គ្រង​ធន​ធាន​ជីវៈ​ចម្រុះ ការ​ពារ​ និង​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ នៅ​តាម​តំបន់​ការ​ពារ ទប់​ស្កាត់​ការ​បំពុល​ទឹក ដី និង​ខ្យល់ ការ​លើក​កម្ពស់​ជីវ​ភាព​សហគមន៍ ដើម្បី​ចូល​រួម​ការ​ពារ​ព្រៃឈើ​ សត្វ​ព្រៃ​ ចី​វៈ​ចម្រុះ»។

​ក្នុងពិធីបើក​សន្និសីទ​របស់​អង្គការ​​សហ​ប្រជាជាតិ​ស្តីពីមហាសមុទ្រលើកទី​២ (UNOC3) នៅ​ទីក្រុង​​នីស ប្រទេស​បារាំង កាល​​ពី​ថ្ងៃ​ទី​​០៩ ខែ​​មិថុនា ឆ្នាំ​២០២៥ លោក​​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ក៏ធ្លាប់​បាន​​​ថ្លែង​​​ពីសា​​រសំ​​ខាន់​​នៃ​​មហា​​សមុទ្រ​​ចំពោះ​​សុខុមាល​​ភាព និង​ភាព​រុង​រឿង​នៃ​មនុស្សជំនាន់​ក្រោយ និង​លើក​ឡើង​ពី​ក្តី​បារម្ភ​​ចំពោះ​ការ​​គំរាម​​​កំហែង​​នានា​​ ដល់មហាសមុទ្រ​ ក្នុង​​នោះមានទាំង​ការ​​ថយចុះ​យ៉ាងលឿន​​នូវ​ជីវចម្រុះក្នុ​ងសមុទ្រ​ និងការ​ប្រើប្រាស់​ធនធាន​សមុទ្រ​​ជ្រុល​ហួសកម្រិត​។

លោកបានគូសបញ្ជាក់​​ថា៖ «បញ្ហា​ប្រឈម​ទាំងនេះ ទាមទារ​ឱ្យ​មាន​សកម្មភាព​​ជា​បន្ទាន់​ និង​ម៉ឺង​ម៉ាត់ ព្រមទាំង​កិច្ច​​សហ​ការ​ដែល​ឥតងាករេ។ នេះគឺជា​ពេល​វេលា​ដែល​យើង​ត្រូវ​ធ្វើសកម្ម​ភាព​​​រួម​គ្នា! កម្ពុជា​ប្តេជ្ញា​​​ពង្រឹង​សមត្ថ​ភាព​​​ជាតិ​របស់​ខ្លួន ក្នុងកា​រការ​ពារ​​មហា​សមុទ្រ កម្ពុជាបាន​ពង្រីក​តំបន់​ការ​ពារ​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន បានពង្រឹងបទប្បញត្តិ​ស្តីពី​ការ​​​គ្រប់គ្រង​ការ​នេសាទ​​ប្រក​ដោយ​ចីរភាព និងបានបង្កើននូវគំនិត​ផ្តួច​ផ្តើម​ថ្នាក់ជាតិ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​​​សមុទ្រ»។

បើយោង​តាម​ច្បាប់​ស្ដីពី​ជល​ផល សកម្ម​ភាព​ទាំង​នេះ​សុទ្ធ​តែ​ជា​អំពើ​ខុស​ច្បាប់ ដែល​នាំឱ្យ​មាន​​​ការ​​បំផ្លិច​​បំផ្លាញ​​ធន​​ធាន​​សមុទ្រ​​ជា​​ខ្លាំង។ ចលនាមាតា​ធម្មជាតិ បាន​​​ព្រមាន​​ពី​​​មហន្ត​​រាយ​​​នៃ​​ធ​ន​ធាន​​សមុទ្រ​ក្នុង​ដែនសមុទ្រ​កម្ពុជា​​ ក្នុង​​​​​រយៈ​ពេល​​​​ដ៏​​ខ្លី​​​ខាង​​មុខ​​​នេះ ប្រសិន​​​​បើ​​​រដ្ឋាភិបាល​​ មិន​​​ទប់​​ស្កាត់​​ជាប​ន្ទាន់ និងប្រកប​ដោយ​​​ប្រសិទ្ធភាពទេនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ